ស្រ្តីឆ្នើម៖ ភាពជោគជ័យក្នុងការងារសិល្បៈ

ដោយ នូ សុធាវី No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – កាលពីសប្តាហ៍មុន វីដេអូមួយ ដែលបង្ហាញពីសម្រស់នារីខ្មែរគ្រប់វ័យក្នុងសម័យកាលនីមួយៗ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បុគ្គលម្នាក់សំខាន់ក្នុងគម្រោងនេះគឺ ស្ត្រីខ្មែរកំពុងមានប្រជាប្រិយភាព ដែលរូបនាងគឺជាអ្នកតុបតែងមុខម្នាក់មានឈ្មោះហៅក្រៅថា Apple Love ។ 

កញ្ញា ឌូ ថ្លែងថា “គំនិតរបស់ខ្ញុំគឺចង់បង្ហាញពីការផ្លាស់ប្តូរនៃសម្រស់នារីខ្មែរ ពីសម័យកាលមួយទៅសម័យកាលមួយទៀត ហើយខ្ញុំសម្រេចថាជ្រើសរើសយកសម័យកាលដែលមានការផ្លាស់ប្តូរខ្លាំងបំផុត។ វាមិនមែនផ្អែកតាមប្រវត្តិសាស្រ្តខ្មែរប៉ុណ្ណោះទេ វាក៏អាចផ្តល់លទ្ធភាពដល់ខ្ញុំក្នុងការធ្វើការងារមួយ ដែលអាចនាំមកនូវមោទនភាពចំពោះប្រវត្តិសាស្ត្ររបស់យើង និងអាចធ្វើឲ្យពិភពលោកបានស្គាល់ផងដែរ។”

វីដេអូនេះ មិនត្រឹមតែមានប្រជាប្រិយនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែវាក៏ទទួលបានការចាប់ អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរនៅបរទេសផងដែរ។ 

ដោយធ្លាប់តុបតែងមុខតាំងពីនៅក្មេង កញ្ញា ឌូ គិតថា ការដាក់ពណ៌ និងស្រមោលបន្តិចបន្តួច អាចធ្វើឲ្យមុខរបស់មនុស្សម្នាក់ មានការផ្លាស់ប្តូរ។ កញ្ញា មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង ម្តាយរបស់នាង បម្រើការនៅក្រសួងអប់រំ។ ឪពុករបស់នាងគឺជាវិស្វករម្នាក់។

កញ្ញា មានប្អូនប្រុសពីរនាក់ និងប្អូនស្រីម្នាក់ កញ្ញា ឌូ ត្រូវបានគេរំពឹងថានឹងធ្វើជាគំរូល្អ ដោយត្រូវជ្រើសរើសយកការងារធម្មតាមួយ។ ផ្ទុយទៅវិញ នាងបានសិក្សាតាម Youtube និងស្រាវជ្រាវតាមអិុនធឺណេត ដើម្បីបង្កើនទេពកោសល្យរបស់ខ្លួន។ នាងទទួលបានឱកាសចូលរួមក្នុងនាមជាអ្នកតុបតែងមុខម្នាក់ ក្នុងភាពយន្តខ្មែរបែបរន្ធត់មួយ ដែលមានចំណងជើងថា “រត់”។ 

ទោះបីជាឪពុកម្តាយរបស់នាងផ្តល់សេរីភាពដល់រូបនាងក៏ដោយជារឿយៗពួកគេបានប្រាប់ ឲ្យនាងស្វែងរកការងារមួយដែលមានស្ថិរភាពជាងនេះ។ 

ផ្ទុយពីការបង្ហាញនូវជីវិតបែបសិល្បៈ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា ឌូ គឺជានារីម្នាក់ ដែលមានស្នាមញញឹមស្រស់ស្អាត។ នាងថ្លែងថា “ខ្ញុំបានឆ្លងកាត់បញ្ហាជាច្រើន មុននឹងខ្ញុំបាន មកដល់សព្វថ្ងៃនេះ។ អ្នកផ្សេងគេមិនយល់ថា ហេតុអ្វីបានជាខ្ញុំធ្វើការងារនេះ ឬតុបតែងមុខរបស់ខ្ញុំរាល់ថ្ងៃ ឬហេតុអ្វីបានជាខ្ញុំចូលចិត្តការតុបតែងមុខ គួរឲ្យខ្លាចបែបនេះឡើយ។”

ដោយមិនព្រមបោះបង់ក្តីស្រមៃរបស់ខ្លួន នាងសិក្សានៅផ្ទះ និងបន្តធ្វើការងារដែលនាងចូល ចិត្ត។ ដោយត្រូវធ្វើការរហូតដល់យប់ជ្រៅនៅពេលថតភាពយន្ត និងជួយការងារនៅពេលមានពិធីបុណ្យផ្សេងៗ គួបផ្សំជាមួយគម្រោងផ្ទាល់ខ្លួនរបស់នាងផ្សេងទៀត កញ្ញា ឌូ ស្ទើរតែមិនអាចទ្រទ្រង់ជីវភាពរបស់ខ្លួនឯងបាន។
 
នាងសង្ឃឹមថា ថ្ងៃណាមួយនឹងទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកតុបតែងមុខនៅសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះដែរ នាងកំពុងសន្សំប្រាក់ ដើម្បីធ្វើដំណើរទៅទីក្រុងឡូសអង់ហ្សឺឡេស។ 

គម្រោងមួយទៀតរបស់នាងគឺមានឈ្មោះថា Pomme ដែលមានគោលដៅជួយអ្នកដែលមិនសូវមានឱកាសនៅតាមបណ្តាខេត្ត។ដោយផ្តល់នូវវិភាគទានបន្តិចបន្តួចដល់ក្មេងគ្មានផ្ទះសំបែង ព្រមទាំងគ្រឿងសម្រាប់លេងតុបតែងមុខ កញ្ញា ឌូមានមោទនភាពដោយធ្លាប់បានទៅខេត្តមួយចំនួន។ 

នាងថ្លែងថា “ខ្ញុំសង្ឃឹមថានឹងអាចប្រើប្រាស់ការតុបតែងមុខដើម្បីលើកទឹកចិត្តដល់ស្ត្រី។ 

ខ្ញុំ ចង់ផ្សព្វផ្សាយសិល្បៈតាមរយៈការតុបតែងមុខ ហើយចង់ឲ្យពិភពលោកស្គាល់អំពីស្ត្រីខ្មែរ។”

នាងថ្លែងថា “មានមនុស្សជាច្រើនបោះបង់ក្តីស្រមៃរបស់ខ្លួន ដោយធ្វើអ្វីដែលសង្គមបង្រៀន ពួកគេ ទោះបីជាពួកគេមិនចូលចិត្តក៏ដោយ។ មានការងារ និងអាជីពជាច្រើន ដែលពួកគេ អាចជ្រើសរើសសម្រាប់ជីវិតរបស់ខ្លួន។”

កញ្ញា Apple Love នឹងបន្តការងាររបស់ខ្លួនជាមួយភាពយន្តថ្មីមួយទៀតនៅខែក្រោយ។ 
 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ សេចក្តីស្រលាញ់ចំពោះកីឡាតៃក្វាន់ដូ

Next Article

យុវវ័យឆ្នើម៖ ពីបទពិសោធន៍ជូរចត់ទៅជីវិតភ្លឺស្វាង