cellcard cellcard

អតីតជំរុំជនភៀសខ្លួន និង អនុស្សាវរីយ៍ជូរចត់

ដោយ នូ សុធាវី Share:

Ditas Agnes Sotto អ្នកធ្វើការមនុស្សធម៍មកពីហ្វីលិពីន អោបសហការីជនជាតិខ្មែរ ដែលបែកគ្នាតាំងពី ជំនាន់ជំរុំខៅអ៊ីដាង ប្រទេសថៃក្នុងដើមទសវត្ស ១៩៩០ (រូបថត នូ សុធាវី)
 
 
អារញ្ញប្រាថេត ប្រទេសថៃ ខ្មែរថាមស៍ – អតីតជន ភៀសខ្លួនខ្មែរ និងអតីតអ្នកធ្វើការមនុស្សធម៌នៅ​ ជំរុំជនភៀសខ្លួនបានជួបជុំគ្នា កាលពីសប្តាហ៍​ មុនបន្ទាប់ពីបែកគ្នាជាង ៣០ឆ្នាំ តាំងពីជំរុំបិទ ទ្វារដើម្បីរំលឹក​ ពីអនុស្សាវរីយ៍និងការតស៊ូជូរចត់ ជាមួយគ្នា។ ការជួបជុំគ្នានោះត្រូវបានគេដាក់ ឈ្មោះថា “អារញ្ញប្រាថេត២០១៥”។
 
អ្នកដែលបានមកចូលរួមជំនួបនោះ បាននាំមក ជាមួយគេនូវអនុស្សាវរីយ៍តាំងពីជាង ៣៥ឆ្នាំមុន នៅពេលដែល គេធ្លាប់ធ្វើការ ឬធ្លាប់រស់នៅក្នុង ជំរុំជនភៀសខ្លួន ដូចជាជំរុំសាយធូ (១៩៨៥-១៩៩៣) និងជំរុំខៅអុីដាង(១៩៧៩ -១៩៩២) ដែលជាកន្លែងប្រជាជនកម្ពុជា បានភៀសខ្លួន​ចេញ​ពីសង្គ្រាមក្នុងប្រទេសនៅពេលនោះ។
 
លោក ទូច  ចាន់   ដែលជាអតីតជនភៀស​ខ្លួនមួយ រូប បានធ្វើដំណើរពីផ្ទះ របស់គាត់នៅទីក្រុង​ ឡូវែល រដ្ឋម៉ាសាជូសេត សហរដ្ឋអាមេរិក មកចូលរួមកម្មវិធីនេះ។ គាត់សង្ឃឹមថានឹងរក​ ឃើញ អ្នកធ្វើការមនុស្សធម៌នៅក្នុងជំរុំមួយរូប ដែលជាមនុស្សទីមួយ បានចែករំលែកភេសជ្ជៈ កូកាកូឡាមួយកំប៉ុងជាមួយគាត់។ គាត់បានស្វែង រកលោក Andrew Pedleton អស់រយៈ ពេល២២​ឆ្នាំ ហើយបានរកឃើញគាត់ នៅការជួបជុំគ្នា កាលពីសប្តាហ៍មុននេះ។ លោក Pedleton ដែលជាអ្នករៀបចំការជួបជុំគ្នា នោះមួយរូបបាន និយាយថា “ការជួបជុំនេះគឺជាការសាទរសំរាប់ អ្នកធ្វើការ មនុស្សធម៌ ដែលធ្វើការនៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងទសវត្ស១៩៨០ នៅពេលដែល ប្រជាជនខ្មែររត់ចេញ មកនៅ តាមតំបន់នោះ។ វាជាការរំលឹកដល់អង្គការ ក្រៅរដ្ឋាភិបាល និង​ភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានធ្វើការ នៅតាមជំរុំទាំងនោះតាំងពីឆ្នាំ១៩៨២។ នេះជា ខួប៣២ឆ្នាំ នៃការងារនោះ”។
 
នៅយប់ថ្ងៃដំបូង នៃការជួបជុំ អ្នកចូលរួមបាន នាំគ្នាទិញអាវយឺតពណ៌ស ដែលមានរូបអតីត ជំរុំទាំងនោះនៅខាងខ្នង។ នៅព្រឹកបន្ទាប់ពួកគេ​ នាំគ្នាទៅជួបជុំនៅទីតាំង អតីតជំរុំសាយធូដែល ជាជំរុំនៅជិតវត្តត្នោត ក្នុងខេត្តអារញ្ញប្រាថេត ប្រទេសថៃ។ នេះជាជំរុំធំជាងគេដែលមានជន ភៀសខ្លួនរហូតដល់ ១៤០,០០០នាក់។ ទីតាំង​ ដែលគេឃើញសព្វថ្ងៃ មានទិដ្ឋភាព ផ្ទុយគ្នា ​ស្រឡះពីអ្វីដែលពួកគេ នៅចងចាំកាលពីមុន។ 
 
ទេសភាពដែលបានផ្លាស់ប្តូរ
 
អ្នកធ្វើការមនុស្សធម៌ម្នាក់ ឈ្មោះ Betty Mitchell នៅចងចាំទីតាំងមួយកន្លែង ដែលគេធ្លាប់ចែក​ ចាយម្ហូប និងស្បៀង រៀងរាល់ថ្ងៃអង្គារ។ ដោយ ឃើញមានទឹកភ្នែក រលីងរលោងផងគេឃើញ នាងទៅអង្គុយនៅក្រោមដើមឈើ មួយក្នុងទីតាំង អតីតជំរុំនេះហើយព្យាយាមរំ លឹកអនុស្សាវរីយ៍ ដ៏ជូរចត់នៅពេលនោះដោយ សំឡឹងមើលទៅភ្នំ មួយ។ “ខ្ញុំមើលកន្លែងនេះមិនស្គាល់ទេបើគ្មានភ្នំនោះ”នាងបាននិយាយ។
 
លោកស្រី Mitchell នៅចងចាំជំរកបណ្តោះ អា​សន្ន ដែលគេសង់ពីដើមឬស្សី និងដីដែល សព្វថ្ងៃ មិនមានសល់ស្នាមអ្វីទៀតទេ នៅក្នុង ទីតាំងជំរុំសាយធូនោះ។ “ជំរកទាំងអស់ត្រូវបាន សង់ឡើងជាលក្ខណៈ បណ្តោះអាសន្ន” លោក Rick Renas ដែលជាអ្នកធ្លាប់ធ្វើការនៅក្នុងជំរុំនោះបានពន្យល់។
 
នៅពេលដែល អ្នកធ្លាប់ធ្វើការនៅក្នុងជំរុបាន មកជួបជុំនៅអតីតទីតាំងជំរុំនោះ ពួកគេក៏បាន ចែករំលែកពីបទពិសោធន៍ផ្សេងៗ ដែលគេបាន ឆ្លងកាត់ក្នុងជំរុំ ព្រមទាំង យករូបថតចាស់ៗ ដែល​បានថតពីកាលនោះ មកចែកគ្នាមើលផង ដែរ។ រូបថតទាំងនោះគឺ ជាភស្តុតាងតែមួយគត់ ដែលបានឆ្លុះបញ្ចាំង ពីជីវិតក្នុងជំរុំសាយធូ នៅ ពេលនោះ។
 
នៅមិនឆ្ងាយប៉ុន្មាន ពីទីតាំងនោះដែរគឺជាទីតាំង  អតីត ជំរុំខៅអីុ​ដាង ដែលជាជំរុំនៅតាមតំបន់ព្រំ ដែនមានអាយុកាលវែងជាងគេ រហូតដល់១៣ ឆ្នាំ។ នៅទីនោះអ្នកចូលរួមបានរំលឹកឡើងវិញ នូវចំនួនជនភៀសខ្លួនខ្មែរដែលបានមកទទួល សេវា​សុខភាព ក្នុងជំរុំនោះ និងនៅរងចាំការ ធានាអោយទៅប្រទេសបន្ទាប់។
 
ចៅហ្វាយក្រុងអាមេរិកដែលចង់ដឹងពី​ប្រវត្តិសាស្រ្ត
 
លោក Rodney Elliott ចៅហ្វាយក្រុង ទីក្រុង​ឡូវែល សហរដ្ឋអាមេរិក ដែលជាទីក្រុងដែល​មាន​ប្រជាជនខ្មែររស់នៅច្រើន​ ជាងគេទីពីរបាន មកចូលរួមការជួបជុំគ្នានោះ ក្នុងគោលបំណង​ រៀនសូត្រថែមទៀត ពីជីវិត និងបទពិសោធន៍ របស់ប្រជាជន ដែលរស់នៅក្នុងទីក្រុងរបស់លោកសព្វថ្ងៃ។ 
 
នៅក្នុងសុន្ទរកថាមួយ នៅយប់ចុងក្រោយនៃ ការជួបជុំគ្នា លោកបាននិយាយថា“អ្នកទាំងអស់ បានមកជួយ ជនភៀសខ្លួនទាំងនោះហេតុនេះ បានជា ខ្ញុំមកក្នុងនាមជាចៅហ្វាយក្រុង ទីក្រុង ឡូវែល ដែលមានអតីតជនភៀសខ្លួនខ្មែរជាង ៣ម៉ឺននាក់។ ខ្ញុំគិតថាវាជាការសំខាន់ដែលខ្ញុំនិង​  សហការីខ្ញុំចូលរួមក្នុង ពិធីជួបជុំគ្នានេះដោយ​ សារយើងជាទីក្រុងនៃជនភៀសខ្លួន” ។ 
 
លោកបានអរគុណ អ្នករៀបចំកម្មវិធីដែលបាន​ ផ្តល់ ឱកាសអោយលោក​បានអញ្ជើញមកចូល រួមការជួបជុំគ្នានេះ ដើម្បីអោយលោកបានយល់ ដឹងកាន់តែច្រើនទៀតពីប្រវត្តិដែល ប្រជាជនរស់ នៅក្នុងទីក្រុងរបស់លោកធ្លាប់បានឆ្លងកាត់។
 
ការងារមនុស្សធម៌នឹងបន្តទៅទៀត
 
អតីតអ្នកធ្វើការនៅជំរុំម្នាក់ គឺលោកស្រី Susan Walker បានចែករំលែក​ពីការចងចាំរបស់​លោក ​ស្រី នៅថ្ងៃមួយពេលគេរកឃើញ សាកសពស្រ្តី គថ្លង់ម្នាក់ ដែលត្រូវបានគេសម្លាប់ នៅក្រៅ ជំរុំ។ គាត់បាននិយាយថា “នេះជាឧទាហរណ៍ មួយនៃ​ការងាររបស់យើង។ ជាញឹកញាប់ យើង​គឺជាសំលេងរបស់អ្នក​ ដែលគ្មានសំលេង”។  លោកស្រីបានពន្យល់ថា ការងារតស៊ូមតិជំនួស​ មុខអោយប្រជាជនខ្មែរ ដែលគ្មានសំលេងនៅ ពេលនោះ នៅតែជាឧទាហរណ៍ នៃការងារ មនុស្សធម៌ ក្នុងស្ថានភាពផ្សេងទៀតសព្វថ្ងៃ។
 
“សព្វថ្ងៃ មានមនុស្ស​ជាច្រើនបានអរគុណយើង ដែលបានជួយជនភៀស ខ្លួនខ្មែរប៉ុន្តែយើងត្រូវ អរគុណប្រជាជនខ្មែរខ្លួនឯងដែល មានការប្រឹង ប្រែងតស៊ូជំនះរាល់ការលំបាក ផ្សេងៗបន្ទាប់ ពីរបបខ្មែរក្រហម។ យើងមិនមែនត្រឹមតែបាន​ស្គាល់ ជនភៀសខ្លួនប៉ុណ្ណោះទេ យើងក៏បាន ស្គាល់ខ្លួនឯងច្បាស់ដែរ” ។
 
សំរាប់លោកស្រី Walker និងអ្នករៀបចំកម្មវិធី ផ្សេងទៀតការមកជួបជុំគ្នា ដែលមានអ្នកចូលរួម មកពីជាង ១៣ប្រទេស ជុំវិញពិភពលោកនេះ​បានបង្ហាញថា សហគមន៍ មនុស្សធម៍អន្តរជាតិ នៅតែរឹងមាំ និងរៀបចំខ្លួនរួចរាល់ក្នុង ការជួយ​រដ្ឋាភិបាល ណាមួយនៅពេលដែលគេត្រូវការ ជំនួយសំរាប់ជនភៀសខ្លួន៕ 
 

គេត្រូវប​្រើមេហ្គាហ្វូនដើម្បីចែករំលែកអនុស្សាវរីយ៍នៅជំរុំខៅអីុដាង ដែលជាជំរុំជនភៀសខ្លួនធំមួយ​ បន្ទាប់ពីរបបខ្មែរក្រហម (រូបថត នូ សុធាវី)

Previous Article

កូនប្រុសលោកស៊ីន ស៊ីសាមុត ទទួលមរណភាព

Next Article

ទិដ្ឋភាពនយោបាយប្រែប្រួលក្នុងឆ្នាំ២០១៥