កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហារបស់កុមារនៅសហគមន៍ក្រីក្រ

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ខណៈកុមារជាច្រើននាក់ ដែលរស់នៅក្នុងវាលចាក់សំរាមទទួលបានការថែទាំ និងការយកចិត្តទុកដាក់ផ្តល់អាហារបំប៉ន បញ្ហាកង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាប្រឈមសម្រាប់ការលូតលាស់របស់កុមារជាច្រើននាក់ផ្សេងទៀត ដែលរស់នៅក្នុងសហគមន៍ក្រីក្រមួយចំនួននៅក្នុងប្រទេសកម្ពុជានៅឡើយ។
 
ក្នុងរយៈពេលប្រមាណជា២០ឆ្នាំ កន្លងមក កុមារនៅសហគមន៍ក្រីក្រ ដែលត្រូវបានគេស្គាល់ថា ជាតំបន់វាលចាក់សំរាមស្ទឹងមានជ័យនៅក្នុងទីក្រុងភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ថែរក្សា និងការផ្តល់ជាអាហារប្រចាំថ្ងៃ។ អង្គការដើម្បីភាពញញឹមនៃកុមារ បានចាប់ផ្តើមការងាររបស់ខ្លួន ដោយការនាំយកមូលនិធិដែលខ្លួនមានទៅផលិតជាអាហារ សម្រាប់កុមារនៅតាមតំបន់គំនរសំរាម។

លោក  ពិន សារពេជ្ញ នាយកកម្មវិធីនៃអង្គការដើម្បីភាពញញឹមនៃកុមារបាននិយាយថា បើទោះជាមានការផ្តល់ការឧបត្ថម្ភជាអាហារបំប៉នដល់កុមារតូចៗជាច្រើននាក់រួចមកហើយក្តី ក៏ប៉ុន្តែកុមារតូចៗជាច្រើននាក់ទៀត នៅក្នុងសហគមន៍ក្រីក្រទាំងនោះ នៅតែជួបបញ្ហាលំបាកក្នុងការទទួលអាហារូបត្ថម្ភគ្រប់គ្រាន់នៅឡើយ។ 

លោក សារពេជ្ញ និយាយថា “ក្នុងមួយឆ្នាំៗ អង្គការយើងទទួលក្មេងៗ ដែលខ្វះសារធាតុបំប៉នមកពីសហគមន៍ក្រីក្រទាំងនោះយ៉ាងហោចណាស់រាប់រយនាក់មកក្នុងអង្គការរបស់យើង  នោះសម្រាប់តែអ្នកដែលខ្វះសារធាតុបំប៉នធ្ងន់ធ្ងរប៉ុណ្ណោះ។” 

អង្គការនេះ បានកំពុងចុះធ្វើការស្រង់ស្ថិតិកុមារដែលកំពុងតែប្រឈមនឹងបញ្ហា កង្វះអាហារូបត្ថម្ភ ដើម្បីបញ្ជូនពួកគេមកទទួលអាហាររូបត្ថម្ភឲ្យទាន់ពេលវេលា។ លោក សារពេជ្ញ បាននិយាយថា អង្គការភាពញញឹមនៃកុមារបានធ្វើការជាមួយកុមារដែលរស់នៅក្នុងតំបន់ប្រជុំជន ដែលក្នុងនោះមានដូចជាកុមារនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ មកទល់បច្ចុប្បន្ន អង្គការដើម្បីភាពញញឹមនៃកុមារ កំពុងធ្វើការទ្រទ្រង់ដល់កុមារប្រមាណជា៦៥០០នាក់ ។

លោក សារពេជ្ញ បាននិយាយថា ក្មេងៗដែលទាមទារឲ្យមានការយកចិត្តទុកដាក់ ផ្នែកអាហារូបត្ថម្ភជាងគេបំផុត គឺជាកុមារដែលមានអាយុចាប់ពី០ ដល់ ៦ឆ្នាំ។  លោក សារពេជ្ញ និយាយទៀតថា “ភាគច្រើនយើងធ្វើការជាមួយក្មេងៗដែលរស់នៅតំបន់អនាធិបតេយ្យ និងគ្រួសារដែលរើសអេតចាយ។” 

លោក សារពេជ្ញ បានថ្លែងថា កុមារភាគច្រើនដែលក្រុមការងាររបស់លោកបានធ្វើការអង្កេត មានអាការៈស្គមស្គាំង មានការលូតលាស់យឺតជាងអាយុ  មានសក់តិច  និងអ្នកខ្លះមានក្បាលពោះប៉ោងខុសពីធម្មតា។ 

លោក សារពេជ្ញ និយាយថា “ការងាររបស់យើងគឺការផ្តល់វីតាមីន និងផ្តល់នូវអាហារដល់ពួកគេឲ្យបានគ្រប់គ្រាន់។” 

លោកបានលើកឡើងថា យ៉ាងហោចណាស់គ្រួសារក្រីក្រនិមួយៗអាចផ្តល់អាហារយ៉ាងតិចពីរពេលដល់កូនៗរបស់ពួកគេ ដូច្នេះ អង្គការដើម្បីភាពញញឹមនៃកុមារ បានកំណត់ថា ក្នុងចំណោមអាហារទាំងពីរពេលរបស់កុមារនៅក្នុងគ្រួសារក្រីក្រ ត្រូវតែជាអាហារដែលមានសារធាតុបំប៉នគ្រប់គ្រាន់ ដែលក្នុងអាហារនោះត្រូវមានបន្លែ សាច់ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ 

កុមារមួយចំនួនត្រូវបានបញ្ជូនមកទទួលអាហារបំប៉ននៅក្នុងមណ្ឌលរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងភាគច្រើនត្រូវបានផ្តល់អាហារបំប៉នជាប្រចាំដល់ទីកន្លែងតែម្ដង។ 

មូលនិធិគ្រួសារ Herbalife (HFF) គឺជាដៃគូសហការមួយរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងការផ្តល់អាហារបំប៉នដល់កុមារនៅក្នុងសហគមន៍ក្រីក្រ។ កាលពីពេលថ្មីៗនេះ មូលនិធិបានផ្តល់ជាអាហារបំប៉ន ដល់កុមារប្រមាណជា ១២៤នាក់ នៅក្នុងមជ្ឈមណ្ឌលសេវាកម្មសហគមន៏វាលស្បូវភូមិឫស្សី និងសែនសុខ ដែលជាទីតាំងសម្រាប់ផ្តល់អាហារូបត្ថម្ភដល់កុមារក្រីក្រនៅក្នុងសហគមន៍សម្រាប់រយៈពេលពេញមួយឆ្នាំ។ 

លោក ស៊ីន ឌីណា នាយកគ្រប់គ្រងក្រុមហ៊ុន Herbalife កម្ពុជាបាននិយាយថា អ្នកបន្តវេនរបស់ប្រទេសត្រូវតែយកចិត្តទុកដាក់ជួយកុមារតូចៗ ដែលជាទំពាំងស្នងឫស្សីឲ្យចៀសផុតពីគ្រោះថ្នាក់និងភាពអត់ឃ្លានដោយសារកង្វះអាហារ។ លោក ឌីណា និយាយថា “… យើងត្រូវជួយគ្នាធ្វើយ៉ាងណា កុំឲ្យមានភាពអត់ឃ្លាន និងភាពស្រេកឃ្លាននៅក្នុងសង្គមខ្មែរ។” 

លោកបាននិយាយទៀតថា នេះជាឆ្នាំទីពីរហើយ ដែលមូលនិធិគ្រួសារ Herbalife បានឧបត្ថម្ភដល់កុមារក្រីក្រនៅក្នុងសហគមន៍ឲ្យបានទទួលអាហារបំប៉នគ្រប់គ្រាន់។ 

លោកសង្ឃឹមថា “ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាគន្លឹះនៃជីវិតដែលសកម្ម និងការមានសុខភាពរឹងមាំ។ វាជាកត្តាចាំបាច់ក្នុងការផ្តល់អាហារូបត្ថម្ភឲ្យបានប្រសើរជាងមុនដល់កុមារក្រីក្រទាំងនោះដើម្បីឲ្យសុខភាពពួកគេ មានការវិវឌ្ឍកាន់តែល្អប្រសើរឡើង”។ 

Share and Like this post

Related Posts

Previous Article

ស្រ្តីឆ្នើម៖ ការយកឈ្នះខ្លួនឯងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម

Next Article

ការការពារពាណិជ្ជសញ្ញាកំពុងត្រូវបានពង្រឹង