cellcard cellcard

ស្រាបៀរ Heineken ប្រចាំនៅកម្ពុជា ប្រគល់អណ្តូងទឹកស្អាតជូនជនជាតិភាគតិចក្រីក្រ ក្នុងខេត្តរតនគិរី

KhmerTimes Share:

ខេត្តរតនគីរី៖  កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអណ្តូងស្អាតចំនួនប្រាំបីជូនដល់ប្រជាពលរដ្ឋដែលជាជនជាតិភាគតិចក្រីក្រនៅក្នុងខេត្តរតនគិរី។ពិធីនេះត្រូវបានធ្វើឡើងក្រោយអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងលោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា។ 
 
ក្នុងឱកាសពិសេសនេះ ឯកឧត្តមលីធុជទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេសបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់

សម្តេច អគ្មហាសេនាបតីតេជោ ហ៊ុនសែន កំពុងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកវិនិយោគនៅកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើងនិងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ជាក់ស្តែងក្រុមហ៊ុនស្រាបៀរHeinekenប្រចាំនៅកម្ពុជា បានវិនិយោគទុនរាប់រយលានដុល្លារនៅក្នុងប្រទេសកម្ពុជាបានបង់ប្រាក់ពន្ធរាប់លានជារៀងរាល់ឆ្នាំជូនដល់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស និងផ្តល់ការងារបន្ថែម។

លើសពីនេះទៀត ក្នុងចំណោមបណ្តាគម្រោងផ្នែកកិច្ចការជួយសង្គមរបស់ក្រុមហ៊ុន Heineken ប្រចាំនៅកម្ពុជា បានចូលរួមចំណែកថវិកាជួយដល់ប្រជាជនជនជាតិភាគតិចនៅក្នុងខេត្តរតនគីរីតាមរយៈការផ្តល់អណ្តូងទឹកស្អាត និងជួសជុលអណ្តូងទឹក។ កង្វះទឹកស្អាតបង្កនូវបញ្ហាសុខភាព សង្គមនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅតាមជនបទ ជាពិសេសកុមារ ស្ត្រីនិងមនុស្សចាស់ជរា។

លោកហ៊ុយវុទ្ធីនាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ទឹកស្អាតគឺជាតម្រូវការចាំបាច់ជាមូលដ្ឋានដើម្បីធានានូវសុខភាព និងសុខមាលភាពសម្រាប់សហគមន៍ជនបទនៅក្នុងខេត្តរតនគីរី។ តំបន់មួយចំនួននៅតែខ្វះប្រភពទឹកស្អាត និងពឹងផ្អែកលើស្រះតូចៗ និងអូរដែលរីងស្ងួតក្នុងអំឡុងរដូវគ្រោះរាំងស្ងួត។ អណ្តូងស្នប់ថ្មីចំនួនបួន  និងអណ្តូងចាស់ចំនួនបួនដែលបានជួសជុលហើយនឹងផ្តល់នូវអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋចំនួន 1,254 នាក់ក្នុង 6 ភូមិ  3ស្រុក នៅក្នុងខេត្តរតនគីរី។

ពលរដ្ឋម្នាក់រស់នៅភូមិតាហ៊ឺយ បានឱ្យដឹងថា មុនពេលទទួលបានអណ្តូងទឹកស្អាតទាំងនេះ អ្នកភូមិរបស់គាត់ត្រូវដើរពីបីគីឡូម៉ែត្រកាត់តាមចម្ការ ឬព្រៃដើម្បីដងទឹកពីអូរ។ ការទៅដងទឹកកាន់តែពិបាកចំពោះស្ត្រី ពីព្រោះពួកគាត់ត្រូវបីកូនទៅជាមួយផងដែរ។

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិវាលឆ្កែហត់ បានឱ្យដឹងថា ស្រះដែលមានទីតាំងស្ថិតប្រហែលជាមួយរយម៉ែត្រពីផ្ទះរបស់គាត់គឺជាប្រភពទឹកសំខាន់សម្រាប់ក្រុមគ្រួសាររបស់គាត់និងអ្នកភូមិផ្សេងទៀត ។ ប៉ុន្តែ ស្រះទឹកនេះមិនត្រឹមតែបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែថែមត្រូវបានប្រើប្រាស់ដោយសត្វផ្សេងៗ ដែលបណ្តាលឲ្យទឹកស្រះឡើងកខ្វក់មិនស័ក្តិសមសម្រាប់ប្រើប្រាស់ ជាពិសេសក្នុងអំឡុងពេលរដូវគ្រោះរាំងស្ងួត។

អណ្តូងទឹកស្អាតដែលបានឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរHeinekenប្រចាំនៅកម្ពុជានឹងជួយកាត់បន្ថយយ៉ាងច្រើននូវបញ្ហាតម្រូវការទឹកស្អាត និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ជនបទនៃខេត្តរតនៈគីរី។ ក្រុមហ៊ុនក៏បានជំរុញឱ្យប្រជាសហគមន៍ថែទាំ

អណ្តូងទាំងនេះឲ្យបានទៀងទាត់ដើម្បីធានាឲ្យបាននូវការប្រើប្រាស់រយៈពេលវែង។

Previous Article

Sanofi Invited Experts to Share Knowledge on Management of Cardiovascular Complication on Diabetes

Next Article

Tony Fernandes Named Capa Airline CEO of the Year