អ្នកវិភាគ៖ នេះជាទំលាប់ចាស់របស់គណបក្សប្រជាជន

ដោយ ជា តាគីហិរ៉ូ និង ស្រី គំនិត No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍ ) – អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនបាននិយាយថា តើលិខិតសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាជាការពិត ឬមិនពិតនោះទេ។ លិខិតសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា បានជម្រុញឱ្យស្ថាប័នដទៃទៀតសរសេរសេចក្តីថ្លែងការណ៍គាំទ្រដល់សុន្ទរកថារបស់លោក ហ៊ុន សែន។

អ្នកវិភាគនយោបាយបានសម្តែងនូវការភ្ញាក់ផ្អើល ដោយសារគណបក្សដែលមានវ័យចំណាស់ជាងគេមួយនេះ នៅតែប្រើទម្លាប់ចាស់បង្ខំអ្នកដទៃឲ្យគាំទ្រដល់សកម្មភាពរបស់ខ្លួន។ មានសរសេរនូវពាក្យថា “សម្ងាត់” ហើយត្រូវបានចុះហត្ថលេខាដោយលោក សាយ ឈុំ អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា លិខិតរបស់គណបក្សប្រជាជនកម្ពុជានោះ ត្រូវបានផ្ញើទៅកាន់មន្ត្រីគណបក្សប្រជាជននៅទូទាំងខេត្តក្រុង  ដោយកត់សម្គាល់ថា «ណែនាំឱ្យស្ថាប័នដូចជា: អាជ្ញាធរ ប៉ូលីស គ្រូបង្រៀន ព្រះសង្ឃ កម្មករសំណង់ កសិករ កម្មកររោងចក្រ  អ្នកលក់ដូរ និស្សិត និងអង្គការ …។ល។   សរសេរញត្តិ ដើម្បីគាំទ្រដល់សុន្ទរកថា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីបញ្ហាផែនទី និងព្រំដែនកម្ពុជា ដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ជាតិកម្ពុជា (ទទក) កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៥ កន្លងទៅនេះ»។

លិខិតសម្ងាត់នោះ «នៅពេលដែលធ្វើរួចហើយ សូមឯកឧត្តមប្រធាន ចាត់ចែងផ្សព្វផ្សាយញតិ្តទាំងអស់នោះនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ឬបណ្តាញសង្គមហ្វេសប៊ុក អោយបានទូលំទូលាយ  ឬជាសាធារណៈនិងផ្ញើមួយច្បាប់មក ឧុទ្ទកាល័យគណៈកម្មាធិការកណ្តាលអោយបានឆាប់ ដើម្បីឧុទ្ទកាល័យជួយផ្សព្វផ្សាយបន្តតទៀត»។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជន មិនបានឆ្លើយតបចំពោះសំណួរពាក់ព័ន្ធនឹងលិខិតរបស់ គណបក្សប្រជាជននោះទេ។ ប៉ុន្តែ វាគឺជាការព្យាយាមរបស់រដ្ឋាភិបាលក្នុងការបង្ហាញពីសកម្មភាពស្របច្បាប់របស់ខ្លួន។

លោកថ្លែងថា «លិខិតពិតឬមិនពិត សម្រាប់ខ្ញុំគឺមិនសំខាន់ទេ ប៉ុន្តែចំណុចដែលសំខាន់នោះគឺអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើសម្រាប់បង្ហាញជូនប្រជាជនកម្ពុជា នូវភាពស្របច្បាប់របស់រដ្ឋាភិបាលលើការប្រើប្រាស់ផែនទី។ អត្ថន័យនៃលិខិតនេះគឺចង់បង្ហាញបែបហ្នឹង។» 

លោកបានបន្ថែមទៀតថា «លិខិតនេះគឺមិនសំខាន់អំពីការសម្ងាត់ឬមិនសម្ងាត់ទេ តែគួរឱ្យចាប់អារម្មណ៍នោះ គឺជាអត្ថន័យដែលបានបង្ហាញពីប្រជាជនកម្ពុជា ដែលគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដែលមានភក្ដីភាពទៅលើប្រជាជននិងប្រទេសជាតិក្នុងការដោះស្រាយបញ្ហាព្រំដែន និងផែនទីនេះ។» 

វាគឺជាទំលាប់ចាស់របស់គណបក្សប្រជាជនកម្ពុជា

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបាននិយាយថា វាគឺជាទម្លាប់ចាស់របស់គណបក្សប្រជាជន ហើយនេះគឺជារឿងអាម៉ាស់របស់គណបក្សផងដែរ។ វានឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបាត់បង់ប្រជាប្រិយភាព។

លោកបាននិយាយទៀតថា «វាគឺជាទម្លាប់ចាស់របស់ពួកគេដែលតែងតែធ្វើដូចនេះ។ វាគ្រាន់តែជារូបភាពបោកបញ្ឆោតទៅលើប្រជាជន ខណៈពេលដែលមានលិខិតគាំទ្រ ពីស្ថាប័នមួយផ្សេងទៀត។ បើសិនជាខ្ញុំជាសម្តេច (ហ៊ុន សែន) ខ្ញុំពិតជាខឹងខ្លាំងណាស់ ព្រោះការនិយាយរបស់ខ្ញុំ ចាំបាច់ត្រូវបង្ខំអោយអ្នកដទៃគាំទ្រ។» 

លោក វីរៈ ថ្លែងថា «វាមិនមែនជាការត្រឹមត្រូវទេ ដែលបង្ខំឱ្យនរណាម្នាក់គាំទ្រ។ តែវាជារឿងអាម៉ាស់របស់គណបក្សប្រជាជនកម្ពុជា ទៅវិញទេ ហើយវាក៏ធ្វើឲ្យខូចប្រយោជន៍ដល់គណបក្សប្រជាជនផងដែរ។»

លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និយាយថា «វាផ្ទុយទៅនឹងការផ្ដល់តម្លៃលើសេរីភាពក្នុងការសម្រេចចិត្ត។»

លោកបាននិយាយទៀតថា «របៀបនៃការបញ្ជាពីថ្នាក់លើជាទូទៅ គឺតែងតែមានដូចនេះ។ នៅពេលមេដឹកនាំរបស់ពួកគេនិយាយអ្វីមួយ  ពួកគេនឹងបង្ខំអ្នកដទៃឱ្យគាំទ្រមតិនោះ។ វាមិនមែនគ្រាន់តែជាការបញ្ជាពីថ្នាក់លើ ដោយបង្ខំឱ្យអោយគេគាំទ្រនោះទេ ប៉ុន្តែវាគឺជាការបញ្ជាឱ្យចាត់វិធានការដល់អ្នកដែលនិយាយថា រដ្ឋាភិបាលបានប្រើផែនទីក្លែងក្លាយទៀតផង។» 

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក៏មានការយល់ស្របចំពោះការវិភាគរបស់លោក កែម ឡី ផងដែរ។

លោកបាននិយាយថា «អត្ថន័យនៃលិខិតនេះបានបង្ហាញថា លិខិតគាំទ្រទាំងអស់ត្រូវបានគេបង្ខំឱ្យធ្វើនៅតាមស្ថាប័ន។ វាមិនមែនធ្វើឡើងតាមឆន្ទៈរបស់ពួកគេទេ» ។ 

Share and Like this post

Related Posts

Previous Article

ស្រ្តីឆ្នើម៖ ការយកឈ្នះខ្លួនឯងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម

Next Article

យុវវ័យឆ្នើម៖ ការចង់ដឹងចង់ឮ ការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់ ជាកត្តាឈានទៅរកភាពជោគជ័យ