សិស្ស៥៥ភាគរយប្រលងជាប់មធ្យមសិក្សាទុតិយភូមិ

ដោយ ជា វណ្ណៈ No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ខណៈសម្លេងលាន់រំពងរបស់សិស្សានុសិស្ស បានលេចចេញពីវិទ្យាល័យព្រះយុគន្ធរ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន សិស្សវិទ្យាល័យមួយក្រុមបានសម្តែងនូវក្តីសប្បាយរីករាយបន្ទាប់ពីពួកគេបានឭឈ្មោះរបស់ខ្លួន ត្រូវបានប្រកាសតាមរយៈឧបករណ៍ឃោសនសព្ទ។ 

សូ ដារា សិស្សមកពីវិទ្យាល័យបញ្ញាសាស្ត្រ បាននិយាយថា “យើងទាំងអស់គ្នាបានប្រលងជាប់និទ្ទេស E ។ ទោះបីជាយ៉ាងណាក៏ដោយ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការប្រលងនេះ។”

ក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងទីក្រុងភ្នំពេញ ហើយថ្ងៃអាទិត្យសប្តាហ៍មុន នៅក្នុងខេត្ត កណ្តាល និងខេត្តដទៃទៀត។ 

បើតាមតួលេខផ្លូវការចេញដោយក្រសួងអប់រំ  ក្នុងចំណោមសិស្សសរុបចំនួន៨៣,៣២៥នាក់ ដែលបានប្រលងនៅថ្ងៃទី២៤ ខែសីហាក្នុងឆ្នាំនេះ សិស្សដែលបានប្រលងជាប់មានចំនួន៤៦,៥៦០នាក់ គឺស្មើនឹង៥៥.៨៨ភាគរយ។ 

ឆ្នាំនេះ សិស្សដែលទទួលបាននិទ្ទេស A មានចំនួនរហូតដល់ ១០៨នាក់   ចំណែកការប្រលងនៅឆ្នាំមុនវិញ សិស្សទទួលបាននិទ្ទេស A  មានត្រឹម១១នាក់ប៉ុណ្ណោះ។

កាលពីឆ្នាំមុន ក្រោមវិធានការតឹងរឹងរបស់ក្រសួងអប់រំសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិមានជាង៤០ភាគរយប៉ុណ្ណោះ ក្នុងចំណោមសិស្សសរុបជាង៩ម៉ឺននាក់។ 

បើតាមការឲ្យដឹងរបស់ក្រសួងអប់រំ សិស្សប្រលងជាប់និទ្ទេស B មានចំនួន១,០៨៥នាក់ និទ្ទេស C មានចំនួន៣,២៩២នាក់ និងនិទ្ទេសD មានចំនួន៦,០៩៣នាក់។

មានអាយុ១៨ឆ្នាំ ដារា ដែលមានបំណងជ្រើសរើសយកជំនាញព័ត៌មានវិទ្យាបាននិយាយថា ខ្លួនមានការពេញចិត្តចំពោះការប្រលងលើកនេះ ទោះបីជាវាមានការតឹងតែងក៏ដោយ។ 

សុខ ដានី សិស្សមកពីវិទ្យាល័យបញ្ញាសាស្ត្រ ដែលមានបំណងជ្រើសរើសជំនាញ វិទ្យាសាស្ត្រពេទ្យ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នាផងដែរ។ ដានី ថ្លែងថា “ការប្រលងមានការលំបាកសម្រាប់អ្នក មិនចេះ ប៉ុន្តែសម្រាប់អ្នកចេះ វាមិនអីទេ។”

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទាំងពីរមានក្តីបារម្ភចំពោះទីផ្សារការងារ ដោយសារសមា-ហរណកម្ម អាស៊ាននាចុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យមានលំហូរពលកម្មដោយសេរីរវាងសមាជិកក្នុងតំបន់អាស៊ាន។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បាននិយាយនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការក្រសួងថា សិស្សមានចំណេះដឹងជាងមុន។ លោកនិយាយទៀតថា ក្នុងឆ្នាំនេះ ចំនួនសិស្សប្រលងជាប់បានកើន ចំនួន១៥ភាគរយលើសឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់សិស្ស។ 

លោក កៅ ពឿន ប្រធានវិទ្យាស្ថានខ្មែរដើម្បីការអភិវឌ្ឍជាតិ ដែលបានចូលរួមអង្កេតការណ៍នាពេល ប្រលងកាលពីថ្ងៃទី២៤ខែសីហានេះ បានថ្លែងថា គុណភាពរបស់សិស្សនៅឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

លោកនិយាយថា វិញ្ញាសាប្រលងហាក់បីដូចជាស្រួលជាងកាលពីឆ្នាំមុន។ លោកនិយាយទៀតថា គុណភាពរបស់សិស្សពុំមានភាពប្រសើរជាងមុនឡើយ ទោះបីជាមានវិធានការរឹតបន្តឹងក្នុងពេលប្រលងក៏ដោយ។

លោកបានសង្កត់ធ្ងន់ថា “ទោះបីជាប្រលងជាប់ ឬធ្លាក់ វាគ្មានអ្វីសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺសិស្ស ត្រូវដឹងពីសមត្ថភាពរបស់ខ្លួន។”

កាលពីឆ្នាំមុន សិស្សប្រលងជាប់និទ្ទេស A ម្នាក់ៗ ទទួលបានប្រាក់រង្វាន់ចំនួន៣ពាន់ដុល្លារ កុំព្យូទ័រមួយគ្រឿង ថវិកាសម្រាប់សិក្សានៅសាកលវិទ្យាល័យក្នុងរយៈពេលបួនឆ្នាំ និងសម្រាប់ជួលបន្ទប់ស្នាក់នៅក្នុងទីក្រុងភ្នំពេញ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមការឲ្យដឹងពីក្រសួងអប់រំ សិស្សប្រលងជាប់និទ្ទេស A និទ្ទេស B និងនិទ្ទេស C ក្នុងឆ្នាំនេះ នឹង ត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូបង្រៀនដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រលង។ លោក ណារ៉ុន ថ្លែងថា “យើងចង់បានសិស្សពូកែធ្វើជាគ្រូដើម្បីបង្កើនគុណភាពអប់រំ។”  

Share and Like this post

Related Posts

Previous Article

ស្រ្តីឆ្នើម៖ ការយកឈ្នះខ្លួនឯងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម

Next Article

យុវវ័យឆ្នើម៖ ការចង់ដឹងចង់ឮ ការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់ ជាកត្តាឈានទៅរកភាពជោគជ័យ