លិខិត​មិត្ត​អ្នកអាន​៖​ ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

ទេស​ ​ទុំ / Khmer Times No Comments Share:

ខ្ញុំ​នៅចាំ​បាន​ថា​ ​ជិត៣០ឆ្នាំ​កន្លងទៅ​ ​ក្នុង​ឱកាស​រៀបចំ​ពិធី​បដិសណ្ឋារ​កិច្ច​ យ៉ាង​មហោឡារិក​ អធិកអធម​បំផុត​ ទទួលស្វាគមន៍​ព្រះរាជ​ដំណើរ​មាតុភូមិ​និវត្តន៍​លើកដំបូង ​របស់​ព្រះករុណា​ព្រះបាទ​នរោត្តម​ ​សីហនុ​ ​មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ១៩៩១​ ​ក្រោយពេល​ដែល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ស្តី​ពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​ថ្ងៃ២៣​ ​ខែតុលា​ ​ឆ្នាំ១៩៩១​ ​មាន​បដា​ពាក្យស្លោក​ជាច្រើន ​ត្រូវ​បាន​តាំង​ជា​សាធារណៈ​ឧទ្ទិស​ដល់​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​។​ ​ក្នុងចំណោម​ខ្លឹមសារ​នៃ​បដា​ពាក្យស្លោក​ទាំងនោះ​ ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​លើ​ខ្លឹមសារ​ថ្មី​ពីរ​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​គឺ​៖​ ​ជយោ​!​សន្តិភាព​ ​និង​ការ​បង្រួបបង្រួម​ជាតិ​ ​និង​ ​ជយោ​!​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

ចំពោះ​ខ្លឹមសារ​នៃ​ពាក្យស្លោក​«​ជយោ​!​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​ ​នៅពេល​នោះ​ ​(​ឆ្នាំ១៩៩១​)​ ​អាច​ឱ្យ​គេ​បកស្រាយ​តាមន័យ​ពីរ​យ៉ាង​ខុសគ្នា​៖​ ​ម្យ៉ាង​អាច​មានន័យថា​ ​លទ្ធិប្រជាធិបតេយ្យ​បាន​កើតមាន​រួចមក​ហើយ ​នៅ​ប្រទេស​កម្ពុជា​។​ ​តែ​ម្យ៉ាងទៀត​ក៏អាច​មានន័យថា ​លទ្ធិប្រជាធិបតេយ្យ​នឹង​ចូល​មកដល់​កម្ពុជា​នៅពេល​ខាងមុខ​។​ ​តាម​ការ​បកស្រាយ​ទីពីរ​នេះ​ ​ក៏​មានន័យ​ផង​ដែរ​ថា​ លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​នាំចូល​ពី​ខាងក្រៅ​មកកាន់​ប្រទេស​កម្ពុជា ​តាមរយៈ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស២៣តុលា​ ​ដែល​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ខ្មែរ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ ​និង​ដោយមាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ​ពិសេស​ប្រទេស​មហាអំណាច​ទាំង៥ ជាស​មា​ជិ​ក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។​ ​

ក្នុងនាម​ជា​ពលរដ្ឋខ្មែរ​មួយ​រូប​ ​ដែល​បាន​ធំ​ដឹងក្តី​ក្នុង​ទសវត្ស​ឆ្នាំ១៩៧០​ ​ពេល​សង្គ្រាមស៊ីវិល​ផ្ទុះឡើង​ ​និង​បាន​រស់រាន​ជីវិត​ពីទី​វាល​ពិឃាដ​នៃ​របប​ប្រល័យ​ពូជសាសន៍​ ​ខ្លួនខ្ញុំ​ក៏ដូចជា​ពលរដ្ឋខ្មែរ​ដទៃទៀត​ជំនាន់​នោះ ​ដែល​ជា​សាក្សី​រស់​នៃ​ការ​ចងចាំ​រាល់​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ពីអ​តី​ត​កាល​ ​រួម​ទាំង​រឿងរ៉ាវ​ជាក់ស្តែង​ខ្លះ​នៃ​ប្រជាធិបតេយ្យ​ ​យើង​ទាំងអស់គ្នា​សុទ្ធតែ​បាន​ទទួលស្គាល់​ការពិត​មួយ​មិន​អាចប​ដិ​សេ​ធ​បាន​ ​ដែល​ថាម​ក​ដល់​បច្ចុប្បន្ន​នេះ​ ​លទ្ធិប្រជាធិបតេយ្យ​បាន​និង​កំពុង​វិ​វដ្ត​ប្រែប្រួល​ជា​វិជ្ជមាន​នៅ​កម្ពុជា​។​ ​ប៉ុន្តែ​មាន​មជ្ឈដ្ឋាន​ខ្លះ​នៅតែ​ប្រកាន់​និន្នាការ​មិន​ប្រាកដនិយម​ ​(​Unrealism​)​ ​មើល​មិនឃើញ​តថភាព​សង្គម​ ​ទំលាក់​កំហុស​ពី​បញ្ហា​ប្រឈម​ខ្លះ​ដែល​កំពុង​កើតឡើង​ក្នុង​សង្គម​ ទៅលើ​ដំណើរការ​ប្រជាធិបតេយ្យ​ ​ម្ល៉ោះហើយ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ ​កំពុង​ក្លាយជា​ប្រធានបទ​នៃ​ការ​តស៊ូ​សាធារណៈ​មតិ​ យ៉ាង​ស្រួចស្រាល់​នៅក្នុង​ប្រទេស​យើង​នា​ពេល​សព្វថ្ងៃ​នេះ​។​ ​

. .

សំនួរ​នៅតែ​ចោទឡើង​ថា​ ​តើ​កម្ពុជា​សព្វថ្ងៃ​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ ​ពហុបក្ស​ដែរ​ឬទេ​?​

ដើម្បី​ឆ្លើយសំនួរ​នេះ​បាន​ ​គេ​តោងតែ​យល់ដឹង​ឱ្យ​បាន​ច្បាស់​ពី​លទ្ធិប្រជាធិបតេយ្យ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ភាព​ប្រាកដនិយម​ ​និង​ក្នុង​បរិបទ​ជាក់ស្តែង​នៃ​ប្រទេស​នី​មួយ​ៗ​ ព្រោះថា​ពុំ​មាន​កុង​សង់​ស៊ុ​សទេស​ម្រាប់​ការ​ផ្តល់​និយមន័យ​ប្រជាធិបតេយ្យ​ ​(​No​ ​consensus​ ​exists​ ​on​ ​how​ ​to​ ​define​ ​democracy​)​។​ ​និយាយ​បែបនេះ​ក៏​មានន័យថា​ ​គេ​ពិតជា​ពិបាក​នឹង​កំណត់​វិធីសាស្ត្រ​វាស់​កំរិត​«​ស្តង់ដារ​ប្រជាធិបតេយ្យ​»​ ​បាន​ណាស់​ ​ទោះបីជា​តាម​បែប​បស្ចឹម​ប្រទេស​ក៏ដោយ​។​ ​ជាទូទៅ​ ​គេ​ឱ្យ​និយមន័យ​នៃ​ពាក្យ​«​ប្រជាធិបតេយ្យ​»​ ​(​Democracy​)​ ​ប្រែ​ពី​ពាក្យ​ដើម​ជា​ភាសា​ក្រិក​បុរាណ​ ​«​demokratia​»​ ​ដែល​ផ្សំ​មក​ពី​ពាក្យ​ថា​ ​«​demos​»​ ​មានន័យថា​ ​«​people​ ​ប្រជាជន​»​ ​និង​ពាក្យ​ ​«​kratos​»​ ​មានន័យថា​ ​«​rule​ ​គ្រប់គ្រង​»​ ​ពោល​គឺ​ដូច​អ្វី​ដែល​យើង​ធ្លាប់​ដឹង​ទាំងអស់គ្នា​ថា​ ​«​គ្រប់គ្រង​ដោយ​ប្រជាជន​ ​ឬប្រជាជន​ជា​អធិបតី​ ​(​ជាធំ​)​»​ ​(​rule​ ​by​ ​the​ ​people​)​។​

​ឆ្លងកាត់​ការ​វិ​វដ្ត​របស់​សង្គមមនុស្ស​ជាតិ​ពី​បុរាណ​មកដល់​សម័យ​ទំនើប​ ​(​Modern​ ​era​)​ ​ដែល​ចាប់ផ្តើម​តាំងពី​សតវត្ស​ទី១៧​ ​មកដល់​បច្ចុប្បន្ន​ ​ពួក​សង្គមវិទូ​បាន​សន្មត​ជាទូទៅ​ថា​ ​ប្រព័ន្ធ​គ្រប់គ្រង​មួយ​តាម​បែប​ប្រជាធិបតេយ្យ ​អាចប​ង្កើត​ឡើង​បាន​ដោយ​ការអនុវត្ត​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ ឋ​តាម​រយះ​ការបោះឆ្នោត​ ​(​ ​A​ ​system​ ​of​ ​government​ ​where​ ​the​ ​citizens​ ​exercise​ ​power​ ​by​ ​voting​ ​)​។​ ​

ក្រៅពី​លក្ខខណ្ឌ​ចាំបាច់​នានា​ ដើម្បី​ធានា​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ ​ហើយ​ដើម្បី​ឱ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​លក្ខណៈ​ត្រឹមត្រូវ​ ​សេរី​ ​និង​យុត្តិធម៌​ ​កត្តា​កំណត់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​គឺ​សន្តិភាព​ ​និង​ស្ថេរ​ភាព​។​ ​ច្បាស់​ណាស់​ថា​ ​តើ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ត្រូវ​បាន​ធានា​យ៉ាងដូច​ម្តេច ​ក្នុង​ស្ថានភាព​សង្គម​មាន​ចលាចល​ ​ឬប្រទេស​មាន​សង្គ្រាម​?​ ​និយាយ​អំពី​ចំណុច​នេះ​ ​ខ្ញុំ​នៅចាំ​បាន​ថា​ ​នៅ​ក្រោយពេល​បញ្ចប់​ការបោះឆ្នោត​សកល​នៅ​កម្ពុជា​ឆ្នាំ១៩៩៣​ ​ដែល​រៀបចំ​ចាត់ចែង​ដោយ​អា​ជ្ងា​ធរ​បណ្តោះអាសន្ន​ ​អ..ប​ ​(​អ៊ុន​តាក់​)​ ​ពួក​អ្នកកាសែត​ ​និង​អ្នកសង្កេតការណ៍​បរទេស​ មានការ​ចាប់អារម្មណ៍​ទៅលើ​អត្រា​ខ្ពស់​នៃ​អ្នក​ចេញទៅ​បោះឆ្នោត​ ​(​the​ ​voter​ ​turnout​)​ ​នៅពេល​នោះ​មាន​រហូតដល់៨៩,៥៦​%​ ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​៤លាន​ ​៧សែន​នាក់​ ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​។​ ​ភ្លាម​ៗ​ដោយ​គ្រាន់តែ​ពិនិត្យ​លើ​ចំណង់​ ​និង​សន្ទុះ​ទឹកចិត្ត​ ​(​the​ ​eagerness​ ​and​ ​enthusiasm​)​ ​ក្នុង​ការចូលរួម​បោះឆ្នោត​នា​ពេលនោះ​ ​ពួកគេ​សន្និដ្ឋាន​ថា​ ​ពលរដ្ឋខ្មែរ​ច្រើនលើស​លប់​គាំទ្រ​ ​និង​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​។​ ​ខ្ញុំ​មិនសូវ​ស្របតាម​ពួកគេ​ប៉ុន្មាន​ទេ​ ​ព្រោះ​ខ្ញុំ​យល់ថា​ ​បើ​ពិនិត្យ​អំពី​បរិយាកាស​ក្នុង​បរិបទ​នៃ​ការបោះឆ្នោត​នៅ​ឆ្នាំ១៩៩៣​ ​តើ​អ្វីទៅ​ដែល​ជំរុញ​ចំណង់​ ​និង​សន្ទុះ​ទឹកចិត្ត​អ្នកបោះឆ្នោត​ឱ្យ​ពុះកញ្ជ្រោល​ទៅ​បោះឆ្នោត​ក្នុង​អត្រា​ខ្ពស់​បែបនេះ​?​ ​បើ​ខ្ញុំ​យល់​មិន​ច្រឡំ​ទេ​ ​ពលរដ្ឋខ្មែរ​ទាំងអស់​ដែល​បាន​ទំលាក់​សន្លឹកឆ្នោត​ទៅ​ក្នុង​ហិបឆ្នោត​គឺ​សុទ្ធតែ​មាន​ក្តី​រំពឹង​ដែល​រង់ចាំ​យូរ​យាម​ក​ហើយ​នោះ​គឺ​សុខ​សន្តិភាព​។​ ​ព្រោះថា​ក្រោយ​រយៈពេល​សង្គ្រាមរ៉ាំរ៉ៃ​ជិត៣ទសវត្ស​ ​អ្វី​ដែល​យើង​ស្រេកឃ្លាន​ជាបន្ទាន់​មុន​បង្អស់​គឺ​សុខ​សន្តិភាព​។​ ​ចំណែក​ឯ​លទ្ធិប្រជាធិបតេយ្យ​នៅពេល​នោះ​ ​ពិតមែន​ជា​ក្តី​រំពឹង​យូរអង្វែង​សម្រាប់​យើង​ ​ប៉ុន្តែ​វា​ហាក់ដូចជា​វិញ្ញាសា​ថ្មី​ក្នុង​ក្តី​ស្រមៃ​នៅឡើយ​ទេ​។​ ​និយាយ​យ៉ាង​ដូច្នេះ​ ​មិនមែន​មានន័យថា​ពេលនោះ​យើង​មិនទាន់​ស្រលាញ់​ប្រជាធិបតេយ្យ​ទេ​។​ ​ហេតុនេះ​ហើយ​ ​បាន​ជាស​ភា​ធម្មនុញ្ញ​ដែ​លប្រ​សូត្រ​ចេញពី​ការបោះឆ្នោត​នៅ​ឆ្នាំ១៩៩៣​ ​បាន​ចងក្រង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី២របស់​កម្ពុជា​ ​ដោយ​ប្រកាន់យក​របបនយោបាយ​ប្រជាធិបតេយ្យ​ ​សេរី​ ​ពហុបក្ស​។​ ​

និយាយ​មកដល់​ត្រឹមនេះ​ ​ខ្ញុំ​សុំ​បញ្ជាក់​ដោយ​ស្មោះត្រង់​ថា​ ​ខ្លួនខ្ញុំ​ក៏​ជា​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ម្នាក់​ផង​ដែរ​ ​ហើយក៏​មិន​ហ៊ាន​តាំងខ្លួន​ថា​ជា​អ្នកចេះដឹង​ពី​ប្រជាធិបតេយ្យ​លើសគេ​ឯង​នោះ​ទេ​។​ ​សូម​មេត្តា​ចាត់ទុក​គំនិត​យោបល់​ដែល​ខ្ញុំ​បង្ហាញ​ដ៏​ស្តួចស្តើង​នៅពេល​នេះ​ ​ជា​ចំណែក​តូច​មួយ​ដែល​សន្សំ​បាន​ពី​ពិសោធន៍​ជីវិត​ ​និង​ការរៀនសូត្រ​ពី​ការ​ជាក់ស្តែង​ក្នុង​ប្រទេស​ ​និង​នៅ​ក្រៅប្រទេស​ខ្លះ​។​

. .

​ដោយសារ​លទ្ធិប្រជាធិបតេយ្យ​បាន​ក្លាយទៅជា​និន្នាការ​នៃ​យុគសម័យ​បច្ចុប្បន្ន​ ​មកដល់​សព្វថ្ងៃ​ ​ប្រទេស​ភាគច្រើន​លើ​ពិភពលោក​នេះ​បាន​រៀបចំ​ឱ្យ​មានការ​បោះឆ្នោត​ ​ហើយ​ប្រទេស​នី​មួយ​ៗ​សុទ្ធតែ​អះអាង​ថា​ ​មាន​តំណាង​ស្របច្បាប់​ ​(​legitimate​ ​representation​)​ ​របស់​ប្រជាពលរដ្ឋ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាមរយៈ​ការបោះឆ្នោត​ដោយ​ផ្ទាល់​ ​ឬ​ដោយប្រយោល​ពី​ប្រជាពលរដ្ឋ​។​ ​

សម្រាប់​កម្ពុជា​ ​ប្រសិនជា​យល់ថា​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​នាំចូល​មក​ពីក្រៅ​ ​និង​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ១៩៩៣​ ​គេ​ត្រូវ​ទទួលស្គាល់​នូវ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​កម្ពុជា​ខ្លួនឯង​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ ​ដើម្បី​បណ្តុះ​ ​ពូន​ជ្រុំ​ ​និង​ថែទាំ​គ្រាប់ពូជ​ប្រជាធិបតេយ្យ​នេះ​ឱ្យ​បាន​រីក​ធំធាត់​ ​តាមរយៈ​ការរៀបចំ​ ​ចាត់ចែង​ការបោះឆ្នោត​ដោយខ្លួនឯង​រួម​ទាំង​ការ​កសាង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​ ​ការពង្រីក​យន្តការ​អភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​ក្នុង​ក្របខណ្ឌ​នីតិរដ្ឋ​ ​ចាប់ពី​ឆ្នាំ១៩៩៨រហូតមកដល់​ពេលនេះ​។​ ​

ពោល​គឺ​រយៈពេល​ជាង២០ឆ្នាំ​មកនេះ​ ​ស្ថិត​ក្នុង​សុខ​សន្តិភាព​ ​ប្រជាជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​កសាង​បាន​លទ្ធិប្រជាធិបតេយ្យ​មួយ​សម្រាប់​កម្ពុជា​។​ ​ទោះបីជា​នៅតែ​មាន​មតិ​ទិតៀន​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាងណាក៏ដោយ​ចុះ​ ​ប៉ុន្តែ​អ្វី​ដែលគេ​មិន​អាច​មើល​រំលង​បាន​គឺ​ការពិត​ដែល​ថា​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សុខ​សន្តិភាព​ ​និង​មានការ​អភិវឌ្ឍ​ក្នុង​ល្បឿន​គួរ​ឱ្យ​កត់សម្គាល់​លើ​ផ្លូវ​ប្រជាធិបតេយ្យ​មួយ​ដែល​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​ដោយខ្លួនឯង​។​ ​និយាយ​បែបនេះ​ ​ពុំមែន​មានន័យថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​សម្រាប់​តែ​ប្រជាជន​កម្ពុជា​ ​ហើយ​ពុំ​អាចយ​ក​ទៅ​ប្រៀបផ្ទឹម​បាន​ជាមួយនឹង​កំរិត​លំដាប់ថ្នាក់​ ​សិទ្ធិ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ដទៃទៀត​លើស​កល​លោក​នោះ​បាន​ឡើយ​។​ ​

យើង​អាច​ធ្វើការ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​យើង​ ​និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​លើ​ចំនុច​ខ្លះ​នៃ​សន្ទស្សន៍​ប្រជាធិបតេយ្យ​ ​(​democracy​ ​index​)​ ​ជាអាទិ៍​៖​ ​ការបោះឆ្នោត​ ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ ​ការចូលរួម​នយោបាយ​ ​និង​សេរីភាព​ស៊ីវិល​ ​(​civil​ ​liberties​)​ ​រួម​ទាំង​សេរីភាព​បញ្ចេញមតិ​ ​សេរីភាព​សារព័ត៌មាន​។​ល​។​តើមាន​ប្រទេស​ណាខ្លះ​?​ ​ចំណុច​ណាខ្លះ​?​ ​ដែល​កម្ពុជា​ពុំ​អាច​ធៀប​ស្មើនឹង​គេ​បាន​ ​គ្រាន់តែ​ខុសពី​គេ​ត្រង់​លក្ខណៈ​ដោយឡែក​របស់​ខ្លួន​ដែល​កម្ពុជា​ត្រូវ​កសាង​ ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ចេញពី​មរតក​ ​និង​ផលវិបាក​នៃ​សង្គ្រាមស៊ីវិល​ ​និង​របប​ប្រល័យ​ពូជសាសន៍​។​ ​ទន្ទឹម​នោះ​ ​ចាប់តាំងពី​ឆ្នាំ១៩៩៣មក​ ​តាមរយៈ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​កម្ពុជា​បាន​រៀនសូត្រ​ពី​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​បស្ចឹម​ប្រទេស​ដោយ​បាន​ខិតខំ​ដកពិសោធន៍​ដើម្បី​អនុវត្ត​ឱ្យ​ស្រប​ទៅតាម​ស្ថានភាព​ ​និង​បរិបទ​ជាក់ស្តែង​របស់​កម្ពុជា​។​ ​

ប្រការ​សំខាន់​គឺ​យើង​មិន​ចង់ឱ្យ​គេ​បង្ខំ​កម្ពុជា​ឱ្យ​ចម្លង​នូវ​ពុម្ព​គំរូ​ប្រជាធិបតេយ្យ​ដែល​នាំចូល​ពី​ខាងក្រៅ​ ​មក​អនុវត្ត​ទាំងដុល​នៅក្នុង​ប្រទេស​ខ្លួន​។​ ​អ្នកជំនាញ​ទាំងឡាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​ ​និង​នីតិរដ្ឋ​បាន​លើកឡើង​ថា​៖​ ​«​គេ​ពុំ​អាច​ធ្វើ​និ​ប្រវេសន៍​ ​ឬ​នាំចេញ​ ​(​emigrate​)​ ​លទ្ធិប្រជាធិបតេយ្យ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​បាន​ឡើយ​»​ ​ពោល​គឺ​លទ្ធិប្រជាធិបតេយ្យ​ឋិតឋេរ​ ​គង់វង្ស​ ​និង​អភិវឌ្ឍ​ស្របតាម​លក្ខណៈ​ដោយឡែក​អំពី​ប្រវត្តិសាស្ត្រ​ ​នយោបាយ​ ​សង្គម​ ​សេដ្ឋកិច្ច​ ​និង​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​នី​មួយ​ៗ​។​ ​

. .

ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ ​(​RFI​)​ ​ជុំវិញ​ប្រធានបទ​ ​«​អាហារ​ ​និង​ប្រជាធិបតេយ្យ​»​ ​(​Traçabilité​ ​ ​de​ ​la​ ​démocratie​)​ ​លោក​ ​ឆាយ​ ​ហុក​ផេង​ ​បានប្រៀប​ប្រដូច​លទ្ធិប្រជាធិបតេយ្យ​ទៅ​នឹង​ម្ហូបអាហារ​ដែល​ជាតិសាសន៍​នៃ​ប្រទេស​នី​មួយ​ៗ​មាន​ចំណង់​ចំណូលចិត្ត​ខាង​រស​ជា​តិ​ប្លែក​ៗ​គ្នា​។​ ​គាត់​បាន​និយាយ​ថា​«​.​.​.​លទ្ធិប្រជាធិបតេយ្យ​ប្រៀប​បាន​នឹង​ម្ហូប​ទិព្វ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ពពួក​ទេវតា​នៅ​ឯ​បស្ចឹម​ប្រទេស​។​ ​រី​ឯ​ក្រុម​ទេវតា​នៃ​ប្រទេស​ក្រីក្រ​ក៏​ធ្វើតាម​គ្នា​តៗ​រៀង​រហូត​មក​។​ ​ព្រះសមណគោតម​ ​ទ្រង់​បាន​ត្រាស់​ប្រដៅ​ថា​ ​ការស្រេកឃ្លាន​របស់​បុគ្គល​ ​ជា​រោគា​ ​ដ៏​ធំ​មួយ​ ​ជិ​ឃ​ច្ឆា​ ​បរ​មំ​ ​រោគា​ ​សង្ខារា​ ​បរមា​ ​ទុក្ខា​ ​ឯតំ​ ​ពាត្​វា​ ​យថា​ ​ភូ​តំ​ ​និ​ព្វា​នំ​ ​បរ​មំ​ ​សុ​ខំ​។​ ​

ដរាបណា​គ្មាន​អាហារ​នៅក្នុង​ពោះ​ ​ទោះបី​ស្តាប់​ធម្មទេសនា​ក៏​មិន​អាច​ធ្វើ​ឱ្យ​ចម្រើន​បញ្ញា​បាន​ដែរ​។​ ​រី​ឯ​ភាព​ចំរុងចំរើន​នៃ​របប​ប្រជាធិបតេយ្យ​ក៏​មិន​ខុសគ្នា​ដែរ​។​.​.​.​»​

មុន​ស្តាប់​ការ​ធ្វើ​អត្ថា​ធិប្បាយ​ខាងលើ​នេះ​ ​ខ្លួនខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់ធ្វើ​ការ​ប្រៀបប្រដូច​លទ្ធិ​ប្រជា​ធិប​តេយ្យ​បែប​បស្ចឹម​ប្រទេស​ទៅ​នឹង​ ​Fromage​ ​ឬ​ ​Cheese​ ​(​ប្រហុក​បារាំង​)​ ​ឯ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺជា​ប្រហុក​ខ្មែរ​។​ ​ម្យ៉ាងវិញទៀត​ ​គេ​មិន​ត្រូវ​ស្រមើស្រមៃ​ពី​ប្រជាធិបតេយ្យ​ហួសពី​ភាព​ប្រាកដនិយម​នៃ​តថភាព​សង្គម​បាន​ឡើយ​ ​ហើយ​ពិត​ណាស់​គេ​មិន​អាច​រក​ឃើញ​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​ល្អឥតខ្ចោះ​ ​(​a​ ​flawless​ ​democracy​)​ ​នោះ​បានទេ​ ​ទោះជា​នៅ​បណ្តា​ប្រទេស​លោកខាងលិច​ដែល​ជា​កំណើត​នៃ​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ​ចុះ​។​ ​សូម​ក្រឡេក​ទៅ​មើល​អ្វី​ដែល​កំពុងតែ​កើតឡើង​សព្វថ្ងៃ​នេះ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដូចជា​ ​អង់គ្លេស​ ​បារាំង​ ​អេស្ប៉ាញ​ ​ហុងគ្រី​ ​ប៉ូឡូញ​។​ល​។​ ​

ចុងក្រោយ​នេះ​ ​សង្គមវិទូ​និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ទាញអារម្មណ៍​ពី​ភាព​មិន​ប្រក្រតី​នៃ​ករណី​«​ប្រ៊េច​ស៊ី​ត​»​ ​(​BREXIT​)​ ​របស់​ចក្រភព​អង់គ្លេស​ ​និង​ករណី​ជាប់ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​របស់​លោក​ ​ដូ​ណា​ល់​ត្រាំ​ ​ដោយ​បាន​ចាត់ទុកថា​នេះ​ជា​វិបត្តិ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​(​democracy​ ​and​ ​its​ ​crisis​)​។​

ហេតុនេះ​ក្នុង​បរិបទ​របស់​កម្ពុជា​ ​តើ​គេ​ត្រូវ​សំអាងការ​យល់ឃើញ​បែប​ចំរុះ​មិន​ដូចគ្នា​ ​(​diversified​ ​perceptions​)​ ​ពី​លទ្ធិប្រជាធិបតេយ្យ​ធ្វើជា​មធ្យោបាយ​តស៊ូ​យ៉ាង​ស្រួចស្រាល់​ដើម្បី​ដណ្តើម​សាធារណៈ​មតិ​តាមរបៀប​នៃ​ការ​លើកឡើង​ច្រំ​ដែល​ៗ​ ​(​rhetoric​)​ ​បំភ្លៃ​តថភាព​ ​(​reality​)​ ​ក្នុង​សង្គមជាតិ​យើង​បន្ត​ទៅទៀត​ឬ​យ៉ាងណា​?​ ​

ឧទាហរណ៍​ដូចជា​៖​ ​ការ​ទំលាក់​កំហុស​ពី​ការ​ចាត់វិធានការ​ផ្លូវច្បាប់​របស់​តុលាការ​ចំពោះ​អំពើ​ល្មើស​បំពានច្បាប់​របស់​បុគ្គល​ម្នាក់​ ​ឬ​របស់​គណបក្ស​នយោបាយ​មួយ​ ​ទៅលើ​លំហ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​ឬ​ករណី​យុវតី​ខ្មែរ​ម្នាក់​អាយុ​ស្របាល​ជាង២០ឆ្នាំ​ ​ដែល​បាន​កើត​ ​ធំ​ដឹងក្តី​និង​កំពុង​រស់នៅ​ប្រទេស​បារាំង​ ​ហើយ​តាំងខ្លួនជា​តំណាង​ឱ្យ​យុវជន​កម្ពុជា​ ​កំពុង​ឃោសនា​បញ្ចុះបញ្ចូល​យុវជន​និង​មនុស្សដទៃ​ទៀត​នៅ​ឯនាយ​សមុទ្រ​ឱ្យ​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​នៃ​ប្រទេសកំណើត​ឪពុក​ម្តាយ​របស់​ខ្លួន​ ​ក្រោម​លេស​ថា​ដើម្បី​នាំ​កម្ពុជា​មកកាន់​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ​វិញ​ ​ឬមួយ​ករណី​ដែល​អ្នកនយោបាយ​ជ្រុលនិយម​ខ្មែរ​មួយ​ក្តាប់​តូច​កំពុង​ឃោសនា​យ៉ាងងងើល​នៅ​ឯ​បរទេស​បំផ្លើស​ការពិត​ពី​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ខ្លួន​ ​ដោយ​អំពាវនាវ​ឱ្យ​មាន​អន្តរាគមន៍​ពី​ខាងក្រៅ​ចូល​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​និង​អធិបតេយ្យ​ជាតិ​កម្ពុជា​ ​រួម​ទាំង​ការជំរុញ​ឱ្យ​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ ​ឬមួយ​ករណី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នោះ​គឺ​ ​ការដែល​ពួកគេ​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ក្រោកឈរ​ឡើង​ដើម្បី​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការបោះឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ ​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ដោយ​យក​តាម​លំនាំ​ចលនា​បដិវត្ត​ពណ៌​ ​នៅ​តាម​ប្រទេស​ខ្លះ​ ​នៅ​មជ្ឈឹ​ម​បូព៌ា​ ​អតីត​អឺរ៉ុប​ខាងកើត​ ​អ៊ុយក្រែន​ជាដើម​.​.​.​។​ល​។​

តើ​ទាំងនេះ​ជា​ចលនា​ស្នេហាជាតិ​ ​ស្រលាញ់​ប្រជាជន​ ​ឬ​ ​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​មែនឬទេ​?​ ​

ខ្ញុំ​ជឿ​ថា​ ​អ្នកស្នេហាជាតិ​ ​អ្នក​ស្រលាញ់​ប្រជាជន​ ​អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ​អាច​ឆ្លើយ​បំភ្លឺ​បញ្ហា​នេះ​បាន​ ​ហើយ​ពួកគេ​ទាំងអស់​នោះ​ច្បាស់ជា​ផ្តល់​សច្ចភាព​ដល់​ការ​ខិតខំ​រយៈពេល​ជិត៣០ឆ្នាំ​កន្លងមក​នេះ​របស់​ប្រជាជន​កម្ពុជា​យើង​ក្នុង​ការ​កសាង​អភិវឌ្ឍ​សង្គម​ប្រជាធិបតេយ្យ​មួយ​ក្នុង​ភាព​ប្រាកដនិយម​ដូច​បច្ចុប្បន្ន​។​ ​

គេ​មិន​ត្រូវ​ភ្លេច​ទាល់តែសោះ​នូវ​ប្រវត្តិសាស្ត្រ​ពីអ​តី​ត​កាល​របស់​កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ១៩៧០​ ​ព្រោះ​គ្រានោះ​ក្នុង​ពេល​ដែល​ប្រទេសជាតិ​កំពុង​មាន​សុខ​សន្តិភាព​ ​ស្រាប់តែ​មានហេតុ​ការណ៍​ដ៏​សែន​អកុសល​កើតឡើង​ដោយសារ​នយោបាយ​រវើរវាយ​អំពី​សេរីភាព​ប្រជាធិបតេយ្យ​ជ្រុល​ហួសហេតុ​របស់​ពួក​អ្នក​ដែល​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​របប​រាជា​និយម​ដែល​បើកផ្លូវ​ភ្លាម​ឱ្យ​មាន​អន្តរាគមន៍​យោធា​បរទេស​ចូល​មក​កម្ពុជា​ ​ក្លាយជា​ឈ្នួន​បញ្ឆេះ​ភ្លើងសង្គ្រាម​សន្ធោសន្ធៅ​ ​រួច​បន្ត​ឱកាស​ឱ្យ​ពួក​ខ្មែរក្រហម​ចូលកាន់​អំណាច​និង​អនុវត្តន​យោ​បាយ​ឆ្កួត​លេលា​របស់​ពួកគេ​ ​ដែល​ចង់​កសាង​ប្រទេស​ ​«​កម្ពុជា​ប្រជាធិបតេយ្យ​»​ ​មួយ​ឯករាជ្យ​ម្ចាស់ការ​ ​គ្មាន​វណ្ណៈជិះជាន់​ ​ហើយដែល​ទីបំផុត​គឺ​គ្មានអ្វី​ក្រៅពី​ការ​ជ្រមុជ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​ ​ទៅ​ក្នុង​មហា​សោកនាដកម្ម​ ​វិនាសកម្ម​នៃ​សង្គ្រាម​និង​របប​ប្រល័យ​ពូជសាសន៍​។​ ​នេះ​ជា​មេរៀន​ដ៏​សែន​ឈឺចាប់​ខ្លោច​ផ្សារ​ ​ដែល​ជាម​រត​ក​បន្សល់ទុក​សម្រាប់​យើង​គ្រប់គ្នា​មកដល់​ថ្ងៃនេះ​។​ ​

ជា​សរុប​ ​ខ្ញុំ​យល់ថា​ ​មកដល់​បច្ចុប្បន្ន​នេះ​ក្នុង​ពេល​ដែល​ស្ថានការណ៍​ពិភពលោក​កំពុង​វិ​វដ្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ ​ហើយ​សណ្តាប់​ធ្នាប់​សកល​ ​(​the​ ​world​ ​order​)​ ​នៅតែ​បន្ត​ប្រឈម​ជាមួយនឹង​ភាព​មិន​ប្រាកដប្រជា​ ​(​uncertainties​)​ ​ខាង​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​ ​(​geopolitics​/​geo​-​economics​)​ ​ប្រទេស​នី​មួយ​ៗ​សុទ្ធតែ​ខិតខំ​ដណ្តើម​អំណាច​ខាង​ការប្រកួត​ប្រជែង​ដើម្បី​ប្រយោជន៍​រៀង​ៗ​ខ្លួន​តាម​និន្នាការ​នៃ​គោលការណ៍​កំណត់​មួយ​ដែល​ថា​៖​ ​«​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ​គ្មាន​ទេ​មិត្ត​ ​គ្មាន​ទេស​ត្រូវពិត​ប្រាកដ​ ​គឺ​មានតែ​ប្រយោជន៍​»​។​ ​

ហេតុនេះ​ ​កម្ពុជា​ទន្ទឹម​នឹង​ខិតខំ​សម្រប​ខ្លួន​ទៅតាម​និន្នាការ​សកល​ ​យើង​ក៏​ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​អាច​ឈរ​ដោយខ្លួនឯង​បាន​យ៉ាង​ស្វាហាប់​ ​សំដៅ​ធានា​ជំហាន​រឹងមាំ​នៃ​ដំណើរ​ជាតិ​កម្ពុជា​លើ​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​ឆ្ពោះទៅ​កាន់​អនាគត​រុងរឿង​ ​ថ្កុំថ្កើង​។​ ​

ចង់បាន​យ៉ាង​ដូច្នេះ​ ​វា​ល្មម​ដល់ពេល​ដែល​កូនខ្មែរ​គ្រប់រូប​និង​គ្រប់​ជំនាន់​ត្រូវ​តំ​កល់​ផលប្រយោជន៍​ជាតិ​ជា​ចំបង​ ​ដោយ​ត្រូវ​ផ្អែកលើ​កំលាំង​សាមគ្គី​ជាតិ​ទាំងមូល​បន្ត​រក្សា​ការពារ​សេចក្តី​សុខ​សន្តិភាព​និង​ជំរុញ​ការ​អភិវឌ្ឍ​ ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ជ័យលាភី​ណូបែល​សេដ្ឋកិច្ច​ ​Douglass​ ​C.North​ ​បាន​កំណត់​ថា​ ​«​ក្នុង​សង្គម​នី​មួយ​ៗ​ ​ស្ថាប័ន​គឺជា​វិធាន​នៃ​ល្បែង​ ​(​institutions​ ​are​ ​the​ ​rule​ ​of​ ​the​ ​game​ ​in​ ​a​ ​society​)​»​។​ ​

ហេតុនេះ​ ​ក្នុង​ដំណើរការ​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​គេ​មិន​គប្បី​លេងល្បែង​ប្រជាធិបតេយ្យ​ដែល​គ្មាន​វិធាន​អ្វី​នោះ​សោះ​ឡើយ​ ​ពិសេស​វិធាន​ផ្លូវច្បាប់​និង​សីលធម៌​។​ ​ពោល​គឺ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ផ្សារភ្ជាប់​ជិ​ត​ស្និ​ទ​ជាមួយ​នីតិរដ្ឋ​ ​(​rule​ ​of​ ​law​)​ ​និង​ផលប្រយោជន៍​ប្រជាជន​ ​ហើយ​ច្បាស់​ណាស់​ ​គេ​មិន​ត្រូវ​ប្រើប្រាស់​ប្រជាធិបតេយ្យ​ធ្វើជា​ឧបករណ៍​សម្រាប់​គ្រាន់តែ​ដើម្បី​សម្រេ​ចម​ហិ​ច្ឆិ​តាន​យោ​បាយ​របស់​ខ្លួន​សោះ​ឡើយ​។​ ​

ធ្វើ​បាន​យ៉ាង​ដូច្នេះ​ ​ទើប​ពិតជា​ការជំរុញ​ដំណើរ​ជាតិ​កម្ពុជា​យើង​ឱ្យ​ស្ថិតនៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ឆ្ពោះទៅ​កាន់​អនាគត​ដែល​ជា​បំណងប្រាថ្នា​រួម​ ​គឺ​សេចក្តី​សុខក្សេមក្សាន្ត​ ​រុងរឿង​ ​ថ្កុំថ្កើង​របស់​មាតុភូមិ​និង​ប្រជាជន​យើង​សម្រាប់​មនុស្ស​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​បន្ត​ទៅទៀត​។​

ភ្នំពេញ​ ​ថ្ងៃទី១៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​

ដោយ​៖​ ​ទេស​ ​ទុំ​

. .
Share and Like this post

Related Posts

Previous Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​៖ ​ទំនាក់ទំនង កម្ពុជា-កូរ៉េខាងជើង នៅតែ​ជា​ការ​ព្រួយបារម្ភ​​

Next Article

នៅពេល​ដែល​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រើប្រាស់​ជា ​ឧបករណ៏​នយោបាយ

Leave a Reply

Your email address will not be published. Required fields are marked *