យុវវ័យឆ្នើម៖ ពីអ្នករើសសំរាមក្លាយជាអ្នកអប់រំ

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – កញ្ញា ផល្លី តុលា ប្រាថ្នាចង់ទទួលបានការសិក្សា និងការងារមួយសមរម្យ កាលពីនាងមាន អាយុ៨ឆ្នាំ ដែលពេលនោះនាងកំពុងរស់នៅកន្លែងចាក់សំរាមស្ទឹងមានជ័យ។ បច្ចុប្បន្ន ក្តីប្រាថ្នារបស់នាងបានក្លាយជាការពិត។ 

កញ្ញា តុលា មិនធ្លាប់គិតថា នាងនឹងមានលទ្ធភាពដូចពេលបច្ចុប្បន្ននេះឡើយ ហើយនាងក៏មិនដែលនឹកស្មានថា គ្រួសាររបស់នាងនឹងអាចចាកចេញពីជីវិតជាអ្នករើសសំរាមបានដែរ។ ប៉ុន្តែ ជីវិតរបស់នាងមានការផ្លាស់ប្តូរ នៅពេលនាងបានជួបលោក ស្កុត នីសុន ប្រធានមូលនិធិកុមារកម្ពុជា។ 

ឪពុកម្តាយរបស់កញ្ញា តុលា គឺជាកសិករនៅក្នុងខេត្តព្រៃវែង។ នាងនៅចាំបានថា គ្រួសាររបស់នាងមានជីវភាពលំបាកខ្លាំង នៅមុនពេលពួកគេបានមករស់នៅកន្លែងចោលសំរាមស្ទឹងមានជ័យ។ 

ដោយនឹកឃើញពីកុមារភាពរបស់ខ្លួន កញ្ញា តុលា ថ្លែងថា “យើងឭអ្នកដទៃនិយាយថា ពួកគេអាចរកប្រាក់បាន ច្រើន ដោយការរើសសំរាមនៅទីក្រុងភ្នំពេញ ដូច្នេះយើងក៏បានសម្រេចចិត្តមករស់នៅទីក្រុងតែម្តង។”

នាងនៅចាំបានថា នាងត្រូវក្រោកពីដំណេកនៅម៉ោង ៥ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទៅកាន់កន្លែងចោលសំរាម ហើយវិលត្រឡប់មកផ្ទះវិញនៅម៉ោង ៦ល្ងាច។ បងៗរបស់នាងរុញរទេះនៅក្បែរកន្លែងចោលសំរាម ដើម្បីរើសសំរាម ចំណែកប្អូនៗរបស់នាង និងរូបនាងឈរនៅលើគំនរសំរាម ជាមួយឪពុកម្តាយរបស់ខ្លួន។ 

ប្រាក់ចំណូល ៥ទៅ៦ពាន់រៀលក្នុងមួយថ្ងៃគឺមិនគ្រប់គ្រាន់សម្រាប់គ្រួសារ ដែលមានសមាជិក៩នាក់ទេ ប៉ុន្តែគ្រួសាររបស់នាងអាចរស់នៅបាន ដោយពួកគេពេលខ្លះហូបបាយជាមួយឪឡឹក ឬចេក។

នាងនិយាយថា “ពួកយើងមិនបានទៅសាលារៀនទេ ដោយសារយើងទាំងអស់គ្នាជាអ្នករើសសំរាម។ ខ្ញុំនៅចាំបានថា ដើម្បីរកអីហូប ខ្ញុំ និងបងប្អូនរបស់ខ្ញុំបានរត់តាមឡានសំរាម ដែលដឹកកាកសំណល់បន្លែ និងផ្លែឈើពីផ្សារ។”

បន្ទាប់ពីមករស់នៅស្ទឹងមានជ័យបានមួយឆ្នាំ នាងបានជួបលោកនីសុន។

កញ្ញា តុលា ថ្លែងថា “ខ្ញុំរត់គេចពីគាត់ ពីព្រោះគាត់គឺជាជនបរទេស។ នៅពេលខ្ញុំឈប់រត់ គាត់សួរខ្ញុំថា តើខ្ញុំចង់ទៅសាលារៀនដែរឬទេ។ ខ្ញុំឆ្លើយថាចង់! ខ្ញុំចង់មានសម្លៀកបំពាក់សមរម្យ និងចង់ចេះអានដូចអ្នកដទៃដែរ។”

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៥ កញ្ញា តុលា បានក្លាយជាសិស្ស នៅមូលនិធិកុមារកម្ពុជា ដែលកាលនោះមាន សិស្សចំនួនត្រឹម៤០ទៅ៥០នាក់ប៉ុណ្ណោះ។ នៅឯសាលា នាងមិនត្រឹមតែរៀនអាន និងសរសេរអក្សរខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនាង ក៏បានរៀនភាសាអង់គ្លេសផងដែរ។ នាងមានការភ័យខ្លាច នៅពេលនាងចូលរៀនដំបូង។

បច្ចុប្បន្នមានអាយុ ២០ឆ្នាំ កញ្ញា តុលា គឺជានិស្សិតឆ្នាំទីពីរ ជំនាញភាសាអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា។ បន្ទាប់ពីការសិក្សារយៈពេល ១០ឆ្នាំ ក្រោមការឧបត្ថម្ភរបស់មូលនិធិកុមារកម្ពុជា នាងត្រូវបានគេជ្រើសរើសឲ្យចូលធ្វើជាបុគ្គលិករបស់អង្គការនេះ។ 

នាងនិយាយថា “ប្រសិនបើខ្ញុំពុំទទួលបានការអប់រំទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ ការអប់រំបានផ្លាស់ប្តូរជីវិតគ្រួសាររបស់ខ្ញុំ ហើយដោយសារការអប់រំ ខ្ញុំអាចចែករំលែកនូវអ្វីដែលខ្ញុំបានរៀនដល់ក្មេងដទៃទៀត។”

សព្វថ្ងៃ ជំនួយការអប់រំវ័យក្មេងម្នាក់នេះកំពុងបង្រៀនក្មេងៗ នៅឯមូលនិធិកុមារកម្ពុជា។ កិច្ចការរបស់នាងរួមមានការតាមដានវត្តមានរបស់សិស្ស ការចុះឈ្មោះសិស្សចូលរៀនថ្មីនៅមូលនិធិកុមារកម្ពុជា និងការលើកទឹកចិត្តឲ្យក្មេងៗមកសាលារៀន។ 

បច្ចុប្បន្ន ស្ថានភាពគ្រួសាររបស់នាងមានភាពប្រសើរជាងមុន។ ពួកគេមានផ្ទះរបស់ខ្លួនដែលជាការបរិច្ចាគ ពីកម្មវិធីលំនៅដ្ឋានពិភពលោករបស់មូលនិធិកុមារកម្ពុជា។ 

ឪពុកម្តាយរបស់នាងឈប់ធ្វើជាអ្នករើសសំរាមទៀតហើយ។ ឥឡូវ ម្តាយរបស់នាងគឺជាអ្នកលក់នំ ចំណែកឪពុក និងបងប្អូនស្រីរបស់នាងសុទ្ធតែមានការងារធ្វើនៅមូលនិធិកុមារកម្ពុជា។ បងៗរបស់នាងសុទ្ធតែមានគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។ ប្អូនស្រីពៅរបស់នាង គឺជាសិស្សនៅឯមូលនិធិកុមារកម្ពុជា។ 

កញ្ញា តុលា ក៏មានឱកាសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ប្រទេសសិង្ហបូរី និងទីក្រុងហុងកុងផងដែរ។ នាងសង្ឃឹមថានឹងបន្តការសិក្សារបស់ខ្លួន តាមរយៈកម្មវិធីអាហារូបករណ៍នៅសហរដ្ឋអាមេរិក ហើយចង់វិលត្រឡប់មកកម្ពុជា ដើម្បីជួយក្មេងៗនៅទីនេះឲ្យបានកាន់តែច្រើនឡើង។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ ភាពជឿជាក់គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងការប្រលង

Next Article

យុវវ័យឆ្នើម៖ ទទួលបានចំណាត់ថ្នាក់លេខមួយតាមរយៈវីដេអូហ្គេម