សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតថ្មីតម្រូវឲ្យបោះបង់ចោលនូវតួនាទីផ្សេងៗដើម្បីផ្តោតលើការបំពេញតួនាទីរបស់ពួកគេក្នុងនាមជាតំណាងរាស្រ្តជាប់ឆ្នោត។
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១២ ខែសីហា សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាក្រសួងមហាផ្ទៃបានទទួលស្គាល់ថាសមាជិកក្រុមប្រឹក្សាដែលទើបតែជាប់ឆ្នោតថ្មីៗមួយចំនួនត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ មុននិងក្រោយពេលជាប់ឆ្នោត។
លោក ស ខេង បានបន្ថែមថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ មុនជាប់ឆ្នោតនោះ មុខតំណែងទីប្រឹក្សា ឬជំនួយការ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ។
លោកបានមានប្រសាសន៍ថា៖ «ករណីនេះ សាមីខ្លួននៅសល់មុខតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ។ ហើយការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមុខតំណែងជាប្រធាន ឬសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
លោក ស ខេង ក៏បានធ្វើការកត់សម្គាល់ដែរថា សមាជិកក្រុមប្រឹក្សា ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោតហើយត្រូវសម្រេចចិត្តធ្វើការជ្រើសរើសយកមុខតំណែងណាមួយក្នុងចំណោមមុខតំណែងជាទីប្រឹក្សា ឬជំនួយការ ឬជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សា។
លោកបានថ្លែងថា៖ «ដោយសារតែពួកគេត្រូវបានជ្រើសរើសដោយអ្នកបោះឆ្នោតជាមន្រ្តីសាធារណៈហើយត្រូវបានតែងតាំងតួនាទីបន្ទាប់ពីនោះ»។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការសម្រេចដកតំណែងទីពីរត្រូវបានធ្វើឡើងដើម្បីចៀសវាងការរិះគន់និងធានាបានថាសមាជិកក្រុមប្រឹក្សាអាចបម្រើប្រជាពលរដ្ឋបានពេញលេញ។
លោក ប្រាក់ សំអឿន បានមានប្រសាសន៍ថា៖ «សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតជាច្រើនកំពុងតែត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ។ ហើយការតែងតាំងតួនាទីទីពីរនេះមិនត្រូវបានអនុញ្ញាតទៀតទេ»។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញបានមានប្រសាសន៍ឲ្យដឹងថា លោកនឹងគោរពតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា៖ «ខ្ញុំទទួលស្គាល់ភាពខុសគ្នារវាងមន្ត្រីដែលត្រូវបានបោះឆ្នោតនិងតែងតាំង។ ពួកគេមានតួនាទីខុសគ្នា។ ខ្ញុំនឹងធ្វើតាមនិងគោរពតាមសេចក្តីសម្រេចនេះ»។
លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុកាលពីម្សិលមិញបានថ្លែងថា សមាជិកក្រុមប្រឹក្សាគួរតែផ្តោតលើការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពជាមុន។
លោក សឿង សារឿន បានមានប្រសាសន៍ថា៖ «ពួកគេក៏គួរតែសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធដើម្បីបង្កើនការប្រមូលធនធានដើម្បីបង្កើនសេវាកម្មប្រកបដោយគុណភាពនិងឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ” ។ ខ្ញុំសង្ឃឹមថាសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិនេះគឺគិតគូរអំពីប្រជាជនមុនបន្ទាប់ពីគណបក្សនយោបាយ”»។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មណ្ឌលរាជធានីខេត្ត ទូទាំងប្រទេស មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន៥៥៩ ខណៈដែលមណ្ឌលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសសរុបចំនួន២០៣មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន៣.៤៨៤។
គួរបញ្ជាក់ឲ្យដឹងផងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុងស្រុកខណ្ឌអាណត្តិទី៣កាលពីខែឧសភាកន្លងទៅ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតចំនួន ១១,១២៣ ក្នុងចំណោមសន្លឹកឆ្នោតចំនួន ១១.៥៦៥ ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បានបោះឆ្នោត។
លោក ហង្ស ពុទ្ធា បានបន្ថែមថា ក្រៅពីគណបក្សប្រជាជនកម្ពុជា មានគណបក្សចំនួន ៥ ផ្សេងទៀតដែលអាចទទួលបានសម្លេងឆ្នោត។
គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២២៦ សំឡេង គណបក្សខ្មែររួបរួមជាតិទទួលបាន ១៧៥ សំឡេង គណបក្សសញ្ជាតិកម្ពុជាទទួលបាន ១៤ សំឡេង គណបក្សយុវជនកម្ពុជាទទួលបាន ៨ សំឡេង និងចុងក្រោយ គណបក្សឆន្ទៈខ្មែរទទួលបាន ២ សំឡេង៕