កម្មសិទ្ធិបញ្ញាចំរៀងស៊ិន ស៊ីសាមុត ត្រូវបានផ្តល់អោយគ្រួសារ

ដោយនូសុធាវី No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់កម្មសិទ្ធិ បញ្ញាសំរាប់ចំរៀង របស់លោក ស៊ិន ស៊ីសាមុត ចំនួន ៧៣បទ ដល់ក្រុមគ្រួសារ របស់លោក។
 
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា “នៅ ប្រទេសកម្ពុជា យើងមានច្បាប់កម្មសិទ្ធិបញ្ញា ត្រឹមត្រូវ។ គ្រួសាររបស់លោក បានស្នើសុំដល់ ក្រសួងវប្បធម៌ និងក្រសួងពាណិជ្ជកម្មអោយ ពិនិត្យទៅលើកម្មសិទ្ធិ របស់ចំរៀងទាំងនោះ ដោយបានផ្តល់ភស្តុតាង ថាចំរៀងទាំងនោះ គឺលោកស៊ិន ស៊ីសាមុត ជាអ្នកនិពន្ធផ្ទាល់”។
 
ឯកឧត្តមរដ្ឋមន្ត្រី បានអោយដឹងថា គេបាន ផ្សព្វផ្សាយ នៅលើទំព័រកាសែតក្នុងស្រុកអស់ រយៈពេល មួយខែមកហើយ ពីការផ្តល់កម្មសិទ្ធិ បញ្ញានេះ ដើម្បីផ្តល់ឱកាសអោយសាធារណៈ ជនក្នុងករណីមានអ្នកជំទាស់ទៅលើការផ្តល់កម្មសិទ្ធិបញ្ញាសំរាប់ចំរៀងទាំងនោះ។ បន្ទាប់ ពីមិនមានអ្នកណា ជំទាស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌បានផ្ញើរសំណើររួមគ្នាមួយទៅសម្តេចនាយករដ្ឋមន្រ្តី ស្នើសុំអោយលោក ផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាទៅលើចំរៀង៧៣បទ ដែលមានភស្តុតាងគ្រប់គ្រាន់ថាលោកស៊ិន ស៊ីសាមុត ជាអ្នកនិពន្ធ ទៅក្រុមគ្រួសារដែល នៅសេសសល់របស់លោក ស៊ិន ស៊ីសាមុត។
 
រដ្ឋមន្ត្រី មកពីក្រសួងទាំងពីរ បានផ្តល់វិញ្ញា បនប័ត្រកម្មសិទ្ធិបញ្ញា សំរាប់ចំរៀងទាំងនោះ អោយដល់ភរិយារបស់លោក ស៊ិន ស៊ីសាមុត គឺលោកស្រី ខៅ ថងយ៉ុត អាយុ ៧៥ឆ្នាំ និងកូន ប្រុស គឺលោក ស៊ិន ច័ន្ទឆាយា អាយុ ៥៨ឆ្នាំ ដោយមានវត្តមានចូលរួម ពីសមាជិកគ្រួសារ ផ្សេងទៀតផងដែរ។ បន្ទាប់ពីពេលនេះទៅ រាល់ ស្ថានីយវិទ្យុ ឬទូរទស្សន៍ដែលចង់ចាក់ផ្សាយបទចំរៀង ដែលមានកម្មសិទ្ធិបញ្ញា ទាំងនេះ ត្រូវស្នើសុំ ទៅក្រុមគ្រួសាររបស់លោក ស៊ិន ស៊ីសាមុត ជាមុនសិន។
 
កាលពីខែឧសភា ក្រុមគ្រួសារត្រកូល ស៊ិន បាន ដាក់ពាក្យស្នើសុំកម្មសិទ្ធិបញ្ញា សំរាប់ចំរៀង ចំនួន ១៨១បទ ដើម្បីទទួលបានការការពារនៅ ក្រោមច្បាប់កម្មសិទ្ធិបញ្ញា ដែលបានអនុម័ត នៅកម្ពុជា។
 
ភាពយន្តឯកសារស្តីពីជីវិត និងស្នាដៃរបស់ លោក ស៊ិន ស៊ីសាមុត ដែលមានចំណងជើង ថា “អេលវ៉ីស របស់កម្ពុជា”  បានមកថតផ្តិតយក រូបភាព នៃព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ។ នៅក្នុងពិធីប្រគល់ កម្មសិទ្ធិបញ្ញានេះគេក៏ឃើញ មាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា ព្រមទាំង ឯកឧត្តម សុខ ស៊ីផាន់ណា បានចូលរួមប្រគុំភ្លេង និងច្រៀងចំរៀងរបស់លោក ស៊ិន ស៊ីសាមុត យ៉ាងរណ្តំណែងណង។ ក្រុមថតភាពយន្តឯកសារ ក៏បានផ្តិតយកសកម្មភាពប្រគុំភ្លេងនោះដែរ។

គេឃើញមានក្រុមយុវវ័យ មួយក្រុមដែលបាន ឈ្នះកម្មវិធីប្រកួតប្រជែង នៅលើហ្វេសប៊ុក ដើម្បីបានចូលរួមកម្មវិធីនេះ មានវត្តមាននៅ ក្នុងពិធីនោះ ដើម្បីគំាទ្រព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នៅក្នុងពេលដែលប្រទេសកម្ពុជា កំពុងមានការបោះជំហានទៅមុខយឺតៗ ក្នុងការការពារ គំនិតច្នៃប្រឌិត និងកេរ្តិ៍ដំណែល របស់សិល្បៈករ៕ 

Share and Like this post

Related Posts

Previous Article

កសិករជួបជុំ គ្នាពិភាក្សាពី ពង្រាងច្បាប់ ស្តីពីកសិកម្ម

Next Article

ម៉ាស់ កំពុង កើនប្រជា ប្រិយភាព