cellcard cellcard

យុវវ័យឆ្នើម៖ ទីប្រឹក្សាអាពាហ៍ពិពាហ៍វ័យក្មេង

ដោយ មុនី សីទ្ធីណា Share:

ភ្នំពេញ​ ខ្មែរថាមស៍ – ជាអ្នកដែលបានរៀនចប់ ថ្នាក់អនុបណ្ឌិត វ័យក្មេងម្នាក់ សម្បត្តិ អមរៈ វិប្បស្សិនី បានបង្កើតក្រុមហ៊ុន រៀបចំ អាពាហ៍ ពិពាហ៍ និងហាងសំភារៈអាពាហ៍ពិពាហ៍មួយ។
 
ដោយបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច នយោបាយអន្តរជាតិ មកពីសកលវិទ្យាល័យ បច្ចេកទេសណានយ៉ាង នៅសិង្ហបុរីអ្នកជំនួញ វ័យ២២ឆ្នាំរូបនេះ សង្ឃឹមថានឹងអាចជួយគូ ស្នេហ៍ដែលរវល់ក្នុងការងារ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏ពិសេសក្នុងជីវិតរបស់គេ។
 
“នេះគឺជាចំណង់ចំណូលចិត្ត របស់ខ្ញុំដែលចង់ ធ្វើការក្នុងវិស័យមួយ ដែលអាចអោយខ្ញុំជួយ គេអោយសប្បាយចិត្ត” នាងបានបញ្ជាក់ពីមូល ហេតុចំបង ដែលជំរុញអោយនាងបង្កើតក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ឈ្មោះ ផ្កាស្លា។
 
“ខ្ញុំក៏បានគិតធ្វើការ ក្នុងវិស័យទេសចរណ៍ដែរ ប៉ុន្តែពេលខ្ញុំរៀននៅសិង្ហបុរី ខ្ញុំឃើញថាមនុស្ស ភាគច្រើន ផ្តល់តម្លៃសំខាន់ដល់កំឡុងពេល រៀបចំ អាពាហ៍ពិពាហ៍របស់គេ” នាងបាន និយាយដោយបន្ថែមថា គេត្រូវធ្វើការស្រាវ ជ្រាវនិងគ្រោងថវិកាច្រើន នៅដំណាក់កាល នេះ។
 
វិប្បស្សិនី បានបញ្ចប់បរិញ្ញាប័ត្រផ្នែកការសិក្សា អន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស។ នាង បានទទួលអនុបណ្ឌិត នៅឆ្នាំ២០១៣ បន្ទាប់ មកបង្កើត ផ្កាស្លា កាលពី ខែសីហា ២០១៤។ ទោះបីមានការសិក្សា ផ្នែកវិទ្យាសាស្រ្តនយោ បាយក្តី ក៏នាងជឿជាក់ថា នាងត្រូវធ្វើការងារ ដែលស្របទៅនឹងចំណង់ចំណូលចិត្តនាង។
 
“ការអប់រំដែលខ្ញុំទទួលបាន អាចជួយបានដូច ជាទំនាក់ទំនងជាមួយភ្ញៀវ និងការគិតវិភាគ ប៉ុណ្ណោះ” នាងបាននិយាយ។ “ពេលខ្លះខ្ញុំគិត ថា វាជាការល្អ បើខ្ញុំដឹងថាខ្ញុំចង់ធ្វើអី ពីយូរមក ដើម្បីខ្ញុំអាចរៀនជំនាញដូចជា គ្រប់គ្រងគំរោង ធុរកិច្ច និងជំនាញផ្សេងទៀត” ។
 
“ខ្ញុំគិតថា អ្នកដែលអាចបើក ជំនួញខ្លួនឯងបាន ពិតជាមានសំណាងជាង អ្នកផ្សេងដោយសារ គេមានគ្រួសារគាំទ្រ។ អ្នកខ្លះ ទៀតក៏ចង់បើក ជំនួញដែរ តែខ្វះការគាំទ្រ ពីមនុស្សជុំវិញ” ។ 
 
នាងចាប់ផ្តើមស្រលាញ់ ការធ្វើជំនួញនៅពេល នាងចូលរួមកម្មវិធីសិក្សា ផ្លាស់ប្តូរមួយដែល នៅពេលនោះ នាងបានរៀនសូត្រពាក់ព័ន្ធនឹង ជំនួញ។ ដូចនេះនាងគិតថាសិស្សនិស្សិតទាំង អស់ គួរចូលរួមសកម្មភាពផ្សេងៗ តាមរយៈ ការស្ម័គ្រចិត្ត ឬកម្មវិធីសិក្សា ផ្លាស់ប្តូរដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯង។
 
“យើងមិនគួរផ្តោតការ សិក្សានៅសកលវិទ្យា ល័យរយៈពេលបួនឆ្នាំ ទៅលើតែការសិក្សា មួយមុខនោះទេ។ យើងគួរសាកល្បងធ្វើអីផ្សេង ខ្លះដើម្បីយល់ពីខ្លួនឯង” នាងបាននិយាយ។
 
អ្នកជំនួញវ័យក្មេងរូបនេះ ស្រមៃចង់ឃើញក្រុម ហ៊ុនរៀបចំ អាពាហ៍ពិពាហ៍របស់នាង ដែល មានទីតាំងតាមផ្លូវ ៣៣៨ ក្លាយទៅជាកន្លែង ផ្តល់សេវា អាពាហ៍ពិពាហ៍មួយ ដែលគូស្នេហ៍ គ្រប់រូបគិតដល់ នៅពេលគេរៀបចំអាពាហ៍ ពិពាហ៍។ ក្រុមហ៊ុនរបស់នាង កំពុងរៀបចំ សម្ភោធ សេវាប្រឹក្សាការរៀបចំអាពាហ៍ពិពាហ៍ ដើម្បីជួយគូស្នេហ៍ ក្នុងការពង្រាងសេចក្តី សុបិន្តរបស់គេ ស្របទៅតាមចំណូលចិត្តពេល​វេលា និងថវិការបស់គេ។
 
វិប្បស្សិនី មានវ័យក្មេង ហើយមានកំលាំងចិត្ត និងកំលាំងកាយ ខិតខំប្រឹងប្រែងក្នុងការងារ របស់នាង។ នាងជឿថាទីផ្សារសំរាប់វិស័យអាពាហ៍ពិពាហ៍ នៅបើកទូលាយនៅឡើយ ហើយទៅអនាគត ប្រជាជនកម្ពុជាដែលមាន វ័យក្មេងនឹង​រៀបអាពាហ៍ពិពាហ៍កាន់តែច្រើន ទៀត ៕ 

Previous Article

រណសិរ្សរំដោះជាតិខ្មែររៀបគម្រោងបង្កើតរដ្ឋាភិបាលនិរទេស

Next Article

បេតិកភ័ណ្ឌពិភពលោកសំរាប់ទីក្រុងខ្មែរបី