ana-air canadia-bank Silk-air nissan acleda cab-bank

រដ្ឋាភិបាលអាចហាមអ្នកមានសញ្ជាតិពីរធ្វើការងារធំ

ដោយT. Mohan No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ប្រទេសកម្ពុជាកំពុងបោះជំហានទៅរកការហាមឃាត់អ្នក ដែលមានលិខិតឆ្លងដែនពីរ មិនអោយបំរើការងារធំនៅ ក្នុងជួររដ្ឋាភិបាល នៅក្នុងស្ថាប័នច្បាប់តុលាការ និង ប្រតិបត្តិនេះបើតាមសំដីមន្រ្តីរដ្ឋាភិបាល ដែលបានប្រាប់កាសែត ខ្មែរថាមស៍ដោយមិនបញ្ចេញឈ្មោះ។
 
សម្តេចនាយករដ្ឋមន្រ្តី បានស្នើរឡើងអោយមានការហាមប្រាម ដូចនេះជាលើកដំបូងនៅ ឆ្នាំ ២០០៧។ សម្តេចបាននិយាយថា “លិខិតឆ្លងដែន ប្រទេសផ្សេងរបស់អ្នកទំាងនោះអាចអនុញ្ញាតអោយគេរត់គេចខ្លួន នៅពេលគេមានការលំបាកនៅកម្ពុជា” ។
 
“ប្រទេសមួយចំនួន បានអនុញ្ញាតអោយអ្នក ដឹកនាំនយោបាយកម្ពុជា គេចខ្លួនពីយុត្តិធម៌។ យើងមិនអាចកាត់ទោសគេ បានដោយសារ ពេលតុលាការកាត់ទោសគេ គេរត់ទៅបាត់” សម្តេចនាយករដ្ឋមន្ត្រី បាននិយាយនៅពេល នោះ។ សម្តេចបានបន្ថែមថា បេក្ខជននាយក រដ្ឋមន្ត្រីគួរតែលះបង់សញ្ជាតិទីពីររបស់ខ្លួន។
 
កាលពីដើមឆ្នាំនេះ សម្តេចបានបញ្ជាក់ឡើងវិញម្តងទៀតអំពីជំហររបស់សម្តេច។ សម្តេច មិនបានកំនត់ពេលវេលា ជាក់លាក់ទេ តែអំ ពាវនាវអោយ រក្សាទុកតំណែងធំៗមួយចំនួន ក្នុងជួររដ្ឋាភិបាល សំរាប់តែបេក្ខជនណាដែល មានតែសញ្ជាតិខ្មែរមួយគត់។ តំណែងទាំងអស់ នោះ រាប់បញ្ចូលទាំងនៅក្នុងស្ថាប័ន មួយចំនួន ដូចជាគណៈកម្មការជាតិរៀបចំការ បោះឆ្នោត ស្ថាប័ននិតិបញ្ញត្តិ និងនិតិប្រតិបត្តិផងដែរ។
 
គេមិនចាំបាច់មានលិខិតឆ្លងដែន ដើម្បីធ្វើជា ប្រជាពលរដ្ឋ នៅក្នុងប្រទេសណាមួយទេ មិន ថានៅប្រទេសកម្ពុជា ឬនៅក្នុងពិភពលោក នោះទេ។ មានប្រជាពលរដ្ឋរាប់លាននាក់នៅ កម្ពុជា និង រាប់ពាន់លាននាក់ទៀត នៅក្នុងពិភពលោក ដែលគ្មានលិខិតឆ្លងដែន។
 
លិខិតឆ្លងដែន គ្រាន់តែជាឯកសារសំរាប់ធ្វើដំណើរប៉ុណ្ណោះ ប៉ុន្តែការ កាន់លិខិតឆ្លងដែនមួយមានន័យថាមានសញ្ជាតិមួយ។ ហើយការដែលមានសញ្ជាតិមួយ មានន័យថាត្រូវមានការទទួលខុសត្រូវស្មោះស្ម័គ្រទៅនឹងប្រទេសមួយ។ ការដែលមានសញ្ជាតិលើសពីមួយធ្វើអោយគេមានការងើយឆ្ងល់ថា តើកាតព្វកិច្ច ចំពោះ ប្រទេសមួយណាដែលមានអាទិភាពខ្ពស់ជាងគេ។

ប្រទេសមួយចំនួន មិនអនុញ្ញាត្តអោយប្រជាពលរដ្ឋកាន់សញ្ជាតិពីរទេ។ ប្រទេសមួយចំនួនទៀតមានការតឹងរ៉ឹង ទៅលើការបាត់បង់ ឬ ទទួលបានសញ្ជាតិទីពីរ សំរាប់ការងារជំនួញពន្ធអាករ និងវិនិយោគ។ ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា អនុញ្ញាតអោយប្រជាពលរដ្ឋខ្លួនមានសញ្ជាតិលើសពីមួយ។ តាមរយៈ គណៈកម្មការសំរាប់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស សហគមន៍ខ្មែរនៅក្រៅប្រទេស បានខិតខំប្រឹងតស៊ូរមតិអោយបានសិទ្ធិ បោះឆ្នោតនៅក្រៅប្រទេស សំរាប់ការបោះឆ្នោតនៅកម្ពុជា។
 
“ប៉ុន្តែសិទ្ធិនេះ គឺជាអ្វីដែលគណបក្សនយោបាយខ្លះគាំទ្រដើម្បីបានចំណេញនយោបាយ នៅក្នុងការបោះឆ្នោតជាតិ” អ្នកវិភាគដែលមានបទពិសោធន៍ម្នាក់បាននិយាយ។“ពួកគេ ទាំងនោះ ពឹងផ្អែកទៅលើខ្មែរ អនិកជនសំរាប់ ការគាំទ្រផ្នែក ហិរញ្ញវត្ថុហើយ ភាគច្រើនសុទ្ធតែជាអ្នកចង់ផ្លាស់ប្តូររបបនយោបាយ” ។ 
 
បញ្ហានេះជាបញ្ហាសំខាន់ ជាពិសេសនៅពេលដែលប្រទេស ទាំងពីរនោះមានគំនិតខុសគ្នា។ នៅពេលដែលមានប្រទេសជាច្រើន អនុញ្ញាត អោយប្រជាពលរដ្ឋ គេមានសញ្ជាតិពីរប្រទេស មួយចំនួនក្នុងចំនោមនោះ កំពុងព្យាយាមលុបបំបាត់មិនអោយ មានប្រជាពលរដ្ឋកាន់លិខិតឆ្លងដែនលើសពីមួយ។
 
នៅក្នុងបរិបទប្រទេសកម្ពុជា គេមិនអាចបដិ សេធបានទេថា មន្រ្តីជាន់ខ្ពស់នៅក្នុងគណបក្ស ប្រជាជនកម្ពុជា ខ្លះ (លើកលែងថ្នាក់ដឹកនាំ កំពូល) ក៏មានសញ្ជាតិ លើសពីមួយដែរ។ ពួក គេទាំងនោះបានត្រលប់មក ប្រទេសកម្ពុជា វិញដើម្បីចូលរួមចំណែក ជួយស្តារនិងអភិវឌ្ឍន៍ ប្រទេស បន្ទាប់ពីសង្គ្រាម។
 
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ដែលជាបញ្ញាវ័ន្ត និងអ្នកវិភាគម្នាក់បាននិយាយថា “បើតាមត្រូវអ្នកនយោបាយគួរតែមានសញ្ជាតិតែមួយដើម្បីអោយគេមានទឹកចិត្តសេ្នហាជាតិរបស់គេ។ ប៉ុន្តែប្រទេសកម្ពុជាជាករណីលើកលែងដោយសារបន្ទាប់ពីបង្កើត រដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ១៩៩៣មក ការដែលគេទទួលស្វាគមន៍ អ្នកដែលមានសញ្ជាតិពីរ បានក្លាយទៅជាបញ្ហាធម្មតានៅក្នុងវប្បធម៌នយោបាយនៅកម្ពុជា ជាពិសេសក្នុងចំណោមអ្នកនយោបាយគណបក្សរាជានិយម” ។
 
“កង្វះខាតធនធានមនុស្ស បានបង្ខំអោយកម្ពុជាទទួលយកសញ្ជាតិពីរ។ តាមគំនិតរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន ការដែលមានសញ្ជាតិពីរ គឺជាការដែលអាចទទួលយកបាន” ។
 
ប៉ុន្តែ លោកបណ្ឌិត ឱក សេរីសុភក្រ្ត ដែលជា អ្នកតស៊ូមតិសំរាប់តម្លាភាព និងអ្នកវិភាគមួយ  រូបបាននិយាយថា “នៅក្នុងតំណែងដែលមាន ការទទួលខុសត្រូវខ្ពស់ទាំងនេះតើគេគួរចង់ធ្វើអ្នកដឹកនាំជាន់ខ្ពស់ធ្វើអីបើគេមិនមានការស្មោះស្ម័គ្រទៅលើប្រទេសនោះ? យើងគួរវាយតំលៃទៅលើភាពស្មោះស្ម័គ្ររបស់គេ តាមរយៈអ្នកបោះឆ្នោតដូចដែលបានឃើញនៅក្នុងការបោះឆ្នោតឆ្នាំទៅ” ។
 
មូលហេតុ ដែលប្រជាពលរដ្ឋខ្មែរ ជាច្រើនមាន លិខិតឆ្លងដែនពីរ
 
“សំរាប់អ្នកនយោបាយខ្មែរខ្លះការដែលគេមានសញ្ជាតិពីរ គឺដោយសារពេលស្រុកមានសង្រ្គាមគេកំពុងនៅសិក្សា ឬរស់នៅបរទេសរយៈពេលវែង” លោកបណ្ឌិតបាននិយាយបន្ត។ “ដើម្បីរកការងារល្អបានធ្វើនិងធ្វើដំណើរងាយស្រួលវាជាការល្អដែលពួកគេទាំងនោះមានសញ្ជាតិ របស់ប្រទេសដែលគេបានរស់ នៅ” ។
 
លោកបណ្ឌិត បានបន្ថែមថា អ្នកដែលមានសញ្ជាតិពីរខ្លះ ស្នេហាប្រទេសកម្ពុជា ប៉ុន្តែរត់គេចបាត់ដោយប្រើលិខិតឆ្លងដែនទីពីរ របស់គេនៅពេលដែលមានបញ្ហា។ “ដរាបណាគេនៅតែមិនជឿថាស្ថាប័នតុលាការ មានលក្ខណៈយុត្តិធម៌ និងអព្យាក្រឹត្យការរត់គេចខ្លួនអាចជាជំរើសមួយដើម្បីរស់។ កាលពីមុនមនុស្សជាច្រើនជ្រើសយកជំរើសនេះទោះបីជាគេមិនមានសញ្ជាតិពីរក្តី”។
 
ការហាមប្រាមមិនអោយមានលិខិតឆ្លងដែនបរទេស មិនប៉ះពាល់ទៅលើមន្ត្រីដែលប្រើប្រាស់លិខិតឆ្លងដែនការទូតនោះទេ។ 
 
លោក សុភ័ក្រ្ត បាននិយាយបន្តទៀតថា “សូម្បីតែមន្រ្តីតូចតាចនៅក្នុងស្ថាប័នរដ្ឋ(និតិប្រតិបត្តិ និតិបញ្ញត្តិ និងតុលាការ) មិនបាច់និយាយដល់មន្រ្តីធំៗទេ ខ្ញុំគិតថាមិនមាននរណាម្នាក់ មិនប្រើប្រាស់លិខិតឆ្លងដែនការទូត សំរាប់ការធ្វើដំណើរផ្លូវការនោះទេ។ ប៉ុន្តែសំរាប់ការធ្វើដំណើរផ្ទាល់ខ្លួននោះមិនមែនជាបញ្ហា របស់យើងទេ” ។
 
“សំរាប់កម្ពុជា ជំរើសល្អបំផុតទៅថ្ងៃមុខ គឺគេគួរជជែកពិភាក្សា ពីបញ្ហានេះអោយបានទូលំទូលាយ ជាដំបូងជាមួយសិស្សនិស្សិតបន្ទាប់មកជាមួយវិស័យផ្សេងៗទៀត” អ្នកវិភាគរូបនេះបានគូសបញ្ជាក់បន្ថែម ។ “គេគួរធ្វើការស្ទាបស្ទង់មតិឯករាជ្យមួយដែលធ្វើឡើង ដោយស្ថាប័នមិនមាននិន្នាការនយោបាយ។ នៅពេលណាដែល ពេលវេលាល្អមកដល់និងបរិយាកាសសង្គមល្អគេអាចធ្វើប្រជាមតិជាផ្លូវការមួយ។ នៅពេលទទួលបានពត៌មានគ្រប់ជ្រុងជ្រោយហើយ យើងគួរទុកអោយប្រជាជន ជាអ្នកសំរេចចុងក្រោយចុះ” ។
 
មានប្រទេសប្រហែល ៦២ ដែលអនុញ្ញាត អោយប្រជាពលរដ្ឋមានសញ្ជាតិពីរ។ សហរដ្ឋអាមេរិក ដែលមានប្រជាជនខ្មែររស់នៅប្រហែល ២៨០,០០០នាក់ នោះតំរូវអោយអ្នកដែលចង់ចូលសញ្ជាតិអាមេរិក លះបង់ជាផ្លូវការនូវ “ភក្តីភាព និងភាពស្មោះត្រង់” របស់ពួកគេចំពោះប្រទេសណាផ្សេង៕ 

Related Posts

Previous Article

បុណ្យទន្លេនៅ ក្រចេះធ្វើនៅ ខែមិនា

Next Article

ចោរឆក់កាបូប៖ បញ្ហាប្រឈមរបស់អ្នកទេសចរណ៍