ស្រ្តីឆ្នើម៖ អ្នកផលិតភាពយន្តដ៏ប៉ិនប្រសប់

ដោយ នូ សុធាវី No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ខណៈពិធីបុណ្យខ្សែភាពយន្តខ្មែរប្រចាំឆ្នាំលើកទីបីគ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងឡងប៊ិចរដ្ឋកាលីហ្វូញ៉ាក្នុងខែកញ្ញា កាសែតខ្មែរថាមស៍បានឆ្លៀតឱកាសជួបជាមួយអ្នកផលិតភាពយន្តម្នាក់ឈ្មោះ Caylee So ។ 

មានកំណើតនៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ កញ្ញា So បានទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់នាងកាលពីអាយុ៣ឆ្នាំ។នាងបានចូលរៀននៅសាលាយោធា Army National Guard ក្នុងអាយុ ១៨ឆ្នាំ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ។ 

កញ្ញា So បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកការសរសេរបែបច្នៃប្រឌិតពីសាកលវិទ្យាល័យ George Mason ។ ប៉ុន្តែ នាងចាប់អារម្មណ៍វិស័យភាពយន្ត។ កញ្ញា So បានពន្យល់ថា“បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រទេសអីុរ៉ាក់ខ្ញុំមានការចាប់អារម្មណ៍លើដំណើររឿងរបស់ មនុស្ស។ នៅពេលខ្ញុំវិលត្រឡប់មកផ្ទះវិញ ខ្ញុំបានសម្រេចថាចង់ក្លាយជាអ្នកផលិតភាពយន្តម្នាក់។” 

ក្នុងវ័យ ២៨ឆ្នាំ កញ្ញា So ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយអ្នកផលិតភាពយន្តវ័យក្មេងដទៃទៀត និងមិត្តរួមថ្នាក់របស់នាង ហើយទទួលបានអនុបណ្ឌិតផ្នែកភាពយន្តនៅសាកលវិទ្យាល័យ Chapman រដ្ឋកាលីហ្វូញ៉ា។

ដោយសារការខិតខំរបស់ខ្លួន នាងបន្តទទួលបានការទទួលស្គាល់ និងរង្វាន់ជាច្រើន។

កាលពីឆ្នាំ ២០០២ កញ្ញា So បានបាត់បង់ម្តាយរបស់នាងដោយសារជំងឺសរសៃឈាមខួរក្បាល ។ នាងនៅចងចាំបានថា “ខ្ញុំបានចំណាយពេលពីរបីសប្តាហ៍រកមើលអីវ៉ាន់របស់គាត់ ដោយសង្ឃឹមថា នឹងរកឃើញសំបុត្រ រឿង រូបថត វីដេអូ ឬអ្វីមួយ ដែលអាចរក្សានូវអនុស្សាវរីយ៍រវាងយើងទាំងពីរ។ ខ្ញុំរកឃើញរូបថតតិចជាង ២០សន្លឹក ប៉ុណ្ណោះ។”

នាងដឹងថា ម្តាយរបស់នាងមិនដែលរក្សារូបថតរបស់ខ្លួនដូចគ្រួសារដទៃទេ។ ដូចមនុស្សជាច្រើនដែលទុកដំណើររឿងជីវិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយឡែក ដំណើររឿងជីវិតរបស់ម្តាយនាង បានបាត់បង់នៅជំរំជនភៀសខ្លួនហើយវាក៏បានបាត់បង់ដោយសារភាពដ៏រន្ធត់ពីអតីតកាលផងដែរ។ ហេតុនេះហើយបានជាកញ្ញា So បានសិក្សាអំពីប្រទេសរបស់ម្តាយខ្លួន។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវរបស់ខ្លួន នាងបានដឹងថា ពុំមានភាពយន្តជាច្រើនប៉ុន្មានទេដែលនៅសេសសល់ ហើយនាងបានសម្រេចចិត្តថានឹងជួយធ្វើឲ្យដំណើររឿងជីវិត ដែលដូចនឹងដំណើររឿងរបស់ម្តាយនាង លេចចេញភាពយន្ត។ 

កញ្ញា So ត្រូវអ្នកចម្រៀង Rap លោក ប្រាជ លី ទាក់ទងកាលពីឆ្នាំ២០១១ ដើម្បីឲ្យចូលរួមក្នុង ពិធីបុណ្យភាពយន្តខ្មែរ។ ដោយសហការគ្នា ពួកគេបានប្រែក្លាយពិធីបុណ្យនេះទៅជាវេទិកាសាធារណៈមួយ សម្រាប់ការបង្ហាញដំណើររឿងជីវិតរបស់ប្រជាជនខ្មែរទៅកាន់ក្មេងជំនាន់ ក្រោយ ហើយក៏ជាវេទិកាមួយដើម្បីបង្កើតឡើងវិញនូវខ្សែភាពយន្តខ្មែរចាស់ៗផងដែរ។

ក្នុងនាមជាអ្នកដឹកនាំពិធីបុណ្យនេះ នាងគិតថា ការទទួលស្គាល់ទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗមានសារៈសំខាន់ ហើយការជួយពង្រីកបណ្តាញការងារបែបច្នៃប្រឌិតនេះ ក៏មានសារៈសំខាន់ផងដែរ។ នាងថ្លែងថា “ការសហការគ្នាគឺជាគន្លឹះសំខាន់សម្រាប់ការងារដែលយើងធ្វើ។”

សម្រាប់ការផ្សព្វផ្សាយភាពយន្តខ្មែរ ជាលក្ខណៈអន្តរជាតិ នាងបានស្វែងរកដំណើររឿង ដែល អាចទទួលបានការចាប់អារម្មណ៍ជាសកល។ ដោយដឹងថា  ការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជាកំពុងមានការផ្លាស់ប្តូរ នាងបានកត់សម្គាល់លើឥទ្ធិពលអន្តរជាតិក្នុងការរៀបរាប់អំពីរឿងខ្មែរ។ សូម្បីតែនៅក្នុងរដ្ឋកាលីហ្វូញ៉ា កញ្ញា So ថ្លែងថា “ខ្ញុំគិតថាចំណាប់អារម្មណ៍ចំពោះវប្បធម៌នេះកំពុងមានភាពខ្លាំងក្លា និងប្រហែលជាមានភាពប្លែក។”

នាងថ្លែងបន្ថែមទៀតថា “ប្រជាជនខ្មែរអាមេរិចកាំងនាពេលបច្ចុប្បន្ន កាន់តែមានមោទនភាពចំពោះវប្បធម៌ដើមរបស់ខ្លួន ច្រើនជាងអ្នកជំនាន់មុន។”

សម្រាប់បេសកកម្មរបស់នាងក្នុងនាមជាអ្នកផលិតភាពយន្ត និងអ្នកនិទានរឿង នាងនឹងសហការជាមួយ អ្នកដឹកនាំនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិត និងដឹកនាំគម្រោងភាពយន្តមួយ ដែលនឹងចាប់ដំណើរការនាចុងឆ្នាំនេះ។

ពិធីបុណ្យភាពយន្តខ្មែរ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៣-៦ ខែកញ្ញា ក្នុងទីក្រុងឡងប៊ីចរដ្ឋកាលីហ្វូញ៉ា។ សម្រាប់ព័ត៌មានបន្ថែម សូមមើល www.cambodiatownfilmfestival.com ។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ រឿងរ៉ាងជីវិតជួយយុវជនទទួលបានឱកាសទៅចូលរួមការប្រកួតនៅប៊្រុយណេ

Next Article

នាយករដ្ឋមន្ត្រីបញ្ជាចាប់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង