ម៉ាឡេស៊ីផ្តល់ ជំនួយមនុស្សធម៌ នៅកោះកុង

ដោយ មុនី សីទ្ធីណា No Comments Share:

អគ្គរដ្ឋទូតម៉ាឡេស៊ី Raszlan Abdul Rashid (ឆ្វេង) មឺហ្វទីនៅកម្ពុជា លោក សុស កាំរី (ទីពីរ ស្តាំ) និងរដ្ឋមន្រ្តី អមនាយករដ្ឋមន្រ្តី ឯកឧត្តម ហ្សាការី អាដាម (កណ្តាល ស្តាំ) សាកប្រើអណ្តូងស្នប់ថ្មី នៅភូមិបួន ខេត្តកោះកុង (រូបថត មុនី សិទ្ធីណា)
 
 
ខេត្តកោះកុង ខ្មែរថាមស៍ – រដ្ឋាភិបាលម៉ាឡេស៊ីបានផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនខ្មែរ ឥស្លាម ចំនួន ១,៤៤១គ្រួសារ នៅក្នុងភូមិបួន ខេត្តកោះកុង។
 
កាលពីថ្ងៃអាទិត្យមុន អគ្គរដ្ឋទូត ម៉ាឡេស៊ីនៅ កម្ពុជា ឯកឧត្តម Raszlan Abdul Rashid បាន ធ្វើជាអធិបតី ក្នុងពិធីសម្ភោធន៍កម្មវិធីជំនួយសង្គមកិច្ចរបស់ប្រទេសម៉ាឡេស៊ី ដែលមាន គោលបំណង ជួយលើកកំពស់ជីវភាពរបស់ ប្រជាជន ខ្មែរឥស្លាម នៅខេត្តកោះកុង។ ឯកឧត្តម បានមានប្រសាសន៍ នៅក្នុងពិធី សម្ភោធន៍នោះថា “ជំនួយសប្បុរសធម៍ថ្ងៃនេះ នឹង ជួយពង្រឹងចំណង សាមគ្គីភាព រវាង​ប្រជាជនខ្មែរ និងប្រជាជនម៉ាឡេស៊ី” ។
 
ចូលរួមជាអធិបតីភាព ក្នុងពិធីសម្ភោធន៍នោះ ដែរ ក៏មានវត្តមាន ថ្នាក់ដឹកនាំក្នុងសាសនា ឥស្លាមនៅកម្ពុជា លោក សុស កាំរី និង រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី ឯកឧត្តម ហ្សាការី យ៉ា អាដាម។ 
 
ជំនួយមនុស្សធម៌ ដែលបានចែកជូនដល់ ប្រជាជន នៅក្នុងពេលនោះរួមមាន អង្ករចំនួន ៣.៥ តោន ដែលត្រូវបានចែកជូនដល់ប្រជាជន ដែល ភាគច្រើន មានមុខរបរជាអ្នកនេសាទនៅ ក្នុងភូមិបួន។ តាមសំដីអ្នកដឹកនាំសហគមន៍ ឥស្លាម នៅក្នុងមូលដ្ឋាន មានប្រជាជនជាង ៩០ ភាគរយ នៅក្នុងភូមិបួន ពឹងផ្អែកទៅលើ របរនេសាទ ក្នុងការផ្គត់ផ្គង់ជីវភាព។

ក្រៅពីជំនួយជាអង្ករ កម្មវិធីជំនួយក៏បានផ្តល់ ជាអណ្តូងស្នប់ ចំនួនប្រាំមួយ នៅក្នុងភូមិ ដើម្បីអោយ ប្រជាជនអាចទទួលបានទឹកស្អាត ប្រើប្រាស់។ កម្មវិធីជំនួយសង្គមកិច្ចនេះត្រូវ បានផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈ មូលនិធិអភិវឌ្ឍន៍ របស់ម៉ាឡេស៊ី ដែលជាផ្នែកមួយ នៃកម្មវិធីសហប្រតិបត្តិការ បច្ចេកទេសម៉ាឡេស៊ី ដែលហៅកាត់ជាភាសា អង់គ្លេសថា MTCP ។ កម្មវិធីនេះមានគោល បំណង ជួយពង្រឹង ចំណងសហប្រតិបត្តិការ ទ្វេភាគី រវាងម៉ាឡេស៊ី និងកម្ពុជា តាមរយៈ ការរឹតបណ្តឹង ទំនាក់ទំនងរវាង សហគមន៍ និងសហគមន៍ នៅក្នុងប្រទេសទាំងពីរ។
 
លោក Khairin Nazry Karim ដែលជាទីប្រឹក្សា របស់ស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញបានប្រាប់ កាសែត ខ្មែរថាមស៍ថា ស្ថានទូតម៉ាឡេស៊ី នៅភ្នំពេញ ធ្លាប់បានបញ្ជូន ប្រជាជន កម្ពុជា អោយទៅចូលរួមវគ្គ បណ្តុះបណ្តាលខ្លីៗ នៅ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីជំនួយបច្ចេកទេស របស់ប្រទេសម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា “នេះជាលើកទី​ មួយ ដែលយើង បានរៀបចំគំនិតផ្តួចផ្តើនេះ ឡើង។ ទោះបីជាជំនួយនេះ មានទ្រង់ទ្រាយ តូចក្តី ប៉ុន្តែយើងគិតថានេះជាផ្នែកមួយនៃការ ទទួលខុសត្រូវសង្គមរបស់យើង”។
 
កម្មវិធី MTCP ជាមធ្យោបាយមួយដែលប្រទេស ម៉ាឡេស៊ី អាចចែករំលែកបទពិសោធន៍​ និង ជំនាញរបស់ខ្លួន ជាមួយ នឹងប្រទេស កំពុង អភិវឌ្ឍន៍ដទៃទៀត នៅក្នុង វិស័យ សំខាន់ៗ ដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស និងការ ពង្រឹងសមត្ថភាព។
 
ភូមិបួន គឺជាសហគមន៍ធំជាងគេក្នុងចំណោម សហគមន៍ ដែលមាន ប្រជាជនឥស្លាមរស់ នៅច្រើនទាំង ១២ នៅក្នុងខេត្តកោះកុង។ សហគមន៍ឥស្លាម គឺជាសហគមន៍សាសនា ធំជាងគេ ទីពីរនៅកម្ពុជា ដែលមានប្រវត្តិរស់ នៅដោយមានសុខុមរមនា នៅក្នុង ប្រទេស កម្ពុជា។
 
នៅទូទាំងប្រទេស កម្ពុជាទាំងមូល មានម៉ាស ជីត ឬក៏វិហារឥស្លាម ចំនួនប្រហែល ៥០០ ហើយសហគមន៍ឥស្លាម មានវត្តមាន នៅក្នុង គ្រប់ខេត្តក្រុងទាំង ២៥ នៃព្រះរាជាណាចក្រ កម្ពុជា៕ i
 
 

អគ្គរដ្ឋទូតម៉ាឡេស៊ីនៅកម្ពុជា ផ្តល់អំណោយ ជាអង្ករដល់ប្រជាជន នៅភូមិបួន ខេត្តកោះកុង (រូបថត មុនី សិទ្ធីណា)

Share and Like this post

Related Posts

Previous Article

ក្រុងភ្នំពេញត្រូវការភ្លើងចរាចរណ៍ថែមទៀត

Next Article

ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន