ភាពយន្តពាក់ព័ន្ធនឹងរដ្ឋប្រហារដែលថតនៅថៃត្រូវហាមមិនឲ្យបញ្ចាំងនៅកម្ពុជា

ដោយ Jonathan Cox និង ទីន សុខាវុធ No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ភាពយន្តហូលីវូដមួយសម្តែងដោយ អូវិន វីលសុន ត្រូវបានហាមមិនឲ្យបញ្ចាំងដោយក្រសួងវប្បធម៌ដោយសារមានឈុតមួយ ដែលបង្ហាញពីនគរបាលបង្ក្រាបកុបកម្មកាន់ខែលដែលមានសរសេរអក្សរខ្មែរ។ វាគឺជាភាពយន្តទីពីរ បន្ទាប់ពីភាពយន្តរឿង 50 Shades of Grey ដែលត្រូវបានហាមមិនឲ្យបញ្ចាំងក្នុងឆ្នាំនេះ ដោយមន្ត្រីរបស់ក្រសួងបានហៅវាថាជាការប្រមាថមកលើប្រទេសកម្ពុជា។ 

នៅក្នុងភាពយន្ត ដែលដឹកនាំដោយលោក ចន ដៅដឺល នេះ លោក វីលសុន ដើរតួរជាធុរជនម្នាក់ ដែលជួបប្រទះនូវហេតុការរដ្ឋប្រហារដ៏សាហាវមួយក្នុងប្រទេសមួយនៃតំបន់អាស៊ីអាគ្នេយ៍។ ក្រោយមក លោក វីលសុន បានប៉ុនប៉ងភៀសខ្លួនចេញជាមួយ គ្រួសាររបស់លោក ។ ភាពយន្តនេះគ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី២៦ ខែសីហា។

ឈុតជាច្រើននៅក្នុងភាពយន្ត នេះបានបង្កឲ្យមានការខឹងសម្បារនៅតាមបណ្តាញសង្គម ហ្វេសបុ៊កក្នុងប្រទេសកម្ពុជា នៅពេលវាត្រូវបានចេញផ្សាយ។ តួអង្គអាក្រក់ក្នុងភាពយន្តនេះ គឺមន្ត្រីនគរបាល ដែលកាន់ខែលមានសរសេរអក្សរខ្មែរបញ្ច្រាស់ជើង និងតួអង្គជាច្រើនដែលពាក់ក្រមា។ 

ប្រជាជនខ្មែរមិនពេញចិត្ត ដោយសារវាមានភាពស្រដៀងគ្នាជាមួយនឹងប្រទេសកម្ពុជា។លោក ជា បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា ថ្លែងថា ភាពយន្តនេះអាចត្រូវបានគេបកស្រាយថា ជាការបង្ហាញឲ្យឃើញនូវចលាចលដែលបានកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣។ 

លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាពនៃក្រសួងវប្បធម៌ ថ្លែង ថា “នៅពេលប្រជាពលរដ្ឋទស្សនាភាពយន្តនោះ ពួកគេនឹងគិតថាប្រទេសរបស់យើងពោរពេញទៅដោយអំពើហិង្សា។ តួអង្គស្លៀកពាក់សំលៀកបំពាក់ខ្មែរ ហើយត្រូវបានគេធ្វើឲ្យមើលទៅដូចយោធាខ្មែរ។” លោកថ្លែងបន្ថែមទៀតថា ការសម្តែងការមិនពេញចិត្តនៅតាមបណ្តាញ សង្គមហ្វេសប៊ុកបានជម្រុញឲ្យក្រសួងវប្បធម៌ធ្វើការហាមចំពោះភាពយន្តនេះ។

ភាពយន្តនេះភាគច្រើនត្រូវបានថតនៅឈាងម៉ៃ និងឡាំផាង នៃភាគខាងជើងប្រទេសថៃ កាលពីឆ្នាំ២០១៣ ហើយអ្នករិះគន់មួយចំនួននិយាយថាវាបង្ហាញពីរដ្ឋប្រហារនៅប្រទេសថៃ កាលពីឆ្នាំ២០០៦។ 

លោក បូរ៉ា ថ្លែងថា ការប្រើអក្សរខ្មែរគឺទំនងជាធ្វើឡើង ដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរថៃក្នុងការថតភាពយន្តនេះក្នុងប្រទេសថៃ។ ភាពយន្តនេះបានឆ្លងកាត់ការត្រួតពិនិត្យខ្លឹមសារ ដោយអាជ្ញាធរថៃរួចហើយ ហើយនឹងត្រូវដាក់បញ្ចាំងនៅតាមរោងកុនក្នុងប្រទេសថៃនៅចុងឆ្នាំនេះ។

ក្រសួងវប្បធម៌កម្ពុជា បានព្យាយាមទាក់ទងផលិតករភាពយន្តនេះ ដើម្បីដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងឈុតដែលប៉ះពាល់ដល់ប្រទេសកម្ពុជា។ ពួកគេថ្លែងថា ការកែសម្រួលបន្តិចបន្តួច ចំពោះឈុតដែលមានបង្ហាញអក្សរខ្មែរ នឹងធ្វើឲ្យភាពយន្តកាន់តែមានភាពសក្តិសមចំពោះទស្សនិជនខ្មែរ។ ប៉ុន្តែ ផលិតករភាពយន្តនេះពុំទាន់ឆ្លើយតបនៅឡើយទេ។លោក បូរ៉ា ថ្លែងថា “ខ្ញុំមិនគិតថាពួកគេមានការចាប់អារម្មណ៍ទេ។”

លោក បូរ៉ា និយាយថា “មានវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ ប្រសិនបើផលិតករ ព្រមកាត់ឈុតនោះចេញ។ ផលិតករទាំងនោះគួរតែស្គាល់អំពីយើង និងគិតគូរដល់វប្បធម៌ របស់យើង ប៉ុន្តែ ពួកគេពុំធ្វើដូច្នោះឡើយ។”

ប្រសិនបើប្រៀបធៀបជាមួយប្រទេសជិតខាង ការត្រួតពិនិត្យខ្លឹមសារ ទៅលើភាពយន្តមុនពេលដាក់បញ្ចាំងមិនសូវមានភាពខ្លាំងក្លាទេនៅក្នុងប្រទេសកម្ពុជា ហើយលោក បូរ៉ា ថ្លែងថា ការត្រួតពិនិត្យខ្លឹមសារនៃភាពយន្តនេះ គឺមិនមែនដើម្បីរឹតត្បិតលើការបញ្ចេញមតិឡើយប៉ុន្តែគឺ ដើម្បីការពារកិត្តិយសរបស់កម្ពុជា។ 

បទល្មើសផ្សេងទៀត ដែលបណ្តាលឲ្យមានការហាមមិនឲ្យមានការចែកចាយភាពយន្តនៅក្នុងប្រទេសកម្ពុជា រួមមាន ការប្រមាថដល់ព្រះពុទ្ធសាសនា ខ្លឹមសារដែលប៉ះពាល់ដល់សីលធម៌ និងការប្រមាថដល់ប្រវត្តិសាស្ត្រកម្ពុជា។ 

ភាពយន្តថៃបែបរន្ធត់មួយ កាលពីឆ្នាំ២០០៦ដែលមានចំណងជើងថា “ល្បែងខ្មោច” ត្រូវបានហាមមិនឲ្យបញ្ចាំង ពីព្រោះវាមានលក្ខណៈស្រដៀងគ្នានឹងមន្ទីរស២១ទួលស្លែង។

លោក បូរ៉ា ថ្លែងថា សមាគមភាពយន្តកំពុងសហការជាមួយរដ្ឋាភិបាល ដើម្បីបង្កើត លក្ខខណ្ឌក្នុងការវាយតម្លៃទៅលើភាពយន្ត។ ថ្មីៗនេះ ក្រសួងវប្បធម៌បានបង្កើតប្រព័ន្ធវាយតម្លៃថ្មីមួយ ប៉ុន្តែពុំទាន់កំណត់អំពីវិធានច្បាស់លាស់ក្នុងការវាយតម្លៃ ទៅលើភាពយន្តនៅឡើយទេ។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ រឿងរ៉ាងជីវិតជួយយុវជនទទួលបានឱកាសទៅចូលរួមការប្រកួតនៅប៊្រុយណេ

Next Article

ស្រ្តីឆ្នើម៖ ភាពជោគជ័យក្នុងការងារសិល្បៈ