ស្រ្តីឆ្នើម៖ ការយកឈ្នះខ្លួនឯងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម

ដោយ នូ សុធាវី និង ស្រី គំនិត No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – កញ្ញា ស៊ាប ស៊ីណេត បានដើរតាមផ្លូវរបស់នាងផ្ទាល់ដើម្បីឆ្ពោះទៅគោលដៅក្នុងជីវិត។ សព្វថ្ងៃ ក្នុងនាមជាមន្រ្តីកម្មវិធីយុវជននិងសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាងកំពុងជំរុញឲ្យមានការផ្លាស់ប្តូរមួយក្នុងសង្គម  ដោយការលើកទឹកចិត្តយុវជនអោយចូលរួមក្នុងការអភិវឌ្ឍអោយបានកាន់តែច្រើន។

បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ កញ្ញា ស៊ីណេត បានចាកចេញពីស្រុកកំណើតរបស់ខ្លួនក្នុងខេត្តកណ្តាល  ដើម្បីស្វែងរកឱកាសការងារក្នុងវិស័យបដិសណ្ឋារកិច្ច។ នាងបានព្យាយាមពន្យល់ឪពុកម្តាយរបស់នាងដើម្បីបញ្ជូននាងទៅរៀននៅសាកលវិទ្យាល័យវេសធើន ដែលបានផ្តល់ជូនការសិក្សាមួយក្នុងតម្លៃគួរសម  ប៉ុន្តែមុខវិជ្ជាដែលនាងចង់រៀនបែរជាមិនមានទៅវិញ។ ដោយមានការណែនាំពីឪពុកមារបស់នាងដែលរស់នៅក្នុងទីក្រុង នាងក៏បានផ្លាស់ប្តូរមុខវិជ្ជាទៅរៀន ជំនាញភាសារអង់គ្លេសវិញ ហើយក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតកាលពីឆ្នាំមុន។

កញ្ញា ស៊ីណេត ជឿជាក់ថាប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជាមិនទាន់ផ្តល់នូវអី្វដែលគាត់ចង់ដឹងចង់ឮគ្រប់គ្រាន់សំរាប់រូបនាងទេ ដូច្នេះនាងក៏បានធ្វើការស្ម័គ្រចិត្តក្រៅម៉ោង ជាមួយយុវជន ព្រមទាំងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដើម្បីកសាងបទពិសោធរបស់ខ្លួន។

នាងនិយាយដោយទឹកមុខញញឹមថា “ខ្ញុំមិនចង់ធ្វើការជាមួយមនុស្សដដែលៗជារៀងរាល់ថ្ងៃនោះទេ។ សព្វថ្ងៃ ខ្ញុំធ្វើការងារជាមួយមនុស្សជាច្រើនប្រភេទ ដូចជារដ្ឋាភិបាល សង្គមស៊ីវិល នាយក និងបុគ្គលិកស្ថាប័ននានា ព្រមទាំងបណ្តាញយុវជនក្រៅផ្លូវការ។” 

កញ្ញា ស៊ីណេត ជាញឹកញាប់តែងតែ យកចិត្តទុកដាក់ទៅលើការអប់រំ ឬការងារសង្គម។ ដោយចង់ធ្វើការងារនៅមូលដ្ឋានឲ្យបានច្រើន នាងក៏ប្តូរទៅធ្វើការងារស្ម័គ្រចិត្ត ពេញម៉ោងវិញ ដើម្បីជួយជំរុញចលនាយុវជនក្នុងប្រទេសកម្ពុជា។

នាង បានបណ្តុះបណ្តាលសិស្សនិស្សិតវ័យក្មេងជាច្រើនពីរបៀបធ្វើការជាក្រុម ការប្រាស្រ័យទាក់ទងគ្នា ការបង្កើតសំណើរបាយការណ៍ថវិកា និងការងារផ្សេងទៀតពាក់ព័ន្ធនឹងរចនាសម្ព័ន្ធសង្គម ដែលមិនត្រូវបានបង្រៀននៅតាមសាលារៀន។

កញ្ញា ស៊ីណេត ថ្លែងថា “ការរៀននៅក្នុងសាលារៀនគឺមិនគ្រប់គ្រាន់ទេ។ ការរៀន និងការអនុវត្តគួរតែដើរទន្ទឹមគ្នា”។

តាមការសង្កេតមើល ដោយផ្ទាល់របស់ខ្លួន នាងជឿជាក់ថា យុវជនខ្មែរជំនាន់ក្រោយនឹងជួយឲ្យប្រទេសមានភាពប្រសើជាងមុន។

បច្ចុប្បន្ន កញ្ញា ស៊ីណេត កំពុងផ្ដោតការយកចិត្តទុកដាក់លើស្ត្រីនៅក្នុងការងាររបស់ខ្លួន។ នាងបានតស៊ូមតិដើម្បីសិទ្ធិជាមូលដ្ឋានរបស់ស្ត្រី ដោយការលើកទឹកចិត្តដល់ពួកគេនៅក្នុងវិស័យនយោបាយ និងបញ្ហាយេនឌ័រ ។

នៅក្នុងរយៈពេលបីឆ្នាំខាងមុខ នាងបានថ្លែងថា អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាគ្រោងនឹងបង្កើតវិទ្យាស្ថានសំរាប់ស្ត្រី ដោយផ្តោតការយកចិត្តទុកដាក់លើការសិក្សាយេនឌ័រ។

នាងបានកត់សម្គាល់ថា “យើងមិនមានកម្មវិធីសិក្សាយេនឌ័រសម្រាប់ថ្នាក់អនុបណ្ឌិត នៅតាមសាកលវិទ្យាល័យទេ” ។  ប៉ុន្តែ នាងគិតថា ការបណ្តុះបណ្តាលជាច្រើន ដើម្បីកសាងសមត្ថភាពរបស់ស្ត្រីវ័យក្មេង នាពេលបច្ចុប្បន្ន កំពុងជួយលើកកម្ពស់ ភាពសកម្មរបស់ស្ត្រីនៅក្នុងសង្គម។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ ភាពជឿជាក់គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងការប្រលង

Next Article

យុវវ័យឆ្នើម៖ ទទួលបានចំណាត់ថ្នាក់លេខមួយតាមរយៈវីដេអូហ្គេម