យុវវ័យឆ្នើម៖ រឿងរ៉ាងជីវិតជួយយុវជនទទួលបានឱកាសទៅចូលរួមការប្រកួតនៅប៊្រុយណេ

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – យុវជនកម្ពុជាចំនួន៤រូបនឹងចូលរួមការប្រកួតវគ្គចុងក្រោយ នៃកម្មវិធី ABU Digista Teen ឆ្នាំ២០១៥ នៅប្រទេសប៊្រុយណេ បន្ទាប់ពីពួកគេទទួលបានជ័យជំនះក្នុងការប្រកួតស្នាដៃភាពយន្តកាលពីពីរសប្តាហ៍មុន ដែលរៀបចំឡើងដោយទូរ-ទស្សន៍ជាតិកម្ពុជា។ 

លោក ខៀវ វិបុល ដែលជាប្រធានក្រុម បាននិយាយថា ភាពយន្តខ្នាតខ្លីដែលទទួលបានជ័យជំនះនេះ គឺមានចំណងជើងថា “ក្តីសង្ឃឹម” ហើយភាពយន្តនេះនិយាយអំពីជីវិតរបស់ក្មេងស្រីម្នាក់ ដែលត្រូវបានគេបោះបង់ចោលកាលពីនាងនៅជាទារក ហើយក្រោយមកត្រូវបានគេយកមកចិញ្ចឹម នៅឯមជ្ឈមណ្ឌលកុមារកំព្រា។ 

លោក វិបុល ពន្យល់ថា “ទោះបីជានាងគ្មានគ្រួសារផ្ទាល់ខ្លួនក៏ដោយ ក៏នាងនៅខិតខំរស់នៅរហូតដល់សម្រេច បានក្តីស្រមៃរបស់ខ្លួន ដោយសារនាងទទួលបាននូវក្តីស្រលាញ់ និងភាពកក់ក្តៅពីនាយកមជ្ឈមណ្ឌល និងក្មេង កំព្រាដទៃទៀត ដែលរស់នៅជាមួយនាង។”

ភាពយន្តនេះមានសាច់រឿងស្រដៀងនឹងរឿងពិតរបស់លោក វិបុល និងសមាជិកក្រុមម្នាក់ទៀត ដែលបានបាត់បង់ឪពុក ឬម្តាយរបស់ខ្លួន។ 

ភាពយន្តដែលមានថេរវេលាតិចជាង២នាទីនេះ បានជួយឲ្យក្រុមនេះទទួលបានឱកាសក្នុងការចូលរួម ក្នុងការប្រកួតនៅក្នុងប្រទេសប៊្រុយណេ ជាមួយយុវជនដែលមានទេពកោ-សល្យផ្សេងទៀត មកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី។ ក្រុមនេះមានបុរសពីរនាក់និងនារីពីរនាក់ ដែលមានអាយុពី២១ទៅ២៣ឆ្នាំ។ 

លោក វិបុល ដែលម្តាយរបស់ខ្លួនបានចាកលោកទៅនាពេលថ្មីៗនេះ ថ្លែងថា “នេះគឺជាអ្វីដែលបានកើតឡើងចំពោះសមាជិកខ្លះក្នុងក្រុមរបស់យើង។ តាមពិត យើងចង់ផ្សារភ្ជាប់សាច់រឿងជាមួយនឹងរឿងពិតរបស់យើងដោយសារសមាជិកពីររូបរបស់យើង  មា្នក់គ្មានឪពុក ឯម្នាក់ទៀតគ្មានម្តាយ។”

ដោយម្តាយ របស់ខ្លួនបានចាកលោកទៅហើយ ចំណែកឯឪពុករបស់ខ្លួនវិញ កំពុងរស់នៅប្រទេសថៃ លោក វិបុល រស់នៅតែម្នាក់ឯងនៅទីក្រុងភ្នំពេញ។ 

លោក វិបុល ថ្លែងថា “ខ្ញុំតែងតែគិតដល់ម្តាយរបស់ខ្ញុំ នៅពេលខ្ញុំផលិតភាពយន្តនេះ។ ខ្ញុំតែងតែស្រក់ទឹកភ្នែក នៅពេលខ្ញុំគិតដល់សម្តីរបស់គាត់។” លោកថ្លែងបន្ថែមទៀតថា “គាត់បាននិយាយថា គាត់គ្មានអ្វីឲ្យខ្ញុំទេ ដូច្នេះ នៅពេលគាត់ស្លាប់ទៅ ខ្ញុំត្រូវរៀនរស់នៅដោយខ្លួនឯង ហើយសម្តីនេះបានជម្រុញឲ្យខ្ញុំផលិតវីដេអូនេះឡើង។”

លោក វិបុល ចាំបានថា ក្រុមរបស់លោកមិនចំណាយពេលច្រើនទេក្នុងការផលិតភាពយន្តនេះ។ លោកនិយាយថា ក្រុមរបស់លោកធ្វើការបានយ៉ាងល្អ ពីព្រោះពួកគេម្នាក់ៗមានការបែងចែកតួនាទីច្បាស់លាស់សម្រាប់កិច្ចការនីមួយៗ។ 

ចាប់ផ្តើម ពីការសរសេរសាច់រឿងរហូតដល់ការផលិតចេញជាភាពយន្ត ក្រុមដ៏តូចមួយនេះបានខិតខំប្រឹងប្រែងធ្វើការ ដោយមានការជួយជ្រោមជ្រែងពីអ្នកណែនាំរបស់ខ្លួន ក្នុងការផលិតភាពយន្តមួយប្រកបដោយគុណភាព។ 

ដោយវីដេអូរបស់ពួកគេទទួលបានជ័យជំនះលើវីដេអូចំនួន៨ផ្សេងទៀត  ពួកគេទទួលបានឱកាសក្នុងការចូលរួម ក្នុងការប្រកួតវគ្គចុងក្រោយនៅប្រទេសប៊្រុយណេ ព្រមទាំងទទួលបានប្រាក់រង្វាន់ចំនួន៤០០ដុល្លារ និងលិខិត ទទួលស្គាល់ដែលចេញដោយក្រសួងព័ត៌មាន។ 

លោក វិបុល អះអាងថា “ខ្ញុំមានក្តីរីករាយយ៉ាងខ្លាំងដោយបានចូលរួមក្នុងការប្រកួតនេះ ហើយអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺនៅពេលខ្ញុំឮគេប្រកាសថា ក្រុមរបស់ខ្ញុំគឺជាម្ចាស់ជ័យលាភីនៃរង្វាន់ធំនេះ។”

លោកនិយាយបន្ថែមទៀតថា ក្រុមរបស់លោកមិនរំពឹងថានឹងឈ្នះឡើយ ពីព្រោះក្រុមដទៃសុទ្ធតែមានសមត្ថភាព ។ 

ខណៈការប្រកួតវគ្គចុងក្រោយ គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ក្រុមរបស់លោកនឹងមានពេលវេលាប្រហែលពីរខែកន្លះ ក្នុងការត្រៀមខ្លួន ក៏ដូចជាការផលិតវីដេអូមួយទៀត ដើម្បីចូលរួមប្រកួតនៅវគ្គបន្ទាប់។

ប្រធានក្រុមនេះថ្លែងថា “យើងប្តេជ្ញាថានឹងនាំមកនូវជ័យជំនះ សម្រាប់ប្រទេសរបស់យើង នៅពេលយើងទៅចូលរួមប្រកួតនៅប្រទេសប៊្រុយណេ ហើយទោះបីជាយើងមិនទទួលបានជ័យជំនះ ក៏វាមិនអីដែរ។ យើងនៅតែរីករាយ ហើយសង្ឃឹមថា នឹងទទួលបានជោគជ័យនៅក្នុងការប្រកួតលើកក្រោយ។” 

Share and Like this post

Related Posts

Previous Article

ជម្រើសមានតិចសម្រាប់ប្រជានេសាទនៅខេត្តកំពតដែលប្រឆាំងនឹងការនេសាទខុសច្បាប់

Next Article

យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ