cellcard cellcard

ក្រុមយុវជនមកពីកំពង់ចាម

ដោយ មុនី សីទ្ធីណា Share:

ភ្នំពេញ​ ខ្មែរថាមស៍ – លោក ប៊ុន ប៉េងហ៊ុយ មានវ័យ២២ឆ្នាំ ជានិស្សិតឆ្នាំទីបួននៃសកលវិទ្យាល័យមួយបានបង្កើតកម្មវិធីអភិវឌ្ឍន៍យុវជនដើម្បីជាយន្តការជួ ផ្តល់ពត៌មានសំខាន់ៗ ដល់យុវជនរស់នៅតាមតំបន់ជនបទ។
 
ជាយុវជនដែលធំដឹងក្តីនៅតាមខេត្ត និងបានទទួលពត៌មានតិចតួចអំពីឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស លោក ប៉េង ហ៊ុយ បានបង្កើតទំព័រហ្វេសប៊ុកមួយដើម្បី ចែករំលែកពត៌មានទៅដល់យុវជនផ្សេងទៀត ដែលរស់នៅតាមបណ្តាខេត្ត។
 
ផ្តើមចេញពីទំព័រហ្វេសប៊ុកនេះលោកបាន បង្កើត​អង្គការ​ កម្មវិធីអភិវឌ្ឍន៍យុវជនដែលជាអង្គការមួយដំណើរការដោយ បុគ្គលិកស្ម័គ្រចិត្តក្នុងការចែករំលែកពត៌មាន បទពិសោធន៍និង ជំនាញក្នុងការអភិវឌ្ឍន៍ អាជីពមួយចំនួន។
 
“កាលខ្ញុំរៀនថា្នក់ទី១២ ខ្ញុំបានដឹងពីកម្មវិធីផ្លាស់ប្តូរមួយរបស់អាមេរិក សំរាប់អ្នកដឹកនាំ វ័យក្មេងនៅតំបន់អាស៊ីអាគ្នេយ៍” លោក ប៉េង ហ៊ុយ បាននិយាយ។ “ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមតែខ្ញុំបាត់បង់ឱកាសចូលរួមក្នុងកម្មវិធីនេះ ដោយសារខ្ញុំពុំបានទទួល ពត៌មានគ្រប់គ្រាន់” ។
 
“មិត្តភក្តិរបស់ខ្ញុំ ដែលដឹងពីកម្មវិធីនេះដែរបានដាក់ពាក្យ និងជាប់ក្នុងកម្មវិធីនេះតែខ្ញុំអត់ជាប់។ ខ្ញុំអន់ចិត្តយ៉ាងខ្លាំងហើយបានសួរខ្លួនឯងថា មូលហេតុអីបានជាខ្ញុំមិនមានឱកាសបានទៅ” លោកបាននិយាយបន្ត។ 
 
បន្ទាប់ពីនោះមក លោកប៉េងហ៊ុយ ដឹងច្បាស់ថាយុវវ័យដែលរស់នៅតាមបណ្តាខេត្តជនបទ  មិនបានទទួលពត៌មានពីឱកាសទាំងនោះបាន ឆាប់រហ័យទេ។ លោក ប៉េងហ៊ុយ បានបង្កើតគេហទំព័ររបស់កម្មវិធីអភិវឌ្ឍន៍យុវជនពេលដែលលោកមករស់ក្រុងភ្នំពេញក្នុងឆ្នាំ២០១១ បន្ទាប់ពី ប្រលងបាក់ឌុបជាប់។ លោកក៏បានចាប់ផ្តើម ចែករំលែកពត៌មានតាមរយៈហ្វេសប៊ុក ហើយមកដល់បច្ចុប្បន្ននេះលោកធ្វើការងារនេះទាំងស្រុង តាមរយៈ ទំព័រហ្វេសប៊ុក។
 
“គំនិតដំបូងរបស់ខ្ញុំ គឺបង្កើតទំព័រនេះដើម្បីចែករំលែកលំហាត់ និងសំនៅសំរាប់ការប្រលង TOEFL និង IELTS តាមរយៈទំព័រហ្វេសប៊ុកនោះប៉ុណ្ណោះ។ ហើយបន្ទាប់មកពេលខ្ញុំទទួលបានពត៌មានអំពីអាហារូបករណ៍ ខ្ញុំក៏ចាប់ផ្តើមចែករំលែកវាដែរ” លោក ប៉េង ហ៊ុយ បាននិយាយ។ 
 
“បើយើងគ្រាន់តែចែក រំលែកពត៌មាននៅក្នុង ក្រុម  មានមនុស្សតែមួយ ក្រុមតូចប៉ុណ្ណោះដែល អាចទទួលបានពត៌មាននោះ តែបើយើងដាក់ វាក្នុងទំព័រហ្វេសប៊ុកមួយវិញ មានអ្នក ប្រើប្រាស់ ហ្វេស ប៊ុក ជាច្រើននាក់ទៀតអាចទទួលបាន ពត៌មានដែល យើងចែករំលែក” ។
 
មកដល់បច្ចុប្បន្ននេះ លោក ប៉េងហ៊ុយ កំពុង តែសិក្សាបរិញ្ញាប័ត្រចំនួនពីរ គឺនៅវិទ្យាស្ថាន ភាសាបរទេសមួយ និងមួយទៀតនៅសកលវិទ្យាល័យកម្ពុជា។ ក្រៅពីការងារសាលាលោកក៏ធ្វើការងារចាត់ចែង កម្មវិធីអភិវឌ្ឍន៍យុវជន និងការងារខ្លះទៀតដើម្បី ទទួលបានប្រាក់កំរៃ ខ្លះ សំរាប់ដោះស្រាយជីវភាព រស់នៅក្នុងក្រុង ភ្នំពេញ ដោយមិនចាំ បាច់ឳពុកម្តាយផ្តល់ការផ្គត់ផ្គង់ហិរញ្ញវត្ថុ។
 
“ខ្ញុំបង្រៀនភាសាអង់គ្លេស នៅសាលា ស្តេន ហ្វត អាមេរិកាំង ធ្វើជាអ្នកបកប្រែមិនជាប់កិច្ច សន្យាអោយវិទ្យុសំលេងអាមេរិក និងជាអ្នក បណ្តុះបណ្តាលម្នាក់នៅអង្គការ  ក្រៅរដ្ឋាភិបាល មួយក្នុងក្រុងភ្នំពេញ” លោកបាននិយាយ។
ពេលសួរថា លោកមានដែលគិតចង់បោះបង់  ចោល កម្មវិធីអភិវឌ្ឍន៍យុវជនឬទេ លោក ប៉េង ហ៊ុយ បានបញ្ជាក់ថា លោកបានគិតធ្វើដូច នោះ ពីរដងមកហើយ កាលពីលោក នៅរៀន ឆ្នាំទីពីរ និងទីបី។
“វាមានការលំបាកដែរ។ ការងាររៀនសូត្ររបស់ខ្ញុំចាប់ផ្តើមធ្លាក់ចុះ”លោកបាននិយាយ។ “ខ្ញុំទទួលបានលទ្ធផលល្អនៅឆ្នាំទីមួយ។ ឆ្នាំទីពីរ ខ្ញុំធ្លាក់បន្តិច ដោយសារខ្ញុំផ្តោតខ្លាំងពេកទៅលើកម្មវិធីអភិវឌ្ឍន៍យុវជន ហើយឆ្នាំទីបី ធ្លាក់បន្តិចទៀត។ ឥឡូវ ខ្ញុំមិនដឹងថាលទ្ធផល ឆ្នាំទីបួនរបស់ខ្ញុំ នឹងទៅជាយ៉ាងណាទេ” ។
 
“ខ្ញុំគិតថា ការសិក្សា និងការងារស្ម័គ្រចិត្ត វាបំពេញគ្នាទៅវិញទៅមក។ ការងារសិក្សារបស់ខ្ញុំអាចមិនបានល្អប្រសើរតែខ្ញុំទទួល បានបទពិសោធន៍ល្អពីការងារសង្គមខ្ញុំបាន ជួបមនុស្សច្រើន ហើយយល់ពីសង្គម ច្រើន ជាងមុន” លោកបានបន្ថែម។
 
លោក ប៉េងហ៊ុយ ជឿជាក់ថាការទទួលបានពត៌មានគ្រប់គ្រាន់គឺជាកត្តាដ៏សំខាន់សំរាប់ យុវជន នៅតាមខេត្តអាចទាញយកសក្តានុពលរបស់គេ។ មកដល់បច្ចុប្បន្នទំព័រហ្វេសប៊ុករបស់ កម្មវិធីអភិវឌ្ឍន៍យុវជនមានអ្នកប្រើប្រាស់ហ្វេសប៊ុកបាន “ចូលចិត្ត” ជាង ២១,០០០ នាក់។
 
“ប្រសិនបើគេ មិនអាចទទួលបានពត៌មានទេគេមិនអាចរីកលូតលាស់ និងអភិវឌ្ឍន៍ខ្លួនឯងបានទេ” លោកបាននិយាយ។ “បើសិនគេទទួល បានពត៌មាន ពួកគេមានឱកាសយ៉ាងតិច៥០ភាគរយ ក្នុងការទទួលបាន អាហារូបករណ៍។ ប្រសិនបើគេធ្លាក់គេអាចរៀនសូត្របន្ថែមទៀត ហើយសាកល្បងដាក់ពាក្យម្តងទៀត។ តែបើគ្មានពត័មានវិញគឺ១០០ភាគរយពួកគេមិនមាន ឱកាស ទទួលបានអាហារូបករណ៍ទេ” ៕​​ 

Previous Article

យុវវ័យឆ្នើម៖ អនាគតអ្នកជំនាញច្បាប់សមុទ្ររបស់កម្ពុជា

Next Article

ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្ពុជាត្រូវពង្រីកមូលដ្ឋានសេដ្ឋកិច្ចដើម្បីរក្សានិរន្តភាពកំនើន