ក្រសួងមហាផ្ទៃផ្អាកការបណ្តេញចេញពីឆ្នេរ

ដោយ Jack Laurenson No Comments Share:

ក្រុងព្រះសីហនុ (ខ្មែរថាមស៍) – កាលពីដើមខែសីហាកន្លងទៅ អតីតអភិបាលក្រុងព្រះសីហនុ លោក ជិន សារិន បានចេញសេចក្តីជូនដំណឹងមួយដល់អ្នកលក់ដូរ២៦នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅឆ្នេរអូរឈើទាលឲ្យរុះរើតូបរបស់ពួកគេចេញពីឆ្នេរ បើមិនដូច្នោះទេត្រូវប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំ។ 

ប៉ុន្តែ ការបណ្តេញចេញពុំបានកើតឡើងទេ ហើយកាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃបានបញ្ជូនលិខិតទៅអាជ្ញាធរខេត្តព្រះសីហនុឲ្យផ្អាកការបណ្តេញចេញនោះសិន។ 

បញ្ហាពាក់ព័ន្ធនឹងសមត្ថកិច្ច

បើតាមរបាយការណ៍ក្នុងសារព័ត៌មានខ្មែរ លិខិតនោះបានសើ្នឲ្យផ្អាកការបណ្តេញចេញ និង លើកឡើងថា ក្រសួងមហាផ្ទៃអាចជួយដោះស្រាយបញ្ហានេះ។ លិខិតដដែលនោះក៏បានស្នើអភិបាលខេត្តដែលនឹងចូលមកកាន់ដំណែងថ្មីឲ្យពិនិត្យមើលបញ្ហានោះផងដែរ។ 

លោក សារិន ដែលកាលពីមុនមានតំណែងជាអភិបាលក្រុង បានចេញសេចក្តីជូនដំណឹងនោះ ប៉ុន្តែអ្នកជំនួសតំណែងរបស់លោកបានប្រាប់អ្នកកាសែតថា ការផ្អាកចំពោះការបណ្តេញចេញនេះគឺ ស្ថិតនៅក្រៅសមត្ថកិច្ចរបស់ខ្លួន។ 

នៅដើមសប្តាហ៍មុន លោក អីុ សុខឡេង បានប្រាប់អ្នកកាសែតថា លោកគ្មានសមត្ថកិច្ចក្នុង ការត្រួតពិនិត្យលើការបណ្តេញចេញនោះទេ ដោយសារឆ្នេរនេះស្ថិតនៅក្រៅសមត្ថកិច្ចរបស់ អាជ្ញាធរក្រុង។ 

លោកថ្លែងថា “លិខិតនេះត្រូវបានបញ្ជូនមកអាជ្ញាធរខេត្ត… ខ្ញុំគ្មានសិទ្ធិអនុញ្ញាតឲ្យប្រជាពលរដ្ឋលក់ដូរនៅលើឆ្នេរនេះ ឬបណ្តេញពួកគេទេ។” ការសម្រេចថាត្រូវធ្វើអ្វីចំពោះគ្រួសារ ទាំងនេះ  និងថាត្រូវឆ្លើយតបយ៉ាងណាចំពោះសំណើរបស់ក្រសួងមហាផ្ទៃ គឺស្ថិតនៅក្រោម សមត្ថកិច្ចរបស់លោក  យន់   មិន  ដែលបានក្លាយជាអភិបាលខេត្ត កាលពីសប្តាហ៍មុន បន្ទាប់ពីការចូលនិវត្តន៍របស់លោក ឈិត សុខុន។ 

ការតវ៉ារបស់អាជីវករលក់ដូរ

អាជីវករលក់ដូរ និងក្រុមគ្រួសាររបស់ពួកគេ ដែលមានការគាំទ្រពីក្រុមសិទ្ធិមនុស្សក្នុងការតវ៉ា ចំពោះការជូនដំណឹងនោះបាននិយាយថា ពួកគេស្វាគមន៍ចំពោះអន្តរាគមន៍របស់ក្រសួងមហាផ្ទៃ។

លោក សារិន បានគំរាមគ្រួសារទាំងនេះថា ប្រសិនបើពួកគេមិនចាកចេញឲ្យបានឆាប់ៗទេអាជ្ញាធរនឹងកម្ទេចកន្លែងលក់ដូរ និងស្នាក់នៅរបស់ពួកគេ ដោយគ្មានសំណង ព្រមទាំងបណ្តេញពួកគេទៅកន្លែងផ្សេង។ អាជីវករលក់ដូរធ្លាប់ត្រូវបានបណ្តេញចេញពីឆ្នេរកាលពីឆ្នាំ២០០៦ម្តងរួចទៅហើយ។ 

កាលពីពេលនោះ ពួកគេត្រូវបានគេប្រាប់ឲ្យចាកចេញដើម្បីទុកកន្លែងនេះសម្រាប់គម្រោង អភិវឌ្ឍន៍មួយ ដែលមានការពាក់ព័ន្ធនឹងរមនីយ-ដ្ឋានឆ្នេរសុខា។ នេះបើតាមប្រភពព័ត៌មាន មិនច្បាស់ការណ៍នានា។ ទោះបីជាប្រឈមមុខនឹងហានិភ័យ និងការគំរាមបណ្តេញចេញក៏ដោយ គ្រួសារជាច្រើនដែលទទួលបានការជូនដំណឹងនោះ និយាយថាពួកគេនឹងមិនព្រមចាកចេញពីឆ្នេរនេះ ហើយបោះបង់នូវអាជីវកម្មរបស់ខ្លួនឡើយ មិនថាមានការសម្រេចពីថ្នាក់លើ ឬយ៉ាងណាទេ ពីព្រោះពួកគេបានចំណាយពេលជាច្រើនឆ្នាំ និងប្រាក់អស់រាប់ម៉ឺនដុល្លារ ក្នុងការបង្កើតវាឡើង។

អង្គការមិនមែនរដ្ឋាភិបាលនៅក្រុងព្រះសីហនុ ដូចជាគម្រោងStarfish និយាយថា អ្នកលក់ដូរ ទាំងនេះ ភាគច្រើនបានមករស់នៅលើឆ្នេរដោយសារភាពចាំបាច់។ អ្នកនាំពាក្យរបស់ Starfish ថ្លែងថា ”ពួកគេចង់មានការងារធ្វើ និងប្រកបអាជីរកម្ម ជាជាងការសុំទាន។ គ្រួសារទាំងនេះ ភាគច្រើនត្រូវបានគេបណ្តេញពីកន្លែងដទៃទៀត ហើយក៏ស្វែងរកកន្លែងមួយសម្រាប់គ្រួសាររបស់ពួកគេ និងសម្រាប់ចិញ្ចឹមជីវិត។”

Share and Like this post

Related Posts

Previous Article

ស្រ្តីឆ្នើម៖ ការយកឈ្នះខ្លួនឯងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម

Next Article

ការការពារពាណិជ្ជសញ្ញាកំពុងត្រូវបានពង្រឹង