យុវវ័យឆ្នើម៖ អ្នកច្នៃម៉ូតវ័យក្មេងអំពាវនាវឲ្យមានការគាំទ្រក្នុងស្រុកកាន់តែច្រើន

Khmer Times No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – កញ្ញា កែវ មរតក ដែលជានិស្សិតឆ្នាំទីមួយវ័យ ២០ឆ្នាំ​​ នៅឯសាកលវិទ្យាល័យ Limkokwing ជំនាញរចនាម៉ូតសំលៀកបំពាក់ និងជាម្ចាស់នៃហាងសំលៀកបំពាក់ MRD ចង់ឃើញការគាំទ្រចំពោះផលិតផលក្នុងស្រុកពីសំណាក់ប្រជាជនកម្ពុជា។

កញ្ញា មរតក បានចាប់ផ្តើមធ្វើជាអ្នកច្នៃម៉ូត នៅពេលវិស្សមកាលមួយរបស់នាង។ កាលពីឆ្នាំ២០១០ នាងសម្រេចចិត្តថា​ គូររូបនៅលើអាវយឺតមួយចំនួនជាមួយមិត្តរបស់នាងហើយលក់វានៅឯហាងម្តាយរបស់នាង។ 

នាងថ្លែងថា “ដំបូង យើងមិនចង់ចំណាយថវិកាច្រើនទេ ពីព្រោះការបោះពុម្ពរូបភាពនៅលើអាវមានតម្លៃខ្ពស់។ ដូច្នេះ យើងក៏ចាប់ផ្តើមគូររូបដោយផ្ទាល់តែម្តង។”

ទោះបីជាមិត្តរបស់នាងបានបោះបង់ការងារច្នៃម៉ូតនេះ ដើម្បីធ្វើការងារផ្សេងទៀតក៏ដោយ កញ្ញា មរតក នៅបន្តធ្វើការងារនេះ ដោយរូបនាងគិតថា វាគឺជាក្តីស្រមៃរបស់នាងក្នុងការក្លាយខ្លួនជាអ្នកច្នៃម៉ូតសំលៀកបំពាក់ម្នាក់។ 

នៅឆ្នាំ ២០១១ ដោយមានការគាំទ្រពីគ្រួសាររបស់ខ្លួននាងបានបើកហាងលក់សំលៀកបំពាក់ដែលមានឈ្មោះថា MRD។ 

ចាប់តាំងពីដំណើរការមក ប្រជាប្រិយភាពនៃហាងរបស់នាងមានការកើនឡើង ដោយសារមានការបញ្ចូលគ្នារវាងម៉ូតសំលៀកបំពាក់បែបសម័យថ្មី និងបែបប្រពៃណីខ្មែរ។ 

អាវយឺត ដែលមានសរសេរពាក្យដូចជា “Keep Calm and Wear Krama” “Khmer Pride”  និង“Too Apsara For You” គឺជាអាវដែលមានប្រជាប្រិយភាពបំផុតនៅក្នុងហាងរបស់នាង។ 

ការលក់សំលៀកបំពាក់ គឺមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារផលិតផលនាំចូលពីប្រទេស វៀតណាម និងប្រទេសថៃ មានតម្លៃទាបជាង។ 

កញ្ញា មរតក ថ្លែងថា “ខ្ញុំមិនចង់ប្រកួតប្រជែងជាមួយនរណាទេ។ ខ្ញុំគ្រាន់តែចង់បង្ហាញថា ខ្ញុំមានទេពកោសល្យ ក្នុងការច្នៃម៉ូតសំលៀកបំពាក់ទាំងនេះ។”

ការសិក្សា និងការប្រកបអាជីវកម្មក្នុងពេលជាមួយគ្នាមិនមែនងាយស្រួលទេ។ នាងថ្លែងថា បញ្ហាប្រឈមសម្រាប់នាងនាពេលបច្ចុប្បន្ន គឺនាងត្រូវការពេលវេលា ក្នុងការផ្តោតលើអាជីវកម្មតែមួយមុខ។ 

ទោះបីជាមានរឿងជាច្រើនដែលត្រូវធ្វើក៏ដោយ នាងតែងតែឆ្លៀតរកពេលវេលាក្នុងការច្នៃម៉ូត និងគ្រប់គ្រងហាងរបស់នាង។ 

នាងថ្លែងបន្តទៀតថា “អ្នកមិនអាចបោះបង់ទេ។ កាលពីដំបូង ខ្ញុំស្ទើរតែបោះបង់ទៅហើយ។ 

ពុំមានអតិថិជនចង់ ចូលហាងទេ ដោយសារវាក្តៅខ្លាំង (ហាងពីមុនរបស់នាង)។”

នាងថ្លែងបន្ថែមទៀតថា ទំនាក់ទំនងជាមួយអ្នកដទៃ គឺមានសារៈសំខាន់ដែលធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ។ មិត្តជាច្រើនរបស់នាងមកពីវិទ្យាល័យគឺជាអតិថិជនរបស់នាង។ 

នាពេលអនាគត នាងសង្ឃឹមថានឹងក្លាយជាអ្នកច្នៃម៉ូតដ៏ឆ្នើមម្នាក់ ហើយនឹងអភិវឌ្ឍឧស្សាហកម្មសំលៀកបំពាក់ ក្នុងប្រទេសកម្ពុជា។

សំខាន់បំផុត នាងចង់ឲ្យប្រជាជនកម្ពុជាគាំទ្រអាជីវកម្មក្នុងស្រុក និងជួយបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ អ្នកច្នៃម៉ូតថ្មីថ្មោង។ 
 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ

Next Article

យុវវ័យឆ្នើម៖ ពីបទពិសោធន៍ជូរចត់ទៅជីវិតភ្លឺស្វាង