cellcard cellcard

ក្រសួងមហាផ្ទៃនឹងចាប់ផ្តើមធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​នៅខែមេសា

ប៉ិច សុធារី / Khmer Times Share:
interior-minister-bun-hun
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានថ្លែងក្នុងទិវាសង្គមស៊ីវិល នៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកមិញ។ ប៉ិច សុធារី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) នឹងចាប់ផ្តើមធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅអំឡុងខែមេសាខាងមុខ ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងដំណើរការនិងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានថ្លែងក្នុងទិវាសង្គមស៊ីវិល នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងបានធ្វើសកម្មភាពនៅគ្រប់រាជធានី-ខេត្តក្នុងវិស័យសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងសង្គម ដែលករណីនេះ រាជរដ្ឋាភិបាល បានចាត់ទុកអង្គការសង្គមស៊ីវិល គឺជាដៃគូរដ៏មានសារៈសំខាន់ក្នុងការរួមចំណែកកសាងប្រទេសជាតិ។

លោកបន្តថា គិតចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជា មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៥៣៨៦ ប៉ុន្តែមានតែសមាគម និងអង្គការប្រហែលជិត ២ពាន់ ប៉ុណ្ណោះ ដែលបានបំពេញកាព្វកិច្ចផ្តល់ព័ត៌មានគណនី របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមកក្រសួងពាក់ព័ន្ធ ខណៈមានសមាគមនិងអង្គការចំនួន ៧៨៨ ប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃគិតមកដល់ពាក់កណ្តាលខែមីនានេះ។

លោកប៊ុន ហុន បាននិយាយថា៖ «ដូច្នេះហើយបានយើងធ្វើកិច្ចសហការជាមួយអង្គការ CCC ដើម្បីធ្វើជំរឿនសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរកឲ្យឃើញតួលេខពិត ព្រោះយើងមិនចង់ឃើញតួលេខប៉ោង ហើយអ្នកខ្លះតាំងពីបង្កើតមក គាត់មិនដែលធ្វើសកម្មភាពទេ ហើយជួនកាល គាត់បិទយូរឆ្នាំហើយ តែយើងមិនបានដឹងជាក់លាក់នៅឡើយ»។

លោកបានបន្ថែមថា៖ «ពេលជំរឿនហើយ យើងក៏មិនទាន់អាចសម្រេចថាត្រូវលុបឈ្មោះសមាគម ឬអង្គការដែលបាត់នោះភ្លាមដែរ គឺយើងត្រូវពិភាក្សាគ្នារកដំណោះស្រាយ ព្រោះយើងមិនចង់ឲ្យមានការយល់ច្រឡំរវាងអង្គការសង្គមស៊ីវិល ជាមួយនឹងរាជរដ្ឋាភិបាលទេ ព្រោះកន្លងមក រាជរដ្ឋាភិបាលតែងតែអត់ឱន តែងតែអធ្យាស្រ័យ ផ្តល់ការលើកទឹកចិត្ត និងជួយជំរុញដល់ពួកគាត់ ព្រោះពួកគាត់ជាដៃគូរដ៏មានសក្តានុពលក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិយើង»។

ប្រធានទំនាក់ទំនង និងអភិវឌ្ឍន៍សមាជិកនៃអង្គការ CCC អ្នកស្រី ស៊ិន ពុទ្ធារី បានមានប្រសាសន៍ថា ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គ្រោងនឹងចាប់ផ្តើមនៅក្នុងអំឡុងខែមេសា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ដោយប្រើប្រាស់ពេលវេលាប្រមាណជា៣ខែ។ លោកស្រីបន្តថា៖ «ក្រោយពីបានចុះធ្វើជំរឿនហើយ យើងនឹងប្រមូលទិន្នន័យនិងព័ត៌មានដើម្បីធ្វើការផ្ទៀងផ្ទាត់ ហើយយើងក៏នឹងមានការបញ្ជូលទិន្នន័យទាំងអស់នេះទៅក្នុងប្រព័ន្ធអនឡាញផងដែរ»។

លោកស្រីបន្ថែមថា៖ «ការធ្វើជំរឿនអង្គការសង្គមស៊ីវិលនេះ គឺវាជួយច្រើន ដែលអាចឲ្យយើងដឹងថាតើក្នុងមួយឆ្នាំៗអង្គការសង្គមស៊ីវិលបានជួយ និងចូលរួមការអភិវឌ្ឍហ្នឹងកម្រិតណា ហើយមួយទៀត គឺអាចជួយឲ្យសង្គមស៊ីវិលធ្វើការងារមិនជាន់គ្នា និងអាចជួយសហការផ្តល់ទិន្នន័យឲ្យគ្នាទៅវិញទៅមកបាន»។

ចំណែក លោកស្រី ណេត ចិន្តា នាយិកាអង្គការធ្វើឲ្យប្រសើរឡើងដល់សេវាព្យាបាល ការប្រាស្រ័យទាក់ទង និងលេបអាហារនៅកម្ពុជា (Organization to improve Communication and Swallowing Therapy Services in Cambodia-OIC) បានគាំទ្រចំពោះការធ្វើជំរឿននេះ ដើម្បីឲ្យបានដឹងពីចំនួនពិតប្រាកដរបស់សមាគម និងអង្គការនៅកម្ពុជា និងថាតើសមាគមនិងអង្គការទាំងនោះបានធ្វើសកម្មភាពអ្វីខ្លះ។

តែយ៉ាងណា លោកស្រីក៏បានស្នើដល់ក្រសួងមហាផ្ទៃ មានការយោគយល់ និងកុំដាក់ពិន័យទៅលើសមាគម និងអង្គការទាំងឡាយណា ដែលពុំទាន់បានដាក់ឯកសារនិងរបាយការណ៍សកម្មភាពរបស់ពួកគេទៅក្រសួង។ អ្នកស្រីថា៖ «ព្រោះរឿងនេះវាថ្មីពេក ហើយអង្គការខ្លះនៅមិនទាន់បានរៀបចំខ្លួននៅឡើយទេ ហើយអង្គការខ្លះពឹងផ្អែកលើម្ចាស់ជំនួយពីក្រៅប្រទេស អីចឹងការងាររបស់យើងរវល់ច្រើន ជាពិសេសចុងឆ្នាំគឺត្រូវធ្វើរបាយការណ៍ទៅម្ចាស់ជំនួយ»។

បើតាម នាយិកាប្រចាំប្រទេសកម្ពុជាអង្គការ ActionAid និងជាប្រធានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ CCC លោកស្រី ហ៊ុន បូរមី ការប្រារព្ធទិវាសង្គមស៊ីវិល ថ្ងៃទី១៩មិនានេះ ជាការប្រារព្ធទិវាលើកដំបូង ដែលផ្តល់ឱកាសដល់តំណាងអង្គការសង្គមស៊ីវិល តំណាងមន្ត្រីរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ដែលបានចូលរួមប្រមាណ ៣០០នាក់ អាចពង្រឹងកិច្ចសហប្រតិបត្តិការណ៍ និងអាចចែករំលែកព្រឹត្តិការណ៍សំខាន់ៗដែលជាជោគជ័យរបស់ខ្លួន បញ្ហាប្រឈមកាលពីឆ្នាំចាស់ និងដើម្បីកំណត់យុទ្ធសាស្ត្រការងារសម្រាប់ឆ្នាំបន្ទាប់ៗទៀត។

ក្នុងទិវានោះដែរ ក្រុមអង្គការសង្គមស៊ីវិល ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលពួកគេបានជួបប្រទះកន្លងមក ដូចជាការរិតត្បិតសិទ្ធិសេរីភាពក្នុងការជួបប្រជុំ ការដង្ហែក្បួន ការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានជាដើម ដោយពួកគេបានស្នើដល់រាជរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហាទាំងនេះ៕

Previous Article

ធនាគារឯកទេសវីងឈ្នះពានរង្វាន់ “ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល”

Next Article

ការសិក្សា៖ ប្រទេសកម្ពុជា​មាន​សក្តានុពល​ផលិត​ វាយោអគ្គិសនី