ស្រ្តីឆ្នើម៖ ពីភាពឯកោទៅកាន់ភាពជោគជ័យ

ដោយ នូ សុធាវី No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ព្រុំ វល័ក្ខ ហាក់បីដូចជាមានជីវិតមួយដ៏គួរឲ្យចាប់អារម្មណ៍។ ក្នុងនាមជាប្រធានគ្រប់គ្រងហាង Hugo Boss នៅឯផ្សារទំនើបវឌ្ឍនៈក្នុងទីក្រុងភ្នំពេញ វល័ក្ខ អង្គុយពិសារកាហ្វេតែម្នាក់ឯងនៅក្បែរអាងហែលទឹកលើដំបូលអគារស្នាក់នៅ ដ៏ប្រណីតរបស់នាង។ ជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្អាត នាងគឺជានារីម្នាក់ដែលឧស្សាហ៍ព្យាយាម។

វល័ក្ខ មានកំណើតនៅជំរំជនភៀសខ្លួនសុខ សាន ប្រទេសថៃ។ នាងនៅចាំបានថា គ្រួសារ របស់នាង បានចាកចេញពីជំរំនេះទៅកាន់ទីក្រុងបាងកក កាលពីនាងមានអាយុបីឆ្នាំ។

វល័ក្ខ និយាយថា “ឪពុករបស់ខ្ញុំយកខ្ញុំចេញពីជំរំទៅកាន់ទីក្រុងបាងកក។”

ការភ័យខ្លាច ដែលកើតមានចំពោះរូបនាងនៅ ក្នុងដំណើរដ៏វែងឆ្ងាយនោះ ដក់ជាប់នៅក្នុងអារម្មណ៍របស់នាងរហូតមក ជាពិសេសនៅ ពេលនាងត្រូវបានផ្ញើ នៅជាមួយមិត្តភក្រ្តិរបស់ គ្រួសារនាងខណៈឪពុក និងបងប្អូនប្រុសរស់នៅប្រទេសថៃ។

នាងថ្លែងថា “ឪពុករបស់ខ្ញុំតែងតែចង់ទៅសហរដ្ឋអាមេរិក ប៉ុន្តែគាត់មិនអាចទៅបានទេ ដូច្នេះ គាត់ក៏សម្រេចចិត្តថាលែងទៅវិញ។”

នៅពេលជំរំនេះត្រូវបានគេរំលាយចោលឪពុករបស់នាងបានយកនាងត្រឡប់មកទីក្រុងភ្នំពេញហើយបានផ្ញើនាង ជាមួយគ្រួសារមួយផ្សេងទៀត។ ការផ្លាស់ប្តូរលំនៅជាប្រចាំ បានធ្វើ ឲ្យ វល័ក្ខ ចង់ក្លាយជានារីអូតេស និងចង់ធ្វើ ដំណើរទៅកាន់ទីកន្លែងឆ្ងាយៗ។

អនាគតរបស់ វល័ក្ខ ស្ទើរតែឈានដល់ទីបញ្ចប់ នៅពេលគ្រួសារចិញ្ចឹមរបស់នាងបាន ប្រាប់នាងថា ពួកគេលែងមានលទ្ធភាពទំនុកបម្រុងការសិក្សារបស់នាងទៀត។ កូនប្រុសរបស់ពួកគេត្រូវចូលរៀននៅសាកលវិទ្យាល័យ ហើយពួកគេពុំមានថវិកាសម្រាប់ទំនុកបម្រុងកូនស្រីឡើយ។ 

ដោយមិនចង់ធ្វើជាអ្នកមើលថែផ្ទះឲ្យគេដោយ មិនទទួលបាន ប្រាក់ឈ្នួលនាងបានចាកចេញ ពីឪពុកម្តាយចិញ្ចឹមរបស់ខ្លួន។ គ្រួសាររបស់នាងនៅក្នុងប្រទេសថៃរស់នៅដោយវេទនា ស្ទើរ តែមិនអាចជួយខ្លួនឯងបានហើយពួកគេ បានផ្តាច់ទំនាក់ទំនងជាមួយ វល័ក្ខ នៅពេល នាងស្វែងរកការជ្រកកោន នៅក្នុងអង្គការមិន មែនរដ្ឋាភិបាលមួយ។ 

នាងថ្លែងថា “ឪពុករបស់ខ្ញុំប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំចូលអង្គការ ខ្ញុំគឺជាមនុស្សស្រីមិនល្អហើយ មានតែមនុស្សស្រីមិនល្អទេដែលចូលអង្គការ។”

ដោយមានភាពឯកា វល័ក្ខ បានសម្រេចចិត្តជ្រើសរើសផ្លូវដើរក្នុងជីវិត ដោយខ្លួនឯង។ បន្ទាប់ពីមានសេរីភាពពេញលេញ នាងក៏ ទទួល បាននូវចំណេះដឹងថ្មីៗជាច្រើន និងអាហារូបករណ៍មួយ ដែលផ្តល់លទ្ធភាពឲ្យនាង ធ្វើការបណ្តើរ រៀនបណ្តើរ នៅឯសណ្ឋាគារ ផ្កាយប្រាំក្នុងខេត្តសៀមរាប។ នៅទីបញ្ចប់ នាង ក៏បានជួបជាមួយស្វាមី ហើយជីវិតរបស់នាង ក៏ចាប់ផ្តើមមានពន្លឺឡើងវិញ។

ក្នុងពេលធ្វើការងារជាអ្នករត់តុ និងអ្នកគិតលុយ នាងក៏ទទួលបាន ការឧបត្ថម្ភមួយទៀត ដែលផ្តល់លទ្ធភាព សម្រាប់នាងក្នុង ការទៅសិក្សា ជំនាញរចនារូបភាព នៅឯប្រទេសបារាំង។ 

មួយឆ្នាំក្រោយមក នាងបានវិលត្រឡប់មកទីក្រុងភ្នំពេញ ក្នុងនាមជាអ្នករចនារូបភាពម្នាក់។ ប៉ុន្តែ នាងពុំមានការពេញចិត្តឡើយ។ នៅពេលបម្រើការងារ ឲ្យក្រុមហ៊ុនថតរូបក្នុងស្រុកមួយ វល័ក្ខ បានចាប់អារម្មណ៍ ចំពោះផ្នែក ម៉ូតសំលៀកបំពាក់ រួចហើយក៏ សម្រេចចិត្ត ចូលបម្រើការងារក្នុង ឧស្សាហកម្មម៉ូតសំលៀក បំពាក់។

ទំនាក់ទំនងការងារជាមួយទស្សនាវដ្តី និងក្រុមហ៊ុនម៉ូតសំលៀកបំពាក់បានជួយឲ្យនាង មានឱកាសធ្វើការជាមួយក្រុមហ៊ុនសំលៀកបំពាក់ Mango ។ ដោយចង់ឈានមួយកម្រិតទៀតនៅ ក្នុងអាជីពរបស់ខ្លួននាងបានដាក់ពាក្យធ្វើការនៅឯហាង Hugo Boss ។ ចាប់ពីពេលនោះមក នាងបន្តទទួលបានចំណេះដឹងថ្មីៗហើយមានឱកាសកាន់តែច្រើន ក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗ។

ក្នុងវ័យ ២៨ឆ្នាំ វល័ក្ខ មានផែនការជាច្រើនក្នុងការធ្វើដំណើរកម្សាន្ត និងទៅរស់នៅអឺរ៉ុបជាមួយស្វាមី ដោយបន្តនូវអាជីពរបស់ខ្លួនក្នុង ឧស្សាហកម្មម៉ូតសំលៀកបំពាក់។  

Share and Like this post

Related Posts

Previous Article

ការការពារពាណិជ្ជសញ្ញាកំពុងត្រូវបានពង្រឹង

Next Article

«កម្ពុជាងាកទៅរកលទ្ធិប្រជាធិបតេយ្យបែបពហុបក្ស»