អាជ្ញាធរ​ជាតិ​អប្សរា​ ​ទទួល​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
អាជ្ញាធរជាតិ​អប្សរា បាន​ទទួល​ពាន​រង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍​ និង​អង្គការ​សុខភាព​ពិភពលោក។ រូបថត អាជ្ញាធរជាតិ​អប្សរា

សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ទទួល​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ ​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍​ ​និង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​រមណីយដ្ឋាន​អង្គរ​ក្លាយជា​បរិស្ថាន​គ្មាន​ផ្សែង​បារី​។​

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​ឡុង​ ​កុសល​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ដោយ​មើលឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ដល់​សុខភាព​ ​ផល​ប៉ះពាល់​ដល់​ប្រាសាទ​ ​និង​ឆន្ទៈ​ធ្វើឲ្យ​រមណីយដ្ឋាន​អង្គរ​ក្លាយជា​បរិស្ថាន​គ្មាន​ផ្សែង​បារី​តាំងពី​ឆ្នាំ២០១២​ ​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍​ ​និង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​បាន​ប្រគល់​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ ​កាលពី​ថ្ងៃពុធ​ ​ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា​។​ ​

លោក​ថា​៖​ ​«​ពានរង្វាន់​នេះ​ជា​ការ​លើកទឹកចិត្ត​មួយ​ ​ខណៈ​ដែល​ស្ថាប័ន​ទាំងពីរ​ហ្នឹង​ ​បាន​មើលឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​យើង​ ​ដែល​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ ​កុំ​ឲ្យ​ទទួលទាន​បារី​ ​ព្រោះ​យើង​ដឹង​ហើយ​ថា​ ​បារី​មានផល​ប៉ះពាល់​អ្វីខ្លះ​ដល់​យើង​ ​និង​សង្គម​»​។​

. .

លោ​ក​ឡុង​ ​កុសល​ ​បាន​បន្ថែម​ថា​ ​តាមរយៈ​ពានរង្វាន់​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​បន្ត​ភារកិច្ច​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​បារី​ ​ទៅដល់​សាធារណជន​ ​និង​ពង្រីក​តំបន់​គ្មាន​ផ្សែង​បារី​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​បន្ថែម​ទៀត​។​

ក្នុង​ពិធី​ផ្តល់​ពានរង្វាន់​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​នោះ​ ​នៅ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃពុធ​នោះ​ ​តំណាង​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍​ ​លោកស្រី​ ​ដូ​មី​លី​ ​វីឡា​រេ​ ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​បាន​ថែរក្សា​រមណីយដ្ឋាន​អង្គរ​ ​និង​ការិយាល័យ​ធ្វើការ​ ​ដែល​គ្មាន​ផ្សែង​បារី​។​ ​លោកស្រី​និយាយ​ថា​៖​ ​«​ការ​ខិតខំ​នេះ​ ​ជាហេតុ​ផល​មួយ​ដែល​យើង​បាន​ផ្សព្វផ្សាយ​អង្គរ​ទៅកាន់​ពិភពលោក​ ​ដូច​នឹង​រមណីយដ្ឋាន​នៃ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដែល​គ្មាន​ផ្សែង​បារី​»​។​ ​

លោកស្រី​ដូ​មី​លី​ ​វីឡា​រេ​ ​ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ ​បន្ត​ពង្រឹង​កិច្ចការពារ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​បន្ថែម​ទៀត​ ​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​ ​និង​ទាក់ទង​ភ្ញៀវ​ទស​ចរ​ជាតិ​-​អន្តរជាតិ​បន្ថែម​ទៀត​។​

ចំណែក​ ​លោក​ហោ​ ​សា​រុន​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃពុធ​ដែរ​ថា​ ​នៅ​ខែតុលា​ខាងមុខ​ ​ខេត្តសៀមរាប​នឹង​ក្លាយ​ជាម្​ចាស​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី៧​ ​នៃ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ​ដែល​នេះ​ក៏​ជា​កិ​តិ្ត​យស​មួយទៀត​សម្រាប់​ខេត្តសៀមរាប​ ​ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​ពានរង្វាន់​នេះ​។​ ​លោក​ថា​៖​ ​«​តាមរយៈ​ព្រឹត្តិ​ការណ៍​ទាំងនេះ​ ​នឹងអាច​ធ្វើឲ្យ​កម្ពុជា​អាច​ទាក់ទាញ​ទេសចរ​ឲ្យ​មកកាន់​តំបន់​អង្គរ​កាន់តែ​ច្រើន​»​។​ ​

កាលពី​ចុងខែ​មករា​នេះ​ ​រដ្ឋបាល​ក្រុង​សៀមរាប​ ​ក៏បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អនុវត្ត​គម្រោង​ទីក្រុង​គ្មាន​ផ្សែង​បារី​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​សមត្ថកិច្ច​ ​និង​អង្គការ​សង្គម​ស៊ីវិល​ ​ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ទីក្រុង​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​មួយ​នេះ​ ​ឲ្យ​ក្លាយជា​ទីក្រុង​គ្មាន​ផ្សែង​បារី​ផង​ដែរ​។​

. .

យោង​តាម​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​មាន​មនុស្ស​ប្រមាណ​ជិត​ ​៧លាន​នាក់​ ​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​នោះ​នៅ​កម្ពុជា​ ​មាន​មនុស្ស​ប្រមាណ១ម៉ឺន​នាក់​ ​បាន​ស្លាប់​ដោយសារ​ការ​ជក់បារី​និង​ស្រូប​ផ្សែង​បារី​ពី​គេ​។​ ​របាយការណ៍​បន្ត​ថា​ ​ក្រៅពីនោះ​កម្ពុជា​ក៏​នៅ​ខាតបង់​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​ដោយសារ​ការទិញ​បារី​ ​និង​ ​១៦២លាន​ដុល្លារ​ ​ត្រូវ​បាន​ចំណាយ​ដើម្បី​ព្យាបាល​ជំងឺ​ដោយសារ​ការ​ជក់បារី​នេះ​៕​

Share and Like this post
Previous Article

បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ ​បន្ទាប់ពី​មិនបាន​រក​សេវា​ព្យាបាល​

Next Article

មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បញ្ជាក់​ថា​ ​កម្ពុជា​ពុំ​ទាន់​មាន​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក