កម្ពុជាត្រៀមខ្លួនសំរាប់ យុវជនជំនាន់​ ក្រោយហើយឬនៅ

Ann Sovatha / Khmer Times No Comments Share:

មនុស្សកំពុងតំរង់ជួរនៅមុខកន្លែងប្រគុំតន្ត្រី មុនពេលគេបើកទ្វារអោយចូល (រូបថត អាន សុវត្ថា)
 
ភ្នំពេញ, ខ្មែរថាមស៍ – មេឃកំពុងតែបើកថ្ងៃក្តៅ ចែសកាលពីរសៀល ថ្ងៃសៅរ៍មុនពេលដែលខ្ញុំបាន ទៅដល់កន្លែងកម្មវិធីមួយនៅ ក្នុងបរិវេណនៃសកល វិទ្យាល័យ ភូមិន្ទភ្នំពេញដែលជាសាលាដែលខ្ញុំ បានទទួលសញ្ញាប័ត្រកាលពីជាង មួយទសវត្សមុន។ កម្មវិធីដែលខ្ញុំមកចូលរួម នោះគ្រោង នឹងចាប់ផ្តើម ម៉ោង ១រសៀល ប៉ុន្តែពេលដែលខ្ញុំ ទៅដល់ម៉ោង ១២កន្លះ ខ្ញុំឃើញមានមនុស្សជាច្រើនមានទឹកមុខ ញញឹមញែម សប្បាយរីករាយបាន មកតំរង់ជួរយ៉ាង មានរបៀបរៀបរយ នៅមុខកន្លែង កម្មវិធីនោះ រួចជាស្រេចមុនខ្ញុំទៀត។ ខ្ញុំក៏បានចូល ទៅតំរង់ជួរ ជាមួយគេដែរ ហើយពេលនោះ ខ្ញុំក៏បានលឺគេ ជជែកគ្នា ទាំងភាសាខ្មែរ និងអង់គ្លេសពីរឿង នៅលើហ្វេសប៊ុក និងធ្វីតធើជាដើម។ នៅពេលរងចាំ នោះ ខ្ញុំសង្កេតឃើញ មនុស្សម្នានាំគ្នាថតរូបខ្លួនឯងរបស់ពួកគេ និងពួកម៉ាករបស់គេដោយប្រើកាមេរ៉ាទូរស័ព្ទដៃ។ ពេលខ្ញុំក្រលេកមើលជុំវិញខ្លួនអោយ មែនទែនទៅ ឃើញថាមនុស្សម្នាទាំងនេះ ទំនងជា មានអាយុតិចជាងខ្ញុំ យ៉ាងតិចក៏មួយទសវត្សដែរ។ នៅពេលគេបើកទ្វារនៅម៉ោងជិតមួយ មនុស្សទាំង អស់ រួមទាំងខ្ញុំផង ក៏បានដើរចូលដោយមានរបៀប រៀបរយ ទៅក្នុងសាលធំមួយ។ បន្តិចក្រោយមក មនុស្ស បានចូលមកអង្គុយពេញ នៅក្នុងសាលដ៏ធំ នោះ។ អ្វីដែលខ្ញុំចាប់អារម្មណ៍នៅពេលនោះ គឺ មនុស្សម្នា ៧០០នាក់ នៅជុំវិញខ្ញុំនៅពេលនោះ សុទ្ធតែជាយុវវ័យក្មេងៗ ដែលមានកំលាំង និងទឹក មុខស្រស់ស្រាយ។
 
ព្រឹត្តិការណ៍ដែល ខ្ញុំបានពិពណ៌នានេះគឺជាការប្រគុំ តន្ត្រីសប្បុរសធម៌ “មិត្តយើង” ដែលបានរៀបចំឡើង ដោយក្រុមនិស្សិត វិទ្យាស្ថានភាសាបរទេសនៃ សកលវិទ្យាល័ យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យ ផ្សេងទៀត ក្នុងគោលបំណងរៃអង្គាសលុយសំរាប់ ទិញសំភារៈសិក្សា ដើម្បីជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យ នៅជនបទមួយកន្លែង។ ព្រមជា មួយគ្នានេះ ការប្រគុំតន្ត្រី ក៏មានគោលបំណងជួយ ផ្តល់សំភារៈសិក្សាដល់កុមារ នៅក្នុងអង្គការសំរាប់ ក្តីញញឹមរបស់កុមារ ដែលហៅកាត់ថា PSE។ សំបុត្រចំនួន ៧០០ ដែលសំបុត្រមួយមានតំលៃ ៥ដុល្លា ត្រូវបានលក់ដាច់ ទាំងអស់។ ក្រៅពីការលក់ សំបុត្រ       ការប្រគុំតន្ត្រី ក៏មានលក់អាវយឺតហើយនិងកងដៃ ផងដែរ ដែលអាវមួយតំលៃ ៥ដុល្លា  និងកងដៃមួយថ្លៃ ៣០០០រៀល។ ខ្ញុំបានសាកល្បងស្រាវជ្រាវពីកម្ម វិធីប្រគុំតន្ត្រីនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក និងធ្វីតធើ ហើយបានឃើញថាមានមនុស្សជាច្រើន ចង់ មកចូលរួមមើលការប្រគុំតន្ត្រីនេះ ប៉ុន្តែគេទិញ សំបុត្រ មិនទាន់ ព្រោះសំបុត្រលក់អស់តាំងពីចាប់បើកលក់បាន ៦ថ្ងៃ រួចមកម្លេះ។
 
បន្ទាប់ពីយើងអង្គុយបានបន្តិច គេបិទភ្លើងនៅក្នុង សាលតន្ត្រី ហើយទស្សនិកជនក៏ស្រែកហ៊ោឡើង យ៉ាងខ្លាំងជាមួយនឹង ការសម្តែងក្បាច់រាំបើកឆាក ដំបូង។ បន្ទាប់មកពិធីករ ដ៏ស្រស់ស្អាតប្រុសស្រីពីរ នាក់បាន ចេញមកប្រកាសកម្មវិធី និងឈ្មោះ សិល្បៈករដែលចូលរួមសម្តែង។ នៅពេលដែល ទស្សនិកជន លឺឈ្មោះតារា ដែលពួកគេចូលចិត្តគាំទ្រ ពួកគេនាំ គ្នាស្រែកហ៊ោ កញ្ជៀវឡើង នៅពេលនោះ ខ្ញុំមិនបានចូលរួមហ៊ោជាមួយគេទេ។ នេះមិនមែន ដោយសារខ្ញុំ មិនចង់ហ៊ោទេ គឺមកពីខ្ញុំមិនដែល នឹងលឺឈ្មោះសិល្បៈករ ភាគច្រើនទាំងនោះផង។ ពិធីករក៏បាន ប្រាប់ដល់ទស្សនិកជនផងដែរ នៅពេល ដែលគេចង់បង្ហោះរូបថត រឺសារផ្សេងៗនៅលើប្រព័ន្ធ បណ្តាញសង្គម សូមអោយគេជួយដាក់សញ្ញា hash tag # នៅមុខពាក្យ “មិត្តយើង” ហើយ អ្នកដែលបង្ហោះបានល្អជាងគេ នឹងត្រូវបានគេជ្រើស រើសអោយទទួលបានរង្វាន់ ជាអាវយឺត និង វត្ថុ អនុស្សាវរីយ៍មួយចំនួនទៀត។ ខ្ញុំបានគិតថាមនុស្ស ភាគច្រើននៅជំនាន់ខ្ញុំ និងជំនាន់មុនខ្ញុំ​ ប្រហែល​ ជាមិនដែលដឹងថាពាក្យថា hash tag មានន័យ ថាមេចផង។ នៅដល់ចំនុចនេះ ខ្ញុំមានអារម្មណ៍ ថា ក្រុមយុវវ័យទាំងនេះ មានគំនិតនិងពាក្យ ពេចន៍ និយាយភាសារបស់គេ ទំនងជាខុសពីគំនិត មនុស្សជំនាន់ខ្ញុំ ដែលកើតក្រោយសម័យខ្មែរក្រហម បន្តិច។ យុវវ័យទាំងនេះមើលទៅមានទឹកចិត្ត សោមនស្ស សកម្ម និងពោរពេញដោយកំលាំងចិត្ត។

ពេលខ្ញុំមើលការសម្តែងរបស់​សិល្បៈករវ័យក្មេងទាំង នោះដែលមានភាគច្រើនបញ្ចេញនូវសមត្ថភាព និង គំនិត​ច្នៃប្រឌិតរបស់គេ ខ្ញុំមានការពេញចិត្តយ៉ាង ខ្លាំងចំពោះ ទេពកោសល្យនៃការសម្តែងរបស់គេ​ដែលខ្ញុំ គិតថាមានគុណភាព និងតំលៃខ្ពស់ជាង ការប្រគុំតន្ត្រី “ជាអាជីព” នៅតាមស្ថានីយ៍ទូរទស្សន៍ ខ្លះផង។ អ្នករៀបចំ និងសិល្បៈករ ក្នុងពិធីនេះ សុទ្ធតែបានមកចូលរួម ដោយស្ម័គ្រចិត្តទាំងអស់។ លើសពីការសម្តែងដ៏ល្អនេះ សិល្បៈករខ្លះក៏បាន បញ្ចេញមតិ រិះគន់ស្ថាបនា ទៅលើបញ្ហាសង្គមខ្លះ ដែលគេមើល​ឃើញ ផងដែរ ដូចជាបញ្ហារើសអើង មនុស្សភេទទីបី ការមិនសូវរវីរវល់លើអត្តសញ្ញាណ វប្បធម៌ខ្មែរក្នុងចំនោមយុវវ័យខ្លះ ដែលមិនចូលចិត្ត និយាយពាក្យគួរសម ដូចជា “អរគុណ” ឬ “ជំរាបសួរ” ជាភាសាខ្មែរ។
 
សិល្បៈករម្នាក់ បានរំលឹកដល់អ្នកចូលរួមទាំងអស់ថា គេគួរតែធ្វើការងារ សប្បុរសធ៌មជារៀងរាល់ថ្ងៃមិន ចាំបាច់តែនៅពេល ដែលមានកម្មវិធីធំៗដូចការ ប្រគុំតន្ត្រីនេះទេ។ ខ្ញុំគិតថា ការដែលពួកគេចេះ យកឱកាសនេះ មកធ្វើការរិះគន់ស្ថាបនាទៅលើ សមាជិក នៅក្នុងជំនាន់របស់គេនេះ ធ្វើអោយខ្ញុំ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះជាភស្តុតាង យ៉ាងជាក់ច្បាស់មួយ ឆ្លុះបញ្ចាំងអោយឃើញថា យុវវ័យសម័យនេះ មានការយល់ដឹងពីបញ្ហានៅក្នុង សង្គមបច្ចុប្បន្ន ហើយចេះជួយបញ្ចេញមតិដើម្បី ចូលរួមដោះស្រាយបញ្ហាទាំងនោះ។ ពួកគេបើកភ្នែក មើល និងត្រចៀកស្តាប់ និងមានភាពក្លាហានក្នុងការបញ្ចេញមតិ ដែលកាលពីពួកខ្ញុំនៅជំនាន់អាយុ ប្រហែលគេ មិនសូវមានមនុស្សដែលមានអត្តចរិតក្លាហានដូចនោះទេ។ 
 
ទោះបីជា មានចំនុចវិជ្ជមានទាំងនេះក៏ដោយ ខ្ញុំត្រូវ ប្រាប់ខ្លួនឯង កុំអោយមានសុទិដ្ឋិនិយមជ្រល់ពេក។ អ្វីដែលខ្ញុំឃើញកាល ពីថ្ងៃសៅរ៍នោះ គឺគ្រាន់តែជា ចំនុចមួយតូច នៅក្នុងក្រុងភ្នំពេញប៉ុណ្ណោះ ដូចនេះ ខ្ញុំមិនអាចនិយាយទូទៅជាលក្ខណៈ ទូទាំងប្រទេស ទាំងមូលនោះទេ។ ជាការពិត ខ្ញុំក៏បានលឺផងដែរ ពីបញ្ហាមួយចំនួន ដូចជារឿងថ្នាំញៀន បងធំ បងតូច និងរឿងផឹកស៊ីរបស់ក្មេងជំទង់ ជាពិសេស ក្មេងៗនៅជនបទ។ បញ្ហាមួយទៀតនោះ គឺមាន យុវជនខ្លះ ផ្តោតខ្លាំងពេក ទៅលើតែអ្វីដែលខ្លួនឯង ចង់ធ្វើ ដែលធ្វើអោយគេភ្លេចយកចិត្តទុកដាក់ពីបញ្ហាធំៗ ដូចជាបញ្ហាភាពក្រីក្រ និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិកំពុងតែប្រឈមមុខ។
 
កាលពីខែសីហា ខ្ញុំបានស្ម័គ្រចិត្តចូលរួមជាគណៈ កម្មការ ជ្រើសរើសនិស្សិត សំរាប់កម្មវិធី អាហារូបករណ៍មួយ។ គណៈកម្មការនេះបានសួរ ទៅកាន់បេក្ខជន ដែលចូលរួមក្នុងការសំភាសន៍ នូវសំនួរមួយចំនួន ពីបញ្ហាអភិវឌ្ឍន៍នៅកម្ពុជា ថាតើយើងបានទទួល លទ្ធផលអ្វីខ្លះ និងនៅមាន បញ្ហាប្រឈមអ្វីខ្លះទៀត។ ខ្ញុំមានការខកចិត្តជាខ្លាំង ដែលបេក្ខជនជាច្រើន មិនអាចឆ្លើយសំនួរទាំង នេះបានល្អ។ នេះបង្ហាញអោយឃើញថាយុវវ័យ នៅត្រូវការ ការបណ្តុះបណ្តាលនិងការណែនាំ ពិគ្រោះយោបល់ ច្រើនទៀត ដើម្បីជួយអោយ គេអាចឈានទៅសំរេចបាន សក្តានុពលរបស់គេ។
 
ទោះជាយ៉ាងនេះក៏ដោយ អ្វីដែលខ្ញុំឃើញនៅកម្ម វិធីប្រគុំតន្ត្រី កាលពីថ្ងៃសៅរ៍ គឺជាចំនុចវិជ្ជមាន ដ៏ធំមួយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលអនាគត ដ៏ឆាប់ៗនេះ ពួកគេទាំងនេះនឹងអាចចែករំលែក ចំនេះដឹង និងបទពិសោធន៍របស់គេទៅដល់យុវវ័យ ផ្សេងទៀត​។​ ខ្ញុំគិតថា ពួកគេទាំងនេះ បានត្រៀម ខ្លួនរួចរាល់ហើយ ក្នុងការចាប់យកតួនាទីជាអ្នក ដឹកនាំ និងបញ្ចេញ គំនិតផ្តួចផ្តើមរបស់ពួកគេ ដើម្បីធ្វើអោយមានការផ្លាស់ ប្តូរនៅក្នុងសង្គម។ ខ្ញុំ ជឿថា ក្មេងជំនាន់នេះ មុខជានឹងធ្វើអោយមានការផ្លាស់ប្តូរ។ សំនួរគឺ នៅត្រង់ថា តើប្រទេសកម្ពុជាបានត្រៀមខ្លួនហើយឬនៅ ដើម្បីអោយយុវវ័យជំនាន់នេះ ចាប់ផ្តើមធ្វើការផ្លាស់ប្តូរដែលគេចង់ធ្វើ។ 
 

Share and Like this post

Related Posts

Previous Article

កឹម សុខា ស្តាប់ ការបារម្ភពីរឿង ជនភៀសខ្លួន

Next Article

UEFA Champions League 20/3/14