ការអប់រំប្រកបដោយគុណភាព

ដោយ Vincent Maclsaac No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – នៅពេលលោក លី វីរៈ វិលត្រឡប់ពីប្រទេសកាណាដា មកទីក្រុងភ្នំពេញវិញ រូបលោក និងភរិយារបស់លោក បានជួបប្រទះនូវបញ្ហាមួយ គឺពួកគេមិនអាចស្វែង រកមត្តេយ្យសាលាមួយដែលល្អសម្រាប់កូនរបស់ខ្លួន ដូចកាលពីពេលមុន។ 

លោក វីរៈ ដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធុរកិច្ចមកពីសាកលវិទ្យាល័យ Concordia នៃទីក្រុងម៉ុងរេអាល់ បានទទួលស្គាល់ថា វាក៏ជាឱកាសសម្រាប់អាជីវកម្មផងដែរ។ លោកបានកំណត់យកការអប់រំក្មេង ដែលមានតម្លៃសមរម្យ ប៉ុន្តែប្រកបដោយគុណភាព។ 

លោកបានទិញយីហោមត្តេយ្យសាលាឯកជនរបស់ប្រទេសកាណាដាមួយ ដែលមានឈ្មោះថា Learning Jungle ហើយបានបើកសាខាទីមួយនៅទីក្រុងភ្នំពេញកាលពី ខែមករា ឆ្នាំ២០១៤។ លោកថ្លែងថា ការសិក្សានៅសាលារបស់លោក មានតម្លៃពាក់កណ្តាលនៃសាលាដែលមានគុណភាពដូចគ្នា។ 

Learning Jungle គឺជាសាលាដែលទទួលបានជោគជ័យ។ សាខាទីពីរបានចាប់ដំណើរការកាលពីដើមឆ្នាំនេះ ដែលផ្តល់លទ្ធភាពឲ្យក្មេងសិក្សារហូតដល់ថ្នាក់ទីពីរ។ ជាសរុប សាលាទាំងពីរនេះ មានសិស្សប្រហែល២០០នាក់។ នៅចុងឆ្នាំក្រោយ សាលានឹងបើកសាខាមួយទៀតដែលនឹងបង្រៀនរហូតដល់ថ្នាក់ទី១២។ វានឹងអាចទទួលសិស្សឲ្យចូលរៀនបានចំនួន៥០០នាក់។ 

សាលា Learning Jungle ប្រើកម្មវិធីសិក្សាតាមខេត្ត Ontario ដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសកាណាដា។ កម្មវិធីសិក្សានេះគឺផ្អែកលើការស្រាវជ្រាវជាងមួយសតវត្សរ៍ ដែលបានធ្វើឡើងនៅឯវិទ្យាស្ថាន Ontario នៃសាកលវិទ្យាល័យ Toronto ។ មជ្ឈមណ្ឌលស្រាវជ្រាវទាំង១៩ របស់វិទ្យាស្ថាននេះ ដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌល Atkinson ដើម្បីការអភិវឌ្ឍសង្គម និងកុមារ បានប្រើប្រាស់កម្មវិធីសិក្សានេះជាផ្នែកមួយដ៏សំខាន់បំផុតនៃកំណែទម្រង់ការអប់រំនៅទូទាំងសាកលលោក។ 

វិធីសាស្ត្រអប់រំកុមារដែលកើតចេញពីវិទ្យាស្ថាននេះគឺមានភាពសាមញ្ញផង និងភាពស្មុគស្មាញផង។ ក្មេងត្រូវបានគេវាយតម្លៃ ដោយផ្អែកលើសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ ពួកគេ ហើយគ្រូបង្រៀនក្មេងទៅតាមចំណង់ចំណូលចិត្តធម្មជាតិរបស់ក្មេង តាមរយៈការលេង និងការប្រាស្រ័យទាក់ទងក្នុងសង្គម។ ការបង្រៀនពុំមែនផ្តោតទៅលើគ្រូឡើយ ប៉ុន្តែវាត្រូវបានរៀបចំឡើង ដើម្បីបង្កើតអារម្មណ៍រំភើបដល់ក្មេង។ ជារៀងរាល់ថ្ងៃសកម្មភាពថ្មីមួយត្រូវគេបញ្ចូលក្នុងការកម្មវិធីសិក្សា ដែលមានដូចជា ហែលទឹក សិល្បៈ កុំព្យូទ័រ និងតន្ត្រី ដើម្បីឲ្យក្មេងទទួលបានអារម្មណ៍រំភើប។

កញ្ញា វីតនី ម៉ាទីនដែលជាគ្រូបង្រៀនសញ្ជាតិកាណាដា បានពន្យល់ថា សាលាពុំលើកទឹកចិត្តឲ្យមានការប្រៀបធៀបការវិវឌ្ឍរបស់ក្មេងម្នាក់ជាមួយនឹងក្មេងម្នាក់ទៀតឡើយ។ កញ្ញា ម៉ាទីន ថ្លែងថា “ក្មេងមានការវិវឌ្ឍខុសពីគ្នា។ វាគឺជាបញ្ហាសំខាន់ដែលយើងត្រូវដឹង និងត្រូវយកចិត្តទុកដាក់លើការពង្រឹងភាពជឿជាក់របស់ពួកគេដើម្បីទទួលបានជោគជ័យក្នុងជីវិត។”

កញ្ញាបន្តថ្លែងថា “យើងជម្រុញការធ្វើការងារជាក្រុមឲ្យបានច្រើន។ ជារឿយៗ ក្មេងដើរតួជាគ្រូ។ប្រសិនបើក្មេងម្នាក់មិនអាចនិយាយពាក្យមួយបានទេ ក្មេងដទៃនឹងជួយគេ។”

ឪពុកម្តាយ ក៏ត្រូវបានលើកទឹកចិត្តមិនឲ្យប្រៀបធៀបកូនរបស់ខ្លួន ជាមួយកូនអ្នកដទៃដែរពីព្រោះ វាអាចប៉ះពាល់ដល់ភាពជឿជាក់ និងដំណើរការរៀនសូត្ររបស់ក្មេង។ កញ្ញា ម៉ាទីន ថ្លែងថា “យើងបង្កើនភាពជឿជាក់ និងភាពស្មើគ្នា ដើម្បីឲ្យក្មេងម្នាក់ៗមានភាពជឿជាក់ឆ្ពោះទៅរកជោគជ័យក្នុងជីវិត។”

កញ្ញានិយាយថា អ្វីដែលសំខាន់គឺត្រូវវាយតម្លៃសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ក្មេងនីមួយៗ ដែលជាចំណុចចាប់ផ្តើមក្នុងការបង្ហាត់បង្រៀននូវចំណេះដឹង និងជំនាញផ្សេងៗ។ 

កញ្ញា ម៉ាទីន និយាយថា ការជម្រុញឲ្យមានការចូលរួមពីឪពុកម្តាយ គឺមានសារៈសំខាន់ចំពោះ ការរៀនសូត្ររបស់ក្មេង។ កញ្ញាពន្យល់ថា ក្មេងភាគច្រើនរៀនពីឪពុកម្តាយ ដោយសារពួកគេភាគ ច្រើននៅផ្ទះ។ កញ្ញាថ្លែងថា “យើងត្រូវការសហគមន៍មួយសម្រាប់អប់រំក្មេងម្នាក់ ដើម្បីជម្រុញភាពជោគជ័យរបស់គេ។”

លោក វីរៈ ថ្លែងថា នៅសាលា Learning Jungleកម្មវិធីសិក្សាទាំងអស់ ត្រូវគេបង្ហោះលើគេហ-ទំព័រសម្រាប់ឪពុកម្តាយអាចតាមដាន ខណៈគ្រូ ក្មេង និងឪពុកម្តាយមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។

ឪពុកម្តាយភាគច្រើន ដែលបញ្ជូនកូនមករៀននៅសាលារបស់លោកគឺមានវ័យ២០ឆ្នាំក្រាស់ និង៣០ឆ្នាំស្តើង។ លោកថ្លែងថា ពួកគេជាច្រើនបានសិក្សានៅបរទេស និងបានឃើញការអប់រំនៅប្រទេសដទៃ។ លោក វីរៈ លើកឡើងថា “ពួកគេដឹងថាកូនរបស់ពួកគេត្រូវការចេះភាសា ជាច្រើន ប្រសិនបើពួកគេចង់ទទួលបានជោគជ័យនាពេលអនាគត។”

ការបង្រៀនទាំងអស់ចាប់ពីម៉ោង៧.៣០នាទីព្រឹកដល់ម៉ោង២.៣០នាទីរសៀលគឺធ្វើឡើងជាភាសាអង់គ្លេស ប៉ុន្តែចាប់ពីម៉ោង៣រសៀលទៅ គេនឹងផ្លាស់ប្តូរភាសាក្នុងការបង្រៀន ដើម្បីឲ្យក្មេងអាចរៀនភាសាខ្មែរ។ 

លោក វីរៈ ថ្លែងថា “យើងបានបញ្ចូលវប្បធម៌ខ្មែរទៅក្នុងកម្មវិធីសិក្សា។”

លោកនិយាយថា ការប្រកួតប្រជែងរវាងសាលាឯកជនកំពុងមានសភាពខ្លាំងក្លា ប៉ុន្តែលោកគិតថាវាគឺជារឿងល្អ។ ឪពុកម្តាយកាន់តែមានការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ ដែលមានគុណភាពខ្ពស់ ហើយពួកគេកំពុងពិនិត្យមើលជម្រើសដែលខ្លួនមាន យ៉ាងហ្មត់ចត់។ លោក វីរៈ និយាយថា នេះគឺជាការផ្លាស់ប្តូរមួយ ដែលលោកបានរំពឹងទុក។ សាលារបស់ លោកមានសមាមាត្រទាបបំផុតនៃចំនួនសិស្សធៀបនឹងចំនួនគ្រូនៅក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា គ្រូបរទេសម្នាក់ត្រូវ បង្រៀនក្មេងចំនួន ១៥នាក់ ដែលភាគច្រើនមកពីប្រទេសកាណាដា និងអូស្ត្រាលី រួមទាំងគ្រូខ្មែរចំនួនបីនាក់ ដែលសុទ្ធតែនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ រឿងរ៉ាងជីវិតជួយយុវជនទទួលបានឱកាសទៅចូលរួមការប្រកួតនៅប៊្រុយណេ

Next Article

នាយករដ្ឋមន្ត្រីបញ្ជាចាប់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង