ភាពចម្រូងចម្រាសនៃកម្មវិធីផ្លាស់ប្តូរម្ជុលចាក់ថ្នាំ

ដោយ វ៉ា សូនីកា No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) –  ការប្រើប្រាស់គ្រឿងញៀន គឺជាបញ្ហាមួយ ដែលពុំសូវមាន ដំណោះស្រាយ គ្រប់គ្រាន់នៅឡើយទេ។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​មធ្យោបាយរបស់អង្គការមួយក្នុងការដោះស្រាយបញ្ហានេះ ហើយ​កំពុងបង្កើតឲ្យមានភាពចម្រូងចម្រាស នៅក្នុងប្រទេស កម្ពុជា។ 

អង្គការ KHANA គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដ៏ធំមួយ ដែលបានផ្តល់សេវា ការពារ និងថែទាំជម្ងឺអេដស៍នៅតាមបណ្តាសហគមន៍ក្នុងប្រទេសកម្ពុជា។

ប៉ុន្តែអ្នកភូមិដើមចន្ទន៍បែរ​ជា​បង្ហាញនូវក្តីបារម្ភ ចំពោះកម្មវិធីផ្លាស់ប្តូរម្ជុលចាក់ថ្នាំ របស់អង្គការ មួយនេះ។ 

ទោះបីជាកម្មវិធីនេះ បានជួយកាត់បន្ថយចំនួន អ្នកឆ្លងមេរោគអេដស៍ និងវីរុសផ្សេងទៀតក៏ ដោយ ប្រជាជននៅតាម សហគមន៍បានលើក  ឡើងថា ការផ្តល់ម្ជុលដែលមានអនាម័យដល់ អ្នកប្រើប្រាស់គ្រឿងញៀន បានបង្កបញ្ហាកាន់ តែខ្លាំង     ហើយអាចជម្រុញឲ្យមានការប្រើប្រាស់ ថ្នាំញៀនកាន់តែច្រើនឡើង។

អ្នកលក់គ្រឿងទេសម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះ បាននិយាយថា “ហេតុអ្វីបានជាអង្គការមិនមែនរដ្ឋាភិបាល មិនប្រមូលពួកគេឲ្យទៅនៅ ក្នុងមជ្ឈមណ្ឌលមួយ? នៅពេលពួកគេរស់នៅ អនាធិបតេយ្យបែបនេះ វាមិនល្អសម្រាប់ភូមិ និងក្មេងៗដែលរស់នៅទីនេះទេ។”

គាត់និយាយដោយ ខឹងសម្បាថា “បន្ទាប់ពីពួក គេប្រើម្ជុលហើយ ពួកគេបោះវាចោលនៅគ្រប់ ទីកន្លែង។” គាត់លើកឡើងទៀតថា អ្នកប្រើ គ្រឿងញៀនជាច្រើន បានលួចអីវ៉ាន់ពីរទេះ របស់គាត់ស្ទើររាល់ថ្ងៃ។ 

លោក កុច ហួរ ប្រធានភូមិដើមចន្ទន៍ ថ្លែងថា អង្គការ KHANA បាននិងកំពុងធ្វើការនៅក្នុង តំបន់នេះអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែ លោកពុំទាន់ឃើញមានលទ្ធផលអ្វីនៅ ឡើយទេ។

លោកនិយាយថា តាមរយៈការងារដែលអង្គការនេះបានធ្វើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មក ចំនួនអ្នកប្រើប្រាស់ថ្នាំញៀន ពុំមានការ ធ្លាក់ចុះឡើយ។ លោកថ្លែងថា ការផ្លាស់ប្តូរ ម្ជុលចាក់ថ្នាំនេះគឺគ្មានប្រយោជន៍ទេ ពីព្រោះ លោកបានឃើញមនុស្ស បន្តប្រើម្ជុលដែលពួក គេប្រើរួច។ 

លោក ហួរ បាននិយាយថា លោកបានឃើញអ្នក ប្រើគ្រឿងញៀន យកម្ជុល ដែលពួកគេទទួល ពីអង្គការ KHANA ទៅលក់ឲ្យឱសថស្ថាន មួយ។

លោក ហួរ និយាយទៀតថា ប្រជាពលរដ្ឋក្នុង តំបន់នេះ ជម្រុញឲ្យអង្គការនេះផ្តល់ជម្រកនិង ការងារ ដល់អ្នកប្រើប្រាស់គ្រឿងញៀនជាជាង ផ្តល់ម្ជុលឲ្យពួកគេជារៀងរាល់ថ្ងៃ។ 

អង្គការ KHANA បានបង្ហាញថា កម្មវិធីរបស់ ខ្លួនបានជួយសង្រ្គោះ ជីវិតអ្នកប្រើប្រាស់គ្រឿងញៀន ដោយការផ្តល់ឱសថជំនួសម្យ៉ាង ពួកគេមិនអាច រស់នៅលើស ពីមួយឆ្នាំ ឬពីរឆ្នាំឡើយ ប្រសិនបើគ្មានម្ជុល ដែលមាន អនាម័យ។ 

ចាប់តាំងពីឆ្នាំ២០០៥មក ម្ជុលដែលមានអនាម័យត្រូវបានចែកជូន អ្នកប្រើប្រាស់គ្រឿងញៀន ក្នុងតំបន់នេះជារៀងរាល់ថ្ងៃ ដោយមាន អាជ្ញាប័ណ្ណចេញដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អ្នកដែលទទួលបាន ម្ជុលទាំងនេះ ក៏ទទួលបានការតាមដានសុខភាពផងដែរ។

អ្នកស្រី ស៊ូ សុចិន្តា ដែលជាប្រធានគម្រោង មួយប្រចាំអង្គការ KHANA បាន​និយាយ​ថា វាត្រូវការ ពេលវេលាវែង ដើម្បីឲ្យពួកគេឈប់ប្រើប្រាស់ថ្នាំញៀន។ 

អ្នកស្រីបាននិយាយថា“យើងគ្មានឱសថសម្រាប់ព្យាបាលការញៀនថ្នាំបានទេប៉ុន្តែយើងអាចផ្តល់ ឱសថផ្សេងជំនួស ដូចជា Methadone។”
កម្មវិធីនេះបានតាមដាន ចំនួនអ្នកប្រើប្រាស់ គ្រឿងញៀននៅក្នុងតំបន់របស់ខ្លួន ហើយ លើកទឹកចិត្តឲ្យពួកគេទទួលយក Methadone ដោយស្ម័គ្រចិត្តនៅតាមបណ្តារ មន្ទីរពេទ្យរដ្ឋ។ 

អ្នក​ស្រី​បាន​និយាយថា យើងចាំបាច់ត្រូវមានការខិតខំ ប្រឹងប្រែងរួមគ្នារវាងអ្នករៀបចំគោលនយោបាយមន្ត្រីអនុវត្តច្បាប់ ថ្នាក់ដឹកនាំសហគមន៍ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីដោះ- ស្រាយបញ្ហាប្រើប្រាស់គ្រឿងញៀននេះ។ 

អ្នកស្រី សុចិន្តា ថ្លែងទៀតថា “ទោះបីជាយ៉ាង ណាក៏ដោយ មានអ្នកប្រើប្រាស់គ្រឿងញៀន មួយចំនួន ពុំទទួលបានជោគជ័យក្នុងការព្យាបាលឡើយ ហើយពួកគេឈប់ប្រើប្រាស់ថ្នាំ Methadone ដោយសារពុំមានលទ្ធភាព​ទៅ​ទទួល​វាជារៀងរាល់ថ្ងៃ។”

ទោះបីជាមានការលំបាក យ៉ាងណាក៏ដោយ  អ្នកប្រើប្រាស់គ្រឿងញៀនជាច្រើន បានផ្តាច់ ពីគ្រឿងញៀនបាន បន្ទាប់ពីពួកគេបាន ប្រើប្រាស់ថ្នាំ Methadone និងទទួល ការព្យាបាល ផ្សេងទៀតអស់រយៈ ពេលជាច្រើនឆ្នាំ។ 

Share and Like this post

Related Posts

Previous Article

ឆ្មាំអភិរក្សមច្ឆានៅទន្លេមេគង្គ

Next Article

យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ