ឆ្មាំអភិរក្សមច្ឆានៅទន្លេមេគង្គ

ដោយ Aisha Down No Comments Share:

ក្រចេះ (ខ្មែរថាមស៍) – បន្ទាប់ពីមានការជូនដំណឹងអំពីការនេសាទខុសច្បាប់ លោក នួន ប៊ុន ណា និងសហការីចំនួនបួននាក់បានចេញដំណើរដើម្បីស្វែងរកចាប់ខ្លួនអ្នកនេសាទខុស  ច្បាប់។ 

មានមូលដ្ឋាននៅលើកោះមួយក្នុងទន្លេមេគង្គ ក្រុមរបស់លោកគឺជាផ្នែកមួយនៃឆ្មាំទន្លេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ដោយគណៈកម្មការត្រីផ្សោត។ ជាមួយនឹងឆ្មាំជាង៦៣ នាក់ផ្សេងទៀត ពួកគេមានតួនាទីល្បាតតាមទន្លេ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីកោះត្រង់រហូតដល់ព្រំប្រទល់ប្រទេសឡាវក្នុងខេត្តស្ទឹងត្រែង។ 

លោក ម៉ុក ពន្លក អនុប្រធានរដ្ឋបាលជលផលខេត្ត ថ្លែងថា“វាមានការលំបាកក្នុងការធ្វើការ។ ប្រជាពលរដ្ឋ ៧០ភាគរយ ក្នុងសហគមន៍ទាំងនេះគឺជាប្រជានេសាទ។ ពួកគេពឹងផ្អែកលើការនេសាទ។ ដោយសារបញ្ហានេះ ឆ្មាំទន្លេមានការលំបាកក្នុងការបំពេញការងារ នៅក្នុងសហគមន៍របស់ខ្លួន។ ពួកគេខ្លាចប្រជាជនស្អប់។”

លោក កែវ សំណាង ប្រធានឆ្មាំទន្លេរបស់អង្គការ WWF និយាយថា ប៉ុស្តិ៍យាមមួយចំនួនត្រូវបានគំរាមកំហែងពីសំណាក់ប្រជានេសាទក្នុងឆ្នាំនេះ។ ដោយគិតថាការចិញ្ចឹមជីវិតរបស់ខ្លួនទទួលរងនូវផលប៉ះពាល់  អ្នកនេសាទផ្សេងទៀត បានសរសេរពាក្យជេរប្រមាថនៅតាមអគារផ្សេងៗក្នុងភូមិ ដែលមានប៉ុស្តិ៍យាមរបស់ឆ្មាំទន្លេ។ 

ការចាប់អ្នកនេសាទខុសច្បាប់មានការលំបាក និងមានភាពគ្រោះថ្នាក់។ លោក ប៊ុនណា ថ្លែងថា “ជួនកាលពួកគេវាយប្រហារមកលើយើង។ យើងធ្លាប់ជួបអ្នកនេសាទខុសច្បាប់ជិះទូកធំមួយមកក្បែរយើងហើយពួកគេមានកាន់សុទ្ធតែកាំបិត។”

លោក សៀម សុខឃីន ដែលនៅកោះផ្តៅ និយាយថា “អ្នកអាចចាប់ត្រីបាន ៧០ទៅ ៨០គីឡូក្រាមក្នុងមួយថ្ងៃ ប្រសិនបើអ្នកប្រើឧបករណ៍ឆក់។ ”លោកបានបង្ហាញវិធីឆក់ត្រី ដោយយកខ្សែភ្លើងពីរសរសៃ ភ្ជាប់ទៅនឹងអាគុយរថយន្ត ហើយចុងម្ខាងទៀតដាក់ទៅក្នុងទន្លេ រួចហើយដាក់សំណាញ់នៅពីក្រោមខ្សែភ្លើងដើម្បីចាប់ត្រី។

នៅភាគខាងជើងវិញ ឆ្មាំទន្លេត្រូវប្រឈមមុខនឹងការវាយប្រហារដោយគ្រឿងផ្ទុះ ដោយសារប្រជានេសាទនៅចាប់ត្រីតាមមធ្យោបាយនេះ។ លោក សែន កុសល ឆ្មាំទន្លេអាយុ១៩ឆ្នាំមកពីប៉ុស្តិ៍អន្លឹងស្វាយ ក្បែរព្រំប្រទល់ឡាវ បាននិយាយថា “ខ្ញុំពុំមានការព្រួយបារម្ភច្រើនចំពោះប្រជានេសាទដែលប្រើគ្រឿងផ្ទុះឡើយ។ ដើម្បីធ្វើឲ្យវាផ្ទុះ យើងត្រូវមានឆ្នួនវែង។ ប្រសិនបើពួកគេ បោះវាចូលទូករបស់យើង ខ្ញុំគិតថា យើងអាចពន្លត់វាបានមុនពេលផ្ទុះ។”

ដោយសារប្រឈមមុខនឹងគ្រោះថា្នក់ ឥឡូវទូកឆ្មាំទន្លេនីមួយៗមានទាហាន ឬនគរបាលស្ម័គ្រ ចិត្តម្នាក់។ លោក ប៊ុនណា ដែលចូលធ្វើការកាលពីឆ្នាំ ២០១៤ គឺជានគរបាលប្រចាំប៉ុស្តិ៍នៅកោះផ្តៅ។ 

លោកនិយាយថា“ពួកគេឲ្យខ្ញុំចូលធ្វើការ ដោយសារ ពួកគេត្រូវការមនុស្សដែលមានកាំភ្លើង។ អ្នកនេសាទខុសច្បាប់ពុំមានការខ្លាចញញើតទាល់តែសោះ ហើយច្បាប់មិនអនុញ្ញាតឲ្យ នរណាម្នាក់នៅប៉ុស្តិ៍យាមមានសិទ្ធិកាន់អាវុធទេ។ ឥឡូវ ដោយសារយើងមានទាហាន និង នគរបាលនៅតាមទូក អ្នកនេសាទខុសច្បាប់កាន់តែមានការខ្លាចញញើត។”

លោក សំណាង យល់ស្របថា ការប្រឈមមុខដាក់គ្នាមានតិចជាងមុន ប៉ុន្តែការងាររបស់ យើងមិនស្រួលប៉ុន្មានទេ។ ទោះបីជាឆ្មាំទន្លេឃើញអ្នកនេសាទខុសច្បាប់ក៏ដោយ ក៏វាពុំមាន ភាពងាយស្រួលក្នុងការចាប់ពួកគេឡើយ។ 

លោក សុខឃីន បានពន្យល់ថា “នៅពេលពួកគេឃើញយើងមកដល់ ពួកគេចាប់ផ្តើមបើកកាណូតចេញទៅយ៉ាងលឿន។ កាណូតរបស់ពួកគេថ្មី ហើយលឿនជាងយើង។ យើងតាមចាប់ពួកគេដែរ ប៉ុន្តែភាគច្រើននៅពេលយើងតាមជិតដល់ ពួកគេទម្លាក់ឧបករណ៍របស់ខ្លួនទៅក្នុងទឹក រួចហើយក៏ជិះត្រឡប់ទៅភូមិវិញ។”

នៅក្បែរព្រំប្រទល់ឡាវវិញ ស្ថានភាពកាន់តែមានភាពស្មុគស្មាញ។ កាលពីឆ្នាំមុន លោក កុសល ថ្លែងថា អ្នកនេសាទប្រើគ្រឿងផ្ទុះចំនួនបីនាក់បានរត់គេចចូលក្នុងប្រទេសឡាវ ហើយ ត្រូវបានដោះលែងវិញ ដោយនគរបាលឡាវ។ ជារឿយៗ អ្នកដែលរត់ចូលប្រទេសឡាវច្រើនតែរួចខ្លួន។ 

ការស្រលាញ់សត្វបានជម្រុញឲ្យឆ្មាំបន្តការងាររបស់ខ្លួន ទោះបីជាជួបប្រទះគ្រោះថា្នក់ ទទួល បានប្រាក់ខែតិច និងត្រូវធ្វើការងារលំបាកយ៉ាងណាក៏ដោយ។ 

លោក សៀម  សុខឃីន និយាយថា “ប្រាក់ខែរបស់យើងមិនគ្រប់គ្រាន់ទេ គឺត្រឹម៥០ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ។”

លោក ពន្លក ក៏យល់ស្របដែរថា “ពួកគេមានប្រាក់ខែ៥០ដុល្លារក្នុងមួយខែ ហើយអង្គការ WWF បានផ្តល់ម្ហូប និងប្រាក់បេសកកម្ម។ ប៉ុន្តែពួកគេមានការនឿយហត់។ ខ្ញុំព្យាយាមសុំតម្លើងប្រាក់ខែឲ្យពួកគេ។ បច្ចុប្បន្ន ភរិយា និងកូនរបស់ពួកគេពិតជាមានការលំបាក។”

ទោះបីជាយ៉ាងណាក៏ដោយ គ្មានឆ្មាំណាមួយនៅកោះផ្តៅមានបំណងឈប់ពីការងាររបស់ខ្លួនឡើយ។ លោក ពន្លក និយាយថា “ពួកគេធ្វើការដោយសារមានចិត្តស្រលាញ់ និងដើម្បីកូនរបស់ខ្លួន។” 

Share and Like this post

Related Posts

Previous Article

សិស្ស៥៥ភាគរយប្រលងជាប់មធ្យមសិក្សាទុតិយភូមិ

Next Article

ភាពទុច្ចរិតរបស់ឱសថស្ថាន នេតឈ័រ ហ្គូដនេស