ជនរងគ្រោះដោយទឹកអាស៊ីដ ដង្ហោយរកយុត្តិធម៌

ប៉ិច សុធារី / Khmer Times No Comments Share:
ជនរងគ្រោះ សាន ចិន្តាដែលកំពុងសម្រាកព្យបាលនៅមន្ទីពេទ្យ។ រូបថត ហ្វេសប៊ុក

ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះដោយសារការប្រើអំពើហិង្សា និងជះទឹកអាស៊ីត បានស្នើដល់សមត្ថកិច្ចខេត្តតាកែវ ពន្លឿននីតិវិធី និងតាមចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់ ខណៈដែលពួកគាត់បាននិងកំពុងមានការព្រួយបារម្ភពីសុវត្ថិភាព។

កាលពីថ្ងៃទី២៧ខែកុម្ភៈ មានករណីហិង្សាមួយបានកើតឡើង ដោយជនល្មើសបានកាប់ស្ត្រីជនរងគ្រោះជាកម្មការិនីម្នាក់ឈ្មោះ​ សាន ចិន្តា អាយុ២៣ឆ្នាំ រស់នៅភូមិម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យដាច់ដៃឆ្វេង និងបានជះទឹកអាស៊ីតលើមុខ និងរាងកាយថែមទៀត។

អ្នកស្រី ចែម ស្រីសៀង អាយុ ៣៣ឆ្នាំ ត្រូវជាបងស្រីជីដូនមួយជនរងគ្រោះ បានឲ្យដឹងថា ក្រោយកើតហេតុអស់រយៈពេលជាច្រើនថ្ងៃមកហើយ ពួកគាត់នៅមិនទាន់បានទទួលដំណឹងណាមួយពីសមត្ថកិច្ចជុំវិញសំណុំរឿងនេះទេ ខណៈដែលស្រ្តីរងគ្រោះជាប្អូនរបស់គាត់ កំពុងស្ថិតនៅក្រោមការព្យាបាលរបស់ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញនៅឡើយ។

. .

អ្នកស្រីបន្តថា៖ «តាំងពីកើតហេតុមក ដូចជាស្ងាត់ មិនឃើញសមត្ថកិច្ចគាត់មកសួរនាំអ្វីទៀតទេ ហើយខ្ញុំគ្រាន់តែលឺពាក្យចចាមអារ៉ាមថាជនល្មើសចង់ចរចាបញ្ចប់រឿង ដោយឲ្យសំណង១ម៉ឺនដុល្លារ តែប្អូនខ្ញុំ[ស្ត្រីរងគ្រោះ]គាត់មិនទទួលយកទេ គាត់សុំឲ្យសមត្ថកិច្ចតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់»។

អ្នកស្រី ចែម ស្រីសៀង ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅសមត្ថកិច្ចខេត្តតាកែវ ជួយពន្លឿននីតិវិធីច្បាប់ និងតាមចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់ឲ្យបានឆាប់ផងដែរ ព្រោះជនរងគ្រោះនិងសាច់់ញាតិ មានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលអ្នកស្រីអះអាងថាជនល្មើសមានបំណងសម្លាប់ប្អូនស្រីរបស់គាត់នៅថ្ងៃកើតហេតុ ប៉ុន្តែពុំបានសម្រេច។

អធិការរងនគរបាលស្រុកបាទី លោកវរៈសេនីយទោ ឃុត ឡូ បានឲ្យដឹងកាលពីរសៀលនេះថា សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណជនល្មើសបាននៅឡើយទេ ប៉ុន្តែនគរបាលស្រុកនឹងបញ្ជូនសំណុំរឿងនេះបន្តទៅស្នងការខេត្តនៅថ្ងៃចន្ទនេះ។ លោកថា៖ «យើងមិនទាន់កំណត់បានថាជនល្មើសនៅទីណានៅឡើយ ហើយសំណុំរឿងនេះយើងនឹងបញ្ជូនទៅថ្នាក់លើនៅថ្ងៃចន្ទ ព្រោះយើងមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយយើងមិនទាន់សួរចំលើយអ្នករងគ្រោះចប់នៅឡើយដែរ»។

Share and Like this post

Related Posts

Previous Article

ជំងឺ​ឆ្កែឆ្កួតបង្ក​​​អោ​​យ​​​មាន​​ការ​ភ័យ​ខ្លា​​ចខ្លាំង​​​​​​នៅ​​កម្ពុជា

Next Article

ការផ្លាស់ប្ដូរជីវិតដ៏លំបាកពីក្មេងរើសសំរាមស្ទឹងមានជ័យតាមរយៈការអប់រំ