cellcard cellcard

កម្ពុជាអាចបង្កើតការងារ ៣០០,០០០ រាល់ឆ្នាំបានទេ?

ដោយ James Brooke Share:

ភ្នំពេញ​ ខ្មែរថាមស៍ – ក្នុងពេលមួយទសវត្សទៅ មុខ  ប្រទេសកម្ពុជាត្រូវ បង្កើតការងារថ្មីចំនួន ៣០០,០០០ រៀងរាល់ឆ្នាំ ដើម្បីផ្តល់ការងារ អោយរលកយុវវ័យ ដែលកើតបន្ទាប់ពីមានស្ថេរភាពនៅកំឡុងទសវត្សឆ្នាំ ១៩៩០។
 
ការរក្សាអោយបានកំនើនការងារ យ៉ាងតិច៤ភាគរយជារៀងរាល់ឆ្នាំគឺជាបញ្ហាប្រឈមធំមួយ សំរាប់ប្រទេសណាក៏ដោយ។ ដើម្បី ជំនះនឹងបញ្ហាប្រឈមនេះបានរដ្ឋាភិបាលនិងប្រជាជន ត្រូវតែដាក់ចិត្តដាក់កាយផ្តោតអារម្មណ៍ និងគំនិតធ្វើយ៉ាងណាអោយមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារថ្មី។
 
បើមិនដូចនោះទេ   គេនឹងជួបបញ្ហាដ៏ជាក់ច្បាស់ មួយគឺការធ្វើចំណាកស្រុកទៅធ្វើការ នៅក្រៅ ប្រទេស និងបញ្ហាចោរកម្ម អសន្តិសុខកើន ឡើងខ្ពស់ ដែលបណ្តាលមកពីមានមនុស្សវ័យ ក្មេងៗ គ្មានការងារធ្វើច្រើនពេកក្នុងប្រទស។ ទោះជាយ៉ាងនេះក្តី   ក៏គេសង្កេតឃើញថាការ បង្កើតកំនើនសេដ្ឋកិច្ច នៅកម្ពុជានៅមិនទាន់ រលូននៅឡើយ។
 
រថភ្លើងអត់ទៅមុខ 
 
ក្រុមហ៊ុនដឹកជញ្ជូន របស់អូស្រ្តាលីមួយបាន ដកខ្លួនថយចេញ បន្ទាប់ពីខិតខំប្រឹងប្រែងអស់ ជាង ៥ឆ្នាំ ក្នុងការព្យាយាម បង្កើតអោយ មានឡើងវិញនូវខ្សែរថភ្លើង ដឹកទំនិញនិងអ្នក ដំណើរពីកម្ពុជា ទៅប្រទេសថៃ។ការខិតខំបាន ផ្តល់លទ្ធផលខ្លះដែរ ដូចជា សេវាដឹកទំនិញ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ប៉ុន្តែមិនមាន សេវា ដឹកអ្នកដំណើរ ដូចជាពីភ្នំពេញទៅកែប កំពត និងក្រុងព្រះសីហនុទេ។
 
គំរោងស្តារឡើងវិញនិងពង្រីកខ្សែរថភ្លើងនេះបានរាំងស្ទះ ដោយសារមានប្រជាជនដែលមកតាំងទីលំនៅ នៅជិតនឹងផ្លូវរថភ្លើង ដែលមានស្រាប់មួយចំនួន និងមួយចំនួន ទៀតនៅតាម កន្លែងដែលគេគ្រោងសង់ផ្លូវដែកថ្មី មិនព្រមទទួលយក គោលនយោបាយសំណងនិងចាកចេញពីទីនោះ។ គេពិបាកនឹងវាយតម្លៃតែការរាំងស្ទះនេះបានបណ្តាលអោយខាតឱកាសបង្កើតការងារថ្មី យ៉ាងតិច ១០,០០០។
 
គេឃើញមានបញ្ហាប្រហែល គ្នានេះដែរសំរាប់គំរោងពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គំរោងនេះភាគច្រើននៅក្នុងបរិវេណរបស់ព្រលានទេតែមានផ្នែកខ្លះទៀត ដូចជាការពង្រីកផ្លូវរត់ ៦០០ម៉ែត្រ ទៅខាងត្បូង ត្រូវការពង្រីកចេញពីបរិវេណមានស្រាប់។ 
 
ជាធម្មតាទេដែលក្រុមគ្រួសារដែលប៉ះពាល់ពីការពង្រីកនេះនឹងធ្វើការតវ៉ា។ ប៉ុន្តែការចរចា​គួរតែធ្វើឡើងដោយមានកំនត់ ពេលវេលាជាក់លាក់។ វិស័យទេសចរណ៍ជាវិស័យមួយដែលត្រូវការពលកម្មច្រើន។ ដូចនេះគេមិនគួរទុកអោយមនុស្ស បួនដប់ គ្រួសារ រារាំងយន្តហោះដឹកអ្នកទេសចរណ៍ធំៗ មកពីទ្វីប អឺរ៉ុបបានទេ។

បញ្ហាក្នុងវិស័យថាមពល
 
លើវិស័យថាមពលវិញមានអ្នកខ្លះធ្វើដូចជាយើងទាំងអស់គ្នាកំពុងរស់នៅប្រទេសស្វីស ដែលជាប្រទេសមួយបានទទួលជោគជ័យក្នុង ការងារអភិវឌ្ឍន៍ ប្រទេសជាតិរបស់គេយូរមក ហើយ។
 
តំលៃអគ្គីសនីនៅកម្ពុជាថ្លៃទ្វេដងលើស ប្រទេសថៃ និងវៀតណាម។ រួមផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ល្អ បានជះផលអវិជ្ជមានដល់ការទាក់ទាញអ្នកវិនិយោគមកបើករោងចក្រនៅកម្ពុជា។
 
បើនិយាយពីរឿងប្រេងវិញ ប្រទេសកម្ពុជានៅ តែនាំចូលប្រេង មកពីបរទេសទាំងអស់។  អ្វី ដែលគេបាននិយាយពីកំណប់ធនធានរ៉ែប្រេង នៅក្នុងសមុទ្រកម្ពុជានៅតែជាការនិយាយដែលមានទាន់មានការបរិច្ឆេទដែលអាចជឿជាក់បានថាពេលណាអោយពិតប្រាកដ​ កម្ពុជាទទួលបានផលនោះ។
 
ថាមពលបាន មកពីវ៉ារីអគ្គីសនីបានអភិវឌ្ឍន៍ ប្រទេសមួយចំនួន ដូចជាអាមេរិក     អឺរ៉ុប  ប្រេស៊ីល និងសហព័ន្ធសូវៀត តែបែរជាគេគិតថាមិនល្អសំរាប់កម្ពុជាទៅវិញ។ ជំរើសថាមពលបានម ពីព្រះអាទិត្យ ជាជំរើសដ៏ប្រសើរមួយសំរាប់ប្រទេសដែលមាន អាកាសធាតុក្តៅ ដូចជាកម្ពុជា។ ប៉ុន្តែគេឃើញអាជ្ញាធរអគ្គីសនីកម្ពុជានៅតែប្រកាន់គំនិតស្រដៀងគ្នានឹងគំនិតក្នុងទសវត្សឆ្នាំ ១៩៦០ គឺខំប្រឹងពង្រីកប្រព័ន្ធខ្សែភ្លើងដើម្បីតភ្លើងអោយដល់មនុស្សគ្រប់គ្នា។
 
ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចលេខមួយរបស់កម្ពុជាហើយជាប្រទេសនាំមុខគេក្នុងពិភពលោកមួយ ក្នុងការផលិតបន្ទះសូឡាស្រូបយកថាមពលពីព្រះអាទិត្យ។  មូលហេតុអ្វីបានគេមិនចូលរួមជាមួយប្រទេសចិនដើម្បី ប្រែក្លាយ ប្រទេសខ្មែរទៅជាកន្លែងបង្ហាញ  បច្ចេកវិទ្យាបន្ទះសូឡាថ្មីៗរបស់ចិនទៅ?
 
វិស័យកាត់ដេរ ដែលមិនទៅមុខ?
 
ការតវ៉ា និងកូដកម្មក្នុងវិស័យកាត់ដេរបានធ្លាក់ ចុះស្ទើរតែពាក់កណ្តាលសំរាប់ឆ្នាំ ២០១៤។ ប៉ុន្តែបញ្ហាដែលកើតមានឡើង ពីឆ្នាំមុនបានប៉ះពាល់ខ្លាំងដល់កំនើនក្នុងវិស័យនេះ។ ដោយមានតំរូវការការងារថ្មីៗជាង ៣០០,០០០ រៀងរាល់ឆ្នាំ កម្ពុជាមិនអាចនៅមួយកន្លែងស្ងៀម ក្នុងវិស័យនេះទេ។
 
បញ្ហាអ្វីដែលកើតឡើងនៅកម្ពុជាពិភពលោកអាចដឹងទាំងអស់។ ឧទាហរណ៍ដូចជាការតវ៉ារបស់កម្មករនៅមុខស្ថានទូត កូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ។ តែប៉ុន្មានម៉ោងក្រោយមក មាន គេសរសេរពត៌មានពីការតវ៉ានេះ នៅលើគេហទំព័រមួយផ្សាយចេញពីទីក្រុងញ៉ូយក។ បញ្ហានេះអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់អ្នក វិនិយោគបរទេស លើវិស័យកាត់ដេរនេះ។
 
នៅក្នុងស្ថានទូតដដែលនេះដែរ កាលពីខែវិច្ឆិកា​​ អគ្គរដ្ឋទូតកូរ៉េខាងត្បូង បានប្រាប់ខ្ញុំថា ការធ្វើកូដកម្ម របស់កម្មករ បានបង្ខំអោយក្រុម ហ៊ុនវិនិយោគ របស់កូរ៉េព្យួរទុកគំរោងពង្រីករោងចក្រកាត់ដេររបស់គេ។ លោកក៏បាន និយាយផងដែរ ពីករណីមួយដែលមានមនុស្ស ចូលមករុករានដី ដែលជាកម្មសិទ្ធិសម្បទាន ដំណាំកៅស៊ូ របស់ក្រុមហ៊ុនកូរ៉េមួយនៅតំបន់ ខាងកើតនៃប្រទេសកម្ពុជា។
 
ប៉ុន្មានថ្ងៃក្រោយមក អ្នករកស៊ីដាំដំណាំកៅស៊ូ ម្នាក់បាន និយាយប្រាប់ខ្ញុំពីបទពិសោធន៍របស់ គាត់ដែលមាន គេចូលមករុករានដីចំការរបស់ គាត់ ហើយបន្ទាប់មក ដកដើមកៅស៊ូតូចៗ ដែលគាត់បានដាំ ដើម្បីបំបាត់ភស្តុតាង ថាដី គាត់មាន ដំណាំកៅស៊ូ។ ឆ្លងតាមបទពិសោធន៍ នេះ គាត់បានប្រាប់ទៀតថា ជនជាតិបរទេស មិនគួរវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាដាច់ខាត។ ប៉ុន្តែវិស័យកសិកម្មគឺជាវិស័យ ដែលអាចផ្តល់ការងារច្រើនមួយ និងអាចជួយបង្កើនសកម្មភាពសេដ្ឋកិច្ចបាន។
 
ច្បាប់ដីធ្លី កំពុងគេចាប់យក?
 
ដោយមានការស្រពេចស្រពិល អ្នកវិនិយោគទាំងបរទេស និងក្នុងស្រុកអាចសន្មត់បានថាប្រទេសកម្ពុជា ជាប្រទេសមួយខុសពីប្រទេស ផ្សេងៗ ក្នុងតំបន់ដែលមានអំណោយ​ផល សំរាប់អភិវឌ្ឍន៍ដំណាំចំការ។
 
គួរអោយចាប់អារម្មណ៍ដែរ គេឃើញមានអង្គការក្រៅរដ្ឋាភិបាលបរទេសខ្លះដែលគាំទ្រការចាប់យកដីធ្លីនៅកម្ពុជា តែគេមិនដែលហ៊ាន ទៅធ្វើដូចគ្នានេះ នៅប្រទេសរបស់គេទេ។ ជាអ្នកយកពត៌មានខ្ញុំបានទៅដល់ចំការដំណាំធំៗមួយចំនួន នៅទ្វីបអា្រហ្វិក  ប្រទេសអាហ្សង់ទីន អូស្រ្តាលី កាណាដា រុស្សី និងអាមេរិក ហើយខ្ញុំដឹងច្បាស់ខ្លួនឯងថាការដើរចូលទៅ ក្នុងកន្លែងដែលជាកម្មសិទ្ធិរបស់អ្នកដទៃមិន មែនជារឿងល្អទេ។
 
ពេលខ្ញុំចង់ទៅធ្វើការសំភាសន៍ជាមួយម្ចាស់ ចំការធំមួយនៅភាគខាងលិច ប្រទេសអាមេរិក ខ្ញុំបានទូរស័ព្ទទៅសុំម្ចាស់ចំការស្របពេល​ដែលខ្ញុំដើរផ្លោះរបងចូលទៅក្នុងចំការគាត់។ ខ្ញុំបានចូលផុតរបងទីមួយ ប៉ុន្តែបុរសដែលខ្ញុំ​និយាយជាមួយលើទូរស័ព្ទប្រាប់ខ្ញុំថា “បើឯងដើរចូលដល់របងទីពីរ ខ្ញុំនឹងបាញ់ឯងភ្លាម”។
 
ច្បាប់ដីធ្លី ដែលមានលក្ខណៈត្រឹមត្រូវគឺជាតំរូវ ការសំខាន់មួយសំរាប់ការអភិវឌ្ឍន៍។ ការតភ្ជាប់ គមនាគមន៍ តាមផ្លូវគោក ផ្លូវដែក និង ផ្លូវ​អាកាស គឺជាសរសៃរឈាមសេដ្ឋកិច្ច។ សន្តិភាពស្ថេរភាព និងតម្លៃអគ្គីសនីថោកគឺជា​កត្តាសំខាន់សំរាប់ កំនើនសេដ្ឋកិច្ច។ គេមិនអាចដើរផ្លូវកាត់បានទេ។ ប្រសិនបើកម្ពុជាមិនអាចបង្កើតការងារថ្មីបាន៣០០,០០០រៀងរាល់​ ឆ្នាំទេ យើងគួរតែមានការស្មោះត្រង់ជាមួយនឹង យុវវ័យហើយប្រាប់ពួកគេថាយើងបរាជ័យហើយវិធីដែលអាចជួយអោយពួកគេស្វែងរក​ ការងារល្អបានធ្វើនោះ គឺមានតែខិតខំរៀន ភាសាថៃ ជប៉ុន ឬ កូរ៉េ៕ 

Previous Article

យុវវ័យឆ្នើម៖ អ្នកលេង​វីយ៉ូឡុងវ័យក្មេងមានសុបិន្តធំ

Next Article

សាក្សីនៃប្រវត្តិសាស្រ្តកម្ពុជាជាងកន្លះសតវត្ស