ភាពទុច្ចរិតរបស់ឱសថស្ថាន នេតឈ័រ ហ្គូដនេស

Bob Wiltshire No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – កាលពីពីរឆ្នាំមុន លោក ភា សុផុន បម្រើការងារជាគិលានុបដ្ឋាកប្រចាំ កងយោធពលខេមរភូមិន្ទ មុនពេលលោកត្រូវ  បានបញ្ជូនទៅកាន់ ប្រទេសម៉ាលីក្នុងទ្វីបអាហ្រ្វិក ខាងលិច ក្នុងនាមជាសមាជិកម្នាក់នៃ កងកម្លាំងថែរក្សាសន្តិភាព របស់អង្គការសហ ប្រជាជាតិ។

នៅគ្រាមួយ គ្រោះអាក្រក់បានកើតឡើងនៅ ពេលលោក សុផុន និងសហសេវិកជាច្រើន បាន ទទួលទានស្រាដែលបិតឡើងដោយខ្លួន ឯង។ 

សហសេវិកវ័យក្មេងពីរនាក់បានស្លាប់ ហើយ ភ្នែករបស់លោក សុផុន ក៏មើលលែងឃើញ។

ចាប់តាំងពីពេលនោះមក លោក សុផុន ដែល រស់នៅក្នុងភូមិមួយ នៃខេត្តកណ្តាលបានសាកល្បងវិធីព្យាបាលជាច្រើន ដើម្បីធ្វើឲ្យបញ្ហា ភ្នែករបស់ខ្លួនមានភាពប្រសើរឡើងវិញ ក្នុង នោះមានការព្យាបាល តាមបែបជំនឿអរូបី តាមបែបរូបសាស្ត្រ និងតាមការប្រើឱសថ។

អ្នកឯកទេសខាងភ្នែក សញ្ជាតិអូស្ត្រាលីដ៏ល្បី ម្នាក់ ដែលមកបំពេញបេសកកម្មនៅទីក្រុងភ្នំពេញជាច្រើនខែមុន ហើយបានពិនិត្យស្ថានភាពភ្នែករបស់លោក សុផុន បានថ្លែងថា ភ្នែក របស់លោកពុំអាចជាសះស្បើយដូចដើមវិញ ឡើយ។

អ្នកឯកទេសរូបនេះ បានប្រាប់បុរសវ័យក្មេង រូបនេះ និងគ្រួសាររបស់លោកថា “ទោះបីជា លោកចំណាយប្រាក់ច្រើន យ៉ាងណាក៏ដោយ ការខូចខាត ដែលបានកើតមានចំពោះភ្នែក របស់លោកមិនអាចវះកាត់ ឲ្យជាសះស្បើយ ដូចដើមបានទេ។”

ប៉ុន្តែ នាថ្មីៗនេះ លោក សុផុន បានឭការ ផ្សាយពាណិជ្ជកម្ម តាមវិទ្យុរបស់ឱសថស្ថាន នេតឈ័រ ហ្គូដនេស ដែលមានទីតាំងនៅក្បែរ អាកាសយានដ្ឋាន ថាអាចផ្តល់ការព្យាបាលសម្រាប់មនុស្សដែលមើលពុំឃើញ។ 

ដោយទទួលបានការបរិច្ចាគប្រាក់ ចំនួនបីរយដុល្លារពីពាណិជ្ជករម្នាក់ ដែលដឹងពីទុក្ខលំបាក របស់ខ្លួនលោក សុផុន បានទៅពិគ្រោះជាមួយ វិជ្ជបណ្ឌិតម្នាក់ ដែលហៅខ្លួនឯងថា “លោកវិជ្ជបណ្ឌិតនេតឈ័រ”។ 

ក្រោយការពិគ្រោះយោបល់ លោកទទួលបាន វិជ្ជបញ្ជា ដែលតម្រូវឲ្យលោក ប្រើឱសថបី ប្រភេទក្នុងការព្យាបាល ភ្នែករបស់លោក។ ឱសថនោះមាន តម្លៃសរុប៣០៨ដុល្លារ។ 

លោក សុផុន បានចាកចេញពីឱសថស្ថាននោះជាមួយនឹងថ្នាំ Royal Jelly, Macula Saffron និង The Works ដែលជាថ្នាំប្រភេទវីតាមីន និងមានសារធាតុរ៉ែ។ 

ឱសថទាំងបីប្រភេទនេះ ត្រូវបានផ្សាយលក់ តាមប្រព័ន្ធអ៊ីនធើណិតក្នុងតម្លៃ ១០ដុល្លារ ៣៥ដុល្លារ និង៤២ដុល្លារ ក្នុងមួយប្រភេទ។

ឱសថពីរប្រភេទដំបូង ត្រូវបានផ្គត់ផ្គង់ដោយ ក្រុមហ៊ុនអូស្ត្រាលី ដែលមានឈ្មោះថា នេតឈ័រ ហ្គូដណេស ចំណែកឯឱសថ The Works ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Nutranomics ។

លោក Matt Noakes ប្រធានផ្នែកទីផ្សារ និង ផ្នែកលក់របស់ក្រុមហ៊ុន នេតឈ័រ ហ្គូដណេស ពុំបាននិយាយថា តើឱសថ Royal Jelly ឬ Macula Saffron អាចព្យាបាលភ្នែកងងឹត ឲ្យ ជាសះស្បើយ ឬយ៉ាងណាទេ។ ប៉ុន្តែ លោកបានលើកឡើងអំពីបញ្ហាតម្លៃរបស់វា។ 

លោក Noakes បាននិយាយនៅក្នុងសារអេឡិចត្រូនិចថា “ផលិតផលរបស់យើងត្រូវបាន លក់ជូន អ្នកចែកចាយនៅទ្វីបអាស៊ី អឺរ៉ុប និងតំបន់ប៉ាស៊ីហ្វិក ហើយយើងពិតជាពុំអាច គ្រប់គ្រងលើតម្លៃ ដែលលក់ចេញទៅឲ្យអ្នកប្រើប្រាស់នោះទេ។”

លោកថ្លែងបន្ថែមទៀតថា “ផលិតផលដែល លក់ចេញនោះ ពិតជាមានតម្លៃខ្ពស់មែន។ ខ្ញុំមិនធ្លាប់ឃើញអ្វីបែបនេះពីមុនទេ។ យើង ខ្លួនឯងមិនលក់ក្នុងតម្លៃបែបនេះទេ ហើយ យើងផ្តល់នូវតម្លៃត្រឹមត្រូវមួយ ជូនអ្នកចែកចាយរបស់យើងទាំងអស់។”

ទោះបីជាឱសថស្ថាននេះ មានដាក់រូបថត របស់វិជ្ជបណ្ឌិត George Kowalski ក៏ដោយ លោក Noakes និយាយថា វាពុំមានទំនាក់ទំនង អ្វីជាមួយវិជ្ជបណ្ឌិតរូបនោះឡើយ។

លោកថ្លែងថា “យើងពុំមានការពាក់ព័ន្ធអ្វីជាមួយឱសថស្ថាននេះទេ! លោក George Kowalski គឺជាប្រធានរបស់ខ្ញុំ ហើយលោក ពុំបានដឹងថា ពួកគេជានរណាឡើយ!”

រូបថតរបស់លោកក៏ត្រូវបានគេដាក់ នៅក្នុងគេហទំព័ររបស់ឱសថស្ថាននេះផងដែរ។

នៅឯខេត្តកណ្តាលវិញ លោក សុផុន បន្ត អនុវត្តតាមការណែនាំ របស់វិជ្ជបណ្ឌិតនេតឈ័រ។ លោកសង្ឃឹមថានឹងជាសះស្បើយក្នុង រយៈពេល៦ខែទៀត ប្រសិនបើលោកបន្តប្រើប្រាស់ឱសថរបស់ប្រទេសអូស្ត្រាលីនេះ។ 

Share and Like this post

Related Posts

Previous Article

ការការពារពាណិជ្ជសញ្ញាកំពុងត្រូវបានពង្រឹង

Next Article

«កម្ពុជាងាកទៅរកលទ្ធិប្រជាធិបតេយ្យបែបពហុបក្ស»