ផៃ ស៊ីផាន ៖ សម រង្ស៊ី គឺជាមេភរ

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ក្រោយពីលោក សមរង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ សន្យាថានឹងប្រគល់ដី ទៅអោយប្រជាជនរងគ្រោះ និងយកដីដែលកម្ពុជាបានបាត់បង់ត្រឡប់មកវិញ លោក កឹម សុខា បានជំរុញឲ្យសកម្មជន និងមេដឹកនំាគណបក្សសង្គ្រោះជាតិ គិតតែពីបញ្ហាបោះឆ្នោតតែមួយប៉ុណ្ណោះ។ មន្រ្តីនាំពាក្យរដ្ឋាភិបាល បានហៅសារនយោបាយរបស់លោក សម រង្សី ថាជាការបោកប្រាស់ និងគ្មានតម្លៃអ្វីសំរាប់ប្រជាពលរដ្ឋឡើយ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថានឹងអំពាវនាវឲ្យសហគមន៍អន្តរជាតិ យកទឹកដីកម្ពុជាដែលបានបាត់បង់មកវិញ ព្រមទាំងយកដីពីឧកញ៉ាប្រគល់ជូនប្រជាជនវិញផងដែរ។

លោកបន្តថា “យើងមិនចាត់ទុកខ្មែរណាជាសត្រូវទេ   បើយើងគ្មានសត្រូវ វាគ្មានសង្រ្គាមទេ។ ទៅធ្វើសង្រ្គាមជាមួយអ្នកណាបើគ្មានសត្រូវ។ យើងទាមទាទឹកដីរបស់យើងដែលបានបាត់បង់ទៅឲ្យបរទេសជិតខាង ដែលបានបាត់បង់យូរណាស់មកហើយ។ ប៉ុន្តែ យើងធ្វើការតវ៉ាដោយសន្តិវិធី  ព្រោះទាក់ទងនឹងបញ្ហាប្រទេសពីរឡើងទៅ គេយកសន្ធិសញ្ញាអន្តរជាតិ ដូចជា សន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលបានបញ្ជាក់ថាប្រទេសមហាអំណាចទាំងអស់ធានាការពារទឹកដីប្រទេសកម្ពុជា។” 

ការថ្លែងរបស់លោកធ្វើឡើងក្នុងវេទិកាម្ចាស់ឆ្នោតស្ថិតក្នុងស្រុកបាធាយខេត្តកំពង់ចាម។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីនិយាយថា “វាគ្រាន់ជាការកុហកបោកប្រាស់ទៅប្រជាពលរដ្ឋ។ គ្មានតម្លៃអ្វីសំរាប់ប្រជាពលរដ្ឋនេះទេ។ ហើយវាក៏គ្មានប៉ះពាល់ដល់វប្បធម៌សន្ទនានោះដែរ។ គាត់ភរម្តងហើយរឿងផែនទី ឥឡូវគាត់ភរយកដីអោយប្រជាពលរដ្ឋ។ សរសេរទៅថាអ្នកនាំពាក្យរដ្ឋាភិបាលបាលថា សម រង្ស៊ី ជាមេភរ។

នៅរសៀលថ្ងៃដដែលនោះដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែង សុន្ទរកថាមួយ ដែលទំនងជាមានខ្លឹមសារផ្សេងពីសុន្ទរកថារបស់ប្រធានគណបក្ស គឺលោក សម រង្ស៊ី ដោយលោកបានជំរុញឲ្យសកម្មជន និងអ្នកដឹកនាំគណបក្សសង្រ្គោះជាតិ គិតតែពី បញ្ហាបោះឆ្នោតមួយប៉ុណ្ណោះ។ 

លោកថ្លែងថា “យុទ្ធសាស្ត្ររបស់គណបក្សសង្រ្គោះជាតិមានតែមួយគត់ គឺការផ្លាស់ប្តូរតាម រយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ យើងនឹងមិនលេងល្បែងនយោបាយអ្វីឡើយ។ ខ្ញុំចង់ប្រាប់ដល់មេដឹកនាំទាំងអស់ថា យើងគិតតែពីបញ្ហាបោះឆ្នោតមួយប៉ុណ្ណោះ ក្នុងការផ្លាស់ប្តូរមេដឹកនាំ។ គណបក្សសង្គ្រោះជាតិមិនចេះធ្វើបដិវត្តន៍ទេ។ សូមអ្នកទាំងអស់គ្នាគិតតែពីការបោះឆ្នោត ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ហើយកុំខ្វល់ពីអ្វីដែលគណបក្សដទៃនិយាយ។”

លោកថ្លែងទៀតថា “បញ្ហាសំខាន់គឺប្រជាពលរដ្ឋមានការជឿជាក់លើយើង ពីព្រោះប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះ គឺមានន័យថាខ្មែរជាអ្នកឈ្នះ។” ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេនៅតែរួបរួមគ្នា។

លោក កែម ឡី អ្នកវិភាគនយោបាយ និងស្ថាបនិកចលនាខ្មែរដើម្បីខ្មែរ និយាយថា នេះគឺជាសេរីភាព និងយុទ្ធសាស្ត្ររបស់បុគ្គល ប៉ុន្តែពួកគេមានសារ និងគោលដៅនយោបាយរួម។ 

លោកថ្លែងថា “ជាធម្មតា គណបក្សដែលគ្មានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង គឺវាអញ្ចឹងហើយ។ មេដឹកនាំគណបក្សសង្រ្គោះជាតិគួរតែធ្វើកំណែរទម្រង់ផ្ទៃក្នុង ហើយគួរតែ មានសារនយោបាយរួម ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋឃើញជាជាងការសន្យាច្រើនពេក ដែលមិនអាច ធ្វើទៅបាន។” 

Share and Like this post

Related Posts

Previous Article

ការបោសសម្អាតផ្លូវអយស្ម័យយាន

Next Article

យុវវ័យឆ្នើម៖ ពីអ្នករើសសំរាមក្លាយជាអ្នកអប់រំ