យុទ្ធសាស្រ្តថ្មីបានទាក់ទាញអ្នកភូមិឲ្យមានការជឿជាក់លើថាមពលព្រះអាទិត្យ

ដោយ Jonathan Cox No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – អ្នកជំនាញនិយាយថា តម្លៃមិនមែនជាឧបសគ្គធំបំផុត ចំពោះការប្រើប្រាស់ថាមពលព្រះអាទិត្យនៅតាមជនបទក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺកង្វះវិស្វករជំនាញ ឬកង្វះឧបករណ៍។ 

បញ្ហានេះបានធ្វើឲ្យអ្នកភូមិជាច្រើនពុំមានការទុកចិត្តចំពោះថាមពលព្រះអាទិត្យ។

លោក ដេនីស បាបៀន ប្រចាំអង្គការអភិវឌ្ឍន៍របស់ប្រទេសហូឡង់បានថ្លែងកាលពីសប្តាហ៍មុនថា “ថាមពល ព្រះអាទិត្យពុំសូវមានប្រជា-ប្រិយភាពប៉ុន្មានទេនៅកម្ពុជា ដោយសារមានផលិតផលគ្មានគុណភាពមួយចំនួននៅក្នុងទីផ្សារ។”

អង្គការអភិវឌ្ឍន៍របស់ប្រទេសហូឡង់នេះកំពុងធ្វើឲ្យថាមពលព្រះអាទិត្យមានប្រជាប្រិយភាពនៅតាមជនបទក្នុងប្រទេសកម្ពុជា ដោយបានបង្កើតប្រព័ន្ធមួយ ក្នុងការទទួលស្គាល់អ្នកផលិតផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ដើម្បីផ្តល់អគ្គិសនីដែលមានតម្លៃទាបជូនប្រជាពលរដ្ឋនៅតាមជនបទ។ 

លោក ហេង ភក្តី ស្ថាបនិក និងប្រធានវិទ្យាស្ថាន Enrich ថ្លែងនៅក្នុងវេទិកាមួយស្តីពីថាមពលព្រះអាទិត្យថា “មានប្រជាពលរដ្ឋកម្ពុជាត្រឹម៣៥ភាគរយប៉ុណ្ណោះ ដែលមានថាមពលអគ្គិ-សនីប្រើប្រាស់។” ជារឿយៗ ប្រជាពលរដ្ឋនៅតាមជនបទប្រើប្រាស់អាគុយរថយន្តក្នុងការទាញយកថាមពលសម្រាប់អំពូលភ្លើង ឬទូរទស្សន៍របស់ពួកគេ។ ដូច្នេះ ប្រជាពលរដ្ឋក្រីក្របំផុត ត្រូវចំណាយច្រើនបំផុតសម្រាប់អគ្គិសនី ដែលមានតម្លៃរហូតដល់មួយដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង បើប្រៀបធៀបជាមួយទីក្រុងភ្នំពេញវិញ មានតម្លៃត្រឹម ២០ទៅ៦០សេនប៉ុណ្ណោះ។ 

ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ដែលមានតម្លៃខ្ពស់គឺមានគុណភាពល្អ។ ប៉ុន្តែ អាជីវករដែលលក់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ក្លែងក្លាយទៅឲ្យអ្នកភូមិ គឺជាអ្នកដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ថាមពលព្រះអាទិត្យ។ ផ្ទាំងស្រូបពន្លឺព្រះអាទិត្យត្រូវការផ្លាស់ប្តូរថ្ម បន្ទាប់ពីការប្រើរយៈពេលបីឆ្នាំ ហើយវាមានតម្លៃប្រហែល១៥០ដុល្លារ ចំណែកឯផ្ទាំងស្រូបវិញអាចប្រើបាន២៥ឆ្នាំ។ 

លោក បាបៀន និយាយថា “អ្នកខ្លះលក់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ដែលគ្មានគុណភាព។ ថ្មរបស់ផ្ទាំងស្រូបដែលមានតម្លៃទាប កាន់ភ្លើងបានរយៈពេលខ្លីប៉ុណ្ណោះ។”

មកទល់ពេលនេះ យើងមិនទាន់មានការបញ្ជាក់លើគុណភាពនៅឡើយទេ។ អ្នកភូមិត្រូវប្រឈមមុខនឹងហានិភ័យ។ ដូច្នេះ អង្គការអភិវឌ្ឍន៍របស់ប្រទេសហូឡង់មានផែនការដោះស្រាយបញ្ហានេះ។ ដើម្បីធានាគុណ ភាពរបស់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ អង្គការបានធ្វើតេស្តលើផលិតផលចំនួនជាង១០០ ហើយចុះត្រួតពិនិត្យលើផ្ទាំងស្រូបពន្លឺព្រះអាទិត្យដែលលក់ឲ្យអ្នកភូមិ។ 

ទន្ទឹមនឹងការត្រួតពិនិត្យគុណភាព អង្គការក៏ធ្វើការធានាផងដែរថា ក្រុមហ៊ុនលក់ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ មានបុគ្គលិកបច្ចេកទេសនៅក្បែរភូមិនីមួយៗ ដើម្បីឲ្យពួកគេមានលទ្ធភាពជួយដោះស្រាយបញ្ហារបស់អតិថិជនឲ្យបានទាន់ពេលវេលា។ 

លោក បាបៀន ថ្លែងថា “ការបន្តផ្តល់សេវាកម្មគឺមានសារៈសំខាន់។ ក្រុមហ៊ុនត្រូវដឹងថា ពួកគេមិនត្រឹមតែលក់ផលិតផលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវផ្តល់សេវាកម្មសម្រាប់អតិថិជនផងដែរ។”

ក្រុមហ៊ុនដែលបំពេញនូវលក្ខខណ្ឌទាំងនេះនឹងទទួលបានការទទួលស្គាល់ ហើយនៅក្នុងខែកក្កដាកន្លងទៅ អង្គការអភិវឌ្ឍន៍របស់ប្រទេសហូឡង់ បានផ្តល់ការទទួលស្គាល់ជូនក្រុមហ៊ុនផលិតផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ចំនួនបួនរបស់ប្រទេសកម្ពុជា។ លោក បាបៀន ថ្លែងថា វានឹងជួយដោះស្រាយបញ្ហាប្រឈមចំពោះការប្រើប្រាស់ថាមពលព្រះអាទិត្យ។

លោកបានលើកឡើងថា “ការជឿទុកចិត្តរបស់អតិថិជន គឺជាបញ្ហាប្រឈមសំខាន់បំផុត។ យើងត្រូវការក្របខណ្ឌសម្រាប់ទទួលស្គាល់មួយ ដើម្បីជំរុញឲ្យមានការយល់ដឹង អំពីគុណភាព… ផលិតផលដែលយើងទទួលស្គាល់ គឺអាចប្រើប្រាស់បានរយៈពេលជាច្រើនឆ្នាំ។”

អង្គការអភិវឌ្ឍន៍ របស់ប្រទេសហូឡង់នេះមានថវិកាសម្រាប់ដំណើរការត្រឹមបីឆ្នាំទៀតប៉ុណ្ណោះ។ លោក បាបៀន ថ្លែងថា រដ្ឋាភិបាលត្រូវមានសមត្ថកិច្ចបន្ត ក្នុងការទទួលស្គាល់ក្រុមហ៊ុនផលិត ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នៅពេលអង្គការអភិវឌ្ឍន៍ របស់ប្រទេសហូឡង់បញ្ចប់បេសកកម្មរបស់ខ្លួន។ 
 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ ភាពជឿជាក់គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងការប្រលង

Next Article

យុវវ័យឆ្នើម៖ ទទួលបានចំណាត់ថ្នាក់លេខមួយតាមរយៈវីដេអូហ្គេម