យុវវ័យឆ្នើម៖ ធឿន រឿន

ដោយ ធឿន រឿន No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ –  ខ្ញុំបាទឈ្មោះ ធឿន រឿន អាយុ ១៩ឆ្នាំ រស់នៅខេត្តសៀមរាប។
 
សុបិន្តរបស់ខ្ញុំមហិច្ឆតាធំបំផុតរបស់ខ្ញុំ គឺខ្ញុំចង់ទទួលបានការអប់រំល្អ និងអាចក្លាយខ្លួនទៅជាអ្នកនយោបាយនៅមូលដ្ឋានម្នាក់ដែលធ្វើការប្រយុទ្ធប្រឆាំ អំពើពុករលួយ និងជាអ្នកតស៊ូមតិការពារសិទ្ធិ មនុស្សនៅកម្ពុជា។
 
ខ្ញុំក៏ចង់ឃើញ ប្រជាជនកម្ពុជាបានរួចផុតពីភាពក្រីក្រ និងមានលទ្ធភាពរស់នៅដោយសុខសប្បាយ គ្មានការគាបសង្កត់តាមរូបភាពណា ឬពីសំណាក់នរណាក៏ដោយ។ លើសពីនេះទៀត ខ្ញុំចង់ធ្វើដំណើរជុំវិញពិភពលោកនិង រស់នៅដោយសប្បាយជាមួយក្រុមគ្រួសាររបស់ខ្ញុំ។
 
ជោគជ័យរបស់ខ្ញុំដោយសារខ្ញុំនៅក្មេងមិនទាន់បានទទួលការអប់រំគ្រប់គ្រាន់ខ្ញុំមិនទាន់បានទទួលជោគជ័យដែលខ្ញុំចង់ទទួលបាននៅឡើយ។ ជោគជ័យដែលខ្ញុំមានមោទនភាព បំផុតនោះគឺការប្រលងជាប់បានអាហារូបករណ៍ទៅសិក្សានៅថ្នាក់វិទ្យាល័យថ្នាក់ទី ៨ ៩ និង១០ នៅសាលាសេនស្ទេហ្វិន នៅទីក្រុងខូអូមេរា ប្រទេសអូស្រ្តាលី និងបានក្លាយទៅជារដ្ឋទូតសាលាអន្តរជាតិនៅទីនោះ។
 
ខ្ញុំត្រូវបានគេជ្រើសរើសជាបេក្ខជនម្នាក់ក្នុង ចំណោម ១០នាក់ ជារដ្ឋទូតសិស្សអន្តរជាតិ នៃទីក្រុងហ្គោលខូស។ ការងារដែលខ្ញុំត្រូវធ្វើ នៅពេលនោះគឺជួយផ្សព្វផ្សាយពីទីក្រុងហ្គោលខូស ទៅដល់សាធារណៈជននៅក្រៅប្រទេសអូស្រ្តាលីជាពិសេសគឺនៅប្រទេស ក្នុងសហគមន៍អាស៊ាន។
 
សេចក្តីប្រាថ្នារបស់ខ្ញុំតាំងពីវ័យកុមារ ខ្ញុំតែងតែប្រាថ្នាចង់ទទួលបានការអប់រំដែលមានគុណភាពល្អនៅកម្ពុជា។ ដូចអ្នកទាំងអស់បានដឹងហើយប្រព័ន្ធអប់រំនៅកម្ពុជានៅមានកំរិតនៅឡើយដូចនេះហើយបានជាសាលារដ្ឋទាំងអស់ និងសាលាឯកជនមួយចំនួននៅមានគុណភាព ក្រោមស្តង់ដារនៅឡើយ។
 
សិស្សជាច្រើនបានបោះបង់ការសិក្សារបស់ខ្លួនដោយសារតែភាពក្រីក្រហើយអ្នកខ្លះទៀតដែលបានរៀនចប់វិទ្យាល័យ និងមហាវិទ្យាល័យប៉ុន្តែមិនអាចរកការងារបានធ្វើ។
 
បើនិយាយពីសាលាវិញ សាលាឯកជនភាគច្រើនថ្លៃពេកហើយសាលាខ្លះ មិនមានបង្គន់អនាម័យត្រឹមត្រូវផង។ សំខាន់ជាងនេះទៀត សាលារៀនភាគច្រើននៅកម្ពុជាមិនទាន់បានទទួលស្គាល់ថាមានគុណភាពស្តង់ដារអន្តរជាតិនៅឡើយទេ។
 
ដូច្នេះហើយបានជាខ្ញុំចង់ទៅរៀននៅមហាវិទ្យាល័យល្អមួយ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
 
ដូចគ្នានឹងប្រជាជនខ្មែរដទៃទៀតដែរខ្ញុំជាជនរងគ្រោះម្នាក់នៃអំពើពុករលួយ និងការគាបសង្កត់ ដែលធ្វើអោយប្រជាជនខ្មែរជាច្រើនរួមទាំងគ្រួសាររបស់ខ្ញុំផងស្ថិតក្នុងភាពក្រីក្រ។ មានអ្នកខ្លះមិនមានលទ្ធភាព នឹងទទួលទានអាហារថ្ងៃត្រង់ឬល្ងាចបានត្រឹមត្រូវផងមិនបាច់និយាយ ដល់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដូចជាកុំព្យូទ័រយួរដៃ ឬទូរស័ព្ទ iPhone ទេ ។
 
នេះជាអ្វីដែ បណ្តាលអោយខ្ញុំចង់ចូលរួមក្នុងវិស័យនយោបាយហើយប្រើប្រាស់ប៉ិចរបស់ខ្ញុំ ដើម្បីប្រយុទ្ធនឹងអំពើពុករលួយនិងដើម្បីតស៊ូមតិការពារសិទ្ធិមនុស្សជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាខ្ញុំនឹងអាចមានលទ្ធភាពធ្វើអោយមានផលប៉ះពាល់វិជ្ជមានដល់មនុស្សដទៃទៀត។
 
ការធ្វើដំណើរកំសាន្ត គឺជាសុបិន្តមួយទៀតរបស់ខ្ញុំ ដូចនេះហើយបានជាខ្ញុំសង្ឃឹមថាថ្ងៃណាមួយ ខ្ញុំនឹងមានលទ្ធភាពអាចធ្វើដំណើរជុំវិញពិភពលោកបាន។ មូលហេតុមួយទៀតដែលខ្ញុំចង់ធ្វើដំណើរ គឺខ្ញុំចង់ដឹងអោយច្រើនថែមទៀត ថាពិភពលោកខាងក្រៅខេត្តសៀមរាបរបស់ខ្ញុំ មានសភាពបែបណា។ ប្រទេសដំបូងពីរដែលខ្ញុំចង់ទៅគឺប្រទេសម៉ុងហ្គូលី និងកាស្សាស្ថានពីព្រោះខ្ញុំចង់ជិះសេះនៅតាមតំបន់ខ្ពង់រាបរបស់ប្រទេសគេ និងរៀនសូត្រពីវប្បធម៌ និងអាហាររបស់គេ។

ជាចុងក្រោយខ្ញុំចង់រស់នៅដោយសប្បាយចិត្ត ដោយសារខ្ញុំបានឆ្លងកាត់ភាពលំបាកអស់ជាច្រើនមកហើយ៕

Share and Like this post

Related Posts

Previous Article

រដ្ឋាភិបាលអាចហាមអ្នកមានសញ្ជាតិពីរធ្វើការងារធំ

Next Article

ម៉ាស់ កំពុង កើនប្រជា ប្រិយភាព