cellcard cellcard

បេតិកភ័ណ្ឌពិភពលោកសំរាប់ទីក្រុងខ្មែរបី

ដោយ នូ សុធាវី Share:

ភ្នំពេញ ខ្មែរថាមស៍ – ឆ្លើយតបទៅនឹងកំនើន ការទទួលស្គាល់ស្ថាបត្យកម្ម សម័យអាណា និគមបារាំង ប្រទេសកម្ពុជាកំពុងរៀបចំសុំ អង្គការ យូនេស្កូ ដាក់អគារសំខាន់ៗដែលមាន រចនាបថ សម័យអាណានិគមបារាំង នៅក្នុង ទីក្រុងបី ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។
 
ទីក្រុងដែលជាបេក្ខជន សំរាប់ចុះបញ្ជីនេះគឺ បាត់ដំបង  ក្រចេះ និងកំពត។ អ្វីដែលគេគ្រោង ស្នើរដាក់ចូលក្នុងបញ្ជី ដើម្បីស្តារឡើងវិញនិង អភិរក្ស រួមមានដូចជា អគារសម័យបារាំងនៅ​តាមផ្លូវមាត់ទន្លេ ស្ទឹង ព្រែក ដែលភាគច្រើន បច្ចុប្បន្នមានសភាពទ្រុឌទ្រោម និង គ្មានការ ថែរក្សា។
 
ដោយសារមនុស្សជាច្រើនបច្ចុប្បន្ន មិនសូវយល់ ដឹងពីតំលៃ នៃការអភិរក្សកេរ្តិ៍ដំណែលប្រវត្តិ សាស្រ្តទាំងនេះ គេមិនសូវផ្តល់សារៈសំខាន់ ខ្លាំងដល់អគារទាំងនោះទេ។ ប៉ុន្តែអ្នកទេស ចរណ៍ មកពីអឺរ៉ុប ស្រលាញ់និងចង់ឃើញស្នាម ដានពីអតីតកាលនៃតំបន់ “ឥណ្ឌូចិន” ទាំង នេះ។ បន្ថែមលើនេះទៀត ការងារអភិរក្សនិង  ជួសជុលឡើញវិញ នូវអគារទាំងនេះសមស្រប ទៅនឹងគោលនយោបាយ របស់រដ្ឋាភិបាលក្នុង ការបង្វែរចំណាប់ អារម្មណ៍អ្នកទេសចរណ៍ខ្លះ ចេញពីតំបន់អង្គរវត្ត ដើម្បីអោយតំបន់ផ្សេងៗ ទទួលបានផលប្រយោជន៍ពីវិស័យនេះផង។
 
តំបន់អាស៊ីអគ្នេយ៍ មានទីតាំងបេតិកភ័ណ្ឌ ពិភពលោក ចំនួន៣៣ រាប់បញ្ចូលទាំងទីតាំង ពីរនៅ កម្ពុជា គឺតំបន់ប្រាសាទអង្គរវត្ត និង​ព្រះវិហារ នៅតាមព្រំដែនខ្មែរថៃ។
 
តំណាងរបស់អង្គការ យូនេស្កូ នៅកម្ពុជាលោក ស្រី Anne Lemaistre បានប្រាប់កាសែតខ្មែរ ថាមស៍ កាលពីខែមុនថា លោកស្រីកំពុងរៀប ចំការងារជាមួយ អភិបាលខេត្តដើម្បីចាប់ផ្តើម ដំណើរការ ការអភិរក្សអគារចាស់ៗទាំងនោះ។ ក្រុងបាត់ដំបង គឺជាក្រុងឈានមុខគេសំរាប់​ការងារនេះក្នុងចំនោម ទីក្រុងទាំងបី។
“ភ្នាក់ងារជំនួយអាលឺម៉ង់ បានកំនត់តំបន់ដែល គួរអភិរក្ស” លោកស្រីបាននិយាយ។ “ឥឡូវគេ ត្រូវសិក្សាពីកេរ្តិ៍ដំណែល ទាំងនេះ   ពីអគារមួយ ទៅអគារមួយ។ ភាគច្រើនវាជាអគារសម័យ អាណានិគមបារាំង ប៉ុន្តែក៏មានវត្តបុរាណ និង សំណង់ស្ថាបត្យកម្ម បែបខ្មែរបុរាណមួយ ចំនួនដែរ” ។ 
 
បញ្ហាប្រឈម គឺធ្វើយ៉ាងណាពាក់ព័ន្ធម្ចាស់កម្ម សិទ្ធិឯកជនក្នុងដំណើរការនេះ ដែលគេត្រូវ បញ្ចុះបញ្ចូលម្ចាស់កម្មសិទ្ធិ ទាំងនោះអោយយល់ថាការងារស្តារនិងអភិរក្សអគារចាស់ៗទាំងនេះ នឹងមានប្រយោជន៍ច្រើនជាងវាយកំ​ទេចអគារទាំងនោះចោល។
 
បើតាមលោកស្រី Lemaistre គំរូការងារអភិរក្សអគារចាស់ៗបែបនេះមួយ គឺការអភិរក្សអគារ ចាស់ៗមួយចំនួនដែលចាត់ចែងដោយយូនេស្កូ នៅក្នុងទីក្រុងលួងប្រាបាង ប្រទេសឡាវ។ ម្ចាស់កម្មសិទ្ធិឯកជន ក្នុងតំបន់អភិរក្សនោះ អាច ទទួលបានសម្ភារៈ សំណង់ ដោយមិនគិត  ថ្លៃ ឬដោយតម្លៃថោក បើសិនគេយល់ព្រម ស្តារ ជួសជុលអគារចាស់ៗ ដោយប្រើប្រាស់ សម្ភារៈបុរាណ ដែលមិនផ្លាស់ប្តូរពណ៌ឬរចនា បថរបស់អគារ។ ស្ថាបត្យករដែលរស់នៅក្នុង តំបន់នោះ គឺជាអ្នកមើលការខុសត្រូវការងារ អភិរក្សនោះ។
 
ទីក្រុងបាត់ដំបងត្រៀមខ្លួនរួចហើយ
 
ក្រុងបាត់ដំបង ដែលមានទីតាំងតាមដងស្ទឹង សង្កែ ត្រូវបានគេស្គាល់ថា ជាទីក្រុងដែលបាន អភិរក្សអគារស្ថាបត្យកម្មសម័យ អាណានិគម បារាំងច្រើន។ កាលពីឆ្នាំមុន អភិបាលខេត្តបាត់ ដំបង បានទៅធ្វើទស្សន កិច្ចសិក្សា នៅទីក្រុង លួងប្រាបាង ដើម្បីសិក្សាពី ប្រព័ន្ធការងារ អភិរក្សរបស់គេ។ អភិបាលរងខេត្ត លោក ជៀម ចាន់សុភ័ណ្ឌ បានប្រាប់កាសែតខ្មែរ ថាមស៍ពីសប្តាហ៍មុនថា លោកចង់ឃើញអគារ សម័យបារាំង ជាច្រើនទៀតត្រូវបានស្តារនិង ជួសជុលឡើងវិញ ដើម្បីអាច ចូលរួមចំណែក លើកកំពស់ វិស័យទេសចរណ៍របស់ទីក្រុង។
 
ការងាររៀបចំឯកសារ ដើម្បីចុះបញ្ជីទីក្រុង បាត់ដំបង ក្រចេះ និងកំពត ក្នុងបញ្ជីបេតិក ភ័ណ្ឌពិភពលោក គឺជាការងារលំបាកដែល ស៊ីពេល អាចរហូតដល់មួយទសវត្ស។ លោក ចាន់ សុភ័ណ្ឌ បាននិយាយថាទីក្រុងបាត់ដំបង កំពុងតែរៀបចំឯកសារ ដើម្បីដាក់អោយ ក្រសួង ទេសចរណ៍ និងក្រសួងវប្បធម៌ពិនិត្យ។
 
ចំណែក ទីក្រុងកំពត និងក្រចេះវិញ ដំណើរ ការរៀបចំនេះ ទំនងដូចជានៅក្នុងការពិភាក្សា គ្នានៅឡើយ។
 
ដំណើរការទៅមុខយឺតៗរបស់ក្រចេះ និងកំពត
 
ក្រចេះ គឺជាទីក្រុងចាស់មួយនៅតាមដងទន្លេ មេគង្គ នៅតំបន់ខាងជើង ឈាងខាងកើត ប្រទេសកម្ពុជា ដែលអាចធ្វើដំណើរទៅដល់ ក្នុងរយៈពេល បួនទៅប្រាំម៉ោងដោយរថយន្ត។
 
គេឃើញមានវត្តបុរាណ ជាច្រើននៅទីនោះ ដូចជាវិហារធំ នៅវត្តសសរមួយរយដែលបាន សង់ឡើងតាំងពីសតវត្សទី១៦។ មានវត្ត និង វិហារមួយចំនួនទៀត ដែលមានអាយុកាល តាំងពីសតវត្សទី ៨។ នៅក្នុងខេត្តដ៏ស្ងប់ស្ងាត់ ដែលជាទីជំរក របស់ត្រីផ្សោតទឹកសាបនេះ ផ្ទះខ្មែរបុរាណ និងអគារសម័យបារំាង មាននៅ ជាច្រើនកន្លែងក្នុងទេសភាព ទីក្រុងមាត់ទន្លេ មួយនេះ។
 
ផ្ទៃដីភាគច្រើននៅក្នុងខេត្តនេះ គឺជាដីព្រៃក្រាស់ ដោយមិនមានប្រជាជនរស់នៅទេ ប៉ុន្តែខេត្ត ក្រចេះ កំពុងតែប្រឹងប្រែង ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍មកលេង។ នៅខែមិនា ឆ្នាំនេះ ទីក្រុងក្រចេះ នឹងប្រារព្ធបុណ្យទន្លេ ជាលើកទី មួយ ដែលជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងលើកកំពស់វិស័យទេសចរណ៍ និងការការ ពារទន្លេនៅក្នុងទីក្រុងដែលមានប្រជាជនរស់ នៅជាង ៤ម៉ឺននាក់នេះ។
 
ទីក្រុងមាត់ទន្លេមួយទៀត ដែលជាគោលដៅ សំរាប់អភិរក្សដែល គឺទីក្រុងកំពត ដែលមាន​ ចំនួនប្រជាជន ប្រហែលនឹងក្រចេះដែរស្ថិតនៅ តាមបណ្តោយព្រែកកំពត។ 
 
នៅតាមបណ្តោយ ផ្លូវមាត់ព្រែកគេឃើញមាន ផ្ទះសម័យបារាំង ខ្លះបានស្តារជួសជុលឡើង វិញរួចរាល់   ប៉ុន្តែខ្លះទៀតស្ថិត ក្នុងសភាពទ្រុឌ ទ្រោម ស្ទើរបាក់រលំ។ ទិដ្ឋភាពបែបនេះឆ្លុះ បញ្ចាំង ពីគំនិតទស្សនៈផ្សេងគ្នា សំរាប់ម្ចាស់ កម្មសិទ្ធិឯកជនទាំងនោះ។ អ្នកខ្លះ នៅចាំ អោយអគារបារាំងចាស់ៗ ទាំងនោះបាក់រលំ ដើម្បីគេអាចសង់សំណង់ អគារថ្មីនៅលើដីនៅ តាមមាត់ព្រែក ដែលមានតំលៃថ្លៃនោះ៕​

ផ្ទះសម័យអាណានិគមបារាំងមួយក្នុងក្រុងកំពត (រូបថត Jeremie Montessuis)

Previous Article

កម្មវិធីក្តារចុចអក្សរខ្មែរថ្មីសំរាប់ទូរស័ព្ទឆ្លាតវៃ

Next Article

ជប៉ុនពង្រឹងទំនាក់ទំនងជាមួយកម្ពុជា