ក្រុមហ៊ុនម៉ាស៊ីនផលិតសំលៀក បំពាក់សម្លឹងមើលឱកាសនៅកម្ពុជា

ដោយ Igor Kossov និង ស្រី គំនិត No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ក្រុមហ៊ុនបច្ចេកវិជ្ជាឧស្សាហកម្ម នៅទូទាំងទ្វីបអាស៊ីរំពឹងថា ក្រុមហ៊ុនផលិតសំលៀកបំពាក់ នឹងប្រើប្រាស់មា៉ស៊ីន ដើម្បីជំនួសកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។ 

នៅក្នុងការតាំងពិព័រណ៍ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌអន្តរជាតិប្រចាំឆ្នាំលើកទី៥នៃ ព្រះរាជាណាចក្រកម្ពុជានៅឯកោះពេជ្រកាលពី ពីរសប្តាហ៍មុន  តំណាងក្រុមហ៊ុនបច្ចេកវិជ្ជា ឧស្សាហកម្មបានបង្ហាញនូវ ម៉ាស៊ីនដេរទំនើប ឧបករណ៍សម្រាប់ប៉ាក់ស្វ័យប្រវត្តិ និងម៉ាស៊ីន ផលិតស្រោមជើងស្វ័យប្រវត្តិ។ ពួកគេជាច្រើននៅតែមើលឃើញឱកាសទីផ្សារក្នុងប្រទេស កម្ពុជា ទោះបីជាពួកគេមួយចំនួនមានការព្រួយបារម្ភដោយសារពួកគេបានចូលទីផ្សារកម្ពុជា ក្រោយគេ។ 

លោក Thomas Chyi ប្រធានផ្នែកលក់ប្រចាំក្រុមហ៊ុន Isamu Co. Ltd ថ្លែងថា “យីហោរបស់យើងបានចូលទីផ្សារក្រោយគេ។ ប៉ុន្តែ យើងមិនដឹងច្បាស់ថា តើការលក់នៅក្នុងទីផ្សារមានទំហំប៉ុនណាឡើយ។ ប្រហែលជាអតិថិជននាពេលបច្ចុប្បន្នមានត្រឹម ៥ទៅ ១០ភាគរយនៃទីផ្សារប៉ុណ្ណោះ។”

ក្រុមហ៊ុន Happy Industrial Corporation ដែលលក់ម៉ាស៊ីនប៉ាក់ បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការស្ទង់មតិរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា ហើយបានរកឃើញថា តម្រូវការក្នុងការទិញម៉ាស៊ីនបានកើនឡើងក្នុងឆ្នាំនេះ។ 

នៅឯពិធីបើកពិព័រណ៍នេះ លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ថា ពិព័រណ៍នេះនឹងទាក់ទាញវិនិយោគិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ហើយវានឹងជម្រុញឧស្សាហកម្មរបស់ ប្រទេស កម្ពុជា។

ការប្រើប្រាស់ម៉ាស៊ីនសម្រាប់កាត់ដេរ

នៅឯតូបរបស់ក្រុមហ៊ុន Happy Industrial ម៉ាស៊ីនប៉ាក់ទាញខ្សែអំបោះចេញពីហុង អំបោះទាំង៧ដែលមានពណ៌ខុសគ្នា ខណៈវាបង្ហាញរូបភាពប៉ាក់នៅលើផ្ទៃរបស់អាវយឺតមួយ។ 

លោក ប៊ុន កៅដារ៉ា ប្រធានផ្នែកលក់របស់ក្រុមហ៊ុននេះថ្លែងថា ក្រុមហ៊ុន Happy Industrial លក់ម៉ាស៊ីនបាន៧គ្រឿង នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន ហើយរំពឹងថា នឹងមានតម្រូវការ កាន់តែច្រើននៅឆ្នាំនេះ។

ម៉ាស៊ីនមួយគ្រឿងមានតម្លៃមួយម៉ឺនដុល្លារ ប៉ុន្តែលោក កៅដារ៉ា និយាយថា ក្នុងរយៈពេលវែង វានឹងកាត់បន្ថយចំណាយ ដោយសារវាមានលទ្ធភាពប៉ាក់អាវ        មួក និងសំលៀកបំពាក់ផ្សេង ទៀតបានជាច្រើន។

លោកថ្លែងថា “រោងចក្រនឹងអាចលក់ផលិតផលបានច្រើន ដោយមិនចាំបាច់ចំណាយច្រើន។”

នៅកន្លែងតាំងពិព័រណ៍ លោក Chyi បានបង្ហាញម៉ាស៊ីនដេររបស់លោក ដែលលោកអះអាងថា វានឹងអាចបង្កើតថ្នេរកាន់តែស្តើងជាងម៉ាស៊ីនផ្សេងទៀត។

លោក Chyi ថ្លែងថា ម៉ាស៊ីនទាំងនេះត្រូវបង្កើតឡើងនៅក្នុងប្រទេសជប៉ុន ប៉ុន្តែការផលិតនៅ តៃវ៉ាន់បានធ្វើវាមានតម្លៃទាប។ ក្រុមហ៊ុនជប៉ុនមួយចំនួនក៏បានរើរោងចក្ររបស់ខ្លួនទៅប្រទេសចិន ដូច្នេះវាក៏ធ្វើឲ្យមានតម្លៃទាបផងដែរ។ ម៉ា- ស៊ីន ដែលផលិតនៅតៃវ៉ាន់របស់លោកមាន តម្លៃប្រហែល២,៥០០ដុល្លារ។ 

លោក Chyi បាននិយាយថា “តម្រូវការទីផ្សារមានកំណើនយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ការប្រកួតប្រជែងក៏មានភាពខ្លាំងក្លាផងដែរ។”

ម៉ាស៊ីនមួយចំនួនដែលបានដាក់បង្ហាញដូចជាម៉ាស៊ីនកាត់ស្វ័យប្រវត្តិរបស់ក្រុមហ៊ុន AGMS Corporation ជាដើម គឺជាការវិនិយោគដ៏ធំ។ វាមានតម្លៃមួយសែនដុល្លារ ហើយវាទាមទារឲ្យ មានការបណ្តុះបណ្តាលមុននឹងអាចប្រើប្រាស់វាបាន។ វាអាចកាត់ក្រណាត់ជាង៤ពាន់ដុំបាន យ៉ាងល្អក្នុងមួយថ្ងៃ។ 

ការតភ្ជាប់បណ្តាញផលិតកម្ម

ក្រុមហ៊ុនមួយចំនួន ចូលរួមក្នុងពិព័រណ៍នេះមិនមែន ដើម្បីផ្សព្វផ្សាយបច្ចេកវិជ្ជាឡើយ ប៉ុន្តែពួកគេមកធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីលក់ម៉ាស៊ីនទំនើបៗ ដូចជាម៉ាស៊ីនប៉ាក់ ជាដើម។ លោក Ajay Mandavkar តំណាងក្រុមហ៊ុនប្រទេសថៃឈ្មោះ Gamma Industries ថ្លែងថា អ្នកចូលរួមក្នុងពិព័រណ៍នេះកំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុនថៃ។

លោក Mandavkar និយាយថា “យើងបានមក ទីនេះកាលពីឆ្នាំ២០១១។ កាលពីពេលនោះ យើងពុំទទួលបានការចាប់អារម្មណ៍ ប៉ុន្មាន ទេ។ មនុស្សស្ទើរ៩០ភាគរយពុំបានដឹងថា  មានការតាំងពិព័រណ៍ឡើយ។ បច្ចុប្បន្នមាន មនុស្សជាច្រើន យើងបានទាក់ទងជាមួយ បុរសម្នាក់ ដែលចង់ធ្វើជាភ្នាក់ងាររបស់យើង។”
លោកថ្លែងបន្ថែមទៀតថា ក្រុមហ៊ុនរបស់ លោកកំពុងចាប់អារម្មណ៍ លើប្រទេសភូមា ឡាវ វៀតណាម និងកម្ពុជា។ លោកជឿជាក់ ថា រោងចក្រនៅប្រទេសកម្ពុជា នឹងបន្តត្រូវ ការ ម៉ាស៊ីនប៉ាក់ទំនើបពីប្រទេសថៃ ពីព្រោះ កម្មករខ្មែរខ្វះជំនាញក្នុងការងារនេះ។ លោក ថ្លែងថា ប្រាក់ឈ្នួលទាបនៅក្នុងវិស័យកាត់- ដេរ របស់ប្រទេសកម្ពុជា ពុំបានលើកទឹកចិត្ត ឲ្យកម្មករក្នុងស្រុក បង្កើនជំនាញរបស់ពួកគេ ឡើយ។ 

លោក Mandavkar បាននិយាយថា “នៅក្នុង ប្រទេសថៃ យើងមានកម្មករតិច ប៉ុន្តែពួកគេ មានជំនាញ។ នៅទីនេះ យើងមានកម្មករច្រើនប៉ុន្តែពួកគេគ្មានជំនាញទេ។”

បញ្ហាជួសជុល

ក្រុមហ៊ុនទាំងនេះបានឲ្យដឹងថា ឧបសគ្គដ៏ធំ មួយក្នុងការលក់ម៉ាស៊ីនរបស់ពួកគេ នៅក្នុង ប្រទេសកម្ពុជា គឺកង្វះនៃអ្នកបច្ចេកទេសជំនាញ ដែលបង្កការលំបាកសម្រាប់អតិថិជន ក្នុងការថែទាំម៉ាស៊ីនដែលពួកគេបានទិញ។

លោក Chyi បាននិយាយថា “អ្នកបច្ចេកទេស ទាំងអស់មិនមែនសុទ្ធតែ មានចំណេះដឹង និង បទពិសោធន៍ ក្នុងការជួសជុលម៉ាស៊ីននេះ បានទេ។ ជួនកាលបញ្ហាមួយចំនួន គ្រាន់តែ ត្រូវការ ការកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងមិនចេះកែសម្រួលទេ យើងនឹងត្រូវការអ្នកជំនាញពីបរទេស។”

លោកថ្លែងបន្ថែមទៀតថា “ប្រសិនបើយើង មិនអាចស្វែង រកភ្នាក់ងារដែលមានសមត្ថភាព ក្នុងការផ្តល់សេវាជួសជុលទេ វានឹងក្លាយជា កង្វល់សម្រាប់យើង ពីព្រោះយើងនឹងត្រូវ បញ្ជូនបុគ្គលិករបស់យើងមកទីនេះ ដែលវានឹងធ្វើឲ្យតម្លៃមានការកើនឡើង។”

ក្រុមហ៊ុនមួយចំនួន ដែលដឹងពីបញ្ហានេះបាន ផ្តល់ការធានា។ ក្រុមហ៊ុន Happy Industrial បានផ្តល់ការធានាជួសជុល ដោយឥតគិតថ្លៃ ក្នុងរយៈពេលពីរឆ្នាំ ចំណែកឯក្រុមហ៊ុន AGMS Corporation វិញបានផ្តល់ការធានារយៈពេល មួយឆ្នាំ សម្រាប់ម៉ាស៊ីន ដែលមានតម្លៃមួយ សែន ដុល្លាររបស់ខ្លួន។ 

Share and Like this post

Related Posts

Previous Article

ឆ្មាំអភិរក្សមច្ឆានៅទន្លេមេគង្គ

Next Article

យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ