នាយករដ្ឋមន្ត្រីបញ្ជាចាប់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង

ដោយ វ៉ែន រដ្ឋាវង្ស​ និង វ៉ា សុនីកា No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ស្ថានទូតបារាំងនៅភ្នំពេញកំពុងតាមដាន ករណីសមាជិកព្រឹទ្ធសភាម្នាក់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថាបានប្រព្រឹត្តអំពើក្បត់ជាតិ ពីព្រោះលោក មានសញ្ជាតិបារាំងផង និងខ្មែរផង។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ស្ថានទូតលោក Nicolas Baudouin។

លោក Baudouin បានប្រាប់កាសែតខ្មែរថាមស៍ថា លោក ហុង សុខហួរ ពុំបានស្ថិតនៅក្នុង ស្ថានទូតឡើយ ប៉ុន្តែថ្លែងថា ស្ថានទូតនឹងឃ្លាំមើលលើករណីនេះ ហើយតាមដានរាល់នីតិវិធីតុលាការទាំងអស់។ 

ការលើកឡើងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដោយលោក ហ៊ុន សែន ទៅកាន់ស្ថានទូតទាំងអស់នៅក្នុងប្រទេសថាកុំឲ្យអន្តរាគមន៍ក្នុងករណីនេះ ពីព្រោះវាគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។

លោកនាយករដ្ឋមន្ត្រីប្រកាសតាមចាប់លោកសុខហួរឲ្យបានឆាប់ពីបទក្បត់ជាតិនៅក្នុងពិធី ចែកសញ្ញាប័ត្រនៅឯវិទ្យាស្ថានជាតិអប់រំកាលពីសប្តាហ៍មុន។ 

លោកក៏បានបញ្ជាមន្ត្រីនៅតាមច្រកព្រំដែន និងអាកាសយានដ្ឋានទាំងអស់កុំឲ្យសមាជិកព្រឹទ្ធសភារូបនេះចាកចេញពីប្រទេស។ 

ការចោទប្រកាន់ពីបទក្បត់ជាតិនេះកើតឡើងដោយសារមានវីដេអូមួយ ដែលង្ហោះនៅលើ ទំព័រហ្វេសប៊ុករបស់លោក សុខហួរ  កាលពីដើមសប្តាហ៍មុន ដែលនិយាយថា សន្ធិសញ្ញាកម្ពុជា-វៀតណាមឆ្នាំ១៩៧៩ ធ្វើឡើងដើម្បីរំលាយព្រំដែនជាតិនៃប្រទេសទាំងពីរ។ 

កាលពីថ្ងៃចន្ទសប្តាហ៍មុន លោក សុខហួរ បានចោទប្រកាន់ថា ប្រទេសកម្ពុជាបានបាត់បង់ទឹកដី ដោយសារសន្ធិសញ្ញានេះ។ លោកបានធ្វើការចោទប្រកាន់បែបនេះ នៅពេលប្រគល់ផែនទីរបស់គណបក្សសង្គ្រោះជាតិ ឲ្យក្រុមអ្នកស្រាវជ្រាវព្រំដែន។ 

នៅក្នុងវីដេអូរបស់ខ្លួន លោក សុខហួរ ថ្លែងថា ភាគីទាំងពីរបានឯកភាពរំលាយព្រំដែនចាស់ ហើយបង្កើតព្រំដែនថ្មីវិញ ដោយផ្អែកតាមកិច្ចព្រមព្រៀងឆ្នាំ១៩៧៩។ 
 
លោក ហ៊ុន សែន មានប្រសាសន៍ថា សន្ធិសញ្ញាដើមធ្វើឡើងដោយអង្គុលីលេខ ប៉ុន្តែអ្វីដែល បង្ហាញដោយលោក សុខហួរ គឺចេញមកពីកុំព្យូទ័រ។ លោក ហ៊ុន សែន មានប្រសាសន៍ថា គេបានដាក់ពាក្យបន្ថែម ដែលសរសេរថា “រំលាយព្រំដែនរវាងប្រទេសទាំងពីរ”។ លោក ហ៊ុន សែន ថ្លែងថា លោក សុខហួរ បានបង្ហាញសន្ធិសញ្ញាក្លែងក្លាយ។ 

លោក ហ៊ុន សែន ថ្លែងថា យើងមិនដែលឯកភាពគ្នារំលាយព្រំដែនឡើយ។ លោកថ្លែងបន្ថែមទៀតថា ដោយសារការបន្ថែមឃ្លាទៅក្នុងសន្ធិសញ្ញានេះ គណបក្សសង្គ្រោះជាតិនិងអ្នកដទៃបាននិយាយថា រាល់សន្ធិសញ្ញាទាំងអស់ជាមួយប្រទេសវៀតណាម ពាក់ព័ន្ធនឹងការកំណត់ព្រំដែនចាប់តាំងពីពេលនោះមក បានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី។ 

លោកនាយករដ្ឋមន្ត្រីថ្លែងថា គណបក្សប្រជាជនមានអសនៈជាង២ភាគ៣នៅក្នុងព្រឹទ្ធសភា ដូច្នេះ គេអាចបោះឆ្នោតព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោក សុខហួរ បាន។

លោកថ្លែងថា ក្រសួងយុត្តិធម៌នឹងស្នើឲ្យព្រឹទ្ធសភាដកហូតអភ័យឯកសិទ្ធិរបស់លោក សុខហួរ ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការចាប់ខ្លួនរបស់លោក។

លោកថ្លែងថា វីដេអូរបស់លោក សុខហួរ អាចបង្កការញុះញង់ដល់ប្រជាពលរដ្ឋឲ្យប្រកាន់ពូជសាសន៍ និងធ្វើឲ្យមានអស្ថិរភាព។ 

សេចក្តីថ្លែងការណ៍របស់គណបក្សសមរង្ស៊ីនិយាយថា លោក សុខហួរ ពុំបានប្រព្រឹត្តអំពើក្បត់ជាតិឡើយ។ចក្តីថ្លែងការណ៍នេះនិយាយថា “លោក សុខហួរ អាចធ្វើការកែតម្រូវចំពោះសាធារណមតិ ឡើងវិញ ប្រសិនបើមានការប្រើឯកសារ និងការបកស្រាយមិនត្រឹមត្រូវ។”

លោក អ៊ូ ចាន់រិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា “ប្រសិនបើបុគ្គលម្នាក់បង្ហាញសន្ធិសញ្ញាមិនផ្លូវការ ដើម្បីការពារផលប្រយោជន៍ជាតិ គេមិនមែនជាជនក្បត់ជាតិទេ។”

លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែននៃរាជបណ្ឌិតសភា ថ្លែងថា ការក្លែងសន្ធិសញ្ញា គឺជាបទល្មើសមួយដ៏ធ្ងន់ធ្ងរ ហើយថា លោក សុខហួរ គួរតែត្រូវបានចាប់ខ្លួន។ 

លោក អ៊ូ វីរៈ ស្ថាបនិកវិទ្យាស្ថានវេទិកាអនាគត ថ្លែងថា “ក្នុងករណីដែលសមាជិកព្រឹទ្ធសភា ម្នាក់បកស្រាយសន្ធិសញ្ញា ឬផែនទីមួយមិនត្រឹមត្រូវ រដ្ឋាភិបាលគួរតែបង្ហាញអ្វីដែលត្រឹមត្រូវ ។”

លោកថ្លែងថា លោក សុខហួរ គួរតែត្រូវបានចោទពីបទបង្ហាញព័ត៌មានមិនពិត ហើយត្រូវពិន័យជាប្រាក់ប៉ុណ្ណោះ។ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ

Next Article

យុវវ័យឆ្នើម៖ ពីបទពិសោធន៍ជូរចត់ទៅជីវិតភ្លឺស្វាង