cellcard cellcard

ម៉ាស់ កំពុង កើនប្រជា ប្រិយភាព

ដោយ Marina Shafik Share:

ភ័ណ ដូលីន និងពៅ លីលី ជាយុវនារីពីររូបដែលចូលចិត្តប្រើម៉ាស់បិទមុខការពារកើតមុន (រូបថត Jonathan Pannetier)
 
ភ្នំពេញ ខ្មែរថាមស៍ – ពេលគេពាក់ម៉ាស់បិទមុខ ជិះម៉ូតូ ឬដើរតាមផ្លូវ វាមើលទៅល្អម្យ៉ាងដែរ ដោយជួយបន្ថែមពណ៌ផ្សេងៗគ្នាទៅលើមុខមនុស្សម្នាទាំងនោះ។ ម៉ាស់ដែលជាធម្មតាគេ ឃើញគ្រូពេទ្យ ពាក់ការពារមេរោគ កំពុងកើន ប្រជាប្រិយភាពនៅ ក្នុងក្រុងភ្នំពេញដោយសារ មានមនុស្ស ជាច្រើនបារម្ភពីការប៉ះពាល់សុខ ភាព ពីផ្សែងពុល និងផលប៉ះពាល់ដល់ស្បែក មុខរបស់គេ។
 
ហូ ផល្លែន វ័យប្រហែល ៤០ឆ្នាំ ជាអ្នកធ្វើការ នៅភ្នាក់ងារទេសចរណ៍មួយ តែងតែទិញម៉ាស់ ម្តងៗ មួយប្រអប់ដែលមាន ៥០ម៉ាស់ ដើម្បី ជៀសវាង អត់មានម៉ាស់ពាក់។ គាត់និយាយ ថា “ខ្ញុំពាក់ម៉ាស់ការពារនេះ ជារៀងរាល់ថ្ងៃ។ ខ្ញុំមានបញ្ហាច្រមុះ ដោយសារធូលី និងផ្សែង ឡាន” ។
 
កាលពីដើម ឆ្នាំនេះអង្គការសុខភាពពិភពលោក បានរាយការណ៍ថា មានករណី ស្លាប់ជាង ៧ លានករណី នៅទូទាំងពិភពលោក ដែលពាក់ ព័ន្ធ នឹងបញ្ហាផ្សែងពុល។ ប៉ុន្តែការដែលមនុស្ស ចូលចិត្តប្រើប្រាស់ម៉ាស់នៅកម្ពុជា គឺបណ្តាល មកពីមូលហេតុ លើសពី ផ្សែងពុលនេះទៅ ទៀត។
 
មានយុវនារីពីរនាក់ ស្បែកសដូចសំឡី មាន ពាក់ស្រោមដៃ និងស្រោមជើង មើលទៅទំនង ជាមិនដែលត្រូវ ថ្ងៃក្តៅសោះ។ ពួកគាត់បាន ប្រាប់កាសែត ខ្មែរថាមស៍ ថាម៉ាស់មុខគឺជាវត្ថុ សំខាន់មួយសំរាប់ពួកគេ ក្នុងការប្រឆាំង នឹងកំ ដៅថ្ងៃ និងពលប៉ះពាល់ដល់ស្បែករបស់គេ។
 
“ខ្ញុំពាក់ម៉ាស់ ដើម្បីការពារមុខខ្ញុំកុំអោយកើត មុន” ប្អូនស្រី ភ័ណ ដូលីន អាយុ ១៩ឆ្នាំ បាន និយាយ។ ចំណែក មិត្តភក្តិ របស់ប្អូនស្រី ឈ្មោះ ពៅ លីលី ក៏មានការបារម្ភដូចគ្នានេះ ដែរ។ ប្អូន លីលី បាននិយាយថា “ពេលកំទេច ធូលីជាប់នៅលើមុខរបស់ យើង វាមិនល្អសំ រាប់ស្បែកមុខទេ”។
 
ការពារផ្សែងពុល ធូលី និងការពារស្បែក គឺ ជាមូលហេតុមួយចំនួន ដែលធ្វើអោយមនុស្ស ពាក់ម៉ាស់បិទមុខ។ ប៉ុន្តែអ្នកខ្លះ ក៏ពាក់ម៉ាស់ នេះនៅក្នុងផ្ទះ ឬក៏នៅក្នុងម្លប់ដែរ។ នៅផ្សារ ទំនើប ផេនសល គេឃើញមានមនុស្សមួយចំនួនពាក់ម៉ាស់ដែរ។ 
“ខ្ញុំឈឺ ហើយអត់ចង់អោយឆ្លងគេ” ប្អូនស្រី ជ័យ អាផល អាយុ ២០ឆ្នាំ បាននិយាយ។ 
 
ចំណែកនៅផ្សារបឹងកេងកង វិញ ប្អូនស្រី ឡុង ឡូហ្សា អាយុ ២០ឆ្នាំ ដើរនៅក្នុងផ្សារ ដោយមានពាក់ម៉ាស់ ការពារ ពណ៌ខៀវខ្ចី ដែរ។ ប្អូននិយាយថា “ខ្ញុំពាក់ម៉ាស់មិនមែនគ្រាន់ តែដោយសារ ធូលីទេ គឺដោយសារ នៅក្នុង ផ្សារ មានសារធាតុគីមីជាច្រើនហោះនៅក្នុងខ្យល់” ។
 
ម៉ាស់ដែលមានម៉ូត
 
គេតែងតែ ឃើញអ្នកដែលពាក់ម៉ាស់ភាគច្រើន នៅស្រុកខ្មែរ ពាក់ម៉ាស់ដែលមានពណ៌ផ្កាឈូក និងពណ៌ខៀវខ្ចី ប៉ុន្តែនៅប្រទេស អាស៊ីដទៃ​ទៀត​​ដូចជា ចិន កូរ៉េ ជប៉ុន និងវៀតណាម គេមិនសូវឃើញមានពណ៌ដូចនេះទេ។
 
នៅស្រុកខ្មែរ គេក៏អាចរកទិញម៉ាស់ដែលមាន ពណ៌ និងធ្វើពីក្រណាត់ផ្សេងៗទៀត នៅតាម បណ្តាហាង និងផ្សារមួយចំនួនផងដែរ។ 
 
ប្អូនស្រី សុខឡា ជាអ្នកលក់ម៉ាស់ម្នាក់នៅផ្សារ បឹងកេងកង។ នៅតូបរបស់ប្អូនស្រីគេឃើញ មានម៉ាស់ ដែលមានពណ៌ផ្សេងៗ និងមាន រចនាម៉ូតប្លែកៗ ដែលមានតម្លៃពី ២ពាន់ទៅ ៣ពាន់ រៀល។ ម៉ាស់ខ្លះមានរូបផ្កាលក្ខណៈ សង់ទីម៉ង់ ខ្លះទៀតមានរូប គំនូរតុក្កតា ដូចជា Angry Birds ។ វាគួរអោយ ភ្ញាក់ផ្អើលដែរនៅ ពេលដែល ប្អូនស្រី បាននិយាយថាអតិថិជន ដែលបានមកទិញម៉ាស់ដែលមាន ម៉ូត​និងរូប​ ប្លែកៗទាំងនេះភាគច្រើនមិនមែន ក្មេងៗ ទេគឺ សុទ្ធតែនារីៗ អាយុប្រហែល ២០ ទៅ​៣០ឆ្នាំ។
 
បន្ទាប់មក នាងបានបង្ហាញម៉ាស់ ពណ៌ខ្មៅ មួយ ដែលមានរូបធ្មេញគួរអោយខ្លាចដោយ បាន ពន្យល់ថា “នេះជាម៉ាស់ដែលលក់ដាច់ បំផុត ក្នុងចំណោមយុវវ័យ” ។ 
 
ទៅអនាគត ម៉ាស់បិទមុខអាចនឹងក្លាយទៅជា វត្ថុសំខាន់មួយ សំរាប់ម៉ូតសំលៀកបំពាក់ដូច ដែល គេបានឃើញនៅ ប្រទេសចិន។ កាល ពីខែមុន គេឃើញមានការបង្ហាញម៉ូត ម៉ាស់ បិទមុខនេះ នៅលើឆាកបង្ហាញម៉ូតរបស់កម្ម វិធីសប្តាហ៍ម៉ូត នៅទីក្រុងប៉េកាំង។ អ្នករចនា ម៉ូតបានដាក់បង្ហាញ នូវគំនិតច្នៃប្រឌិតរបស់ គេ ដោយផ្តោត សំខាន់ទៅលើការ បញ្ជាក់ អោយឃើញថា របស់ដែលជាតំរូវការចាំបាច់ ក៏អាចមានម៉ូតឡូយបានដែរ៕ 
 

មានមនុស្សមួយចំនួនដូចជាប្អូនស្រី ជ័យ អាផល ក៏ពាក់ម៉ាស់នៅក្នុងផ្សារដែរ(រូបថត Jonathan Pannetier)

Previous Article

សង្គមស៊ីវិលចូលរួមផ្តល់ យោបល់ទៅលើច្បាប់ ទទួលបានពត៌មាន

Next Article

ទន្លេ ៖ ការផលិត វាយនភណ្ឌ បែបថ្មី