ហ៊ន សុខហ៊ាង ជាស្ត្រី​ដំបូង ចាប់អាជីពជាអ្នកបើកបររថយន្តក្រុង​ ដើម្បី​បង្ហាញថាស្តី្រ​អាចធ្វើ​បាន​

ប៉ិច សុធារី / Khmer Times No Comments Share:
Horn Sokheang
ហ៊ន សុខហ៊ាង កំពុងបើកបរ​​រថយន្ត​ក្រុង​សាធារណៈរបស់រដ្ឋ។ រូបថត ជរ សុគន្ធា

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរ​​​ការ​​​សេវា​រថយន្ត​ក្រុង​សាធារណៈរបស់រដ្ឋ​​​ កាលពី​​​អំឡុង​​ឆ្នាំ​២០១៤ ដែល​នៅពេល​នោះ​មានរថយន្តចំនួន​៥៧គ្រឿង បាន​ធ្វើ​ចរាចរណ៍ដឹកភ្ញៀវ​​នៅតាម​បណ្តា​ផ្លូវ​សំខាន់​ៗ​​មួយ​ចំនួន។ រហូត​មក​​ដល់ពេលបច្ចុប្បន្ន​នេះ រថយន្ត​ក្រុង​សាធារណៈ​បាន​កើន​ឡើង​ដល់​ចំនួន ២៣៥​គ្រឿង និង​មាន​បុគ្គលិក​ជា​អ្នក​បើក​បរ​ទាំង​វេន​ព្រឹក និង​វេនល្ងាច​​ចំនួន ៤៧០នាក់ ដែលសុទ្ធ​សឹង​​តែ​ជា​បុរស។

ទោះជាយ៉ាងណា ថ្មី​ៗ​នេះ រដ្ឋាករ​ស្វយ័ត​​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និងគម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹក​ជញ្ជូន​​រថយន្ត​ក្រុង​សាធារណៈក្នុង​រាជ​ធានីភ្នំពេញ ​​បាន​ប្រកាស​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលបម្រើការ​ងារ​ជា​អ្នក​បើក​បរ​រថ​យន្ត​​​ក្រុង​នេះ​ដែរ ដោយក្នុងនោះ​មានស្ត្រី​ចំនួន​៣នាក់​បាន​ដាក់ពាក្យ​ដើម្បីបម្រើ​ការងារ។

ប៉ុន្តែ​នៅពេលដែល​ក្រុម​ការ​ងារ​ចាប់​ផ្តើម​​ឲ្យ​ពួកគាត់សាក​ល្បង​ការ​ងារ​ ក៏ស្រាប់​តែ​មានស្ត្រីពីរ​នាក់​ បាន​បោះបង់​ចោល​​ឱកាស​ការ​ងារ​នេះ នៅសល់​តែ​ស្ត្រី​វ័យ ២៥​​ឆ្នាំ​មួយរូប​ប៉ុណ្ណោះ ដែល​នៅបន្ត​ឆន្ទៈ​ក្នុងការ​បម្រើ​ការងារ​មួយ​នេះ នោះ​គឺ​អ្នក​នាង ហ៊ន សុខ​ហ៊ាង។

សុខ​ហ៊ាង ជា​ស្ត្រីដំបូងគេ​​​បង្អស់​ ដែលចាប់អារម្មណ៍នឹង​​អាជីពជា​អ្នកបើកបររថយន្ត​​ក្រុង​សាធារណៈ​របស់​រដ្ឋ បើទោះជា​អ្នកនាង​ពុំ​ដែល​មាន​បទ​ពិសោធន៍​ជា​អ្នក​បើកបរ​រថយន្ត​ពីមុន​មកក៏ដោយ។

អ្នកនាង​​​​ បាន​និយាយថា៖ «ខ្ញុំ​ចាប់​យក​​ការងារនេះ ដោយសារតែ​ជាចំណង់ចំណូល​ចិត្ត​របស់​​ខ្ញុំ ហើយ​ការ​ងារជា​អ្នក​បើក​​បរ​​​រថយន្ត​ក្រុង​​​​នេះ​ស្រ្តី​ ក៏​​អាច​ធ្វើបាន ​ដូច​បុរស​ដែរ»។

អ្នកនាងបន្តថា៖ «ដំបូង​ឡើយ​ ខ្ញុំ​មកជិះរថយន្ត​ក្រុង ហើយ​ក៏លឺ​​អ្នកបើកបរ​គាត់​និយាយ​គ្នា​លេង​ពីការ​ជ្រើស​រើស​អ្នក​បើក​​បរ​​បន្ថែម ដល់​ចឹង​ខ្ញុំក៏មាន​ចិត្ត​មួយ​ចង់​ធ្វើការ​នេះ​ដែរ​​ និយាយរួម​ ខ្ញុំ​ស្រឡាញ់ការ​ងារ​នេះ​ ស្រឡាញ់ការ​ងារ​ដែល​បម្រើ​​​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ»។

សុខ​ហ៊ាង ជា​​កូន​កសិករ​​​មក​ពី​​ខេត្តកំពង់​ចាម ដោយ​​សារ​​​តែ​ជីវ​ភាព​ក្រី​ក្រ គាត់បាន​សម្រេច​ចិត្ត​ឈប់​រៀននៅត្រឹម​ថ្នាក់​ទី​៧​ ហើយ​​​រកការ​ងារ​ធ្វើ ដើម្បីចិញ្ចឹមជីវិត​ និង​​ជួយ​ទំនុកបម្រុង​ក្នុង​​គ្រួសារ។ នៅអំឡុងឆ្នាំ​២០១៣ ដល់ឆ្នាំ​២០១៦ អ្នក​នាង​​​បាន​បម្រើ​ការ​ងារ​ជា​អ្នក​ឆុង​កាហ្វេ និងធ្វើនំខេក​នៅក្នុ​ង​ហាង​​មួយ​​ បន្ទាប់​មក​ក៏បាន​លា​ឈប់ពីការ​ងារ ហើយ​ចាប់​យក​អាជីព​ជា​ជាង​កាត់​ដេរ​វិញ។

អ្នកនាង​បន្តថា៖ «ខ្ញុំ​ចង់​មានការ​ងារ​ផ្ទាល់​ខ្លួន​ជា​ជាង​ដេរ​ខោអាវ ប៉ុន្តែ​នៅតែ​រត់​មិនរួច[មិនអាច​ទំនុក​បម្រុង​ជីវ​ភាព​] ចឹង​ខ្ញុំក៏ឈប់​ពីការងារ​នេះ រួច​មក​រៀន​បើក​បរ​វិញ ដោយសារ​តែ​ខ្ញុំ​ស្រឡាញ់​ការ​ងារ​ជាអ្នក​បើក​បររថយន្ត​ក្រុង​នេះ ព្រោះ​ខ្ញុំ​ឃើញ​នៅប្រទេស​គេ ស្ត្រីយើង​​​ខ្លាំង​ៗណាស់​​​​ ហើយ​​​ខ្ញុំ​ក៏ចង់​ធ្វើការ​ងារ​នេះ​ដែរ អីចឹង​ស្ត្រី​ខ្មែរ​យើង​ក៏មានកម្លាំង​ធ្វើការ​ងារ​ហ្នឹង​បាន​ដែរ មិន​ចាំតែ​បុរស​ទេ»។

មុន​នឹង​ចូល​បម្រើ​ការងារ​ ​ឬ​មានការ​អនុញ្ញាត​ឲ្យ​​​បើក​បរ​រថយន្ត​ក្រុងនៅ​តាម​ដង​ផ្លូវ​​​ជា​ផ្លូវ​ការ​ សុ​ខ​ហ៊ាង ត្រូវ​​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​អ្នក​បើក​បរ​​​​ជាមួយ​នឹង​អ្នក​ជំនាញ​​​​​ខ្មែរ និង​ជន​ជាតិ​ជប៉ុន​ជា​មុន​សិន ព្រមទាំង​ត្រូវ​ប្រឡងវគ្គសិក្សា​នៅ​សាលា​បង្រៀន​បើក​បរ រួច​ប្រឡង​​យក​ប័ណ្ណ​បើក​បរ​ប្រភេទ​រថយន្ត​ធន់​ធំ​​ជា​មុន​សិន ដូច្នេះ​បច្ចុប្បន្ន រូប​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​បណ្តុះ​បណ្តាល​ជំនាញ​បើក​បរ​នៅឡើយ។

អ្នក​នាង​បាន​និយាយថា៖ «ខ្ញុំ​មិន​ធ្លាប់​បើក​បរ​ពីមុន​មក​ទេ ដូច្នេះ​ពេល​កាន់​ចង្កូត​ដំបូង​មាន​អារម្មណ៍ថា​ភ័យ​ និង​តក់​ស្លុត​តិចៗដែរ ​​នៅពេល​មាន​អ្វីមួយ​បើក​កាត់យើង​ពីមុខ ប៉ុន្តែ​ដោយសារ​កា​រស្រឡាញ់អីចឹង​ខ្ញុំអត់ត្រូ​​វ​តែ​ព្យាយាម​ហាត់​រៀន​បន្ត​​រហូត​មក ហើយ​មួយ​រយៈនេះ​ខ្ញុំ​​​ចេះ​បើក​បរ​បាន​ច្រើន​គួរ​សម​ហើយ​»។​​

សុខ​ហ៊ាង ​ក៏មាន​ក្តីបារម្ភ​ចំពោះបញ្ហា​ប្រឈម​ដែលអាច​នឹង​កើត​មានឡើង​ចំពោះរូប​នាង នៅពេល​ដែល​ចាប់​ផ្តើម​បើក​បរ​រថយន្ត​ក្រុង​លើ​ផ្លូវ​សាធារណៈ​ផងដែរ​​ ដូចជា​ ត្រូវ​ភ្ញៀវមួយ​ចំនួន​តូ​ច​ប្រើប្រាស់​សម្តីមិន​សមរម្យ ឬ​ក៏​រថយន្ត​ដែល​បើកនោះ​មាន​​បញ្ហាខូចនៅ​​​តាម​ផ្លូវ​ជា​ដើម​ ដោយ​អ្នក​នាងថា​ នឹង​ជំនះរាល់បញ្ហា​ទាំងនោះ។

Horn Sokheang driverអ្នកនាង​និយាយថា៖ «ធម្មតាធ្វើការ​ងារ​តែ​ង​តែមានជួប​ប្រទះ​បញ្ហា​ហើយ ប៉ុន្តែខ្ញុំ​នឹង​គោរពសីលធម៌​របស់​ខ្ញុំជា​អ្នក​បើក​បរ​ ព្រោះ​ពេល​ខ្លះ​យើ​ងពុំ​អា​ច​ផ្គាប់​ចិត្ត​មនុស្ស​បាន​គ្រប់​គ្នា​ទេ ប៉ុន្តែ​សំខាន់​សំដី​របស់​យើង និង​ការ​គួរ​សម​របស់​យើ​ង​ទៅ​ភ្ញៀវ ​ព្រោះវគ្គបណ្តុះ​បណ្តាល​នៅទីនេះ​ក៏​បាន​បង្រៀន​យើង​ពីសីល​ធម៌​ចំពោះភ្ញៀវ​ដែរ គឺយើងជា​អ្នក​​​បម្រើ​ប្រ​ជា​ពលរដ្ឋ យើង​ត្រូវ​គោរព​ប្រជាពលរដ្ឋ»។

មុននឹងក្លាយ​ជាបុគ្គលិក​ពេញ​សិទ្ធ និងមានសិទ្ធិ​បើក​បរថយន្ត​ក្រុង​តាមខ្សែ​និមួយ​ៗក្នុងរាជធានី​ភ្នំពេញ រដ្ឋាករ​ស្វយ័ត បាន​​តម្រូវ​ឲ្យ អ្នកនាង ហ៊ន សុខ​ហ៊ាង មក​ហ្វឹក​ហាត់​ជំនាញ​បច្ចេកទេស​ជា​រៀង​រាល់ថ្ងៃ ជាមួយ​អ្នកជំនាញ​​មក​ពី​ប្រទេស​​​ជប៉ុន​មួយ​រូប និង​គ្រូ​បង្វឹក​ជន​ជាតិ​ខ្មែរពីររូប ​នៅ​ក្នុង​បរិវេណ​រដ្ឋាករស្វយ័ត ដែល​មានទីតាំងនៅ​សង្កាត់​ព្រែក​តាសេក​​ ខណ្ឌ​ជ្រោយ​ចង្វារ​ ក្រៅពីម៉ោង​សិក្សា​ជំនាញ​បើក​បរ​នៅ​សាលា​ឯកជន។

លោក មីណូរូ ​មូរ៉ា​តា អ្ន​​កជំនាញ​ការ​ជនជាតិ​ជប៉ុន​ផ្នែក​បណ្តុះ​បណ្តាល​អ្នក​បើក​បរ​រថយន្ត​ក្រុង​នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹកជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​ក្នុង​រាជ​ធានីភ្នំពេញ (Mr. Minoru MURATA, Bus driver training of The project for improvement of public bus operation in Phnom Penhនៃគម្រោង​អង្គការ​JICA) ​បាន​មាន​ប្រសាសន៍ថា កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ជប៉ុន​​បាន​ផ្តល់ជំនួយ​នូវ​រថយន្ត​ក្រុង​ចំនួន ៨០​គ្រឿង សម្រាប់​កម្ពុជា ដើម្បី​បម្រើ​សេវាសាធារណៈ​ផ្នែក​ដឹកជញ្ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​រាជ​ធានីភ្នំពេញ​ ហើយ​ក្នុងនោះ​​ក្រុម​ការ​ងារ​របស់​គម្រោង​ JICA បាន​ជួយ​បណ្តុះ​បណ្តាល​ដល់​អ្នកបើក​បរ​រថយន្ត​ក្រុង​សាធារណៈ​ជាង ៣០០នាក់​ ដែល​​សុទ្ធ​​សឹង​​​ជា​​​​បុរស ប៉ុន្តែ​​ឥឡូវនេះ​ក្រុមការ​ងារ​​ជ្រើស​រើ​ស​បាន​នូវ​អ្នក​បើក​បរ​រថយន្ត​ក្រុង​ជា​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា​​ហើយ​។​

លោកថា៖ «ដំបូង​ឡើយ​ ពេល​ដែល​​គាត់​[សុខ​ហ៊ាង]ចាប់​ផ្តើមការងារ​ជាមួយ​យើង​ដំបូង គាត់​មិន​បានដឹងពីរបៀប​របប​នៃ​ការ​បើក​ឡាន​ទេ គាត់​មិនដឹង​ថា​មុន​បើកឡាន គេ​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​​ សារ៉េ​កៅអី ​មើល​ហ្វ្រាំងដៃ ឬមើល​ភ្លើង​សញ្ញា​អី​ជា​​ដើម ប៉ុន្តែ​ក្រោយពី​យើ​ងបាន​បង្រៀនគាត់​បាន​មួយអាទិត្យ គាត់មានការយល់ដឹង​ច្រើនជាងមុន និងអាចបើក​ឡាន​បាន និយាយ​​រួម​គាត់​ឆាប់ចាប់បាន​នូវអ្វីដែលយើ​ងបាន​បង្រៀន​គាត់​»។

លោក មីណូរូ ​មូរ៉ា​តា បាន​បន្តថា ​នៅក្នុង​ពិភព​លោក ក៏​ដូច​ជា​នៅ​ប្រទេស​ជប៉ុន គឺ​មាន​អ្នក​បើក​បរ​រថយន្ត​ក្រុង​សាធារ​ណៈ​​​ជា​​​ស្ត្រី​ច្រើន ព្រោះ​​ស្ត្រី​មាន​អាកប្បកិរិយា​ទន់​ភ្លន់ជា​ង​បុរស ទាំង​សម្តីសម្តៅ ការ​រាក់ទាក់ ​​ស្នាម​ញញឹម និង​ការ​បើក​បរ​មាន​ភាពរលូន​ជាង​បុរស។ លោកថា៖ «ប៉ុន្តែ​សម្រាប់​កម្ពុជា នៅ​មិន​ទាន់​មាន​អ្នក​បើក​បរ​ជា​ស្ត្រី​នៅឡើយ ដូច្នេះ​សុខ​ហ៊ាង​ ជា​​អ្នក​បើក​បរ​រថយន្ត​ក្រុង​ជា​ស្ត្រី​ដំបូង ហើយ​ខ្ញុំគិត​ថា​គាត់​អាច​ធ្វើ​បាន»។

នៅប្រទេស​កម្ពុជា មិន​ថា ការបើក​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ ឬ​ក្រុម​ហ៊ុន​​ឯក​ជន ឬការបើកបរ​រថ​យន្ត​ឈ្នួល​ដឹក​អ្នក​​​ដំណើរ​ គឺ​គេ​កម្រ​នឹង​ឃើញ​​មាន​វត្តមាន​​ស្ត្រី​ ចូលបម្រើការ​ងារ​ជា​អ្នក​បើក​បរ​ឬ​ចាប់​យកអាជីព​​​​នេះណាស់ ដែល​ខុស​ពីបណ្តា​ប្រទេសជិត​ខាង និង​ប្រទេស​​មួយ​ចំនួនទៀត​​​ក្នុងពិភព​លោក ដោយសារ​តែ​ទស្សនៈមួយ​ចំនួន​យល់ថាស្ត្រីជា​ភេទ​ទន់​ខ្សោយ​​ និង​គួរ​ធ្វើការ​ងារ​ស្រាលៗ ឬ​នៅធ្វើជា​ស្ត្រីមេផ្ទះ​ជា​ដើម។​

Female-city-bus
Horn Sokheang is set to become the capital’s first female bus driver. KT/Chor Sokunthea

ដៃ​កាន់ចង្កូត​​រថយន្ត​ អម​​ដោយ​​គ្រូ​បង្ហាត់ជា​​ជន​ជាតិ​ខ្មែរ​ម្នាក់​ សុខហ៊ាង​​ ហាក់​​មាន​​ភាព​ជឿជាក់ និង​អាច​បើក​​រថយន្ត​​ក្រុង​​ដែល​មាន ​៤៥កៅ​​អី បាន​យ៉ាង​រលូន។​
លោករុំ ​សំណាង អាយុ៣៣​ឆ្នាំ ដែលជា​គ្រូ​បង្គោល​​និង​ជា​អ្នកបង្រៀនបើក​បរ​​​ដល់​សុខ​ហ៊ាង​​​នោះ បាន​និយាយថា ស្ត្រី​ម្នាក់​នេះគាត់មាន​ភាព​វៃ​ឆ្លាត និង​ងាយ​យល់​ពីបច្ចេកទេសនៃការ​បើក​បរ បើទោះជា​រូបគាត់ពុំមាន​បទ​ពិសោធន៍​ធ្លាប់​បើក​​បរ​ពីមុន​មក​ក៏​ដោយ។

លោកថា៖ «សម្រាប់​អ្នក​បើក​បរ​ជា​បុរស ពេល​​គាត់​មក​ដាក់​ពាក្យ គឺ​គាត់ជា​អ្នកបើក​បរ​អាជីព​មក​ពីក្រុម​ហ៊ុន​ផ្សេងៗ ដូច្នេះ​យើងគ្រាន់តែ​ណែនាំ​​​​​គាត់​បន្ថែម​ពី​​បច្ចេកទេស​​មួយចំនួន​ប៉ុណ្ណោះ​ ហើយ​​​សម្រាប់ សុខ​​ហ៊ាង គាត់​អត់មាន​ពិសោធន៍​​​បើក​​បរ​ពីមុន​មក​ទេ ដល់​ពេល​​គាត់​មក​ដាក់​ពាក្យ យើង​ត្រូវ​បង្ហាត់បង្រៀន​គាត់​ទាំង​ស្រុង​តែ​ម្តង»។

លោក​បន្ថែមថា៖ «ប៉ុន្តែ​គាត់​ឆ្លាត​ គាត់​ឆាប់​​យល់នូវ​អ្វីដែលយើងបានណែនាំ​គាត់ អីចឹង​យើង​បង្រៀន​គាត់​តែ​មួយ​រយៈ​ខ្លី​ទេ តែ​គាត់​អាច​​បើក​បរ​​បាន​ សឹង​​ថា​​មនុស្ស​ប្រុស​ខ្លះ​បើក​​បរ​មិន​បាន​ដូចគាត់​ផង»។

ប្រធានការិយាល័យ​រដ្ឋបាល​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​​សាធារណៈរថយន្ត​ក្រុង​ លោក ឃ្លី នរៈ (Chief of administration of Phnom Penh City Bus Authority, Mr. Khly Norack) បាន​មានប្រសាសន៍ថា ចាប់តាំង​ពី​រថយន្ត​ក្រុង​សាធារណៈ​​បាន​ដំណើរ​ការ មានស្ត្រីចំនួន​៣​នាក់ បាន​ដាក់​ពាក្យ​ដើម្បីបម្រើការ​ងារ​ជា​អ្នក​បើកបរ​រថយន្ត​ក្រុង​នេះ​ដែរ ប៉ុន្តែ​ពួកគាត់​បាន​បោះ​បង់ចោល​ការ​ងារ​នេះទៅ​វិញ​ ក្រោយពី​បាន​ទទួល​វគ្គ​បណ្តុះ​​បណ្តាល​មួយរ​យៈ។ លោក​បន្តថា ការ​ជ្រើស​រើស​អ្នក​បើកបរ​​រថយន្តក្រុង​ជា​​ស្ត្រី​​នេះ គឺ​ក្នុងគោល​​បំណងដើម្បី​លើកកម្ពស់​​យេន​ឌ័រ និង​ជំរុញ​ឲ្យ​​ប្រជា​​ពលរដ្ឋ​ខ្មែរ​បង្កើន​ការចូលរួមជិះ​រថយន្ត​ក្រុង​សាធារណៈ​​ឲ្យបាន​កាន់​តែ​ច្រើន​ផងដែរ។

លោកថា៖ «យើង​ចង់បាន​បុគ្គលិក​អ្នក​បើក​បរ​ជា​ស្ត្រី ព្រោះ​ស្ត្រី​គាត់​មាន​បដិសណ្ឋាកិច្ច​ភ្ញៀវល្អជាង​បុរស​ អីចឹង​​យើង​ចង់​ឲ្យគាត់ជួយ​ធ្វើម៉េច​ឲ្យ​ប្រជាពលរដ្ឋបែរ​មក​ប្រើ​ប្រាស់​រថយន្ត​ដឹកជញ្ជូន​សាធារណៈ​ហ្នឹង​ផង ​និង​​ចង់​ជួយ​លើក​កម្ពស់​យេន​​​ឌ័រ​​ផង អីចឹង​យើង​​ឃើញ​ថា​ សុខ​ហ៊ាង គាត់​មានឆន្ទៈ​និង​ខិតខំប្រឹងប្រែង​រៀន ដោយ​មានការ​​ជួយ​បណ្តុះ​បណ្តាល​​ផ្នែកបច្ចេកទេស​ពីអ្នកជំនាញ​JICA»។

លោកក៏បាន​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ៗផ្សេង​ទៀត ​ដែលមាន​បំណង​ចង់បម្រើ​ការ​ងារ​ជាអ្នក​បើក​បរ​រថយន្តក្រុង អាច​ដាក់​ពាក្យ​​មក​​កាន់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​បាន ហើយ​មន្ត្រី​ជំនាញ​នឹង​ធ្វើ​ការ​បណ្តុះ​បណ្តាល​នៅឈរ​ជុំគ្នា​រង​ចាំ​ប្តូរ​ខ្សែ​រថយន្តក្រុងសាធារណៈ​ យុវជន ហុង សំរេច អាយុ​​១៦​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ព្រែក​លាប ដែល​​បាន​​ឃើញ​ អ្នកនាង សុខ​ហ៊ាង កំពុង​​រៀន​បើក​បរក្បែរ​បរិវេណ​​ចំណត​​រង​ចាំ​នោះ បាន​និយាយថា កន្លងមក រូបគាត់ធ្លាប់​តែ​ជិះរថ​យន្តក្រុង​ដែល​មាន​អ្នក​​បើកបរ​ជា​បុរស ដូច្នេះ​លោក​មាន​មោទ​នភាព​ដែល​មាន​ស្ត្រី​​ចូលរួម​បម្រើ​ការ​ងារ​​ផ្នែក​នេះ។ លោកថា៖ «ខ្ញុំ​គាំទ្រ​​គាត់​[សុខ​ហ៊ាង]​ ​អ្វីដែល​បុរស​ធ្វើ​បាន​ស្ត្រី​ក៏​អាច​ធ្វើបាន​ដែរ ខ្ញុំគិត​ថា​ ​គាត់​អាច​ធ្វើបាន​​បើ​គាត់​មាន​ឆន្ទះ​ចង់​ធ្វើការ​ងារនេះ»។

ត្រឡប់​មក​កាន់​ អ្នកនាង​ ហ៊ន សុខ​​ហ៊ាង ដែលមាន​​មាឌធំ​រាង​​ខ្ពស់​​នេះ​វិញ អ្នក​នាង​បានបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​​ក្នុ​ងការ​ព្យាយាម​​បំពេញ​ការ​ងា​រជា​អ្នក​បើក​បរ​​ និងគោរព​​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ជា​អ្នក​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ ឲ្យ​បាន​ល្អ​ប្រ​សើរ។ អ្នក​នាង​បាន​បន្តថា៖ «ខ្ញុំក៏សូម​ផ្ញើរ​​សារ​ទៅ​ស្ត្រីៗ​​ដែរ​ថា ​មិន​មែន​​ចាំ​តែ​បុរស​ដែល​​បើក​ឡាន​ក្រុង​នេះ​បាន យើង​ជា​​ស្ត្រី​​ក៏អាច​ធ្វើអ្វី​ៗ​បាន​គ្រប់​យ៉ាង​ដែរ​​ យើងកុំ​មាន​ការ​តក់​ស្លត់​នឹង​បញ្ហា​អ្វី​មួយ​​ យើង​ត្រូ​វក្លាហាន ​កុំ​ឲ្យដូច​ពាក្យ​ចាស់​ថា​ស្ត្រី​វិល​ចង្ក្រាន្ត​​មិន​​ជុំ ធ្វើ​អី​មិន​កើត​​។ ខ្ញុំគិត​ថា ស្ត្រី​សម័យ​នេះ​ គឺ​យើង​ក្លា​ហាន​ដូចបុរស​ចឹង យើង​កុំ​គិត​ថា​ការ​ងារ​នេះ​សម្រាប់​តែ​បុរស​​ ស្ត្រី​មិនអាច​ធ្វើ​បានទេ ​សូម​កុំ​គិត​បែប​នេះ ​ស្ត្រីគឺអាច​ធ្វើបាន»។

សម្រាប់ទៅ​ថ្ងៃ​អនាគត សុខ​ហ៊ាង នៅតែ​មាន​ឆន្ទៈ​​ចង់​បម្រើ​ការ​ងារ​ទាំងឡាយ​ណា ​ដែលមាន​​សកម្ម​ភាព​​ជួយ​ដល់​ប្រជា​ពលរដ្ឋ ខណៈ​ដែល​អ្នកនាង​ស្រឡាញ់​ការ​ងារប្រភេទ​នេះ​តាំង​ពី​តូច​មក។ អ្នក​នាង​និយាយថា៖ «ខ្ញុំស្រឡាញ់​ការ​ងារ​ទាំង​​​ឡាយ​ណា​ដែល​​បម្រើ​​ប្រជាពលរដ្ឋ​ ដំបូង​ឡើយ​ចិត្ត​ខ្ញុំ​ចង់ធ្វើ​ជា​ទា​ហ៊ាន ឬ​ប៉ូលីស ​ប៉ុន្តែដោយសារ​ការ​សិក្សាអត់​ចប់ ​ខ្ញុំ​រៀនបាន​ត្រឹម​ថ្នាក់ទី​៧ ព្រោះ​តែ​គ្រួសារ​ក្រី​ក្រ​ ដូច្នេះ​​ពុំ​អាចសម្រេច​ក្តីប្រាថ្នា​បានឡើយ​ ប៉ុន្តែ​​ពេល​ដែល​ខ្ញុំ​ឃើញរដ្ឋា​ករ​ស្វយ័ត​​បាន​ជ្រើស​រើស​អ្នកបើក​បរ​រថយន្ត​ក្រុង​ជា​ស្ត្រី​ ខ្ញុំ​ក៏ចាប់​អារម្មណ៍ដាក់ពាក្យ​ធ្វើការ​​តែម្តង ព្រោះ​ការងារ​នេះ​វា​ត្រូវ​នឹង​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំដែលចង់​បម្រើ​ប្រជា​ពលរដ្ឋ»៕

Share and Like this post

Related Posts

Previous Article

អាជ្ញាធរ​ចាប់ផ្ដើម​ស្ដារ​ប្រឡាយ​បឹងត្របែក​ ​តែ​សំ​ឱ្យ​ប្រជាជន​រើផ្ទះ​ចេញ​

Next Article

ចាប់ខ្លួន​អ្នក​ប​ន្លំ​លក់​ដី​​ ​៥នាក់​ខណៈ​ទទួល​ប្រាក់​ ​៥ម៉ឺន