យុវវ័យឆ្នើម៖ ការចង់ដឹងចង់ឮ ការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់ ជាកត្តាឈានទៅរកភាពជោគជ័យ

ដោយ សំ បញ្ញា No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – កញ្ញា តោ គឹមស៊ី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យពី Manhattan College ក្នុងទីក្រុងញូយ៉ក។

ភាពឧស្សាហ៍ព្យាយាម និងភាពអត់ធ្មត់ ធ្វើឲ្យនាងទទួលបានមេដាយចំនួនបីផ្សេងពីគ្នា ក្នុងនោះមានមេដាយ Donald J. Carty ដែលនាងទទួលបានសម្រាប់ការថ្លែងសុន្ទរកថារបស់ខ្លួនក្នុងពិធីចែកសញ្ញាប័ត្រ។

កញ្ញា គឹមស៊ី ថ្លែងថា គន្លឹះដើម្បីឈានទៅរកភាពជោគជ័យរបស់ខ្លួន គឺផ្អែកលើកត្តាបីយ៉ាង ក្នុងនោះមាន ការចង់ដឹង ចង់ឮ ការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់។ 

នាងថ្លែងបន្តទៀតថា “ទីមួយ ខ្ញុំជាមនុស្សម្នាក់ ដែលចង់ដឹងចង់ឮ ហើយមិនដែលខ្លាចក្នុងការសាកល្បងឡើយ ។ ទីពីរ ភាពជោគជ័យរបស់ខ្ញុំ កើតចេញពីការប្តេជ្ញាចិត្តរបស់ខ្ញុំ ហើយចុងក្រោយគឺភាពអត់ធ្មត់ ជាពិសេសក្នុង មុខវិជ្ជាគណិតវិទ្យា។”

សម្រាប់កញ្ញា គឹមស៊ី ផ្ទាល់ នាងក៏ធ្លាប់ទទួលបរាជ័យដែរ។ នាងនិយាយថា “ជួលកាលខ្ញុំបរាជ័យលើកដំបូង ប៉ុន្តែវាពុំមានបញ្ហាទេ។ ខ្ញុំបន្តព្យាយាមរហូតទទួលបានជោគជ័យ។ ទោះបីជាថ្ងៃ ឬយប់ ហើយជួនកាលច្រើនសប្តាហ៍ ឬច្រើនខែក៏ដោយ ក៏ខ្ញុំនៅតែបន្តធ្វើរហូត។ ខ្ញុំមិនចូលចិត្តបោះបង់ដោយងាយៗទេ។”

ក្រៅពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់នាង សាស្ត្រាចារ្យ ឪពុកម្តាយ និងមិត្តភក្ត្រិរបស់នាង ក៏ជាកត្តាសំខាន់ក្នុងការជម្រុញឲ្យនាងទទួលបានជោគជ័យផងដែរ។ នាងថ្លែងថា “ភាពជោគជ័យរបស់ខ្ញុំកើតចេញពីខ្លួនខ្ញុំផ្ទាល់ និង អ្នកដែលជួយណែនាំខ្ញុំ។”

យុវជនខ្មែរជាច្រើនបានចាត់ទុក កញ្ញា គឹមស៊ី ជាគំរូល្អម្នាក់ ដោយសារភាពជោគជ័យរបស់នាង។ នាងនិយាយថា “ខ្ញុំពិតជាមានកិត្តិយសដោយមានគេចាត់ទុកខ្ញុំថាជាគំរូល្អម្នាក់ ហើយខ្ញុំសង្ឃឹមថា ភាពជោគជ័យរបស់ខ្ញុំនឹង ជម្រុញយុវជនជាច្រើនឲ្យខិតខំប្រឹងប្រែង។”

ទន្ទឹមគ្នានេះដែរ កញ្ញា គឹមស៊ី ក៏ដឹងដែរថា សង្គមបច្ចុប្បន្នពុំសូវមានមនុស្សគំរូសម្រាប់យុវជនខ្មែរឡើយ ហើយនាងយល់ថា គំរូល្អរបស់នាងគឺមានសារៈសំខាន់សម្រាប់សង្គម ជាពិសេសសម្រាប់យុវជនទូទៅ។ 

នាងថ្លែងថា “ខ្ញុំគិតថា យុវជនមិនគួរព្យាយាមធ្វើឲ្យដូចខ្ញុំទេ។ ប៉ុន្តែ ពួកគេគួរតែខំធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង ដោយមិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឡើយ។”

កញ្ញា គឹមស៊ី ក៏បានលើកឡើងដែរថា សូម្បីតែរូបនាងផ្ទាល់ ក៏ទទួលឥទ្ធិពលពីមនុស្សជាច្រើនផងដែរ ជាពិសេស គណិតវិទូស្ត្រី ដូចជា Emmy Noether និងSophie Germain។ ក្រៅពីនេះ លោក នែលសុន ម៉ាន់ដេឡា និងលោក ម៉ាឡាៗ យូសាហ្វហ្សាយ ក៏ជាបុគ្គលដែលមានឥទ្ធិពលលើរូបនាងផងដែរ។ 

ក្នុងនាមជាមនុស្សគំរូម្នាក់ សម្រាប់យុវជនខ្មែរ កញ្ញា គឹមស៊ី បានប្រែក្លាយខ្លួនឯងឲ្យទៅជាអ្នកណែនាំគេវិញម្តង។ នាងនៅមានកង្វល់ខ្លះចំពោះក្មេងជំនាន់ក្រោយនៅកម្ពុជា។ 

កញ្ញា គឹមស៊ី ថ្លែងថា “ខ្ញុំត្រូវរៀនអ្វីៗផ្សេងទៀត។ ខ្ញុំត្រូវស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃ ដូចជារបៀបដែលពួកគេគិតជាដើម។ អ្វីដែលសំខាន់គឺការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីជម្រុញទឹកចិត្តដល់ពួកគេ។”

នាងថ្លែងទៀតថា “រឿងមួយដែលខ្ញុំបារម្ភគឺ ភាពក្លាហានរបស់ពួកគេ ក្នុងការបញ្ចេញយោបល់។ រឿងមួយទៀតគឺថា ពួកគេភាគច្រើនពុំសូវបានអាន និងពុំមានជំនាញក្នុងការគិតត្រិះរិះឡើយ ។ អ្នកត្រូវដឹងថាអ្វីដែលត្រូវជឿ  ហើយនរណាដែលត្រូវជឿ។”ការប្រកួតប្រជែងក្នុងទីផ្សារការងារនៅអាស៊ី គឺជាកង្វល់ចុងក្រោយរបស់នាង ហើយនាងចង់ឲ្យក្មេងៗយកចិត្តទុកដាក់ឲ្យបានកាន់តែខ្លាំង ក្នុងការបង្កើនសមត្ថភាពខាងភាសារបស់ពួកគេ ជាពិសេសភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ។ 

កញ្ញា គឹមស៊ី ចង់លើកទឹកចិត្តយុវជនខ្មែរឲ្យចូលរួមក្នុងការងារស្ម័គ្រចិត្ត ពីព្រោះពួកគេអាចរៀនសូត្របានច្រើន ពីជីវិតក្នុងសង្គម និងរបៀបធ្វើការជាក្រុម។ 

នាងថ្លែងថា “សារចុងក្រោយរបស់ខ្ញុំចំពោះយុវជន គឺចង់ឲ្យពួកគេសាកល្បងទៅមើលប្រទេសដទៃ ។ មិនថាវាគឺជាកម្មវិធីផ្លាស់ប្តូរនិស្សិត សន្និសីទ សិក្ខាសាលា ឬការសិក្សាពេញមួយឆ្នាំឡើយ ពួកគេគួរតែសាកល្បងចូលរួម។ នៅពេលអ្នកវិលត្រឡប់មកវិញ អ្នកនឹងឃើញថា អ្នកមានការផ្លាស់ប្តូរ ហើយអ្នកនឹងមានទស្សនៈមួយថ្មីចំពោះប្រទេសរបស់អ្នក។”  

Share and Like this post

Related Posts

Previous Article

កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហារបស់កុមារនៅសហគមន៍ក្រីក្រ

Next Article

ភាពចម្រូងចម្រាសនៃកម្មវិធីផ្លាស់ប្តូរម្ជុលចាក់ថ្នាំ