cellcard cellcard

កំនើនសេដ្ឋកិច្ចអាស៊ី ជាឱកាសសំរាប់តំបន់ប៉ាស៊ីហ្វិក

ដោយ អាន សុវត្ថា Share:

ភ្នំពេញ​ ខ្មែរថាមស៍ – កំនើនសេដ្ឋកិច្ចនៅក្នុង តំបន់អាស៊ី អាចផ្តល់ឱកាសច្រើនដល់ប្រទេស នៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ទាញយក ផលប្រយោជន៍ពីកំនើននោះ បើយោងតាម ពត៌មានក្រាហ្វិកមួយរបស់ ធនាគារអភិវឌ្ឍន៍ អាស៊ី ដែលបានដាក់នៅ ក្នុងគេហទំព័ររបស់ គេ កាលពីដើមខែធ្នូ ២០១៤។
 
កត្តាសំខាន់ធំៗបី ដែលអាចផ្តល់ឱកាសដល់ បណ្តាប្រទេស ក្នុងតំបន់ប៉ាស៊ីហ្វិកទាញយក ផលប្រយោជន៍ ពីកំនើនសេដ្ឋកិច្ចរបស់អាស៊ី គឺដោយសារអាស៊ី កំពុងមានកំនើនតំរូវការផលិតផលធនធានធម្មជាតិកំពុងមានកំនើនមនុស្សថ្នាក់កណ្តាល និងប្រជាជនកំពុងមាន​អាយុកាន់តែច្រើន។
 
ធនាគារអភិវឌ្ឍន៏អាស៊ី បានធ្វើការព្យាករណ៍ថាដល់ឆ្នាំ ២០៣០ តំបន់អាស៊ីនឹងមានផលិតផលសរុបនៅក្នុង ទូទាំងពិភពលោកចំនួន៤០ភាគរយ និងមានកំនើនសេដ្ឋកិច្ច សរុបជា មធ្បមជាង ៥.៦ភាគរយ ក្នុងមួយឆ្នាំសំរាប់ រយៈពេលពីរទសវត្សទៅមុខ។
 
ជាមួយនឹងកំនើន ដែលបានព្យាករណ៍នេះ បណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក នឹងមានឱកាសផ្គត់ផ្គងផលិតផល និងសេវាទៅអោយទ្វីបអាស៊ី តាមរយៈកត្តាសំខាន់បី ដែលបានលើកឡើងខាងលើ។
 
ឱកាសទីមួយ គឺតំបន់ប៉ាស៊ីហ្វិកអាចផ្គត់ផ្គង់ផលិតផល ដែលផ្អែកលើធនធានធម្មជាតិទៅ ទ្វីបអាស៊ី ដូចជាប្រេងឆៅ ឈើ ដំណាំសម្រាប់លក់និងផលិតផលជលផល។ ឱកាសផ្គត់ផ្គង់ នេះវាស៊ីគ្នាទៅនឹងកំនើនទំហំពាណិជ្ជកម្មរវាង តំបន់ទាំងពីរ ដែលគេសង្កេតឃើញបានកើន ឡើងជាង ៩ដង ពី ២ពាន់លាន ដុល្លា ក្នុងឆ្នាំ២០០០ ដល់ ១៩ពាន់លាន ដុល្លា ក្នុងឆ្នាំ២០១២។ ដើម្បីអោយ តំបន់ប៉ាស៊ីហ្វិក អាច ទាញយកឱកាសនេះបានធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់អនុសាសន៍ជាសកម្មភាព អាទិភាព ដែលបណ្តាប្រទេស នៅតំបន់ប៉ាស៊ីហ្វិក គួរអនុវត្តនោះគឺការបង្កើតអោយ មានគោលនយោបាយ និងសមត្ថភាពរបស់ស្ថាប័នក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង ក្នុងការធានាអោយមាននិរន្តភាពក្នុងការប្រើ ប្រាស់ធនធានទាំងនោះ។
 
ឱកាសទីពីរ តំបន់ប៉ាស៊ីហ្វិកអាចបំពេញតំរូវការរបស់មនុស្សថ្នាក់កណ្តាលនៅអាស៊ីដែល នឹងកើនឡើងដល់ចំនួនជាង ៦.២ពាន់លាននាក់ ឬជាងពាក់កណ្តាល នៃមនុស្សថ្នាក់កណ្តាលក្នុងពិភពលោកទាំងមូល។ មនុស្សថ្នាក់កណ្តាលទាំងនេះ នឹងមានតំរូវការកាន់តែខ្ពស់ នូវផលិតផល និងសេវាប្រណិតមួយចំនួន ដែលតំបន់ប៉ាស៊ីហ្វិក អាចបំពេញតំរូវការបានដូចជាតំបន់ទេសចរណ៍ត្រូពិចដែលមានបរិស្ថានល្អ និងផលិតផលគុណភាពខ្ពស់ដូចជាគុជសមុទ្រខាងត្បូង ទឹកបរិសុទ្ធប្រភព ក្នុងស្រទាប់ថ្ម គ្រឿងសំអាង និងផលិតផលសិប្បកម្ម។ សំរាប់សកម្មភាពជាអាទិភាពតំបន់ ប៉ាស៊ីហ្វិក គួរវិនិយោគទៅលើផ្លូវគមនាគមន៍ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួនទៀតដើម្បីអនុញ្ញាត អោយអ្នកផលិតអាចទទួលបានផលចំនេញពីការនាំចេញផលិតផលរបស់គេ និងអាចផ្តល់សេវាទេសចរណ៍ ដែលមានគុណភាពលំដាប់ពិភពលោក។
 
ឱកាសទីបី គឺតំបន់ប៉ាស៊ីហ្វិកមានសក្តានុពល ក្នុងការទាក់ទាញ ប្រជាជនដែលមានអាយុ កាន់តែច្រើននៅអាស៊ី មករស់នៅចូលនិវត្តន៍ នៅក្នុងតំបន់នេះ។ ប្រជាជននៅអាស៊ីជាង ១៧ ភាគរយ នឹងមានអាយុលើស ៦០ឆ្នាំ នៅឆ្នាំ ២០៣០ ហើយនឹងកើនឡើងដល់ ចំនួនជាង ៤០០លាននាក់។  កត្តាទាក់ទាញ ទាំងនេះមាន ដូចជាអាកាសធាតុអំណោយផល បរិស្ថាន ល្អគ្មានផ្សែងពុល និងប្រជាជនរួសរាយរាក់ ទាក់។ ជាមួយគ្នានេះ តំបន់ប៉ាស៊ីហ្វិកគួរអនុវត្ត សកម្មភាព អាទិភាពមួយចំនួនដូចជាវិនិយោគ  លើសេវាសាធារណៈ ដូចជាប្រព័ន្ធថែទាំសុខ ភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។

យើងសង្កេតឃើញថាតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនឹងមានកិច្ចសហប្រតិបត្តិ កាន់តែស្អិតរមូតថែមទៀតទៅអនាគត ដោយសារតំបន់ប៉ាស៊ីហ្វិក មានសក្តានុពលខ្ពស់ ក្នុងការបំពេញតំរូវការនៃកំនើនសេដ្ឋកិច្ចរបស់តំបន់អាស៊ី។ 

Previous Article

យុវវ័យឆ្នើម៖ អនាគតអ្នកជំនាញច្បាប់សមុទ្ររបស់កម្ពុជា

Next Article

ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្ពុជាត្រូវពង្រីកមូលដ្ឋានសេដ្ឋកិច្ចដើម្បីរក្សានិរន្តភាពកំនើន