ខេត្ត​ជាប់​ព្រំដែន​វៀតណាមមួយ​ទៀត​ សង្ស័យថាបាន​ឆ្លង​ជំងឺ​ប៉េស្ដជ្រូក​អាហ្រ្វិក

ប៉ិច​ សុធារី / Khmer Times No Comments Share:
ASF
លោក អ៊ាង សុផាឡែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទៅជួបកសិករចិញ្ជឹមជ្រូកនៅខេត្តត្បូងឃ្មុំ។ រូបថត សហការី

ភ្នំពេញ៖ ស្រប​ពេលដែល​សត្វ​ជ្រូក​រាប់​សិប​ក្បាលនៅ​ខេត្ត​តាកែវ បានងាប់​ជាបន្ត​បន្ទាប់ គិត​មក​ដល់​ដើម​សប្តាហ៍​នេះ មន្ត្រី​​ជំនាញ​នៃ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​និងកំពុង​ធ្វើ​តេស្ត​ឈាម​ទៅ​លើ​សត្វ​ជ្រូកទាំង​នោះ​ជាថ្មី​ម្តង​​​​ទៀត ដើម្បី​​រក​មើលវត្ត​មាន​​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក ខណៈការ​ធ្វើ​តេស្ត​លើក​ទី​មួយ​ ពុំ​បាន​រក​ឃើញ​ជំងឺ​នេះ​ទេ​។

ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋានសុខ​ភាព​សត្វ​ និងផលិត​កម្ម​សត្វ លោក​តាន់ ផាន់ណារ៉ា បាន​មាន​ប្រសាសន៍​នៅថ្ងៃព្រហស្បត្តិ៍នេះ​​​ថា កាលពីចុង​ខែមិថុនា​កន្លង​ទៅ​នេះ ក្រោយពីមាន​ការ​រាយ​ការណ៍​ពី​ពលរដ្ឋ​ថា​មាន​សត្វ​ជ្រូក​របស់​គាត់​ជា​ច្រើន​ក្បាល​បាន​ងាប់​នោះ មន្ត្រីជំនាញ​ខេត្ត​តាកែវ ​បាន​ធ្វើ​​​តេស្ត​​ឈាម​​ទៅ​លើ​សត្វ​​ជ្រូកទាំង​នោះ ប៉ុន្តែលទ្ធ​ផល​ពុំ​បាន​រកឃើញ​ថាមាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះទេ។

ទោះជាយ៉ាងណា លោក​ថា កាលពី​ថ្ងៃអង្គា​រ​នេះ ដោយសារមានសត្វជ្រូកជាង​២០០ក្បាល​បន្តងាប់​​ទៀត​​នោះ ក្រសួង​បាន​ណែនាំ​ឲ្យ​​មន្ត្រីជំនាញធ្វើ​តេស្ត​ឈាម​លើ​សត្វ​ជ្រូកទាំងនោះ​ជា​ថ្មី​ទៀត ដើម្បី​រក​​មើល​ថា​តើ​មាន​ជំងឺ​បេស្តជ្រូក​នេះ​ឬ​ក៏​​អត់។ លោកថា៖ «ធ្វើ​តេស្ត​លើក​ដំបូង​មិនមានជំងឺនេះ​ទេ អីចឹងយើង​ទើបយក​សំណាក​ឈាម​សត្វ​ជ្រូក​ទាំង​នោះ​មក​មើល​ជាថ្មី​ទៀត ប៉ុន្តែមិន​ទាន់​ចេញ​លទ្ធ​ផល​យ៉ាង​ណា​នៅឡើយ យើង​កំពុង​តាមដាន​មើល​»។

លោក​តាន់​ ផាន់ណា​រ៉ា​ បាន​បន្ថែម​ថា ស្រប​ពេល​​ដែល​មន្ត្រីជំនាញ​បាន​​និង​​​កំពុង​តាមដាន​ករណី​​ជំងឺ​បេស្ត​ជ្រូកអាហ្រិ្វក​​យ៉ាង​យកចិត្ត​ទុកដាក់​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ចាត់វិធានការ​យ៉ាង​សកម្ម​ក្នុងការ​បាញ់​ថ្នាំ​ជីវ​សុវត្ថិ​ភាព ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ ​និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពីការ​ពារ​ពារ​ជំងឺ​នេះ ទៅតាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តា​​កែវ លោក​ ញិប ស៊្រន បាន​មានប្រសាសន៍នៅថ្ងៃ​ព្រហស្បត្តិ៍នេះថា សត្វ​ជ្រូក​ដែល​បាន​ងាប់ និង​ឈឺជាង​២០០​ក្បាល​នោះ ត្រូវបាន​រក​ឃើញ​នៅ​ស្រុកអង្គរ​បូរី ដែល​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ខេត្ត​បាន​និង​កំពុង​តាម​ដាន​រក​ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក ប៉ុន្តែនៅពុំទាន់មាន​លទ្ធ​ផល​នៅឡើយ។ លោក​បន្តថា៖ «យើងកំពុង​ធ្វើការបាញ់​ថ្នាំជីវ​សុវត្ថិ​ភាព​ និង​ផ្តល់នូវ​បទដ្ឋាន​បច្ចេក​ទេស​អនាម័យ​សត្វ ដល់​​កសិករ​​ដែលចិញ្ចឹម​សត្វ​ជ្រូក​នៅ​ភូមិ​មួយចំនួនដែល​មាន​សត្វ​ជ្រូក​ឈឺ​និងងាប់ ​ក្នុងស្រុក​អង្គរ​បូរីនោះ»។

កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លោក​វេង សាខុន​ បាន​ចេញប្រកាស​ដោយ​កំណត់​តំបន់​​ផ្ទុះ​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅក្នុង​ភូមិ​កំពង់​សេរី និងភូមិ​ស្វាយ ក្នុងឃុំមៀន ស្រុក​អូរ​រាំង​ឪ​ ខេត្តត្បូង​ឃ្មុំ ដែល​ជា​ខេត្តទី២​នៃ​ការផ្ទុះជំងឺ​នេះ បន្ទាប់ពីខេត្តរតនៈគិរី។ លោក​បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខ​ភាពសត្វ និង​ផលិត​កម្ម​សត្វ និង​មន្ត្រីកសិកម្ម​ខេត្ត​ ត្រូវ​ចាត់វិធានការបំផ្លាញ​ចោល​ចំពោះ​សត្វជ្រូក​គ្រប់​ប្រ​ភេទ​នៅ​តំបន់​ផ្ទុះ, ផ្អាក​ការ​​ទិញលក់ និងការ​ដឹកជញ្ជូន​សត្វ​ជ្រូក​​ និងផលិត​ផល​ធ្វើ​ពីសត្វ​ជ្រូកគ្រប់ប្រភេទ ចេញចូលក្នុង​រង្វង់​៣គីឡូ​ម៉ែត្រ​​ និងត្រូវ​ពិនិត្យ​ឃ្លាំ​មើល​ចល​នា​​​​សត្វ​ជ្រូក សាច់ជ្រូក​ និងផលិត​ផល​ធ្វើពីសាច់​ជ្រូកក្នុងរង្វង់​​១០គីឡូ​ម៉ែត្រ ពីចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ។

ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​​ប្រមាញ់ និងនេសាទ​ខេត្តត្បូង​ឃ្មុំ លោកហេង ពិសិដ្ឋ បានមានប្រសាសន៍​នៅថ្ងៃ​ព្រហស្បត្តិ៍នេះ​ថា មន្ត្រីជំនាញ​ខេត្តបាន​និង​កំពុង​បន្ត​តាម​ដាន​ករណីនេះ ប៉ុន្តែនៅ​មិនទាន់​មាន​របាយការណ៍ថ្មីជុំវិញ​ចំនួន​សត្វ​ជ្រូក​ដែល​​ឈឺ​និង​ងាប់​នៅឡើយ ក្រៅពី​តួលេខ​ដែលមាន​សត្វ​ជ្រូកចំនួន​១០ក្បាល​បាន​ងាប់​ដោយសារ​ជំងឺនេះ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣​មិថុនាមក។ លោកថា៖ «យើងកំពុងបន្ត​បាញ់​ថ្នាំ​​​ជីវ​​សុវត្ថិ​ភាព តាំងពីថ្ងៃ​ផ្ទុះ​ឡើង​មក​ដល់​ពេល​​នេះ​បាញ់​បាន​​៣ដង​ហើយ​ ហើយ​យើ​ងកំពុង​បន្តចាត់វិធានការទប់ស្កាត់​ការឆ្លង​រាល​ដាលនៃ​ជំងឺនេះយ៉ាងយកចិត្ត​ទុកដាក់»។

កាល​ពី​ថ្ងៃ​ពុធ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជាប្រធាន​ក្រុមការងារ​​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​ត្បូង​ឃ្មុំ លោក​អ៊ាង សុផល្លែត​ ​ក៏​បាន​ចុះ​ទៅ​ជួប​ប្រជា​​កសិករ​​ចិញ្ចឹម​ជ្រូក​នៅឃុំមៀន ស្រុក​អូររាំង​ឪ ​ផងដែរ​​ ក្រោយ​ពី​មានការផ្ទុះ​ឡើងនៅ​ជំងឺប៉េស្ត​ជ្រូក​នៅទីនោះ។ ​លោកបានណែនាំ​​​ដល់​ប្រជាកសិករ​ទាំង​នោះ​អំពីវិធី​ទប់ស្កាត់ការរីករាល​ដាល​ជំងឺនេះ​ ដោយ​ត្រូវ​បំបែក​សត្វ​ដែល​សង្ស័យ​​ថាឈឺ​ចេញ​ពីហ្វូង​ជ្រូក​ជា​បន្ទាន់ ដុត​កម្ទេច​ចោលសត្វដែលងាប់​រួច​ជីកកប់ដី​​ឲ្យ​ជ្រៅ​ កុំឲ្យ​សត្វ​ជ្រូកស៊ីកាក​សំណល់​ផ្ទះបាយ ធ្វើ​អនាម័យ​ទ្រុង​ជ្រូក​ឲ្យស្អាត​ជាប្រចាំ ​រំងាប់​មេរោគ​ដោយ​ប្រើ​​ថ្នាំ​ដែល​ណែនាំ​​ដោយអ្នកជំនាញ​ខាង​ពេទ្យ​សត្វ និង​ត្រូវ​បញ្ឈប់​សកម្ម​ភាព​ចល័ត​សត្វ​និង​សាច់សត្វ​ពីកន្លែង​ដែល​ផ្ទុះ​​ជំងឺទៅកាន់​កន្លែងផ្សេង រួម​និងវិធី​សាស្ត្រ​បង្ការ​មួយចំនួន​ទៀត។

ប្រទេស​កម្ពុជា បានផ្ទុះ​ឡើងនៅ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​លើក​ដំបូង កាល​ពី​​ខែ​មិនា ​នៅ​ស្រុក​អូរយ៉ា​​ដាវ ខេត្តរតនគិរី និង​បាន​​ឆ្លង​​រាល​ដាល​បន្ត​ដល់​ស្រុកអូរ​ជុំ ដោយ​មាន​សត្វ​ជ្រូក​ប្រហែល​ជាង២១០០ក្បាល ត្រូវបាន​ងាប់​និងសម្លាប់​ចោល ប៉ុន្តែ​ជំងឺនេះ​បាន​ស្ងប់​ស្ងាត់ទៅវិញ​កាល​ពី​ខែ​មេសា​ ខណៈអាជ្ញាធរ​ខេត្ត​​បាន​និងកំពុងបន្តចាត់វិធានការ​ទប់ស្កាត់៕

Share and Like this post

Related Posts

Previous Article

លទ្ធផលសិក្សា៖ ជក់បារី ​បង្ក​ឲ្យ​​ខាតបង់​​ចំណូល​​​ថវិកា​​ជាតិ​ ៣%

Next Article

ខេត្ដត្បូងឃ្ម៊ំ​ត្រៀម​ខ្លួន​ទប់ទល់ ជំងឺប៉េសជ្រូកអាហ្រ្វិក ខណៈភូមិ​ចំនួន​​២ បានរកឃើញមេរោគ