ការការពារពាណិជ្ជសញ្ញាកំពុងត្រូវបានពង្រឹង

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – អនុក្រឹត្យមួយស្តីពីការការពារកម្មសិទ្ធិបញ្ញានឹងត្រូវបង្កើតក្នុងពេលមួយ ឬពីរឆ្នាំខាងមុខនេះ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្នុងវិស័យឯកជន និងអ្នកជំនាញផ្នែកច្បាប់ក្នុងស្រុក និយាយថា ការអនុវត្តច្បាប់ដូចជានៅមានភាពធូររលុងនៅឡើយ។ 

មេធាវីម្នាក់ ដែលបំពេញការងារផ្នែកកម្មសិទ្ធិបញ្ញានៅកម្ពុជា ថ្លែងថា “អតិថិជនមួយចំនួន របស់ខ្ញុំចាត់ទុកបញ្ហានេះ ជាកត្តាសំខាន់មួយ។” លោកថ្លែងបន្តទៀតថាពួកគេជាច្រើនគិតថា ពួកគេត្រូវបង់ថ្លៃសេវាក្រៅផ្លូវការ ដើម្បីឲ្យនគរបាលធ្វើការស៊ើបអង្កេត ប៉ុន្តែពួកគេមិនធ្វើដូច្នោះឡើយ។ អតិថិជនរបស់ក្រុមមេធាវី BNG គិតថា ការការពារកម្មសិទ្ធិបញ្ញាគឺជាបញ្ហាមួយ សំខាន់សម្រាប់ពួកគេ។ 

លោក បាននិយាយថា “នៅពេលវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើន វិនិយោគិនអាចនឹង មានការព្រួយបារម្ភ។” ដោយសំដៅដល់ការការពារកម្មសិទ្ធិបញ្ញា ឲ្យបានទូលំទូលាយ លោកបន្ថែមទៀតថា “យើងមិនទាន់ឈានដល់ដំណាក់កាលនោះនៅឡើយទេ។”

មេធាវីមួយចំនួន ដែលបានរៀបចំជំនួបពិភាក្សាមួយជាមួយអ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញានៅឯសភាពាណិជ្ជកម្មអឺរ៉ុប កាលពីសប្តាហ៍មុន បានលើកឡើងថា អតិថិជនរបស់ខ្លួនជួបនូវការលំបាក ក្នុងការធ្វើការជាមួយនគរបាល ហើយមិនទាន់យល់អំពីថ្លៃសេវាដែលពួកគេត្រូវបង់ ដើម្បីដំណើរការអនុវត្តច្បាប់ពាណិជ្ជសញ្ញា។

លោក ស៊ីម សុខហេង ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម ថ្លែងថា ក្រសួង បានកំណត់តម្លៃសេវាទាំងអស់នៅក្នុងតារាងរបស់ខ្លួន ហើយក៏ទទួលស្គាល់ផងដែរថា មន្ត្រី អនុវត្តច្បាប់ជាច្រើនពុំមានទាន់មានការយល់ដឹងអំពីបញ្ហានេះនៅឡើយទេ។

កង្វះនូវការយល់ដឹង

មេធាវីជាច្រើនបាននិយាយថា ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញារបស់កម្ពុជាមានលក្ខណៈល្អប្រសើរ។ កម្ពុជាមានច្បាប់ប្រឆាំងនឹងការបំពានលើកម្មសិទ្ធបញ្ញាហើយក៏ជាភាគីមួយនៃកិច្ចព្រមព្រៀង អន្តរជាតិជាច្រើន ស្តីពីការការពារកម្មសិទ្ធិបញ្ញា តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក និង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តនៅមិនទាន់មានប្រសិទ្ធភាព។ នគរបាលកម្ពុជាពុំមានជំនាញក្នុងការកំណត់មុខសញ្ញា និង តាមដានប្រភពរបស់ជនល្មើស ព្រមទាំងធានាថា សំណុំរឿងមួយមិនមានភាពរាំងស្ទះ។ ចៅក្រម និងព្រះរាជអាជ្ញា ក៏ត្រូវមានការយល់ដឹងឲ្យបានចរើនអំពីបញ្ហានេះផងដែរ។ ហើយបញ្ហាមួយ ដែលបន្តមាននៅក្នុងប្រទេសកម្ពុជា គឺការបង់ថ្លៃទឹកតែ។ លោក ឡូវែល ថ្លែងថា “ខ្ញុំគិតថា យើងត្រូវមានការបណ្តុះបណ្តាលឲ្យបានច្រើន។ យើងក៏ត្រូវមានការបណ្តុះ-បណ្តាលសម្រាប់ចៅក្រមផងដែរ។”

បើតាមរបាយការណ៍ឆ្នាំ ២០១៤  របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាអាស៊ាន បានឲ្យដឹងថា ប្រទេសកម្ពុជាទើបតែមានរបបកម្មសិទ្ធិបញ្ញា និងប្រព័ន្ធច្បាប់មូលដ្ឋាន ពាក់ព័ន្ធនឹងសមត្ថភាពការពារ និងអនុវត្ត។ របាយការណ៍ឆ្នាំ២០១៤ មួយទៀតរបស់នាយកដ្ឋាននេះបានឲ្យដឹងថា ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញារបស់កម្ពុជាមិនទាន់អនុលោមតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកទាំងស្រុងនៅឡើយទេ។ 

កញ្ញា Andrea Caballé ទីប្រឹក្សាផ្នែកកម្មសិទ្ធិបញ្ញាមកពីក្រុមហ៊ុន Schmitt & Orlov ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ថ្លែងថា វាមានការលំបាកក្នុងការជម្រុញការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ នាងថ្លែងបន្តទៀតថា “មន្ត្រីអនុវត្តច្បាប់មិនអាចដឹងអំពីពាណិជ្ជសញ្ញានៃផលិតផលទាំងអស់បានទេ។ ”

ប្រតិបត្តិការរបស់ក្រុមហ៊ុនបរទេស

នាងនិយាយថា ទំនិញប្រើប្រាស់ក្លែងក្លាយនៅកម្ពុជាភាគច្រើន គឺផលិតដោយក្រុមហ៊ុនបរទេស។ នាងបន្តទៀតថា “កម្ពុជាមិនមែនជាកន្លែងផលិតដ៏ធំមួយទេ។ ទំនិញក្លែងក្លាយ ជាច្រើននាំចូលមកពី ប្រទេសវៀតណាម ថៃ និងចិន។”

កញ្ញា Caballé ថ្លែងថា ប៉ុន្តែ ដោយសារមានការបង្រ្កាបនាពេលថ្មីៗនេះនៅក្នុងប្រទេសចិនទៅលើទំនិញក្លែងក្លាយ ដែលមានលក់នៅតាមទីផ្សារលក់ទំនិញអេឡិចត្រូនិចអាលីបាៗ ព្រមទាំងកំណើននៃតម្លៃពលកម្មផងនោះក្រុមហ៊ុនផលិតទំនិញក្លែងក្លាយមួយចំនួន កំពុង ស្វែងរកកន្លែងផលិតនៅក្រៅប្រទេសចិនវិញ។ គោលដៅថ្មីៗរួមមានប្រទេសកម្ពុជាដែលមាន តម្លៃពលកម្មទាប ហើយការការពារកម្មសិទ្ធិបញ្ញានៅមិនទាន់មានភាពតឹងរឹងនៅឡើយ។ 

កញ្ញា Caballé និយាយថា ការចាត់វិធានការចំពោះក្រុមហ៊ុនបរទេសមានការលំបាក។នាងនិយាយទៀតថា “ខ្ញុំគិតថាក្រុមហ៊ុនចិន ដែលធ្វើការងារនេះ មានបទពិសោធន៍ជាច្រើនឆ្នាំ ហើយពួកគេគឺជាពាណិជ្ជករ ដែលមានភាពវៃឆ្លាត។ ពួកគេមានការយល់ដឹងអំពីច្បាប់ ដូច្នេះ ពួកគេអាចធ្វើដោយស្របច្បាប់ ឬយ៉ាងហោចណាស់ក៏ធ្វើឲ្យដំណើរការនៅតុលាការមានការ អូសបន្លាយពេលជាច្រើនឆ្នាំដែរ។”

លោក ឡូវែល យល់ស្របថា វាមានការលំបាកសម្រាប់នគរបាលក្នុងការតាមដានទំនិញក្លែងក្លាយជាពិសេសប្រសិនបើវានាំចូលពីបរទេស។ 

លោកថ្លែងថា “ប្រសិនបើនគរបាលអាចចាប់ជនល្មើសបាន ហើយរកឃើញប្រភពរបស់វា នោះគឺជាលទ្ធផលមួយដ៏ប្រសើរ។ ប្រសិនបើប្រភពរបស់វានៅក្រៅប្រទេសពួកគេមិនអាចធ្វើអ្វីបានច្រើនទេ។”

លោកថ្លែងបន្ថែមទៀតថា អ្នកផលិតទំនិញក្លែងក្លាយចិនមួយចំនួនមានថវិកាច្រើន ហើយអាចស្វែងរកបណ្តាញ ដែលអាចបង្កជាឧបសគ្គដល់ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាទៀតផង។ 

អនុក្រឹត្យថ្មី

លោក សុខហេង ថ្លែងថា រដ្ឋាភិបាលកំពុងបង្កើតអនុក្រឹត្យមួយ ដែលមានគោលដៅបញ្ជាក់ឲ្យច្បាស់លើនីតិវិធីក្នុងការអនុវត្តសម្រាប់មន្ត្រីអនុវត្តច្បាប់ រួមបញ្ជូលទាំងនគរបាល។

លោក ថ្លែងបន្តទៀតថា “យើងមានច្បាប់ ប៉ុន្តែច្បាប់នេះខ្លីពេក។ វាពុំមានបញ្ញត្តិច្រើនទេ។ វាពុំមាននីតិវិធីគ្រប់គ្រាន់ទេ។ អនុក្រឹត្យនេះអាចផ្តល់ការណែនាំកាន់តែច្រើន សម្រាប់នគរបាល ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។”

បើតាមលោក សុខហេង អនុក្រឹត្យនេះនឹងចេញក្នុងពេលមួយ ឬពីរឆ្នាំខាងមុខនេះ ដោយសារ មានការលំបាកក្នុងការសម្របសម្រួលស្ថាប័នចំនួន១០ខុសពីគ្នាដើម្បីយបង្កើតច្បាប់ថ្មីនេះ។ 

ស្ថាប័នទាំងនេះរួមមានក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ នាយកដ្ឋានគយ នគរបាល និងតុលាការ។

កញ្ញា Caballé ថ្លែងថា នីតិវិធីអនុវត្តកាន់តែច្បាស់ នឹងជួយកាត់បន្ថយការបំពានលើកម្មសិទ្ធិបញ្ញា ហើយអ្វីដែលសំខាន់ផងដែរគឺ ការ ផាកពិន័យធ្ងន់ធ្ងរ។ 

Share and Like this post

Related Posts

Previous Article

កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហារបស់កុមារនៅសហគមន៍ក្រីក្រ

Next Article

ភាពចម្រូងចម្រាសនៃកម្មវិធីផ្លាស់ប្តូរម្ជុលចាក់ថ្នាំ