សុខ ណាលីស ៖ នាដកាប្រកបដោយទេពកោសល្យ

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) –នៅពេលកុមារី សុខ ណាលីស បានធ្វើត្រាប់តាមនាដកាដែលកំពុងសម្តែងរបាំនៅលើឆាកនៃរោងមហោស្រពចតុមុខ នាងពុំបានគិតថា នាងនឹងមានឱកាសអាចហាត់រៀនរបាំជាមួយព្រះមហាក្សត្រឡើយ។ 

ប៉ុន្តែក្តីស្រមៃរបស់នាង បានក្លាយជាការពិត នៅពេលនាងត្រូវបានជ្រើសរើសជានាដកាម្នាក់ក្នុងចំណោមនាដកាផ្សេងទៀត ដែលត្រូវហាត់របាំជាមួយសម្តេច នរោត្តម សីហមុនី។ 

នាដកាវ័យ២១ឆ្នាំរូបនេះស្រលាញ់របាំបុរាណខ្មែរតាំងពីនៅជាកុមារីម៉្លេះ។ នៅពេលកញ្ញា ណាលីស មានអាយុ៥ ឆ្នាំ ឪពុកម្តាយរបស់នាងបានដឹងថា នាងមានទេពកោសល្យក្នុងការរាំ។ ដោយមានចិត្តស្រលាញ់សិល្បៈខ្មែរ កញ្ញា ណាលីស បានចូលរៀននៅឯសាលាមធ្យមសិក្សាវិចិត្រសិល្បៈកាលពីអាយុ១០ឆ្នាំដែលនៅទីនោះនាងរៀនទាំងចំណេះដឹងទូទៅ និងរបាំ។ 

នៅពេលកំពុងរៀននៅឯសាលាវិចិត្រសិល្បៈ នាងមានក្តីស្រមៃចង់សម្តែងរបាំបុរាណនៅមុខប្រាសាទ ក្នុងខេត្តសៀមរាប។ នាងក៏មានក្តីស្រមៃចង់សម្តែងរបាំនៅឯរោងមហោស្រពចតុមុខសម្រាប់រាជវង្សានុវង្សផងដែរ។ 

ដោយមានការតាំងចិត្តខ្ពស់ នាងអាចបញ្ចប់ការសិក្សារបស់ខ្លួនដោយទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រផ្នែកសិល្បៈកាលពីឆ្នាំ២០១៣។

នាងបានសម្រាកពីការរៀនរបាំអស់រយៈពេលមួយឆ្នាំដើម្បីផ្តោតលើការសិក្សាវិញ ដោយបានចូលសិក្សាជំនាញភាសាអង់គ្លេសនៅឯវិទ្យាស្ថានភាសាបរទេស។ 

ដោយមានចិត្តស្រលាញ់របាំខ្លាំង នាងបានសម្រេចចិត្តចូលសិក្សានៅឯសាកលវិទ្យាល័យវិចិត្រសិល្បៈ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនាដសាស្ត្រនៅឆ្នាំបន្ទាប់។ 

ដោយសារមានទេពកោសល្យខ្ពស់ក្នុងការរាំ នាងត្រូវបានជ្រើសរើសដោយគ្រូបង្រៀនរបស់ខ្លួនឲ្យចូលរួមក្នុងការបណ្តុះបណ្តាលពិសេសមួយជាមួយព្រះបាទសម្តេចព្រះនរោត្តម សីហមុនី និងសម្តែងក្នុងព្រះរាជពិធីមួយ ដែល បានរៀបចំដោយអង្គការ UNESCO នៅឯប្រាសាទអង្គរវត្ត។ 

កម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យ ព្រមទាំងទទួលបានការកោតសរសើរពីទស្សនិកជនជាតិ និងអន្តរជាតិ។ វាត្រូវបានគេចាត់ទុកថាជាស្នាដៃមួយដ៏អស្ចារ្យ ពីព្រោះវាមានការសម្តែងរួមផ្សំគ្នារវាងរបាំបូរាណ របាំបាឡេ និង តន្រ្តីអូប៉េរ៉ា ក្រោមព្រះរាជដឹកនាំរបស់ព្រះមហាក្សត្រ។ 

កញ្ញា ណាលីស ត្រូវបានជ្រើសរើស ដោយសារនាងមានទេពកោសល្យ មានរាងខ្ពស់ ដៃជើងតូចៗ និងដងខ្លួនទន់ភ្លន់។ 

នៅពេលត្រូវបានគេសួរអំពីបទពិសោធ នាងនិយាយថា មានមនុស្សតិចតួចបំផុតដែលមានឱកាសទទួលការបង្ហាត់បង្រៀនពីព្រះមហាក្សត្រ ដូច្នេះនាងត្រូវតែខិតខំប្រឹងប្រែងក្នុងការហាត់រៀន។ 

នាងថ្លែងថា “ខ្ញុំស្ទើរតែមិនអាចជឿបានឡើយ ហើយខ្ញុំមិនប្រាកដថាតើខ្ញុំគួរតែសប្បាយចិត្ត ឬភ័យឡើយ ដោយ សារខ្ញុំបារម្ភថាខ្ញុំមិនអាចធ្វើបានល្អ។ ម៉្យាងទៀត ខ្ញុំគឺជាសិស្សវ័យក្មេងតែម្នាក់គត់ ដែលត្រូវបានជ្រើសរើសចេញ ពីសាលារបស់ខ្ញុំ។”

នាងគិតថា វាខុសប្លែកពីការសម្តែងមុនៗរបស់ខ្លួន ដោយសារមហាក្សត្របានប្រើតន្ត្រីថ្មី។ នាងសម្តែងតួជា “អប្សរាព្រះករុណា” ហើយវាគឺជាការសម្តែងដ៏ថ្មីមួយសម្រាប់នាង។

បន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃក្នុងការហ្វឹកហាត់មក នាងអាចសម្តែងបានយ៉ាងល្អជូនទស្សនិកជនរាប់រយនាក់ទស្សនា ក្នុងនោះមានសមាជិកនៃរាជវង្សានុវង្ស ជនបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។

ព្រះមហាក្សត្របានកោតសរសើរ ចំពោះការសម្តែងរបស់នាង ហើយបានព្រះរាជទាននូវមេដាយមាសសម្រាប់ ស្នាដៃរបស់នាងបន្ទាប់ពីពិធីបុណ្យបានបញ្ចប់ទៅ។ 

ក្រៅពីការសម្តែងដ៏អស្ចារ្យរបស់នាងជាមួយព្រះមហាក្សត្រ នាងក៏បានសម្តែងរបាំប្រពៃណីខ្មែរនៅលើឆាក អន្តរជាតិជាច្រើន ដូចជានៅប្រទេសថៃ ចិន និងសាធារណរដ្ឋកូរ៉េផងដែរ។ 

កញ្ញា ណាលីស មានបទពិសោធជាច្រើន ហើយក៏បានជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា និងនៅឯបរទេស។ 

នាងថ្លែងថា “បច្ចេកទេសផ្ទាល់ខ្លួនរបស់ខ្ញុំនៅមុនពេលសម្តែងគឺខ្ញុំហ្វឹកហាត់ជាច្រើនដងជាមួយនាដកាដទៃទៀត ហើយត្រូវចងចាំក្បាច់រាំទាំងនោះឲ្យបានមួយរយភាគរយ។ ខ្ញុំត្រូវដាក់មនោសញ្ចេតនារបស់ខ្ញុំទៅក្នុងរាល់សាច់ រឿងទាំងអស់ និងយកចិត្តទុកដាក់លើលក្ខណៈពិសេសនៃតួអង្គនីមួយៗ ដើម្បីឲ្យខ្ញុំអាចរាំបានល្អ។”

នាដកាដែលប៉ិនប្រសប់មិនត្រឹមតែអាចសម្តែងនូវអ្វីដែលខ្លួនបាន ហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែគេក៏អាចដោះស្រាយបញ្ហា ដែលកើតឡើងក្នុងពេលកំពុងសម្តែងផងដែរ។ 

បន្ទាប់ពីបានសម្រេចនូវក្តីស្រមៃ កាលពីវ័យកុមាររបស់ខ្លួនមក នាងកំពុងបន្តក្តីស្រមៃថ្មីមួយទៀតរបស់ខ្លួន ដោយការលើកស្ទួយវប្បធម៌ខ្មែរក្នុងពិភពលោក ហើយនៅថ្ងៃណាមួយនាងចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅឯ សាកលវិទ្យាល័យវិចិត្រសិល្បៈ ដើម្បីចែករំលែកចំណេះដឹងផ្នែករបាំរបស់ខ្លួនទៅឲ្យក្មេងជំនាន់ក្រោយ។  

Share and Like this post

Related Posts

Previous Article

គ្រូបង្រៀនត្រូវគេចោទថាបានសម្រាតសិស្សស្រីនៅក្នុងថ្នាក់រៀន

Next Article

ផៃ ស៊ីផាន ៖ សម រង្ស៊ី គឺជាមេភរ