cellcard cellcard

លោកនាយករដ្ឋមន្ត្រហ៊ុន​​ សែន ជំរុញដល់ប្រជាពលរដ្ឋ ដាំដំណាំ និងបន្លែគ្មានជាតិ​គីមីនៅតាមផ្ទះ​ ​សម្រាប់​ទទួល​ទាន

ប៉ិច​ សុធារី / Khmer Times Share:
Orgnic vegetable
លោក ហ៊ុន​​ សែន បានជំរុញដល់ប្រជាពលរដ្ឋ ដាំដំណាំ និងបន្លែគ្មានជាតិ​គីមី​ ​សម្រាប់​ទទួល​ទាន ដើម្បី​សុខ​ភាព. ជរ សុគន្ធា

ភ្នំពេញ៖ លោក ហ៊ុន​​ សែន បានជំរុញដល់ប្រជាពលរដ្ឋ ដាំដំណាំ និងបន្លែគ្មានជាតិ​គីមី​ ​សម្រាប់​ទទួល​ទាន ដើម្បី​សុខ​ភាពទាំងអស់គ្នា ខណៈដែល​ដីនៅកម្ពុជា​មានជីជាតិអំណោយ​ផលល្អសម្រាប់ដំណាំ​កសិកម្ម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​សរសេរ​​នៅលើហ្វេស​​ប៊ុកផ្លូវការ​របស់លោក កាលពីថ្ងៃអាទិត្យថា នៅជុំវិញផ្ទះ​របស់​​​​លោក​ មានដាំ​ដុះដំណាំ និងបន្លែ​ប​​ង្កា​​ផ្សេង​ៗដែលគ្មានដាក់ជីគីមី ដើម្បី​យកទៅធ្វើម្ហូបអាហារ​។ លោកបន្តថា ការ​ដាំ​ដំណាំផ្លែឈើ និងបន្លែ​ដែលគ្មានដាក់ជីគីមីនេះ គឺ​ដើម្បីសុខភាពទាំង​អស់គ្នា ទាំ​ងអ្នកដាំ និងអ្នកប្រើប្រាស់។

លោកថា៖ «កាលពីប៉ុន្មានថ្ងៃ​កន្លង​មកនេះ ខ្ញុំបានបង្ហោះរូបភាពការ​ដាំ​ដុះបន្លែបង្កា​នៅជុំវិញផ្ទះ ដែលនេះ​មិន​មែន​សម្រាប់ជា​លម្អ​ទេ ប៉ុន្តែ​សម្រាប់យកមកធ្វើម្ហូប​អាហារ។ ​ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូន​ប្រជាពលរដ្ឋដាំដុះ​ដំណាំ​បន្លែបង្កា​​សម្រាប់​​​ទទួល​ទាន នៅ​ជុំវិញ​ផ្ទះ​ ព្រោះជីជាតិដីប្រទេសយើង គឺអំណោយផល​ល្អ​ណាស់សម្រាប់ដំណាំ​កសិកម្ម»។

អ្នកស្រី ឆេង​ លី អាយុ៣២​ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាពនៅឃុំ​ពាមសង្កែ ស្រុក​សូត្រនិគម​ ខេត្តសៀមរាប បានគាំទ្រ​ចំពោះ​ការ​លើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះការដាំដំណាំ និងបន្លែសរីរាង្គ គឺមិនធ្វើឲ្យប៉ះ​ពាល់​ដល់​​​សុខភាពអ្នកដាំ និងអ្នក​ទទួល​ទាន ព្រមទាំង​កាត់​បន្ថយការចំណាយទៅលើការ​ទិញជីឬ​ថ្នាំ​​គីមីផងដែរ។ អ្នក​ស្រី​ថា៖ «ព្រោះបើដីយើង​ដាំ​បន្លែ​ធំ យើ​ងក៏ត្រូវ​ចំណាយ​ច្រើន​ទៅលើថ្នាំ​គីមីដែរ ចំណែកការដាំបន្លែសរីរាង្គ គឺ​យើងអាចប្រើ​ជីកំប៉ុស្តិ៍ ដែលផ្សំចេញ​ពី​រុក្ខជាតិ និងលាមកសត្វបាន»។

បើតាមកសិករ​រូបនេះ ការដាំបន្លែ​សរីរាង្គ ឬបន្លែមានសុវត្ថិភាព ហាក់ពុំសូវមានការទទួលស្គាល់ពីអ្នកទិញនោះទេ ដោយ​​​​សារ​​បន្លែ​​នេះ មានរូប​រាង​មិន​សូវ​ស្រស់​ល្អ​​ ហើយ​ណា​មួយ​ក៏​ពុំ​ទទួល​បាន​ផល​ច្រើន​ដូ​ច​បន្លែដែលដាក់ជីគីមី​ដែរ។​ អ្នកស្រីថា៖ «អ្នក​ទិញ​មួយចំនួន គាត់​រក​តែ​បន្លែ​ដែលមានរូប​រាង​ស្រស់​​ និង​មាន​ដើម​ល្អ ដល់​បន្លែ​យើងដាំ​ដោយ​ប្រើ​ជី​ធម្មជាតិ រូប​រាង​មិន​សូវ​ស្អាត​ល្អ គាត់​មិន​សូវ​ចាប់អារម្មណ៍​ទេ ប៉ុន្តែខ្ញុំ​សូមឲ្យពលរដ្ឋ​ទាំងអស់​គួរ​ជ្រើស​រើស​បន្លែ​ផ្លែ​ឈើ​ដែល​មាន​សុវត្ថិ​ភាព បើទោះជា​វាមិន​សូវ​ស្រស់​ល្អ​ដូច​បន្លែ​ដាក់​ជី​គីមី​ ប៉ុន្តែ​វា​ក៏មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់សុខ​ភាព​​របស់​យើង​ដែរ»។

កាលពី​ខែមីនាថ្មីៗនេះ ក្រុម​អ្នកស្រាវ​ជ្រាវ​​ផ្នែកកសិកម្ម ក៏​បាន​អំពាវ​នាវ​​​ដល់​ប្រជាកសិករ​ ឲ្យ​កាត់​បន្ថយ​​ការប្រើ​ប្រាស់​ថ្នាំ​គីមី​​​​កសិកម្ម​លើ​ដំណាំរបស់​ពួកគាត់ ដើម្បីជៀស​វាង​ផល​ប៉ះ​ពាល់​លើ​សុខ​ភាព​មនុស្ស សត្វ និង​បរិស្ថាន ខណៈ​ពួក​គេ​​រកឃើញ​ថា​កសិករ​​មួយ​ចំនួន​​​​បានប្រើប្រាស់​ថ្នាំគីមីលាយ​បញ្ចូលគ្នា​ពុំត្រឹមត្រូវ​តាម​បច្ចេកទេស​ដែល​អា​ចធ្វើឲ្យ​មាន​កម្រិត​​ជាតិពុល​ខ្លាំង​។

លោកស្រី ផាត ច័ន្ទវលក្ខណ៍ អ្នកសិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា ​បាន​ឲ្យ​ដឹងថា ថ្នាំ​គីមី​កសិកម្ម​ទាំង នោះ​ បាន​​បង្ក​ផល​ប៉ះ​ពាល់​​ខ្លាំង​ដល់​សុខ​ភាព​មនុស្ស​ សត្វ និង​បរិស្ថាន ដែល​កសិករគួរ​ជៀស​វាង និងកាត់បន្ថយ​ការ​ប្រើ​​ប្រាស់ ហើយ​ងាក​ទៅប្រើ​ប្រាស់ថ្នាំ​​កសិកម្ម​ជាលក្ខណៈធម្ម​ជាតិ​វិញ។​

លោក​ស្រី​ថា៖ «នៅពេលដែលយើង​ទទួលទាន​ផលិត​ផល​កសិកម្ម​ដែល​មាន​កាក​សំណល់​ថ្នាំ​គីមី​ហើយ ផលប៉ះពាល់​រយៈ​​ពេល​ខ្លី​ គឺអាចធ្វើឲ្យ​​យើង​វិល​មុខ​ រាគ​ក្អួត​ជាដើម ហើយបើ​សិន​​ជា​ធ្ងន់​ធ្ងរ​​វាអាច​ធ្វើ​ឲ្យ​យើង​ស្លាប់​បាន ហើយ​​ចំពោះ​ផល​ប៉ះពាល់​រយៈពេល​វែងវិញ គឺធ្វើ​ឲ្យ​យើង​មាន​ជំងឺច្រើន ដែល​អាចវិវត្ត​ជាជំងឺ​​​មហារីក​ផ្នែក​ណា​មួយ​​នៃ​រាង​កាយ​បាន​​​»។

យោងតាម​របាយការណ៍​របស់​​​​ក្រសួង​កសិកម្ម​​​ រុក្ខា​ប្រមាញ់ និងនេសាទ កាលពីឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា កម្ពុជា បាន​ចំណាយ​ថវិកាប្រមាណ ១៥០លាន​ទៅ​២០០លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ សម្រាប់​ការនាំ​ចូលបន្លែ​ពីបរទេស ដែល​ភាគ​ច្រើន​​​នាំ​​ចូល​ពី​​ប្រទេស​វៀតណាម ថៃ និងចិន ដើម្បីផ្គត់់ផ្គង់តម្រូវការក្នុងស្រុក។

របាយការណ៍ដដែលបាន​បន្តថា បច្ចុប្បន្ន ក្នុងមួយ​ថ្ងៃ​ៗ​កម្ពុជា​ត្រូវ​ការបន្លែចន្លោះ​​ពី ៥០០ទៅ​៦០០តោន ក្នុងនោះនៅដើម​ឆ្នាំ​​២០១៩កម្ពុជានាំ​ចូល​ប្រមាណ​​៣០​ភាគរយ ខណៈអ្នកផលិត​បន្លែ​ក្នុង​ស្រុកមាន​ប្រមាណ​៧០ភាគរយ​​៕

Previous Article

​អ្នកជំងឺ​ឈាម​ក្រ​កក​ ​ប្រឈម​​ពិការភាពបើមិន​ទទួលបានការ​ព្យាបាល​

Next Article

​កងកម្លាំង​ចម្រុះ​ស៊ើបអង្កេត​ ​ក្រុម​អន្ត​ពាល​ចិន​នៅ​ខេត្ត​ព្រះសីហនុ​