យុវវ័យឆ្នើម៖ ទទួលបានចំណាត់ថ្នាក់លេខមួយតាមរយៈវីដេអូហ្គេម

ដោយ រត័្ន សុផាន់ណា No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ដោយទទួលបាននូវពិន្ទុខ្ពស់ជាងគេក្នុងការប្រលងជំនាញភាសាអង់គ្លេសក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា លោក ឈុំ សម្បត្តិ បានសម្តែងនូវការដឹងគុណចំពោះវីដេអូហ្គេម និងកម្មវិធីទូរទស្សន៍ ដែលបានជួយឲ្យលោករៀនចេះភាសាអង់គ្លេស។ 

ក្នុងចំណោមនិស្សិតជាង៨០០នាក់ ដែលបានប្រលងភាសាអង់គ្លេសនៅឯវិទ្យាស្ថានភាសាបរទេសជារៀងរាល់ឆ្នាំ លោក ឈុំ សម្បត្តិ អាចរក្សាចំណាត់ថ្នាក់លេខមួយក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ លោកនិយាយថា លោកអាចធ្វើដូច្នេះបាន ដោយសារតែបច្ចេកវិជ្ជា។ 

និស្សិតឆ្នាំទីបី ដែលមានអាយុ២០ឆ្នាំ រូបនេះ តែងតែទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រលងជំនាញភាសាអង់គ្លេស ចាប់តាំងពីលោកចូលរៀននៅឯសាលាអន្តរជាតិសិង្ហបូរីកាលពីឆ្នាំ២០០៦មក។ លោករក្សាបាននូវចំណាត់ថ្នាក់កំពូលក្នុងកម្រិតទាំង១២។ 

លោក សម្បត្តិ និយាយថា “អ្វីដែលបានជួយឲ្យភាសាអង់គ្លេសរបស់ខ្ញុំមានការរីកចម្រើន គឺដោយសារ ភាសាអង់គ្លេសជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលជាច្រើនក្នុងការប្រើប្រាស់ បច្ចេកវិជ្ជា ដូចជាបណ្តាញសង្គម យូធូប កម្មវិធីទូរទស្សន៍ និងគំនូរជីវចល។”

លោកបានដឹងគុណចំពោះវីដេអូហ្គេម ដែលបានជួយដល់ជំនាញភាសាអង់គ្លេស របស់លោក ដោយសារហ្គេមជាច្រើន មានចំណងជើងជាភាសាអង់គ្លេស។ លោកនៅចាំបានថា កាលពីរៀននៅថ្នាក់ទី៦ ម្តាយរបស់លោកបានទិញហ្គេម ដែលមានឈ្មោះថា Game Boy Advance និងPokemon ឲ្យលោក។

កាលពីពេលនោះ លោកមិនពូកែខាងភាសាអង់គ្លេសទេ ប៉ុន្តែដោយសារការស្រលាញ់ហ្គេម Pokemon បានធ្វើឲ្យលោកព្យាយាមរៀនភាសាអង់គ្លេស។ 

លោក សម្បត្តិ ថ្លែងថា “ដំបូន្មានដែលខ្ញុំមានសម្រាប់អ្នកប្រលងភាសាអង់គ្លេសគឺថា ពួកគេត្រូវចេះគ្រប់គ្រងពេល វេលាឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ ពួកគេពុំមានពេលក្នុងការសរសេរចម្លើយចូលក្នុងសន្លឹកចម្លើយទេ ចំពោះការប្រលងស្តាប់ ដូច្នេះពួកគេត្រូវមានការប្រុងប្រយ័ត្ន។” លោកថ្លែងទៀតថា “ពួកគេគួរតែហាត់ធ្វើតេស្ត IELTS ពីព្រោះវាអាចជួយឲ្យពួកគេមានភាពស៊ាំជាមួយស្ថានភាពប្រលង។”

លោក សម្បត្តិ អះអាងថា មិត្តរបស់លោក ដែលបានលេងហ្គេម Pokemon និងMonster Hunter ក៏ពូកែខាងភាសា អង់គ្លេសផងដែរនាពេលបច្ចុប្បន្ននេះ។

ទោះបីជាលោក សម្បត្តិ ពូកែខាងការប្រលងសរសេរក៏ដោយ ក៏ការប្រលងនិយាយនៅតែជាបញ្ហាប្រឈម សម្រាប់លោក ពីព្រោះលោកគឺជាមនុស្សម្នាក់ ដែលមិនសូវនិយាយច្រើន។ ភាគច្រើនលោកចំណាយពេល ក្នុងការប្រើប្រាស់កុំព្យូទ័រ និងអិុនធឺណិត ប៉ុន្តែលោកនៅតែប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំ។ 

លោក សម្បត្តិ មិនត្រឹមតែទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រលងភាសាអង់គ្លេសនោះទេ លោកថែមទាំងទទួលបានចំណាត់ថ្នាក់លេខពីរក្នុងរយៈពេលពីរឆ្នាំជាប់គ្នា សម្រាប់ការសិក្សារបស់ខ្លួននៅឯវិទ្យាស្ថានភាសាបរទេស ។ លោក សម្បត្តិ ថ្លែងថា “ខ្ញុំត្រូវធ្វើយ៉ាងណាឲ្យរៀនបានពូកែ ដើម្បីកុំឲ្យម្តាយរបស់ខ្ញុំពិបាកចិត្ត។ គាត់គឺជាអ្នកផ្តល់កម្លាំងចិត្តឲ្យខ្ញុំប្រឹងប្រែងរៀនសូត្រ។”

ចំពោះការសិក្សានៅសាលា លោក សម្បត្តិ យកចិត្តទុកដាក់សំខាន់លើថ្ងៃផុតកំណត់នៃកិច្ចការនីមួយៗ និងផ្តល់ អាទិភាពលើអ្វីដែលសំខាន់។ លោកតែងតែមើលមេរៀនត្រួសៗនៅមុនពេលគ្រូបង្រៀន។ 

លោក សម្បត្តិ និយាយថា លោកមានការលំបាកក្នុងការផ្ចង់អារម្មណ៍ ក្នុងរយៈពេលវែង។ ប្រសិនបើលោកព្យាយាមមើលមេរៀនយូរពេក លោកនឹងបាត់បង់នូវការផ្តោតអារម្មណ៍។ 

នៅមុនរៀងរាល់ការប្រលង លោកត្រូវត្រៀមខ្លួន និងរៀនអ្វីៗគ្រប់យ៉ាង។ លោកថ្លែងថា “ជីវិតមិនងាយស្រួលទេ ដូច្នេះអ្នកត្រូវពុះពារការលំបាក បើមិនដូច្នោះទេ  អ្នកមិនអាចសម្រេចគោលដៅក្នុងជីវិតរបស់អ្នកបានឡើយ។”  

Share and Like this post

Related Posts

Previous Article

ស្រ្តីឆ្នើម៖ ការយកឈ្នះខ្លួនឯងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម

Next Article

ជម្រើសមានតិចសម្រាប់ប្រជានេសាទនៅខេត្តកំពតដែលប្រឆាំងនឹងការនេសាទខុសច្បាប់