ខណៈសំណង់ដែលជាកេរដំណែលទទួលការគំរាមកំហែង ច្បាប់ស្តីពីការអភិរក្សសំណង់ទាំងនេះនៅជាសេចក្តីព្រាងនៅឡើយ

ដោយ James Reddick No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ខណៈវិស័យសំណង់កំពុងមានការរីកចម្រើនខ្លាំង នៅរាជធានីភ្នំពេញ សំណង់ស្ថាបត្យកម្មចំណាស់ៗកំពុងទទួលរងនូវការគំរាមកំហែងផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកអភិរក្ស អ្នកប្រវត្តិសាស្ត្រ  និងអ្នកជំនាញស្ថាបត្យកម្មជាច្រើនបាន និងកំពុងអំពាវនាងឲ្យមានបទប្បញ្ញត្តិ ដើម្បីទប់ស្កាត់ចំពោះការបំផ្លាញសំណង់អគារដែលជាកេរដំណែលវប្បធម៌។ ប៉ុន្តែ សាលារាជធានីភ្នំពេញនិយាយថា ការបង្កើតច្បាប់ស្តីពីការអភិរក្សសំណង់ដែលជាកេរដំណែលវប្បធម៌នេះ មិនមែនជាការងាយស្រួលទេ។ 

លោក ជា ប៊ុនស៊ាង ស្ថាបត្យករម្នាក់ ដែលបង្រៀននៅសាកលវិទ្យាល័យវិចិត្រសិល្បៈផងដែរនោះ បានថ្លែងថា “យើងគួរតែមានច្បាប់មួយស្តីពីការអភិរក្សតាំងពី១០ឆ្នាំ មុនមកម៉្លេះ”

ជាក់ស្តែង លោក ប៊ុនស៊ាង បានលើកឡើងអំពីការកម្ទេចចោលនូវ ផ្ទះសម័យអាណានិគមបារាំង ដែលស្ថិតនៅតាមមហាវិថីនរោត្តមនាពេលថ្មីៗនេះ ។  អ្នកនាំពាក្យក្រសួងវប្បធម៌បាននិយាយថា នាយកដ្ឋានរបស់លោកកំពុងសហការជាមួយក្រសួងមហាផ្ទៃដើម្បីការពារសំណង់អគារទាំងនេះ។ ប៉ុន្តែមកទល់បច្ចុប្បន្ន ការការពារសំណង់ប្រភេទនេះគឺអាស្រ័យនឹងម្ចាស់ផ្ទះ ។ 

លោក ថៃ នរៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ ថ្លែងថា “យើងផ្តល់ព័ត៌មានជូនម្ចាស់ផ្ទះ ដើម្បីឲ្យពួកគេយល់អំពីតម្លៃនៃអគាររបស់ខ្លួន។”

បច្ចុប្បន្ន កម្ពុជាមានបទប្បញ្ញត្តិក្នុងការរឹតត្បិតការសាងសង់នៅក្បែរទីកន្លែងសំខាន់ៗ ដូចជា វត្តភ្នំ និងព្រះបរមរាជវាំង ព្រមទាំងមានការណែនាំថ្មីៗ សម្រាប់កំណត់លើកម្ពស់របស់សំណង់អគារ។ លោក ប៊ុនស៊ាង និយាយថា ការរឹតត្បិតទាំងនេះពុំអាចអនុវត្តបានទេ។ 

លោកថ្លែងថា ទោះបីជាការវាយកម្ទេចអគារមួយត្រូវមានការអនុញ្ញាតពីសាលារាជធានីក៏ដោយ ប្រសិនបើមន្ត្រីថ្នាក់សង្កាត់ ឬខណ្ឌ ពុំមានការជំទាស់ទេ ការវាយកម្ទេចចោលនោះអាចប្រព្រឹត្តទៅបានដោយមិនគិតអំពីអាយុកាល ឬគុណភាពរបស់អគារនោះឡើយ។ 

តម្លៃសេដ្ឋកិច្ច

ថ្វីត្បិតមានលក្ខណៈពិសេសក៏ដោយបើនិយាយអំពីតម្លៃវិញ ផ្ទះចាស់ៗទាំងនេះពុំអាចប្រៀបផ្ទឹមនឹងអគារខ្ពស់ៗ ដែលកំពុងត្រូវបានគេសាងសង់នៅពាសពេញ ទីក្រុងបានឡើយ។ បើផ្អែកតាមរបាយការណ៍មួយនាពេលថ្មីនេះ ចេញដោយក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ CBRE ចំនួនខុនដូនឹងមានកំណើនជាង៥០០ភាគរយក្នុងរយៈពេលបួនឆ្នាំខាងមុខទៀត។ 

នៅក្នុងបរិបទបែបនេះ លោក បញ្ញា សេរី ដែលជាស្ថាបត្យករ និងជាអ្នកអភិរក្សម្នាក់ បាននិយាយថា យើងត្រូវការបទប្បញ្ញត្តិដើម្បីធានាថា ការរីកចម្រើននៃវិស័យអចលនទ្រព្យនឹងមិន ប៉ះពាល់ដល់លក្ខណៈពិសេសរបស់ទីក្រុង។ ដើម្បីអនុវត្តច្បាប់ទាំងនោះ គេត្រូវកំណត់ថាតើអគារមួយណាដែលត្រូវអភិរក្ស។ 

“ជាបឋម យើងត្រូវមានបទប្បញ្ញត្តិត្រឹមត្រូវ។ តើអាយុកាលរបស់អគារនោះមានសារៈសំខាន់ ដែរឬទេ?”

ទោះបីជាសំណង់អគារចាស់ៗនៅក្នុងទីក្រុងត្រូវបានបន្សល់ទុក ពីសម័យអាណានិគមក៏ដោយ ក៏យើងសង្កេតឃើញមានស្នាដៃសំខាន់ៗ ដែលបានកើតចេញពីចលនាស្ថាបត្យកម្មខ្មែរកាលពីទសវត្សរ៍ឆ្នាំ៥០ និងទសវត្សរ៍ឆ្នាំ៦០ផងដែរ។ 

លោក វណ្ណ ម៉ូលីវណ្ណ គឺបុគ្គលដ៏ល្បីមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃរបស់ខ្លួនពីសម័យ កាលនោះ។ការកម្ទេចចោលនូវសាលមហោស្រពជាតិ និងអគារទីស្តីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០០៨ ដែលជាស្នាដៃស្ថាបត្យកម្មសំខាន់របស់លោកគឺរឿងមួយដែលគួរឲ្យសោកស្តាយ បំផុត។ ពហុកីឡាដ្ឋានអូឡាំពិកដែលជាស្នាដៃមួយទៀតរបស់លោក និងជាទីកន្លែងសាធា រណៈដ៏កម្រមួយក្នុងទីក្រុងភ្នំពេញ ត្រូវបានព័ទ្ធជុំវិញទៅដោយសំណង់អគារថ្មីៗជាច្រើន។ 

លោក សេរី បាននិយាយថា “សំណង់អគារដែលបន្សល់ទុកពីសម័យនោះ គឺពោរពេញទៅដោយភាពច្នៃប្រឌិត និងសារៈសំខាន់។ សំណង់អគារទាំងនេះ ភាគច្រើនត្រូវបានគេវាយចោល។”

លោក សេរី គឺជាអ្នកទទួលបន្ទុកលើគម្រោងដែលមានឈ្មោះថា វណ្ណ ម៉ូលីវណ្ណ ហើយគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមមួយក្នុងការលើកកម្ពស់ និងកត់ត្រាស្នាដៃស្ថាបត្យកម្មរបស់លោកវណ្ណ ម៉ូលីវណ្ណ។  លោកក៏ជួយក្រុមហ៊ុន KA Tours ក្នុងការនាំភ្ញៀវទេសចរទស្សនាសំណង់ស្ថាបត្យកម្មនៅជុំវិញទីក្រុងភ្នំពេញផងដែរ។ 

ដោយអវត្តមាននៃបទប្បញ្ញត្តិជាតិ គំនិតផ្តួចផ្តើមទាំងនេះកំពុងដើរតួនាទីក្នុងការអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះប្រវត្តិសាស្ត្រនៃទីក្រុងភ្នំពេញ។លោកថ្លែងថា “ប្រជាពលរដ្ឋ មិនយល់អំពីតម្លៃនៃអគារទេ។ ពួកគេគិតតែអំពីការចំណេញផ្នែកសេដ្ឋកិច្ច ដូច្នេះយើងត្រូវមានការអប់រំដល់ប្រជាពលរដ្ឋទូទៅ។”

ដំណោះស្រាយមួយដ៏ត្រឹមត្រូវ

លោក ប៊ុនស៊ាង ពុំមានការជំទាស់ចំពោះការធ្វើឲ្យទីក្រុងភ្នំពេញមានភាពទំនើបទេ ប៉ុន្តែ លោកគិតថា ផែនការមេស្តីពីវិធានក្នុងការរៀបចំក្រុង នឹងជំរុញឲ្យមានការសាងសង់ ដែលមិន ប៉ះពាល់ដល់អគារចាស់ៗក្នុងទីក្រុងភ្នំពេញ។ 

លោកបាននិយាយថា “តំបន់ចាស់ៗក្នុងទីក្រុងគួរតែត្រូវបានអភិរក្ស។ ចំណែកឯតំបន់ថ្មីក្នុងទីក្រុងគួរតែត្រូវបានពង្រីក។”

“យើងមិនគួរវាយអគារចោល ដើម្បីធ្វើឲ្យទំនើបដូចនៅប្រទេសសិង្ហបូរី ទីក្រុងហុងកុង ឬទីក្រុងញូយ៉កឡើយ។ នៅប៉ែកខាងជើង ខាងលិច និងខាងត្បូងយើងអាចសាងសង់អគារថ្មីៗបាន។”

Share and Like this post

Related Posts

Previous Article

ផៃ ស៊ីផាន ៖ សម រង្ស៊ី គឺជាមេភរ

Next Article

យុវវ័យឆ្នើម៖ ទទួលបានចំណាត់ថ្នាក់លេខមួយតាមរយៈវីដេអូហ្គេម