ក្រុមសិល្បៈ​ជប៉ុន​ខ្មែរ​ប្រជុំ​គ្នា​ក្នុង​កម្មវិធី បុណ្យ​ផ្កាយ

សំ កន្និកា / Khmer Times No Comments Share:

មនុស្សម្នា​ច្រើន​កុះករ​ភាគច្រើន​ជា​យុវជន បាន​ប្រជុំគ្នា​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន កាលពី​ចុង​សប្តាហ៍​មុន​ដើម្បី​ចូលរួម​ប្រារព្ធ​កម្មវិធី​វប្បធម៌​ជប៉ុន​ដែលមាន​ឈ្មោះថា តា​ណា​បា​តា ឬ ហៅថា បុណ្យ​ផ្កាយ។

ការរៀបចំ​ទីតាំង​ឲ្យ​មាន​បរិយាកាស​ដូច​ប្រទេស​ជប៉ុន ការលក់​អាហារ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ដែលមាន​ទម្រង់​ជា​ខ្មែរ និង​ជប៉ុន​ផង បាន​ក្លាយជា​ចំណុច​ទាក់ទាញ​អារម្មណ៍​យុវជន​ជាច្រើន​ដែល​បានមក​ចូលរួម​កម្មវិធី​វប្បធម៌​ជប៉ុន​នេះ​ឲ្យ​សប្បាយរីករាយ និង​បាន​ស្វែងយល់​ពី​ចំណងមិត្តភាព​កម្ពុជា-ជប៉ុន បន្ទាប់ពី​សម្រាក​ពី​ការងារ។ ឆ្នាំនេះ កម្មវិធី​បុណ្យ​ផ្កាយ ក៏បាន​នាំមក​នូវ​ទស្សនីយភាព​ពិសេស​មិន​ធ្លាប់មាន​ពីមុន​ដើម្បី​នាំ​ភាព​រីករាយ​ដល់​អ្នកចូលរួម​ផងដែរ នោះ​គឺជា​ការសម្តែង​យ៉ាង​ពិសេស​របស់​ក្រុម​ចម្រៀងល្បីៗមកពី​ប្រទេស​ជប៉ុន។

សម្លេង​ហ៊ោរ​កញ្ជ្រៀវ​បន្លឺរ​ឡើង​ពេញ​សាល​ប្រគំ​តន្ត្រី​នៅក្នុង មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន បានបង្ហាញ​ពី​ការគាំទ្រ​ពេញទំហឹង​ចំពោះ​ក្រុម​សិល្បករ​ដែល​មកពី​ប្រទេស​ជប៉ុន។ តុបតែង​ខ្លួន​បែប​ជប៉ុន​ជាមួយនឹង​សម្លៀកបំពាក់​ពិសេស​ប្លែក​ដូចជា​តួអង្គគំនូរជីវចល ក្រុម Tempura Kidz គឺជា​ក្រុម​ចម្រៀង​មួយ​ក្នុងចំណោម​ក្រុម​ចម្រៀងផ្សេងៗទៀត​ដែល​មក​ចូលរួម​សម្តែង​ក្នុង​កម្មវិធី បុណ្យ​ផ្កាយ។ ក្រុម​ដ៏​ល្បីឈ្មោះ​នៅ​ជប៉ុន​នេះ មាន​សមាជិក​ជានា​រី៤នាក់ និង​ជា​បុរស​ម្នាក់។

«នេះ​ជា​លើក​ទី១ហើយ​សម្រាប់​ខ្ញុំ ដែល​បានមក​សម្តែង​នៅ​កម្ពុជា ហើយ​ការសម្ដែង​នេះ គឺជា​ក្តីរំភើប​របស់ខ្ញុំ។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​កាន់​តែមាន​ភាពក្លាហាន​ប​ន្ថែ​ម​ទៀត ក្នុងការ​សម្តែង​ឲ្យ​កាន់តែ​ល្អ​ជាង​មុន នៅពេលដែល​ឃើញ​អ្នកចូលរួម​គ្រប់គ្នា​ទះដៃ​យ៉ាង​ស្រុះគ្នា រាំ​តាម និង​បង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​ពួកយើង​ដែរ» នេះ​ជាការ​លើកឡើង ទាំង​ស្នាមញញឹម​ពី​សំណាក់​ក្រុម Tempura Kidz ។

ក្រៅពី​ចម្រៀង​ជា​ភាសា​ជប៉ុន ក្រុម Tempura Kidz ក៏បាន​ច្រៀង​បទ «អារ៉ាប់​ពី​យ៉ា» ដែលជា​បទ​ចំរៀង​ខ្មែរ​ចូលគ្នា​ជាមួយ​បទ​ជប៉ុន​ទៀតផង។

ពេជ្រ សុជាតា ដែលជា​អ្នកចូលរួម​ក្នុង​ពិធី​នេះ បាន​និយាយ​ទាំង​រំភើប​ថា ខ្លួន​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី បុណ្យ​ផ្កាយ នៅ​ឆ្នាំនេះ។ អ្នកចូលរួម​រូបនេះ​និយាយថា៖ «វត្តមាន​ក្នុង​ពិធី​នេះ ខ្ញុំ​មិន​ត្រឹមតែ​យល់​អត្ថន័យ​នៅ​ពីក្រោយ​កម្មវិធី បុណ្យ​ផ្កាយ ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ឱកាស​ដែល​អាច​ឲ្យ​ខ្ញុំ​ជួបជុំគ្នា​ជាមួយ​មិត្តភក្តិ​នា​ចុង​សប្ដាហ៍​ទៀតផង»។

សុជាតា​បាន​បន្ថែមថា៖ «នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្ញុំ​បានឃើញ​ការសម្តែង​របស់​ក្រុម Tempura Kidz ។ ពួកគេ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន! និយាយ​មែន មិត្ត​ខ្ញុំ និង​ខ្ញុំ​សប្បាយ​ណាស់ ដែល​បាន​ទស្សនា​ចម្រៀង​ដ៏​រស់​រវើក​របស់​ពួកគេ ហើយ​ជាពិសេស​ការ​រាំ​របស់គេ​ទាក់ទាញ​ខ្លាំង មិន​សរសើរ​មិនបាន»។

គួរ​បញ្ជាក់ថា កម្មវិធី​បុណ្យ​ផ្កាយ គឺជា​កម្មវិធី​បុណ្យ​ប្រចាំឆ្នាំ ដែល​ស្តែង​ពី​ដំណាល​រឿង​របស់​គូស្នេហ៍​មួយគូ​ដែល​អាច​ជួបគ្នា​តែម្ដង​គត់​ក្នុង​មួយឆ្នាំ នៅក្នុង​ខែ​ទី៧ នៃ​ប្រតិទិន​ចន្ទគតិ។ កម្មវិធី​បុណ្យ​ផ្កាយ​ប្រារព្ធ​ឡើង ចាប់ពី​ខែកក្កដា​ដល់​ខែសីហា តាម​កាលបរិច្ឆេទខុសៗគ្នា​តាម​តំបន់៕ ​

ប្រែ​សម្រួល​ដោយ ប៉ា សុ​ខេង

Share and Like this post

Related Posts

Previous Article

៦ខែ​គ្រុនឈាម​ជាង​ ​២ម៉ឺន​ករណី​ ​រងគ្រោះ​ដល់អាយុ​ជីវិត​ ​២៥នាក់​

Next Article

យុវជន​​​ដើរ​តួ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធ​ស្រ្តី​