មូលហេតុដែលបង្កឲ្យមានកូដកម្មក្នុងវិស័យកាត់ដេរ

ដោយ ប៉ាវ ស៊ុយ No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ផ្អែកតាមការសិក្សាមួយរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញកាលពីថ្ងៃទី២៧ ខែកញ្ញា មូលហេតុចំបងដែលបង្កឲ្យមានកូដកម្មក្នុងឧស្សាហកម្មកាត់ដេរ គឺដោយសារបញ្ហាប្រាក់ឈ្នួល ចំណែកឯមូលហេតុផ្សេងមួយទៀត គឺពាក់ព័ន្ធនឹងការបណ្តេញចេញ និងការរើសអើងចំពោះសហជីពកម្មករ។ 

លោក ម៉ែន និមិ្មត នាយកប្រតិបត្តិស្តីទីនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានគេដកស្រង់សម្តីថា “ការសិក្សានេះធ្វើការវិភាគស៊ីជម្រៅចំពោះមូលហេតុ ដែលបង្កឲ្យមានកូដកម្ម។  ម្យ៉ាងទៀត ការសិក្សានេះក៏ផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើនផងដែរសម្រាប់តួអង្គក្នុងឧស្សាហកម្មកាត់ដេរ ក្នុងការដោះស្រាយវិវាទ ដោយមិនចាំបាច់បង្កឲ្យមានកូដកម្ម។”

ការសិក្សានេះក៏បានលើកឡើងផងដែរ អំពីចំណុចខ្សោយនៃការទប់ស្កាត់ និងការដោះស្រាយវិវាទនៅកន្លែងការងារ ការផ្តល់ប្រាក់ឈ្នួលមិនសមស្រប និងការបង្ខិតបង្ខំដោយសហជីពកម្មករ និងនិយោជក ថាជាមូលហេតុ ដែលបណ្តាលឲ្យមានកូដកម្មនៅក្នុងឧស្សាហកម្មនេះ។ 

លោក និម្មិត និយាយទៀតថា “យើងសង្ឃឹមថា ការសិក្សានេះមានប្រយោជន៍ចំពោះតួអង្គនានាក្នុងឧស្សាហកម្មកាត់ដេរ និងរួមចំណែកឲ្យមានការសន្ទនាមួយ កាន់តែប្រសើរឡើងក្នុង វិស័យកាត់ដេរ ក៏ដូចជាវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាទាំងមូល។”

ការសិក្សានេះធ្វើឡើង ផ្អែកលើការវិភាគទិន្នន័យ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានប្រមូល តាមរយៈការសម្ភាសន៍ជាមួយតួអង្គពាក់ព័ន្ធនឹងទំនាក់ទំនងឧស្សាហកម្មកាត់ដេរ។

ចាប់តាំងពីការចាប់ផ្តើមដំណើរការរបស់ខ្លួនកាលពីឆ្នាំ២០០៣មក ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទទួលបានវិវាទការងារជាង ២,៣០០ ដែលពាក់ព័ន្ធនឹងកម្មករ ចំនួនប្រហែលមួយលាននាក់ក្នុងប្រទេសកម្ពុជា ហើយក្នុងនោះដោះស្រាយ វិវាទបានចំនួន៧៣ភាគរយ។

លោក ឯក សុភក្តី អគ្គលេខាធិការនៃសហភាពការងារកម្ពុជា ថ្លែងថា “ការសិក្សានេះឆ្លុះបញ្ចាំងឲ្យឃើញអំពី តថភាពក្នុងឧស្សាហកម្មកាត់ដេរ។” លោកក៏បានលើកឡើងអំពីការផ្តល់ ប្រាក់ឈ្នួលយឺតយ៉ាវ ថាជាមូលហេតុដែលបង្កឲ្យមានកូដកម្មនៅក្នុងឧស្សាហកម្មនេះផងដែរ។

លោក សុភក្តី បានបន្ទោសក្រុមការងារអធិការកិច្ចរបស់ក្រសួងការងារថាមិនបានដោះស្រាយ បញ្ហាផ្តល់ប្រាក់ឈ្នួលយឺតយ៉ាវនេះ ដោយអនុញ្ញាតឲ្យនិយោជកទាំងនោះធ្វើអ្វីៗ ដែលពួកគេចង់ធ្វើ។

“តាមច្បាប់ និយោជិតត្រូវទទួលបានប្រាក់ឈ្នួលនៅចុងខែ ឬនៅថ្ងៃទីមួយ ឬទីពីរយ៉ាងយូរ នៃខែបន្ទាប់ ប៉ុន្តែនិយោជកបើកប្រាក់ឈ្នួលដល់ពួកគេយឺត១០ទៅ១៥ថ្ងៃ។”

លោក សោម ចំណាន ប្រធានផ្នែកច្បាប់ និងការងារ ប្រចាំសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្លែងថា “ខ្ញុំយល់ស្របចំពោះលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែ ក៏មានកត្តាផ្សេងទៀតផងដែរ។”

លោកថ្លែងបន្ថែមទៀតថា “សហជីពកម្មករខ្លះប្រកួតប្រជែងគ្នាដើម្បីទទួលបានប្រជាប្រិយ ភាព។ សហជីពដែលមានសមាជិកតិចព្យាយាមធ្វើតាមការទាមទាររបស់កម្មករ។ នៅពេល សហជីពនោះធ្វើបានសម្រេច វានឹងទទួលបានសមាជិកកាន់តែច្រើនឡើង។ សហជីពផ្សេង ទៀតក៏ព្យាយាមធ្វើដូចគ្នានេះដែរ។”

សេចក្តីព្រាងច្បាប់ស្តីពីសហជីពកម្មករកំពុងត្រូវបានគេរៀបចំហើយត្រូវបានសហជីពកម្មករ និងក្រុមសិទ្ធិមនុស្សរិះគន់ថា ជាការរឹតត្បិតចំពោះសេរីភាពរបស់កម្មករ និងសហជីព។

សេចក្តីព្រាងច្បាប់នេះក៏បានចែងផងដែរថា សហជីពកម្មករអាចទទួលទណ្ឌកម្ម និងការផាកពិន័យ ចំពោះការបង្កឲ្យមានភាពចលាចលនៅកន្លែងការងារ ហើយសហជីពកម្មករត្រូវចុះ បញ្ជីជាមួយរដ្ឋាភិបាលដើម្បីទទួលបានភាពស្របច្បាប់។ 

រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងទៅកាន់អ្នកកាសែតនៅក្នុងកិច្ចប្រជុំមួយថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពកម្មករនេះអនុលោមតាមអនុសញ្ញាអន្តរជាតិ ហើយវានឹងជួយកាត់បន្ថយចំនួនកូដកម្មបានថែមទៀត។ 

លោក សុភក្តី និយាយថា សេចក្តីព្រាងច្បាប់នេះនឹងមិនអាចកាត់បន្ថយចំនួនកូដកម្មបានឡើយ ពីព្រោះវាផ្ទុយពីឆន្ទៈរបស់កម្មករ។

លោក ចំណាន ថ្លែងថា ច្បាប់ថ្មី ឬចាស់ មិនសំខាន់ទេ។ អ្វីដែលសំខាន់គឺយើងត្រូវធានាឲ្យ មានការអនុវត្តច្បាប់ ដើម្បីធ្វើឲ្យវិនិយោគិនមានជំនឿចិត្ត។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ ភាពជឿជាក់គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងការប្រលង

Next Article

យុវវ័យឆ្នើម៖ ទទួលបានចំណាត់ថ្នាក់លេខមួយតាមរយៈវីដេអូហ្គេម