ហេតុអ្វីចាំបាច់ត្រូវផ្ដល់របបកាល់ស្យូមតាមវ័យកូនរបស់អ្នក?

No Comments Share:
Parent Mother People Room Love Baby Milk

បុត្រធីតារបស់អ្នកប្រៀបបាននឹងគ្រាប់ពេជ្រក្នុងកែវភ្នែកអ្នក ហើយអ្នកតែងថែទាំថ្នាក់ថ្នមគេដោយក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងទំនុកបម្រុងនូវអាហារូបត្ថម្ភដ៏ត្រឹមត្រូវ។ ដូច្នេះបុត្រធីតារបស់អ្នកនឹងលូតលាស់ធំពេញវ័យបានយ៉ាងល្អ។ ទោះបីក្ដីស្រឡាញ់ និងការថ្នាក់ថ្នម ជាធម្មជាតិរបស់ម្ដាយ ប៉ុន្តែការចិញ្ចឹមបីបាច់បុត្រធីតារបស់អ្នកឲ្យបានត្រឹមត្រូវ ទាមទារការខិតខំយកចិត្តទុកដាក់ដើម្បីធានាថាកូនរបស់អ្នកទទួលបាននូវអាហារូបត្ថម្ភដែលល្អប្រសើរបំផុត។

អាហារូបត្ថម្ភល្អ ជាមូលដ្ឋានមួយដ៏សំខាន់ដែលរាងកាយកូនរបស់អ្នកត្រូវការនូវជីវជាតិអាហារបំប៉នចម្រុះ។ អាហារបំប៉នទាំងនោះរួមមាន កាល់ស្យូម កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែខនិកដែលបានមកពីប្រភេទអាហារផ្សេងៗគ្នា ដែលនេះជាមូលហេតុតម្រូវឲ្យអ្នកធានាផ្ដល់នូវរបបអាហារឲ្យបានគ្រប់គ្រាន់សម្រាប់កូនអ្នក។

1000ថ្ងៃដំបូង

អាហារូបត្ថម្ភល្អត្រូវតែចាប់ផ្ដើមពីថ្ងៃទីមួយនៃការបង្កកំណើតក្នុងផ្ទៃមាតារហូតដល់កុមារអាយុ2ខួប ព្រោះថាវាជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអនាគតកូនរបស់អ្នកជាងពេលណាៗទាំងអស់ក្នុងជីវិតរបស់ពួកគេ។ តាមការសិក្សាជាច្រើនបានបង្ហាញថា មូលដ្ឋានដែលធ្វើឲ្យមនុស្សម្នាក់មានសុខភាពល្អយូរអង្វែង គឺអាស្រ័យលើការរៀបចំក្នុងដំណាក់កាល1000ថ្ងៃដំបូងនៃជីវិតនេះឯង។

ហេតុនេះហើយទើបស្ត្រី និងកុមារចាំបាច់ត្រូវទទួលទានអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវក្នុងអំឡុងដំណាក់កាលនេះ។ អាហារូបត្ថម្ភត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ និង2ឆ្នាំដំបូងនៃជីវិតកុមារ ផ្ដល់នូវមូលដ្ឋានរឹងមាំដើម្បីពង្រឹងដល់ការលូតលាស់ខួរក្បាល ការលូតលាស់ប្រកបដោយសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំ។

នេះក៏ជាដំណាក់កាលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងផងដែរ។ វិទ្យាស្ថានជាតិផ្នែកសុខភាព (NIH) និង មជ្ឈមណ្ឌលជាតិផ្នែកជំងឺពុកឆ្អឹង និងរោគឆ្អឹង(ORBDNRC) នៅសហរដ្ឋអាមេរិកបានថ្លែងថា កង្វះអាហារូបត្ថម្ភក្នុងអំឡុងដំណាក់កាលនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពឆ្អឹងរបស់ម្ដាយ និងទារកទាំងពេលបច្ចុប្បន្ន និងអនាគត។

Reference:    http://www.niams.nih.gov/Health_Info/Bone/Bone_Health/Pregnancy/default.asp

ដំណាក់កាលទាំង3នៃការលូតលាស់ខ្លាំង

បុត្រធីតារបស់អ្នកត្រូវឆ្លងកាត់ដំណាក់កាលដោយឡែកៗ នៅពេលគេលូតលាស់ធំធាត់គឺ វ័យកុមារតូច វ័យកុមារ និងវ័យជំទង់។ វ័យកុមារតូចជាវ័យដែលគិតចាប់ពីពេលកើតដល់អាយុប្រាំបីឆ្នាំ ដែលក្នុងវ័យនេះពិតជាចាំបាច់ណាស់សម្រាប់ការលូតលាស់ផ្នែករូបរាងកាយ សុខភាព និងការលូតលាស់ផ្នែកបញ្ញាស្មារតី និងចិត្តសាស្ត្រសង្គម។ ការលូតលាស់ផ្នែកខួរក្បាលគឺលឿនបំផុតក្នុងដំណាក់កាលដំបូងនៃជីវិត។

វ័យកុមារ គិតចាប់ពីអាយុប្រាំបីឆ្នាំ ដល់ដប់ពីរឆ្នាំ គឺជាពេលដែលការលូតលាស់ផ្នែករាងកាយ និងផ្នែកបញ្ញាស្មារតីយឺតសន្សឹមៗ ប៉ុន្តែសន្ទុះនៃការលូតលាស់នៅតែបន្តថេររហូតដល់វ័យគ្រប់ការ។ កុមារក្នុងដំណាក់កាលនេះកំពុងលូតលាស់ផ្នែកសមត្ថភាពទំនាក់ទំនងអន្តរបុគ្គល និងទំនាក់ទំនងសង្គម។

ចាប់ពីអាយុ12 ដល់18ឆ្នាំ បុត្រធីតារបស់អ្នកត្រូវឆ្លងកាត់វ័យជំទង់ដែលជាដំណាក់កាលមួយទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជាពិសេស។ ពួកគេមានការផ្លាស់ប្ដូរទាំងផ្នែករូបរាងកាយ និងបញ្ញាស្មារតីនៅពេលពួកគេឈានទៅរកភាពពេញវ័យ។ ខួរក្បាលស្ថិតក្នុងដំណាក់កាលលូតលាស់យ៉ាងសំខាន់ដែលជះឥទ្ធិពលដល់សមត្ថភាពជំនាញផ្នែកសញ្ចេតនាផ្លូវចិត្ត ក៏ដូចជាសមត្ថភាពផ្នែកបញ្ញាស្មារតី និងរូបរាងកាយផងដែរ។

អាហារូបត្ថម្ភត្រឹមត្រូវក្នុងបរិមាណដ៏សមស្រប

អាហារូបត្ថម្ភល្អ ដើរតួនាទីសំខាន់គ្រប់ដំណាក់កាលនៃការលូតលាស់។ ទន្ទឹមនឹងពេលដែលកូនអ្នកទាមទារការផ្ដល់នូវអាហារបំប៉នច្រើនប្រភេទ ពួកគេក៏ទាមទារនូវបរិមាណដ៏សមស្របផងដែរដើម្បីឲ្យការលូតលាស់មានសុខភាពល្អ។ ការផ្ដល់អាហារូបត្ថម្ភច្រើនពេក ឬតិចពេក អាចបណ្ដាលឲ្យមានបញ្ហាដូចជាធាត់ជ្រុល ឆ្អឹងស្រួយ និងពុកធ្មេញជាដើម។

ក្នុងចំណោមអាហារូបត្ថម្ភទាំងអស់ កាល់ស្យូមជាអាហារូបត្ថម្ភមូលដ្ឋានដ៏សំខាន់មួយក្នុងការជួយឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ រឹងមាំ ព្រមទាំងសារធាតុរ៉ែខនិកដ៏សំខាន់ដល់សុខភាព និងសុខុមាលភាពបុត្រធីតារបស់អ្នក។ កាល់ស្យូមក៏ជួយបង្ការកុំឲ្យមានជំងឺពុកឆ្អឹងដែលឆ្អឹងមានស្ថានភាពខ្សោយវាបណ្ដាលមកពីការថយចុះកំហាប់ឆ្អឹង ការពារជំងឺក្រិសចំពោះកុមារដែលស្ដែងឡើងដោយឆ្អឹងទន់ និងជំងឺឆ្អឹងទន់។

ផ្ដល់របបកាល់ស្យូមទៅតាមវ័យ

នៅពេលកូនអ្នកទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់តាំងពីកុមារភាពរហូតដល់អាយុជាង10ឆ្នាំ ពួកគេចាប់ផ្ដើមធំពេញវ័យដោយមានឆ្អឹងរឹងមាំ។ ប៉ុន្តែវាក៏សំខាន់ណាស់ដែរក្នុងការផ្ដល់នូវជាតិកាល់ស្យូមសមស្របតាមវ័យកូនរបស់អ្នក។ ការផ្ដល់សារធាតុកាល់ស្យូមសំខាន់តិចពេក នឹងជះឥទ្ធិពលដល់ការលូតលាស់នាពេលអនាគត ប៉ុន្តែការផ្ដល់កាល់ស្យូមច្រើនអាចបណ្ដាលឲ្យចុកពោះ ទល់លាមក ឬរាក។

របបកាល់ស្យូមជាទូទៅកម្រប៉ះពាល់សុខភាពណាស់ ប៉ុន្តែបើច្រើនពេកក៏វាមិនល្អដែរ។ កាល់ស្យូមហួសកម្រិតមិនបានផ្ដល់ការការពារឆ្អឹងបន្ថែមទេ។ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថាកាល់ស្យូមទាបជាកត្តាធ្វើឲ្យកំហាប់ឆ្អឹងមានកម្រិតទាប និងអត្រាគ្រោះថ្នាក់ឆ្អឹងបាក់កម្រិតខ្ពស់។

នេះជាកម្រិតរបបអាហារណែនាំប្រចាំថ្ងៃ (RDAs) សម្រាប់ការទទួលទានជាតិកាល់ស្យូមអាស្រ័យតាមវ័យបុត្រធីតារបស់អ្នក។ កម្រិតរបបអាហារណែនាំប្រចាំថ្ងៃ គឺជាកម្រិតប្រចាំថ្ងៃគិតជាមធ្យមនៃការទទួលទានជីវជាតិអាហារឲ្យគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទ្រទ្រង់សុខភាពរាងកាយបុគ្គលម្នាក់ៗ(97-98%)។

ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោផ្សេងទៀតសុទ្ធតែជាប្រភពផ្ដល់កាល់ស្យូមដ៏ល្អបំផុត។ ផលិតផលភាគច្រើនទាំងនេះក៏មានវីតាមីនដេផងដែរ ដែលសំខាន់សម្រាប់សុខភាពឆ្អឹង។ យ៉ាងណាក៏ដោយក៏នៅមានប្រភពអាហារសុខភាពដែលសម្បូរជាតិកាល់ស្យូមដទៃទៀតមានដូចជា ទឹកក្រូចស្រស់ ផលិតផលអាហារធ្វើពីសណ្តែក និងត្រីផងដែរ។

កុមារគួរទទួលទានបរិមាណកាល់ស្យូមឲ្យបានសមស្របបំផុតពីរបបអាហាររបស់ខ្លួន។ កាលណាមិនគ្រប់គ្រាន់ ការទទួលទានផលិតផលជំនួយជាតិកាល់ស្យូមបំពេញបន្ថែម ក៏អាចជួយផ្ដល់នូវអត្ថប្រយោជន៍ដល់ពួកគេបានដែរ។ ផលិតផលបំពេញបន្ថែមទាំងនេះ នឹងបន្ថែមជាតិកាល់ស្យូមដល់កូនរបស់អ្នក ព្រមទាំងជួយឆ្អឹង និងធ្មេញរបស់ពួកគេឲ្យលូតលាស់រឹងមាំមានសុខភាពល្អដែលជាមូលដ្ឋានសំខាន់សម្រាប់សុខភាពបានប្រសើរនាពេលអនាគត។

Share and Like this post

Related Posts

Previous Article

ប្រភពកាល់ស្យូមល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក

Next Article

Metfone to Bring Innovative Technology Closer to Millions to Cambodian Students