«កម្ពុជាងាកទៅរកលទ្ធិប្រជាធិបតេយ្យបែបពហុបក្ស»

ដោយ រស់ ចាន់វាសនា No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ទេសរដ្ឋមន្ត្រី អៀង មូលី គឺជាអតីតប្រធានគណបក្សសេរីនិយមព្រះពុទ្ធ សាសនា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ គណបក្សនេះពុំទទួលបានសូម្បីតែមួយអាសនៈក្នុងការបោះឆ្នោតឆ្នាំ១៩៩៨។ បច្ចុប្បន្ន លោក មូលី គឺជាទេសរដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ កាសែតខ្មែរថាមស៍បានធ្វើបទសម្ភាសន៍មួយជា មួយលោក ដោយចង់ដឹងពីទស្សនៈរបស់លោកពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយដែលមានការប្រែប្រួល រួមទាំងផលប៉ះពាល់ដែលគណបក្សនយោបាយថ្មីតូចៗ មានចំពោះការបោះឆ្នោតអាណត្តិក្រោយ។ 
 
ខ្មែរថាមស៍៖ មានគណបក្សនយោបាយជាង ៤០នឹងចូលរួមក្នុងការបោះឆ្នោតអាណត្តិក្រោយ។ តើវានឹងមានផលប៉ះពាល់អ្វីខ្លះ?

លោក មូលី៖ ប្រសិនបើមានគណបក្សជាច្រើនចូលរួមក្នុងការបោះឆ្នោត វាគឺជារឿងមួយល្អ។ វាមានន័យថា ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកំពុងមានការវិវឌ្ឍទៅមុខ ហើយប្រទេសកម្ពុជាកំពុងអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ 

ខ្មែរថាមស៍៖ តើការបង្កើត និងការបង្កើតឡើងវិញនូវគណបក្សហ៊្វុនស៊ីនប៉ិច ជាមួយនឹងគណ បក្សតូចៗដទៃទៀត គឺជាយុទ្ធសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬយ៉ាងណា?

លោក មូលី៖ ខ្ញុំមិនគិតថា វាគឺជាយុទ្ធសាស្ត្រនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ឱកាសឲ្យគណបក្សជាច្រើនចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើសកម្មភាព នយោបាយឡើយ។ នេះគ្រាន់តែជាលទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលត្រូវបានចែងក្នុងច្បាប់កំពូលរបស់ប្រទេសប៉ុណ្ណោះ។ 

គណបក្សកាន់អំណាចមិនដែលបរិច្ចាគថវិកា ឬផ្តល់ការគាំទ្រដល់គណបក្ស តូចណាមួយដើម្បីប្រកួតប្រជែងជាមួយ គណបក្សប្រឆាំងឡើយ។ ផ្ទុយទៅវិញ គណបក្សតូចៗបាន និងកំពុងដំណើរការដោយសារថវិការបស់ខ្លួនផ្ទាល់។ 

ខ្មែរថាមស៍៖ គណបក្សតូចៗ ដូចជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាច ខ្មែរ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើសកម្មភាពនយោបាយ។ មន្ត្រីគណបក្សសង្រ្គោះជាតិបានចោទថា គណបក្សប្រជាជន ចង់បំបែក សម្លេងឆ្នោត របស់គណបក្ស សង្រ្គោះជាតិ។ តើវាគឺជាការពិតដែរឬទេ?

លោក មូលី៖ ខ្ញុំគិតថា មន្ត្រីគណបក្សសង្រ្គោះជាតិ ទាំងនោះ មិនយល់ពីអត្ថន័យនៃរបបប្រជាធិបតេយ្យពហុបក្សនៅកម្ពុជាឡើយ។ ប្រហែលជាគណ-បក្សសង្រ្គោះជាតិមានការព្រួយបារម្ភ អំពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ គណបក្សសង្រ្គោះជាតិបាន និង កំពុងប្រើប្រាស់យុទ្ធសាស្ត្រដដែលៗ ជាច្រើនឆ្នាំមកហើយ ក្នុងការបំភាន់ និងបញ្ចុះបញ្ចូលអ្នក បោះឆ្នោត ប៉ុន្តែបច្ចុប្បន្ន មនុស្សគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់អំពីភាពទុច្ចរិតរបស់គណ-បក្សសង្រ្គោះជាតិ ហើយគ្មាននរណាជឿពួកគេឡើយ។ 

ខ្មែរថាមស៍៖ តើគណបក្សតូចៗរំពឹងថា នឹងទទួលបានអ្វីបន្ទាប់ពីការបោះឆ្នោតលើកក្រោយ?

លោក មូលី៖ ខ្ញុំមិនគិតថា យើងអាចនិយាយបែបនេះ ចំពោះគណបក្សទាំងអស់បានទេ។ ប៉ុន្តែ សម្រាប់គណ-បក្សហ៊្វុនស៊ីនប៉ិច ប្រសិនបើគេអាចទទួលបានមួយអាសនៈនៅរដ្ឋសភា គេនឹងមានឱកាសចូលរួមក្នុងរដ្ឋាភិបាល ក្នុងនាមជាដៃគូជាមួយគណបក្សប្រជាជន។

យើងត្រូវតែទទួលស្គាល់ថា គណបក្សហ៊្វុនស៊ីនប៉ិច គឺជាគណបក្សសំខាន់មួយ។ វាបានរួមចំណែកក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ហើយគឺជាភាគីមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ខ្មែរថាមស៍៖ ខណៈសកម្មជន និងមន្ត្រីជាច្រើនរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួន តើវា គឺជាទីបញ្ចប់នៃវប្បធម៌សន្ទនាដែរឬទេ? តើទំនាស់ព្រំដែនជាមួយប្រទេសវៀតណាម គឺជាបញ្ហាក្តៅ ឬយ៉ាងណា?

លោក មូលី៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វប្បធម៌សន្ទនានឹងនៅតែជាយន្តការដ៏មានប្រយោជន៍ មួយក្នុងការដោះស្រាយ បញ្ហានយោបាយក្នុងប្រទេស។ ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ពុំបានបង្ហាញឲ្យឃើញថាខ្លួន គឺជាមិត្តពិតរបស់ គណបក្សប្រជាជនឡើយ។

ទោះបីជាលោក សម រង្ស៊ី តែងតែ ព្យាយាមស្វែងរកការសម្របសម្រួលផ្នែក នយោ-បាយជាមួយ សម្តេច ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាក៏ដោយ សមាជិករបស់លោកនៅតែបន្តការវាយប្រហារមកលើសម្តេច ហ៊ុន សែន និងរដ្ឋាភិបាល។

តាមពិត សមាជិកសភាគណបក្សប្រឆាំងមួយចំនួនបានធ្វើឲ្យមានស្ថានភាពតានតឹង ដោយ ក្លែងឯកសារសាធារណៈ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។

តើវប្បធម៌សន្ទនាបានចប់ហើយឬនៅ? វាអាស្រ័យនឹងគណបក្សប្រឆាំង។ តើពួកគេចង់ដើរទៅមុខ ឬថយក្រោយ?

ខ្មែរថាមស៍៖ បញ្ហានយោបាយកំពុងឡើងកម្តៅ។ រដ្ឋាភិបាលបានបន្ទោសគណបក្សសង្រ្គោះជាតិចំពោះបញ្ហានេះ។ តើវាត្រឹមត្រូវដែរឬទេ?

លោក មូលី៖ ត្រឹមត្រូវ។ ប្រហែលជាដោយសារថ្នាក់ដឹកនាំគណបក្សប្រឆាំង ខ្លាចបាត់បង់ប្រជាប្រិយភាពពីអ្នកគាំទ្រ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិសម្រេចចិត្តចូលសភា។ ក្នុងពេលតវ៉ា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសន្យាច្រើនពេកចំពោះប្រជាពលរដ្ឋ រួមទាំង សន្យាថានឹងមិនចូលសភាឡើយ។ ប៉ុន្តែទីបញ្ចប់តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានចូលសភា។

ដូច្នេះ ពួកគេបាន និងកំពុងព្យាយាមស្វែងរកមធ្យោបាយ និងយន្តការថ្មី ដើម្បីបង្កបញ្ហា រួម បញ្ចូលទាំងបញ្ហាអន្តោប្រវេសន៍ និងព្រំដែន ដោយចង់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ខ្មែរថាមស៍៖ តើលោកគិតថា គណបក្សប្រជាជនអាចឈ្នះការបោះឆ្នោត អាណត្តិក្រោយដែរ ឬទេ?

លោក មូលី៖ កំណែទម្រង់ស៊ីជម្រៅកំពុងត្រូវបានអនុវត្តក្នុងវិស័យសេវាសាធារណៈដោយ ផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាព និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច រួមបញ្ចូលទាំង ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ប្រាក់បៀវត្សមន្ត្រីរាជការ កំពុងកើនឡើង ហើយយន្តការផ្តល់សេវាសាធារណៈកំពុងមានភាពប្រសើរឡើង។

ប៉ុន្តែ កំណែទម្រង់ស៊ីជម្រៅទាំងនេះពុំមែនមានន័យថា រដ្ឋាភិបាលកំពុងធ្វើដើម្បីទទួលបាន សម្លេងឆ្នោតនោះឡើយ។ វាគឺជាភារកិច្ចរបស់រដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្រ្គោះជាតិនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ហើយនឹងដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិក្រោយទៀត។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ រឿងរ៉ាងជីវិតជួយយុវជនទទួលបានឱកាសទៅចូលរួមការប្រកួតនៅប៊្រុយណេ

Next Article

យុវវ័យឆ្នើម៖ អ្នកច្នៃម៉ូតវ័យក្មេងអំពាវនាវឲ្យមានការគាំទ្រក្នុងស្រុកកាន់តែច្រើន